សហគមន៍ជនជាតិដើមភាគតិចនៅឃុំចំនួនពីរក្នុងខេត្តមណ្ឌលគិរី អះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ មេហ្គា ហ្វើស (Mega First) បន្តឈូសឆាយពង្រីកដីសម្បទានរបស់ខ្លួនប៉ះពាល់ដីត្រៀមបម្រុង និងបង្កផលប៉ះពាល់ប្រភពទឹកធម្មជាតិសម្រាប់ពលរដ្ឋប្រើប្រាស់។
តំណាងពលរដ្ឋជនជាតិដើមភាគតិចព្នង រស់នៅឃុំដាក់ដាំ និងឃុំប៊ូស្រា អះអាងថា នឹងធ្វើការតវ៉ា ប្រសិនបើអាជ្ញាធរមិនបញ្ឈប់ក្រុមហ៊ុនដែលឈូសឆាយយកដី។
កាលពីថ្ងៃទី៣០ ខែមិថុនា អ្នកភូមិជាង ៤០នាក់ បានចុះទៅពិនិត្យកន្លែងដែលក្រុមហ៊ុនឈូសឆាយ ឃើញដីត្រៀមបម្រុងរបស់សហគមន៍ប្រមាណ ៤០ហិកតារដែលក្រុមហ៊ុនបានឈូសឆាយប្រមាណមួយខែកន្លងទៅ។ លើសពីនេះ ក្រុមហ៊ុនកំពុងសម្រុកដាំដំណាំលើដីដែលបានឈូសឆាយរួចហើយ។
តំណាងចាស់ទុំ លោក ចាស់ ក្លើត បញ្ជាក់នៅថ្ងៃទី១ ខែកក្កដា ថា ក្រុមហ៊ុនកំពុងសម្រុកដាំដំណាំដូងនៅលើដីដែលឈូសឆាយរួច និងប្រើសារធាតុពុលសម្លាប់ស្មៅ ធ្វើឲ្យសារជាតិពុលហូរចូលទៅក្នុងប្រភពទឹកអូរចំនួនពីរនៅតំបន់នោះ ដែលអ្នកភូមិកំពុងប្រើប្រាស់។ លោកកត់សម្គាល់ថា ការឈូសឆាយពង្រីកដីរបស់ក្រុមហ៊ុន គឺជាការរំលោភទៅលើសិទ្ធិរស់នៅរបស់ពលរដ្ឋ បន្ទាប់ពីក្រុមហ៊ុនបានផ្អាកការឈូសឆាយកាលពីឆ្នាំ២០១៦ គ្រាអ្នកភូមិតវ៉ា៖ « តាំងពីឆ្នាំ២០១៥ តវ៉ាបីបួនលើកហើយ ដាក់ពាក្យបណ្ដឹងធ្វើញត្តិដាក់ទៅលើរហូត ទាមទាររហូត។ បាត់បង់ ហើយការគ្រប់គ្រងដីធ្លីធនធានធម្មជាតិ »។
ក្រុមហ៊ុន មេហ្គា ហ្វើស របស់ប្រទេសម៉ាឡេស៊ី ទទួលបានដីសម្បទានជាង ៩ពាន់ហិកតារនៅស្រុកអូររាំង តាមរយៈអនុក្រឹត្យរាជរដ្ឋាភិបាលតាំងពីឆ្នាំ២០១២ ក៏ប៉ុន្តែរបាយការណ៍របស់អាជ្ញាធរស្រុកឲ្យដឹងថា ក្រសួងបរិស្ថាន អនុញ្ញាតឲ្យក្រុមហ៊ុននេះឈូសឆាយដី ៥០ហិកតារធ្វើថ្នាលបណ្ដុះកូនកៅស៊ូកាលពីឆ្នាំ២០១៦។
អាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនសុំការបញ្ជាក់ពីការចោទប្រកាន់របស់ពលរដ្ឋបានទេនៅថ្ងៃទី១ ខែកក្កដា។
