សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​មណ្ឌលគិរី​ព្រមាន​ធ្វើ​បាតុកម្ម​ក្រោយ​ភ្ជុំ​បិណ្ឌ

0:00 / 0:00

អាជ្ញាធរ​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី រៀបចំ​កម្មវិធី​ជួប​ជុំ​ដោះស្រាយ​ការ​តវ៉ា​របស់​សហគមន៍​ប៊ូស្រា​ចំនួន​បួន​ចំណុច នៅ​ក្រោយ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ក៏ប៉ុន្តែ​សហគមន៍​អះអាង​ថា គម្រោង​ដោះស្រាយ​នេះ មិន​បំពេញ​លក្ខខណ្ឌ​សំខាន់ៗ​ដែល​សហគមន៍​ទាមទារ​នោះ​ឡើយ។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង រស់នៅ​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ប៊ូស្រា ព្រមាន​ថា​នឹង​ធ្វើ​បាតុកម្ម​លើក​ទី​បី នៅ​ក្រោយ​បញ្ចប់​បុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ។

ការ​ព្រមាន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​ពេជ្រាដា កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា បាន​ធ្វើ​លិខិត​រៀបចំ​កម្មវិធី​ដោះស្រាយ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ ៤​ចំណុច រួម​មាន ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ៥​គ្រួសារ ជាមួយ​ក្រុមហ៊ុន ណាវ៉ារ៉ាស៊ី (Navarasy) ករណី​ក្រុមហ៊ុន ដាក់​ឡាក់ (DaclaK) ជីក​ប្រឡាយ​កាត់​ផ្លូវ​ប្រជាពលរដ្ឋ ករណី​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​ចម្ការ​នៅ​ប៉ុស្តិ៍​៦ ហើយ​កម្លាំង​ការពារ​មិន​អនុញ្ញាត។

ម្យ៉ាង​ទៀត បុគ្គលិក​ក្រុមហ៊ុន អិល.ខេ.អិល (LKL) នៅ​តំបន់​នោះ​គំរាម​បាញ់​សម្លាប់​ប្រជាពលរដ្ឋ និង​ករណី​កែប្រែ​ដោះស្រាយ​ព្រំប្រទល់​ដី​ឃុំ​ប៊ូស្រា និង​ឃុំ​ដាក់ដាំ ក៏ប៉ុន្តែ​នៅ​មាន​ចំណុច​តវ៉ា​សំខាន់ៗ​មួយ​ចំនួន​ទៀត មិន​ឃើញ​មាន​នៅ​ក្នុង​កម្មវិធី​ចុះ​ដោះស្រាយ​នោះ​ទេ។ ការ​ទាមទារ​សំខាន់ៗ​រួម​មាន ការ​ទាមទារ​ឲ្យ​លប់​អាជ្ញា​ប័ណ្ណ​ក្រុមហ៊ុន អិល.ខេ.អិល និង​ក្រុមហ៊ុន ខេ.ស៊ី (KC) ដែល​បង្ក​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ និង​សំណើ​លុប​ដី​សម្បទាន​សង្គមកិច្ច ដែល​បង្ក​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ធ្ងន់ធ្ងរ។

តំណាង​សហគមន៍ លោក ក្រោះ សុខ នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា រៀបរាប់​ថា អ្នក​ភូមិ​បាន​ប្រជុំ​គ្នា និង​មិន​យល់​ស្រប​តាម​របៀបវារៈ​នោះ​ឡើយ ដោយសារ​បញ្ហា​សំខាន់​ដែល​ពលរដ្ឋ​បាន​តវ៉ា​ក្រុម​អាជ្ញាធរ មិន​បាន​ឆ្លើយ​តប​ជាក់​លាក់។ លោក​កត់​សម្គាល់​ថា គម្រោង​ដោះស្រាយ​របស់​អាជ្ញាធរ គឺ​ជា​ចេតនា​គេចវេស​ពី​បញ្ហា​ដោះស្រាយ​ផល​ប៉ះពាល់​សំខាន់ៗ​ដែល​ពលរដ្ឋ​ចង់​បាន៖ «ចំណុច​ដែល​យើង​ចង់​បាន​ធំ យើង​កំពុង​តែ​រង់ចាំ ឥឡូវ​នេះ​គាត់​គិត​ថា បើ​សិន​គេ​ដោះ សុំ​ឲ្យ​ដោះ​ទាំងអស់ ប្រជាពលរដ្ឋ​គាត់​ទាមទារ​អ៊ីចឹង។ បើ​និយាយ​ពី​ការ​ទាមទារ គាត់​អត់​ចង់​ដូច​ពី​កាល​មុនៗ​ដែល​គាត់​ឆ្លើយ​ថា អត់​ស្អី​ទេ ចាំ​គាត់​ដោះស្រាយៗ គាត់​អត់​ចង់​បាន​អ៊ីចឹង​ទេ»

