ជនជាតិដើមភាគតិចព្នងចំនួន ៧គ្រួសារ នៅសហគមន៍ឡៅកា ក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បន្តទាមទារអោយក្រុមហ៊ុន វីលីឌ្យ ឌីវឺឡុបមេន (Village Development) ដែលឈូសឆាយដីព្រៃសហគមន៍។ ការស្វែងរកដំណោះស្រាយទាមទារដី និងការកាប់បំផ្លាញដើមឈើផលិតជ័រទឹកសហគមន៍ មិនទទួលបានលទ្ធផលអ្វីទេ កាលពីថ្ងៃទី៥ ខែកុម្ភៈ ខណៈមន្ត្រីអង្គការសង្គមស៊ីវិលព្យាយាមសុំឲ្យភាគីទាំងពីរជួបពិភាក្សាគ្នាលើកទី៤ នៅសាលាខេត្តមណ្ឌលគិរី។
តំណាងសហគមន៍ឡៅកា គ្រោងដាក់ពាក្យប្ដឹងតាមផ្លូវតុលាការជាថ្មីទៀតប្រឆាំងទៅនឹងការឈូសឆាយដីព្រៃសហគមន៍ និងការកាប់បំផ្លាញដើមឈើផលិតជ័រទឹករបស់អ្នកភូមិ។
គម្រោងដាក់ពាក្យប្ដឹងនេះ ធ្វើឡើងបន្ទាប់ពីជំនួបដោះស្រាយការប្ដឹងតវ៉ារបស់សហគមន៍ជាមួយក្រុមហ៊ុន វីលីឌ្យ ឌីវឺឡុបមេន ឈានដល់ភាពទាល់ច្រកដោយសារតែតំណាងក្រុមហ៊ុនបដិសេធថា ក្រុមហ៊ុនមិនជាប់ពាក់ព័ន្ធការឈូសឆាយដីសហគមន៍ និងបំផ្លាញដើមជ័រទឹកអ្នកភូមិនោះទេ។ លើសពីនេះទៀត តំណាងក្រុមហ៊ុនបានជំរុញឲ្យអ្នកភូមិប្ដឹងជនទីបីដែលក្រុមហ៊ុនបង្ហាញអត្តសញ្ញាណថា ជាអ្នកឈូសឆាយ និងកាប់ឈើសហគមន៍ទៅតុលាការ។
តំណាងសហគមន៍លោក ផ្លឹក ម៉ាល់ មានប្រសាសន៍ថា សហគមន៍ភ្ញាក់ផ្អើល ខណៈដែលអភិបាលរងខេត្តមណ្ឌលគិរី លោក យឹម លុច ចេញមុខធ្វើជាតំណាងក្រុមហ៊ុន ហើយបានបង្ហាញពីអត្តសញ្ញាណអ្នកឈូសឆាយដី និងកាប់ដើមច្បោះសហគមន៍ថា ជាបុរសឈ្មោះ រិទ្ធ ដែលជាប់កិច្ចសន្យាឈូសឆាយដីឲ្យក្រុមហ៊ុន និងបានបំពានឈូសឆាយទៅលើដី និងកាប់បំផ្លាញដើមជ័រទឹកសហគមន៍។
លោកបន្តថា កន្លងទៅលោក យឹម លុច តែងបដិសេធមិនជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនទេ ព្រមទាំងបានប្ដឹងសហគមន៍បីនាក់ពីបទបរិហារកេរ្តិ៍លោកទាក់ទិនពាក្យប្ដឹងរបស់សហគមន៍ទៀតផង៖ «កំពុងដោះស្រាយហ្នឹងពីរបីដង បួនដងទាំងម្សិលមិញ (៥ កុម្ភៈ) អត់ត្រូវគ្នា។ សហគមន៍យើងនិយាយពីជ័រដែលគេកាប់បំផ្លាញ គេឈូសឆាយដីឲ្យគេសងដី និងដើមជ័រ»។