ចំណែកអភិបាលស្រុកអូររាំង លោក នង ទុណ្ណារី បញ្ជាក់ថា លោកមិនទាន់ទទួលព័ត៌មានរឿងនេះទេ ក៏ប៉ុន្តែលោកបញ្ជាក់ថា មន្ត្រីជំនាញបានកំណត់ទីតាំងជាក់លាក់ឲ្យក្រុមហ៊ុនឈូសឆាយ ដូច្នេះប្រសិនក្រុមហ៊ុនឈូសឆាយលើសទីតាំងកំណត់ ក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះរឿងនេះ ពីព្រោះក្រុមហ៊ុនមិនទាន់មានលិខិតអនុញ្ញាតឈូសឆាយដីថ្មីនៅឡើយ៖ « និយាមកាដែលបានព្រមព្រៀងគ្នា ហើយតែកាលណាប៉ះពាល់ យើងឲ្យដកចេញ ហើយជារឿងគិតគូររបស់អាជ្ញាធរមិនបណ្តែតបណ្តោយឲ្យធ្វើប៉ាតណាប៉ាតណីទេ »។
កាលពីខែមេសា ឆ្នាំ២០១៥ សហគមន៍ទាំងពីរឃុំបានផ្ដិតមេដៃសុំឲ្យរាជរដ្ឋាភិបាលលប់ចោលគម្រោងផ្តល់ដីសម្បទានទៅឲ្យក្រុមហ៊ុន មេហ្គា ហ្វើស បន្ទាប់ពីក្រុមហ៊ុនឈូសឆាយដីបំពានទៅលើតំបន់ព្រៃសក្ការៈ និងដីព្រៃជម្រកសត្វ និងធនធានធម្មជាតិដែលអ្នកភូមិជនជាតិដើមភាគតិចនៅតំបន់នោះអភិរក្សសម្រាប់វិស័យទេសចរណ៍។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា កត់សម្គាល់ថា ដីដែលក្រសួងបរិស្ថាន ផ្តល់ជាដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន មេហ្គា ហ្វើស គឺជាតំបន់ព្រៃស្រោងសម្បូរដោយធនធានធម្មជាតិមានតម្លៃ។ លោកថា កន្លងទៅ ក្រុមហ៊ុនឈូសឆាយព្រៃឈើយកដីដោយមិនបានសិក្សាផលប៉ះពាល់សហគមន៍ត្រឹមត្រូវ ជាពិសេសការឈូសឆាយដីបន្ថែមនាពេលថ្មីៗនេះ គឺជាការរំលោភសិទ្ធិរស់នៅជាលក្ខណៈប្រពៃណីរបស់ជនជាតិដើមភាគតិច៖ « រដ្ឋកំពុងរកវិធីសាស្ត្រទៅកំណត់ភូមិសាស្ត្រព្រំប្រទល់របស់សហគមន៍។ អ៊ីចឹងក្រុមហ៊ុនត្រូវតែផ្អាកសិន។ ម្យ៉ាងទៀត រដ្ឋាភិបាលបានប្រកាសយូរដែរថា ក្រុមហ៊ុនមានផ្ទៃដីប៉ុនណា អភិវឌ្ឍប៉ុណ្ណឹង »។
របាយការណ៍អង្កេតរបស់មន្ត្រីអង្គការអាដហុកខេត្តមណ្ឌលគិរី ឲ្យដឹងថា ដីដែលក្រុមហ៊ុនបានឈូសឆាយបន្ថែម គឺជាដីសហគមន៍រក្សាទុកចុះបញ្ជីជាដីត្រៀមបម្រុងសហគមន៍ រីឯមន្ទីរជំនាញគ្រោងចុះវាស់វែងបោះបង្គោលកំណត់ទីតាំងដីជូនសហគមន៍នៅពេលឆាប់ៗនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។