ជម្លោះដីធ្លីរវាងអ្នកភូមិឡពាង ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់លោកស្រី ជា ខេង ភរិយារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអូសបន្លាយពេលជិត ១០ឆ្នាំហើយ។ ទំនាស់នេះបានកក្រើកឡើងវិញជាថ្មីម្តងទៀត កាលពីដើមខែមិថុនា ឆ្នាំ២០១៤ នេះ គឺនៅបន្ទាប់ពីក្រុមហ៊ុនដាក់គ្រឿងចក្រ និងកម្លាំងកម្មកររាប់រយនាក់ ធ្វើរបងព័ទ្ធលើដីដែលកំពុងមានជម្លោះ។
អាជ្ញាធរ និងតុលាការខេត្តកំពង់ឆ្នាំង ចាប់ និងសម្រេចឃុំខ្លួនតំណាងសកម្មជនដីធ្លីឡពាង ៥នាក់ ដាក់ក្នុងពន្ធនាគារខេត្ត ក្រោមបទចោទថា បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនា និងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ អ្នកភូមិឡពាង ទាំងក្មេងទាំងចាស់ និងអ្នកសរសៃខ្ចីប្រមាណ ៧០នាក់ ធ្វើដំណើរដោយថ្មើរជើងពីខេត្តកំពង់ឆ្នាំង មករាជធានីភ្នំពេញ ដើម្បីស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធ ជួយអន្តរាគមន៍ដោះលែងសកម្មជនពួកគេមកវិញ។
អ្នកភូមិឡពាង កំពុងត្រាច់ចរដាក់ញត្តិពីស្ថាប័នមួយទៅស្ថាប័នមួយនៅក្នុងរាជធានីភ្នំពេញ ដែលជាកន្លែងប្រមូលផ្តុំដោយស្ថាប័នកំពូលថ្នាក់ជាតិ ដើម្បីឲ្យជួយអន្តរាគមន៍ដោះលែងសកម្មជនដីធ្លីឡពាង ៥នាក់ ដែលកំពុងជាប់ក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង។
ក្រៅពីដាក់ញត្តិ ពួកគេបានច្រៀងចម្រៀងដែលជាស្នាដៃនិពន្ធផ្ទាល់របស់សហគមន៍ ដើម្បីទាមទារសុំយុត្តិធម៌ពីស្ថាប័នពាក់ព័ន្ធនានា។
«ចម្រៀង»
អ្នកភូមិឡពាង ទាំងក្មេងទាំងចាស់ប្រមាណ ៧០នាក់ បន្តស្នាក់នៅបណ្ដោះអាសន្នក្នុងតំបន់បឹងកក់ និងបានទទួលការផ្គត់ផ្គង់អាហារពីសប្បុរសជននានាដែលអាណិតអាសូរ និងគាំទ្រចំពោះស្មារតីទាមទាររបស់ពួកគាត់។ ពួកគេបានដាក់ញត្តិ សុំកិច្ចអន្តរាគមន៍ពីទីស្ដីការគណៈរដ្ឋមន្ត្រី រួចទៅក្រសួងយុត្តិធម៌ ទៅរដ្ឋសភា និងគ្រោងបន្តដាក់ញត្តិទៅស្ថានទូតនានាទៀត។