កាល​ពី​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៧ កញ្ញា កន្លង​ទៅ ប្រជាពលរដ្ឋ​ជិត ៣០០​នាក់ បាន​ធ្វើ​បាតុកម្ម​តវ៉ា​បញ្ហា​ទាំងអស់​នោះ​នៅ​មុខ​សាលា​ឃុំ​ប៊ូស្រា និង​នៅ​មុខ​សាលា​ស្រុក​ពេជ្រាដា ក៏ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ មិន​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​តវ៉ា ទទួល​យក​ដំណោះស្រាយ​ណា​មួយ​នៅ​ឡើយ។ ក្រុម​អាជ្ញាធរ សន្យា​ដោះស្រាយ បញ្ហា​ណា​ដែល​ឋិត​ក្រោម​សមត្ថកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន ក៏ប៉ុន្តែ​បញ្ហា​ឋិត​ក្នុង​ចំណាត់​ការ​ថ្នាក់​ជាតិ។ ក្រុម​អាជ្ញាធរ​អះអាង​ថា ហួស​សមត្ថកិច្ច​របស់​ថ្នាក់​ខេត្ត។ ចំណែក​ក្រុម​អ្នក​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ធ្វើ​លិខិត​លាយលក្ខណ៍​អក្សរ កំណត់​ពេល​វេលា​ជាក់លាក់​ធានា​ដោះស្រាយ​បញ្ហា​ទាំងអស់​ដែល​ពលរដ្ឋ​ទាមទារ។

ឆ្លើយ​តប​ការ​ព្រមាន​នេះ អភិបាល​ស្រុក​ពេជ្រាដា លោក នួន សារ៉ន ថ្លែង​ថា អាជ្ញាធរ​ខេត្ត​បាន​គិតគូរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ខ្លាំង។ ហេតុ​នេះ អាជ្ញាធរ​បាន​កំណត់​ពេល​វេលា​ជាក់​លាក់​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន។ លោក​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​អត់ធ្មត់​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ក្រសួង​មហាផ្ទៃ ទាក់ទិន​សំណើ​សំខាន់​របស់​ពលរដ្ឋ ដែល​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​ថ្នាក់​ជាតិ ធ្វើ​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ៖ «ពី​ថ្ងៃ​ទី​១៧ ទាំង​ឯកឧត្តម​អភិបាល​រង ទាំង​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា លោក​បាន​អញ្ជើញ​មក​ប្រាប់​ច្បាស់​ហើយ​តើ មិន​មែន​ថា​អាជ្ញាធរ​មិន​គិតគូរ​ទេ តាំង​ពី​ឃុំ​រហូត​ដល់​ខេត្ត​នោះ។ បាន​រាយការណ៍​ស្នើសុំ​យោបល់​ទៅ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ហើយ»

យ៉ាង​នេះ​ក៏ដោយ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (adhoc) ខេត្ត​មណ្ឌលគិរី លោក អៀង ម៉េងលី កត់​សម្គាល់​ថា ការ​តវ៉ា​របស់​សហគមន៍​មាន​ហេតុផល​ជាក់​លាក់ ដោយសារ​ក្រុមហ៊ុន​សម្បទាន​នៅ​តំបន់​នោះ បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច។ ចំណែក​ការ​ដោះស្រាយ​របស់​អាជ្ញាធរ នៅ​មាន​កម្រិត​ស្រាល​នៅ​ឡើយ។ លោក​អំពាវនាវ​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ រាជ​រដ្ឋាភិបាល ធ្វើ​ការ​ដោះស្រាយ​ការ​ទាមទារ​ជាមួយ​ពលរដ្ឋ​ដោយ​ប្រសិទ្ធភាព និង​ដោយ​តម្លាភាព៖ «កន្លង​មក គឺ​គាត់​បង្ក​ឡើង​ជាច្រើន​ដង​មក​ហើយ ហេតុ​នេះ​បាន​ជា​ប្រជាពលរដ្ឋ​គាត់​តវ៉ា។ អ្វី​ដែល​ខេត្ត​គាត់​ដោះស្រាយ​ហ្នឹង គឺ​អត់​សមស្រប​ទៅ​នឹង​គាត់​ទាមទារ​ទេ»

តាម​ការ​គ្រោង​ទុក សហគមន៍​ប៊ូស្រា​ទាំង ៧​ភូមិ នឹង​បន្ត​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ទេសចរណ៍​ទឹក​ជ្រោះ​ប៊ូស្រា នៅ​ក្រោយ​ពិធី​បុណ្យ​ភ្ជុំ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ជូន​អ្នក​ភូមិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។