នៅក្នុងជំនួបបិទទ្វារប្រហែល ៣ម៉ោង រវាងតំណាងអ្នកភូមិឡពាង ៥នាក់ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ដើម្បីជជែករកឫសគល់នៃបញ្ហាដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ត្រូវតំណាងពលរដ្ឋអះអាងថា ពុំមានលទ្ធផលអ្វីដែលភាគីពលរដ្ឋអាចទទួលយកបាននោះទេ។
ពួកគេបង្ហើបថា អាជ្ញាធរនៅតែលើកពីបញ្ហាប្រជាពលរដ្ឋពុំមានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី និងស្នើសុំឲ្យប្រជាពលរដ្ឋឈប់តវ៉ានៅរាជធានីភ្នំពេញ រួចត្រឡប់មករស់នៅតាមផ្ទះរៀងៗខ្លួនវិញ។
ក្រោយចេញពីជួបពិភាក្សារកដំណោះស្រាយរឿងដីធ្លីជាមួយអាជ្ញាធរ នៅក្នុងសាលាខេត្តកំពង់ឆ្នាំង តំណាងអ្នកភូមិ ៥នាក់ រួមមាន លោក រាជ សីម៉ា លោក សៀង ហេង លោក ម៉ាង យ៉ាវ អ្នកស្រី ប៊ិន អូន និងអ្នកស្រី សួន ញ៉េន សុទ្ធតែសម្ដែងភាពគ្មានជំនឿលើការដោះស្រាយរបស់អាជ្ញាធរខេត្ត រួចបញ្ជាក់ជំហរថា ខ្លួននឹងឡើងទៅតវ៉ានៅភ្នំពេញបន្តទៀត រហូតដល់មានដំណោះស្រាយជូនអ្នកភូមិទាំងអស់គ្នា។
លោក រាជ សីម៉ា មានប្រសាសន៍ថា នៅអំឡុងពេលនៃការជួបពិភាក្សានោះ តំណាងពលរដ្ឋបានស្នើឲ្យមានការជជែកដេញដោល និងចុះស៊ើបអង្កេតរកការពិតដល់ទីតាំងដីដែលមានជម្លោះនោះ។ ប៉ុន្តែ អាជ្ញាធរហាក់នៅមានភាពលម្អៀងទៅរកភាគីក្រុមហ៊ុន ដោយសង្កត់ធ្ងន់តែទៅលើបញ្ហាប្រជាពលរដ្ឋគ្មានលិខិតស្នាមកាន់កាប់ដីស្របច្បាប់៖ «ទាក់ទងនឹងការចរចាជាមួយលោកអភិបាលខេត្តព្រឹកមិញនេះ វាអត់មានដំណោះស្រាយ និងផ្លែផ្កាអីសមរម្យសម្រាប់ពលរដ្ឋទេ ព្រោះគាត់លើកឡើងមកតែពីផ្លូវច្បាប់ និងឯកសារអត់យល់ថា ប្រជាពលរដ្ឋគាត់រស់នៅ និងអាស្រ័យផល និងប្រើប្រាស់តាមរបៀបភោគៈទេ។ អ៊ីចឹងបានគាត់មានគំនិតកាន់ជើងក្រុមហ៊ុនទាំងស្រុង។ ខ្ញុំថាឲ្យយកប័ណ្ណរបស់ក្រុមហ៊ុន មកធ្វើការអង្កេតម្ដងមួយប័ណ្ណៗ ហើយក្រុមហ៊ុនទិញពីនរណាអី អ្នកហ្នឹងមក ហើយហៅអ្នកហ្នឹងឯងមកធ្វើការដេញដោលបន្តបន្ទាប់មក ប៉ុន្តែគំនិត គឺគេមិនអាចយកបានទេ»។
អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បដិសេធមិនធ្វើអត្ថាធិប្បាយជាមួយវិទ្យុអាស៊ីសេរី ជុំវិញលទ្ធផលនៃការជួបពិភាក្សានេះឡើយ ដោយលោកដើរឡើងឡានដែលអង្គរក្សបើកទ្វារចាំជាស្រេច នៅក្បែរការិយាល័យនោះ ហើយអង្គរក្សប្រាប់ថា លោកមានរវល់ជួបភ្ញៀវនៅខាងក្រៅ។
យ៉ាងណា តំណាងពលរដ្ឋបង្ហើបថា គណៈអភិបាលខេត្តបានសំណូមពរដល់អ្នកភូមិដែលកំពុងតវ៉ានៅភ្នំពេញ ឲ្យត្រឡប់មកផ្ទះវិញ។ ហើយចំពោះគ្រួសារណាដែលអត់មានដីពិតប្រាកដ អាជ្ញាធរនឹងស្នើទៅរដ្ឋាភិបាល ដើម្បីរៀបចំដីសង្គមកិច្ចជូនក្នុង១គ្រួសារ១ហិកតារ។ លោកបញ្ជាក់ថា ជម្លោះដីធ្លីនៅភូមិឡពាង គឺខុសពីជម្លោះនៅតាមបណ្ដាខេត្តនានា ដែលប៉ះពាល់ជាមួយនឹងដីរបស់រដ្ឋ ឬដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច។ ចំណែកករណីវិវាទនៅភូមិឡពាង នេះ គឺពាក់ព័ន្ធជាមួយនឹងដីកម្មសិទ្ធិឯកជនរបស់ក្រុមហ៊ុន ដែលធ្វើឲ្យអាជ្ញាធរពិបាកដោះស្រាយ។
