តំណាងអ្នកភូមិឡពាង ខេត្តកំពង់ឆ្នាំង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់ អ្នកស្រី ជា ខេង ភរិយារបស់ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រកាសថានឹងនាំគ្នាឡើងតវ៉ា និងដាក់ញត្តិនៅស្ថានទូតចិន នៅក្នុងសប្ដាហ៍ទី២ នៃខែសីហា។ ការដាក់ញត្តិ គឺដើម្បីរារាំងអ្នកវិនិយោគធំៗរបស់ចិន កុំឲ្យបោះទុនរកស៊ីនៅលើដីដែលកំពុងមានជម្លោះ។
តំណាងអ្នកភូមិឡពាង បានប្រកាសគម្រោងឡើងដាក់ញត្តិ បន្ទាប់ពីមានអ្នកភូមិប្រមាណ ១០០នាក់ នាំគ្នាធ្វើពិធីបួងសួងដាក់បណ្ដាសា អ្នកស្រី ជា ខេង លោក ស៊ុយ សែម លោក ថៃ ហ៊ី អ្នកវិនិយោគ ស្ថាប័នតុលាការ និងអាជ្ញាធរពាក់ព័ន្ធ ដែលពួកគាត់អះអាងថា ជាអ្នកដែលបានឃុបឃិតគ្នាប្លន់យកដីអ្នកភូមិ។
ពិធីបួងសួងដាក់បណ្ដាសា ត្រូវអ្នកភូមិយកចំបើងធ្វើជារូបទីងមោងចំនួន ៦ គ្របដណ្ដប់ដោយសម្លៀកបំពាក់ចាស់រហែក ហើយចងកអូសចម្ងាយជាង ១គីឡូម៉ែត្រចេញពីផ្ទះរបស់តំណាងអ្នកភូមិឡពាង គឺអ្នកស្រី អ៊ុំ សុភី ឆ្ពោះទៅកាន់ប្រាសាទទួលក្រសាំង ដែលអ្នកភូមិមានជំនឿថា ពូកែស័ក្ដិសិទ្ធិ ដើម្បីធ្វើពិធី។
តំណាងអ្នកភូមិឡពាង អ្នកស្រី អ៊ុំ សុភី មានប្រសាសន៍ថា ពិធីបួងសួងដាក់បណ្ដាសានេះ គឺកាន់តែស័ក្ដិសិទ្ធិ ហើយអាចកើតមានទាន់ហន់ចំពោះអ្នកដែលឃុបឃិតរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ។ អ្នកស្រីថា ជម្រើសបន្តទៀតសម្រាប់ក្រុមអ្នករងគ្រោះក្នុងរឿងដីធ្លី នឹងដាក់ញត្តិចូលស្ថានទូតចិន ប្រចាំកម្ពុជា ដើម្បីកុំឲ្យអ្នកវិនិយោគធំៗរបស់ចិន ចូលខ្លួនប្រឡូកប្រឡាក់ជាមួយក្រុមហ៊ុនដែលធ្វើបាបពលរដ្ឋ៖ «បន្ទាប់ពីធ្វើពិធីបួងសួងដាក់បណ្ដាសានេះទៅ ពួកយើងមានគម្រោងឡើងទៅភ្នំពេញទៀត ដើម្បីដាក់ញត្តិចូលទៅស្ថានទូតចិន សូមឲ្យស្ថានទូតចិន ផ្អាកអ្នកវិនិយោគទុនចិន របស់ខ្លួន កុំឲ្យទាន់ទិញ ឬជួលដីរបស់របស់ក្រុមហ៊ុន ខេ.ឌី.ស៊ី។ យើងប្រហែលទៅចំនួន ៥២គ្រួសារ ក្នុងនោះមានអ្នកឡពាង អ្នកបន្ទាយមាស និងអ្នកភូមិសូវង្ស មួយគ្រួសារផងដែរ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងម្ចាស់ក្រុមហ៊ុន ខេ.ឌី.