ប្រជាពលរដ្ឋរស់នៅឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ លើកឡើងថា ការដោះស្រាយបញ្ហាដីធ្លីពីសំណាក់អាជ្ញាធរ គឺស្ថិតនៅក្នុងភាពអាថ៌កំបាំង។ ការលើកឡើងនេះ ពីព្រោះអាជ្ញាធរពាក់ព័ន្ធមិនបានបង្ហាញលទ្ធផលដោះស្រាយ ឬផ្ដល់ដំណឹងឆ្លើយតបណាមួយដល់ពលរដ្ឋឡើយ។ អាជ្ញាធរខេត្តបញ្ជាក់ថា ពួកគេកំពុងខិតខំធ្វើការងារនេះ ហើយនឹងបង្ហាញលទ្ធផលជូនពលរដ្ឋក្នុងពេលឆាប់ៗ។
ប្រជាពលរដ្ឋនៅឃុំត្រមូង ស្នើឱ្យមន្ត្រីពាក់ព័ន្ធជួយពន្លឿនការដោះស្រាយបញ្ហាដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ដើម្បីចេញប្លង់កម្មសិទ្ធិដីលំនៅឋាន ស្របតាមការទាមទាររបស់ពួកគាត់។ ការស្នើសុំជាថ្មីនេះ ក្រោយពេលពលរដ្ឋទាំងនោះបាននាំគ្នាឡើងទៅរាជធានីភ្នំពេញ កាលពីខែមេសា ហើយអាជ្ញាធរបានសន្យាថា នឹងដោះស្រាយវិវាទដីធ្លីមួយនេះជូនប្រជាពលរដ្ឋ ប៉ុន្តែក្រោយមកបាត់ដំណឹងសូន្យ។ ពលរដ្ឋថែមទាំងលើកឡើងថា អាជ្ញាធរហាក់គ្មានឆន្ទៈដើម្បីដោះស្រាយជម្លោះដីធ្លីជូនពួកគាត់ទៀតផង។
ពលរដ្ឋនៅភូមិខ្នងក្រពើកើត អ្នកស្រី ឈឺន រតនា មានប្រសាសន៍ថា ពួកគាត់បានប្រជុំពិភាក្សាគ្នាកាលពីថ្ងៃទី៣ ខែកក្កដា ដើម្បីរៀបចំផែនការស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធជាថ្មីទៀត ប្រសិនការសន្យាថា នឹងដោះស្រាយជូនពលរដ្ឋពីសំណាក់អាជ្ញាធរនៅតែស្ថិតនៅក្នុងភាពងងឹតទៀតនោះ។ បន្ថែមពីនេះ ពលរដ្ឋបារម្ភខ្លាចក្រែងតែដំណោះស្រាយដែលអាជ្ញាធរនឹងផ្តល់ជូនពួកគាត់ អាចជាការបណ្ដេញពីតំបន់ដីមានជម្លោះច្រើនជាងផ្ដល់ប្លង់កម្មសិទ្ធិស្របច្បាប់ជូនពួកគាត់៖ «អត់មានលទ្ធផលអីសោះ បានត្រឹមតែឱ្យប្រជាពលរដ្ឋចាំៗៗៗ ដល់ឥឡូវប្រជាពលរដ្ឋយើងឈប់ចាំហើយ ហើយគាត់សន្យាថា ពីរខែទៀតនឹងបានលទ្ធផល ប៉ុន្តែលទ្ធផលរបស់គាត់ហ្នឹងមិនដឹងថា បានប័ណ្ណកម្មសិទ្ធិ ឬមួយការដេញចេញទេ»។
វិវាទដីធ្លីរវាងពលរដ្ឋពីរភូមិ មានចំនួន ៥២៤គ្រួសារ នៅក្នុងឃុំត្រមូង លើទំហំផ្ទៃដីជាង ២០ហិកតារជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ កើតឡើងតាំងពីឆ្នាំ២០០៨ បន្ទាប់ពីអតីតក្រុមហ៊ុនចម្ការកៅស៊ូរបស់រដ្ឋមួយនេះ ត្រូវបានរាជរដ្ឋាភិបាលវិនិយោគឱ្យទៅជាក្រុមហ៊ុនឯកជនវិញ។ ក្រោយមកខាងក្រុមហ៊ុន តម្រូវឱ្យពលរដ្ឋដែលរស់នៅលើដីក្រុមហ៊ុនពីមុនមកត្រូវទៅរស់នៅកន្លែងផ្សេង ហើយក៏មានពលរដ្ឋមួយចំនួនព្រមទទួលយកសំណងទៅរស់នៅកន្លែងថ្មីដែរ។ ដោយឡែកអ្នកភូមិជាង ៥០០គ្រួសារទៀត មិនព្រមចាកចេញពីលំនៅឋានចាស់ឡើយ ដោយអះអាងថា ពួកគេមិនអាចទៅចាប់ផ្ដើមជីវភាពកន្លែងរស់នៅថ្មីពីចំណុចសូន្យម្ដងទៀតទេ។