សហគមន៍ឡៅកា ៧គ្រួសារ កាលពីឆ្នាំ២០១៣ បានប្ដឹងអភិបាលរងខេត្តមណ្ឌលគិរី លោក យឹម លុច ឲ្យទទួលខុសត្រូវការឈូសឆាយដីសហគមន៍អស់ជាង ២០ហិកតារហិកតារ ដើម្បីយកដី និងកាប់បំផ្លាញដើមឈើជ័រទឹកអ្នកភូមិ ៣៦៧ដើម ក៏ប៉ុន្តែតុលាការសាលាដំបូងខេត្តមណ្ឌលគិរី បានតម្កល់មិនចាត់ការពាក្យប្ដឹងនេះ ដោយសារតែលោក យឹម លុច អះអាងថា លោកមិនជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន វីលីឌ្យ ឌីវឺឡុបមេន នោះទេ ផ្ទុយទៅវិញ ភរិយាលោកគឺជានាយកក្រុមហ៊ុន។
យ៉ាងនេះក្តី រយៈពេលជិតបីឆ្នាំកន្លងទៅនេះ អាជ្ញាធរក្រុងសែនមនោរម្យ បានព្យាយាមសម្របសម្រួលដោះស្រាយជម្លោះប្ដឹងផ្ដល់របស់សហគមន៍ជាមួយក្រុមហ៊ុនចំនួន ៣ លើក ដើម្បីឲ្យអ្នកភូមិទទួលសំណងដើមឈើទឹកជ័រមួយដើម ១០ម៉ឺនរៀល ហើយប្រគល់ដីទៅឲ្យក្រុមហ៊ុន ប៉ុន្តែអ្នកភូមិទាមទារសំណងដើមឈើជ័រទឹកមួយដើម ១លានរៀល និងទាមទារដីជាង ២០ហិកតារទុកសម្រាប់សហគមន៍ប្រើប្រាស់។
អភិបាលរងខេត្តមណ្ឌលគិរី លោក យឹម លុច នៅថ្ងៃទី៦ ខែកុម្ភៈ បញ្ជាក់ថា លោកជាប់រវល់មិនអាចអត្ថាធិប្បាយបញ្ជានេះបានទេ។
ទាក់ទិនករណីនេះដែរ មន្ត្រីផ្នែកអង្កេតជាន់ខ្ពស់សមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ដែលបានចូលរួមសម្របសម្រួលបញ្ហានេះថ្លែងបញ្ជាក់ថា ថ្វីត្បិតការស្វែងរកដំណោះជូនសហគមន៍មិនបានលទ្ធផល ក៏ប៉ុន្តែលោក យឹម លុច បានចេញមុខធ្វើជាតំណាងក្រុមហ៊ុន និងបានបង្ហាញអត្តសញ្ញាណជនពាក់ព័ន្ធឈូសឆាយ និងកាប់បំផ្លាញដើមឈើទឹកជ័រអ្នកភូមិថែមទៀត។ លោកថា នេះជាសញ្ញាល្អសម្រាប់សហគមន៍អាចដាក់ពាក្យប្ដឹងជាថ្មីរកអ្នកដៃដល់ដែលបានឈូសឆាយដី និងកាប់ដើមឈើទឹកជ័រអ្នកភូមិ៖ «គ្មានជម្រើសអ្វីត្រូវចរចាគ្នាទៀតទេ ហើយដោយសារលោក យឹម លុច ប្រាប់ឲ្យប្ដឹងទៀតគាត់ត្រូវតែប្ដឹង ដើម្បីគាត់រកផលប្រយោជន៍រកសំណងគាត់មកវិញ»។
ទោះជាយ៉ាងនេះក៏ដោយ តំណាងសហគមន៍ឡៅកា លោក ផ្លឹក ម៉ាល់ ឲ្យដឹងថា អ្នកភូមិនៅតែបន្តប្ដឹងក្រុមហ៊ុន វីលីឌ្យ ឌីវឺឡុបមេន ដដែល ពីព្រោះក្រុមហ៊ុននេះគឺជាអ្នកទទួលខុសត្រូវជួលគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។