ស៊ី អ្នកស្រី ជា ខេង ដើម្បីឆ្លើយតបនឹងពិធីបួងសួងដាក់បណ្ដាសាអ្នកស្រី និងស្វាមីដែលជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបាននោះទេ ប៉ុន្តែតំណាងក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី ធ្លាប់បញ្ជាក់ថា ភាគីក្រុមហ៊ុននៅតែប្រកាន់ជំហរដោះស្រាយជូនពលរដ្ឋចំនួន ១៦គ្រួសារ ក្នុងចំណោម ៥២គ្រួសារ ដែលនៅសេសសល់ពីការដោះស្រាយកន្លងទៅ។ លោកថា អ្នកដែលទទួលសំណងហើយនៅបន្តតវ៉ា និងអ្នកប្ដឹងថ្មី គឺជាមនុស្សខូចលោភលន់ និងពុំមានឯកសារកាន់កាប់លើដីដែលខ្លួនកំពុងទាមទារនោះត្រឹមត្រូវឡើយ។
តំណាងអ្នកភូមិឡពាង អះអាងថា បច្ចុប្បន្នមានអ្នកតវ៉ាក្នុងរឿងដីធ្លីនេះចំនួន ៩២គ្រួសារ ក្នុងនោះ ៤៣គ្រួសារមកពីភូមិបឹងកក់ មាន ៣៤គ្រួសារទទួលបានសំណង ហើយតវ៉ាសុំសំណងបន្ថែម និង ១៦គ្រួសារទៀត មិនទាន់ទទួលបានការដោះស្រាយសោះ។ ក្រុមអ្នកភូមិ នៅប្ដឹងទាមទារដីទំហំជាង ២០០ហិកតារ ខណៈដីមានជម្លោះបានព័ទ្ធរបងរួចរាល់ រង់ចាំក្រុមហ៊ុននានាបោះទុនវិនិយោគលើដីនោះ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តកំពង់ឆ្នាំង លោក គង់ ច័ន្ទមុនី ដែលបានចុះឃ្លាំមើលសកម្មភាពបួងសួងដាក់បណ្ដាសារបស់ក្រុមពលរដ្ឋ ថ្លែងថា តាមរយៈជម្លោះដីធ្លីដែលបានអូសបន្លាយជិត ១០ឆ្នាំ ក្រុមអ្នកភូមិជួបការលំបាកជាច្រើនទាំងផ្នែកជីវភាព និងដំណើរការដោះស្រាយវិវាទ។ លោកថា អ្នកភូមិមានផែនការច្បាស់លាស់ក្នុងការធ្វើពិធីតាមបែបអរូបិយនេះ៖ «»។
ទាក់ទងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនេះ ក្រុមអ្នកភូមិធ្លាប់ដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ទៅគណៈកម្មការទី១ នៃរដ្ឋសភាដែរ។ ប្រធានគណៈកម្មការ លោក អេង ឆៃអ៊ាង មានប្រសាសន៍យ៉ាងខ្លីថា គណៈកម្មការកំពុងធ្វើការសម្របសម្រួលដោះស្រាយជាមួយភាគីក្រុមហ៊ុន បន្ទាប់ភាគីប្រជាពលរដ្ឋបានដាក់តម្លៃទីផ្សារដីដែលប៉ះពាល់នោះ ទៅតាមភាពចាំបាច់ ឬតម្រូវការរបស់ពួកគាត់។
ក្រុមអ្នកភូមិបានធ្វើពិធីបួងសួងដាក់បណ្ដាសាម្ចាស់ក្រុមហ៊ុន ខេ.ឌី.ស៊ី អាជ្ញាធរពាក់ព័ន្ធជាលើកទី២ នៅគ្រាដែលពួកគេខ្នះខ្នែងរកអន្តរាគមន៍ពីស្ថាប័នជាតិ និងអន្តរជាតិ។ ក្រុមអ្នកភូមិ បានបំបែកគ្នានៅម៉ោង ១១ព្រឹកថ្ងៃទី២ ខែសីហា ក្រោមការឃ្លាំមើលពីកម្លាំងនគរបាលស្រុកកំពង់ត្រឡាច និងប៉ុស្តិ៍រដ្ឋបាលឃុំតាជេស ប្រមាណ ២០នាក់។ ពិធីនេះ បានធ្វើចប់សព្វគ្រប់ដោយពុំមានការរារាំងពីសមត្ថកិច្ចទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។