ទាក់ទងនឹងករណីទំនាស់ដីធ្លីនេះ ខាងគណៈកម្មការទី១នៃរដ្ឋសភា ទទួលបន្ទុកសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានជួបពិភាក្សា និងប្រមូលព័ត៌មានពីតំណាងសមាគមអាដហុក (Adhoc) និងអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) នៅថ្ងៃព្រឹកថ្ងៃទី៤ ខែកញ្ញា។
ប្រធានគណៈកម្មការទី១នៃរដ្ឋសភា លោក អេង ឆៃអ៊ាង ថ្លែងបញ្ជាក់ថា ខាងគណៈកម្មការបានទទួលរួចហើយនូវអនុសាសន៍ និងឯកសារពាក់ព័ន្ធក្នុងរឿងដីធ្លីនៅភូមិឡពាង ពីសង្គមស៊ីវិល។ នៅម៉ោង ៤រសៀល គណៈកម្មការ និងសង្គមស៊ីវិលទាំងពីរស្ថាប័ន កំពុងជួបជជែកគ្នារកដំណោះស្រាយជាមួយភាគីក្រុមហ៊ុន នៅវិមានរដ្ឋសភា ហើយលោកសង្ឃឹមថា ប្រសិនបើរូបមន្តផ្ដល់ដោយសង្គមស៊ីវិល ដែលមានការគាំទ្រពីគណៈកម្មការនេះ ត្រូវបានភាគីក្រុមហ៊ុន និងប្រជាពលរដ្ឋ ទទួលយកបាននោះ បញ្ហានឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ៖ «ប៉ុន្តែបើភាគីទាំងពីរមិនអាចទទួលយកនូវរូបមន្ត ដែលអង្គការសង្គមស៊ីវិល អង្គការអាដហុក និងលីកាដូ ស្នើឡើងហ្នឹង យើងនឹងបន្តធ្វើកិច្ចការតទៀត។ យើងនឹងធ្វើការសម្របសម្រួល ហើយយើងនឹងធ្វើអង្កេតថែមមួយគន្លាក់ទៀតរឿងហ្នឹង។ ហើយបើដល់ថា បើដល់ថាភាគីទាំងអស់មិនអាចសម្របសម្រួលគ្នាបាន យើងនឹងបញ្ជូនសំណុំរឿងទៅឲ្យអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់»។
តំណាង និងជាប្រធានផ្នែកអង្កេតនៃសមាគមអាដហុក លោក នី ចរិយា បានថ្លែងតាមរយៈសារព័ត៌មានក្នុងស្រុកថា វាជាប្រវត្តិសាស្ត្រដែលរដ្ឋសភាសហការជាមួយសង្គមស៊ីវិល ហើយថានឹងអាចដោះស្រាយបញ្ហាដីធ្លីនេះបានដោយយុត្តិធម៌ ចំពោះភាគីទាំងសងខាង។ លោកសង្ឃឹមថា អង្គការនីតិបញ្ញត្តិនេះ នឹងដោះស្រាយបញ្ហាពលរដ្ឋនៅកន្លែងផ្សេងបន្តទៀត។
ជម្លោះដីធ្លីរវាងពលរដ្ឋនៅភូមិឡពាង ភូមិបឹងកក់ និងភូមិសំរោង នៃឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី បានអូសបន្លាយអស់រយៈពេលជិត ១០ឆ្នាំហើយ។ បច្ចុប្បន្ន នៅមានពលរដ្ឋចំនួន ៨២គ្រួសារ កំពុងតវ៉ាទាមទារដីទំហំ ១៨២ហិកតារ។ ក្រុមអ្នកភូមិឡពាង ដែលកំពុងតវ៉ានៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកញ្ញា បានដាក់ញត្តិជូនស្ថានទូតសហរដ្ឋអាមេរិក ដើម្បីឲ្យជួយអន្តរាគមន៍លើរឿងដីធ្លីរបស់ពួកគាត់នេះរួចហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។