តំណាងអ្នកភូមិឡពាង លោកស្រី អ៊ុំ សុភី ជាភរិយារបស់ លោក ស្ងួន ញឿន ដែលកំពុងជាប់ឃុំ បានស្រែកសួររកយុត្តិធម៌ចំពោះពួកគាត់ដែលជាជនក្រីក្រ ហើយត្រូវក្រុមហ៊ុនរំលោភបំពានដីធ្លី។ លោកស្រីបន្តថា អាជ្ញាធរមិនត្រឹមតែមិនជួយពួកគាត់ បែរជាវាយដំ និងចាប់តំណាងគាត់ដាក់ពន្ធនាគារ ដោយគ្រាន់តែពួកគាត់ចេញមកតវ៉ាការពារដីកម្មសិទ្ធិរបស់ខ្លួន៖ «តើឯណាទៅយុត្តិធម៌សម្រាប់ពួកខ្ញុំជាជនក្រីក្រ? ពួកខ្ញុំធ្វើដំណើរដោយថ្មើរជើងចំណាយទាំងញើស ចំណាយទាំងឈាម គេបំផ្លាញទ្រព្យសម្បត្តិរបស់យើងខ្ញុំ។ គេធ្វើដូចជាខ្ញុំមិនមែនមនុស្ស។ គេយកដំបងមកវាយយើងខ្ញុំរបួស ហើយគេចាប់យកទៅដាក់គុកទៀត។ ពេលនេះ ប្ដីនាងខ្ញុំនៅមន្ទីរពេទ្យ តែគេដាក់ខ្នោះជើងគាត់ទៀតយប់ឡើង។ ហេតុអីសមត្ថកិច្ចធ្វើមកលើយើងខ្ញុំយ៉ាងនេះ អយុត្តិធម៌ណាស់ យើងត្រូវការយុត្តិធម៌ ដោះលែងតំណាងយើង ៥នាក់វិញមក»។
ដោយខឹងនឹងតុលាការដែលចេះតែចាប់តំណាងសកម្មជនដីធ្លី និងចេញដីកាចោទប្រកាន់អ្នកឡពាង ជាបន្តបន្ទាប់ រហូតជិត ១០០បណ្ដឹងនោះ ពួកគាត់បានតែងចម្រៀងដៀលតុលាការ និងបានច្រៀងចំអកនៅខាងមុខក្រសួងយុត្តិធម៌ រៀបរាប់ពីទង្វើរបស់មន្ត្រីតុលាការខេត្ត ដែលតែងជួយអ្នកមាន ហើយចំពោះពលរដ្ឋក្រីក្រដូចជាពួកគាត់ ត្រូវតុលាការចេញដីកាចោទប្រកាន់ទៅវិញ។
«ចម្រៀង»
អ្នកភូមិឡពាង ចំនួន ៨២គ្រួសារមានជម្លោះដីធ្លីទំហំ ១៨២ហិកតារ ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី របស់ លោកស្រី ជា ខេង តាំងពីឆ្នាំ២០០៦។ អ្នកភូមិឡពាង បានច្រៀងរៀបរាប់ពីសាវតារជម្លោះជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី ព្រមទាំងរៀបរាប់ពីសកម្មភាពដែលក្រុមហ៊ុននេះឈូសឆាយលើទ្រព្យសម្បត្តិរបស់ពលរដ្ឋ។
ដោយគ្មានសង្ឃឹមចំពោះអាជ្ញាធរមូលដ្ឋាន ហើយស្ថាប័នថ្នាក់ជាតិដែលអ្នកភូមិឡពាង ដាក់ញត្តិកន្លងមក មិនទាន់ផ្តល់សញ្ញាណាមួយពីការជួយអន្តរាគមន៍ដោះលែងសកម្មជនដីធ្លី ៥នាក់ និងអាចបញ្ចប់ជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី បាននោះ សហគមន៍បានច្រៀងរៀបរាប់លើកទឹកចិត្តឲ្យមានសង្ឃឹមតស៊ូតវ៉ាតទៅទៀត។
«ចម្រៀង»
រហូតមកដល់ពេលនេះ អ្នកភូមិឡពាង នៅទន្ទឹងចាំមើលលទ្ធផលពីការទាមទាររបស់ពួកគេ។ ពួកគាត់បដិសេធមិនត្រឡប់ទៅភូមិវិញទេ ដរាបណាសកម្មជនដីធ្លី ៥នាក់ មិនត្រូវបានដោះលែង ហើយដីធ្លីពួកគាត់មិនទាន់បានដោះស្រាយចប់សព្វគ្រប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។