ទាក់ទងបញ្ហានេះ អភិបាលរងខេត្តត្បូងឃ្មុំ ទទួលបន្ទុកដីធ្លី លោក ហាក់ សុខមករា មានប្រសាសន៍នៅថ្ងៃទី៥ កក្កដា ថា កន្លងមកក្រុមការងារដោះស្រាយទំនាស់ដីធ្លីថ្នាក់ជាតិ បានធ្វើការងារនេះជាមួយប្រជាពលរដ្ឋជាបណ្ដើរៗ ព្រមទាំងអាចឈានទៅបញ្ចប់ការខ្វែងគំនិតគ្នាក្នុងពេលឆាប់ៗទៀតផង៖ «ឥឡូវនេះ មានការឯកភាពជារួមលើទិន្នន័យ ដែលកំពុងស្រង់ហ្នឹងដើម្បីបិតផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋហ្នឹងពិនិត្យមើលនូវទិដ្ឋភាពការកាន់កាប់ដីរបស់ពួកគាត់ហ្នឹង»។
លោកបន្ថែមទៀតថា ពលរដ្ឋគប្បីសាកសួរក្រុមការងារដោះស្រាយទំនាស់ដីធ្លីដោយផ្ទាល់តែម្ដងជៀសវាងចេះតែសង្ស័យ និងចោទប្រកាន់លើអាជ្ញាធរស្របពេលមន្ត្រីពាក់ព័ន្ធកំពុងខិតខំដោះស្រាយជូនពួកគាត់នោះ។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មើលឃើញថា យន្តការថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមការដឹកនាំរបស់លោក ជា សុផារ៉ា គឺមានឆន្ទៈចង់ដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ ប៉ុន្តែអាចដោយសាររបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមមានភាពមិនច្បាស់លាស់ទើបនាំឱ្យដំណើរការដោះស្រាយវិវាទដីធ្លីមួយនេះមានភាពយឺតយ៉ាវ៖ «អាជ្ញាធរថ្នាក់ក្រោមនេះ ជាគណៈកម្មការ ជាអភិបាលស្រុក ជាមេឃុំ គាត់ស្មោះត្រង់ជាមួយរដ្ឋាភិបាល។ គាត់រាយការណ៍ឱ្យត្រឹមត្រូវ រឿងហ្នឹងចប់យូរហើយ»។
មន្ត្រីសិទ្ធិមនុស្សដដែលបន្តថា តាមច្បាប់ភូមិបាល ប្រជាពលរដ្ឋដែលកំពុងទាមទារប្លង់កម្មសិទ្ធិទាំងនោះ គឺមានសិទ្ធិគ្រប់គ្រាន់ដើម្បីក្លាយជាម្ចាស់ស្របច្បាប់ដោយអាស្រ័យលើរយៈពេលរស់នៅ និងការកាន់កាប់របស់ពួកគាត់។ លោកថា ប្រសិនបើដំណើរការដោះស្រាយត្រូវពន្យារពេលទៀតនោះ ផលប៉ះពាល់នឹងមានធ្ងន់ធ្ងរសម្រាប់ប្រជាពលរដ្ឋ ដូចជាត្រូវរស់នៅក្នុងស្ថានភាពមិនស្ងប់ចិត្តរហូត ហើយមិនអាចទៅរកស៊ីឆ្ងាយពីផ្ទះបាន រីឯផ្ទះសម្បែងដែលពួកគាត់កំពុងរស់នៅចេះតែទ្រុឌទ្រោមជារៀងរាល់ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។