ថ្នាក់ដឹកនាំកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានយកគ្រឿងចក្រជីកយកអាចម៍ដីមកចាក់បំពេញដីនៅតំបន់ឆ្នេរ ដែលស្ថាប័ននេះបានរំលោភយកដីតំបន់ឆ្នេរសមុទ្រ និងបំផ្លាញព្រៃកោងកាងនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ឲ្យមកសភាពដើមវិញហើយ បន្ទាប់ពីរងការរិះគន់ និងចុះផ្សាយតាមសារព័ត៌មាន ជុំវិញកំហុសឆ្គងរបស់ថ្នាក់ដឹកនាំស្ថាប័ននេះរួចមក។
បញ្ហានេះ មន្ត្រីសង្គមស៊ីវិលអះអាងថា អាចម៍ដីដែលកំពង់ផែស្វយ័ត ជីកចេញពីទីតាំងរំលោភយកឆ្នេរសមុទ្រនោះ គឺបានដឹកចាក់រំលោភលើតំបន់ព្រៃលិចទឹក មានដើមកោងកាង សម្រាប់ជាជម្រកមច្ឆាសមុទ្របន្តពូជ។
បន្ទាប់ពីមានការចុះពិនិត្យរបស់មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ និងការចុះផ្សាយតាមបណ្ដាញសារព័ត៌មានមួយចំនួនកាលពីសប្ដាហ៍មុន អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ លោក លូ គឹមឈុន និងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផងនោះ បានឲ្យមេការរបស់ខ្លួនជីកយកអាចម៍ដីដែលចាក់រំលោភឆ្នេរសមុទ្រ ឬចូលទៅក្នុងមាត់ឆ្នេរសមុទ្រ នាភូមិគគីរ ឃុំបិតត្រាំង ឲ្យមកសភាពដើមវិញ។
ទោះជាបែបនេះក្តី មន្ត្រីសង្គមស៊ីវិលថ្លែងថា អាចម៍ដីដែលកាយចេញនោះ បានយកទៅចាក់លុបលើតំបន់ព្រៃកោងកាង ដែលជាជម្រកមច្ឆាសមុទ្រពងកូន មានទីតាំងនៅជាប់ឆ្នេរសមុទ្រក្នុងភូមិគគីរ ឃុំបិតត្រាំង ដដែល។
ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម ដែលបានចុះផ្ទាល់ដល់ទីតាំងមានសកម្មភាពចាក់ដីរំលោភយកឆ្នេរសមុទ្រ និងចាក់ដីបំផ្លាញដើមកោងកាង របស់ថ្នាក់ដឹកនាំស្ថាប័នកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាមូលដ្ឋានភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។ លោកបានសាទរចំពោះការទទួលស្គាល់កំហុសរបស់ លោក លូ គឹមឈុន ជាថ្នាក់ដឹកនាំស្ថាប័នកំពង់ផែស្វយ័ត ប៉ុន្តែលោកថា ផ្ទៃដីដែលថ្នាក់ដឹកនាំកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានចាក់ដីរំលោភយកឆ្នេរសមុទ្រ និងបំផ្លាញព្រៃកោងកាង កាលពីពេលកន្លងមក ហើយបានហ៊ុមព័ទ្ធរបងថ្ម និងបន្លាលួសនៅជាប់ឆ្នេរសមុទ្រ ស្ថាប័ននេះមិនទាន់បានជីកកាយអាចម៍ដីឲ្យឆ្ងាយពីឆ្នេរសមុទ្រចំនួន ៥០ម៉ែត្រ ទៅតាមកិច្ចសន្យាជាមួយអាជ្ញាធរខេត្តនៅឡើយទេ។
ត្រង់ចំណុចនេះ លោក សុខ សុខុម បានស្នើដល់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ត្រូវបង្កើតគណៈកម្មការចុះពិនិត្យករណីចាក់ដីរំលោភឆ្នេរសមុទ្រ និងបំផ្លាញព្រៃកោងកាង ឡើងវិញ៖ « ត្រូវពិនិត្យតាមដានការកាយយកអាចម៍ដីចេញពីឆ្នេរនេះ តើស្ថាប័នកំពង់ផែនេះយកទៅចាក់នៅទីកន្លែងណា ? មិនមែនកាយពីទីតាំងនេះចេញ ប៉ុន្តែយកទៅចាក់រំលោភយកទីតាំងផ្សេង ឬដីព្រៃលិចទឹកមានដើមកោងកាងជម្រកមច្ឆាសមុទ្រនោះទេ។ យើងសាទរការជីកយកអាចម៍ដីចេញពីតំបន់ឆ្នេរ ដែលកំពង់ផែស្វយ័តបានចាក់លុបរំលោភយកឆ្នេរសមុទ្រ ប៉ុន្តែមិនសាទរទេ បើជីកយកអាចម៍ដីនេះទៅចាក់លុបកន្លែងផ្សេងបំផ្លាញដើមកោងកាង ឬឆ្នេរផ្សេងទៀតនោះ »។
ស្រដៀងគ្នាដែរ លោក ប៊ួន ណារិទ្ធិ ប្រធានអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ ដែលបានចុះពិនិត្យទីតាំងមានសកម្មភាពចាក់ដីរំលោភយកឆ្នេរសមុទ្រ និងចាក់លុបព្រៃកោងកាងដោយអនាធិបតេយ្យនេះដែរ លោកស្នើឲ្យ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មន្ត្រីដឹកនាំមន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាដើម នាខេត្តព្រះសីហនុ ក្នុងអាណត្តិនេះ ល្មមដល់ពេលវេលារួមសហការគ្នាថែរក្សា និងអភិរក្សឆ្នេរសមុទ្រ និងព្រៃកោងកាងនាមូលដ្ឋាននេះឲ្យបានគង់វង្ស ប្រសើរជាងបន្តឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធបំផ្លាញឆ្នេរសមុទ្រ និងព្រៃកោងកាងជាជម្រកត្រីសមុទ្របន្តពូជ ដូចមន្ត្រីស្ថាប័នមួយចំនួនធ្លាប់ប្រព្រឹត្តពីពេលកន្លងទៅ៖ « ជាគំរូល្អមួយរបស់អគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ លោក លូ គឹមឈុន ដែលចាក់ដីលុបឆ្នេរសមុទ្រ ហើយបានទទួលកំហុស និងបានកាយយកអាចម៍ដីចេញពីឆ្នេរសមុទ្រឲ្យមកសភាពដើម។ យើងស្នើដល់អ្នកជាប់ពាក់ព័ន្ធផ្សេងទៀត យកគំរូរបស់ លោក លូ គឹមឈុន ដែលបានទទួលស្គាល់កំហុសខ្លួនពេលនេះ »។
ទាក់ទិនសកម្មភាពទន្ទ្រានចាក់ដីរំលោភយកឆ្នេរសមុទ្រ និងព្រៃកោងកាងពីមន្ត្រីមានអំណាច និងឈ្មួញមួយចំនួននាខេត្តព្រះសីហនុ នេះដែរ ប្រធានភូមិគគីរ និងប្រធានឃុំបិតត្រាំង ស្រុកព្រៃនប់ ក៏បង្ហាញការព្រួយបារម្ភពីការបាត់បង់ទ្រព្យសម្បត្តិរដ្ឋនាមូលដ្ឋានខ្លួនដែរ ហើយបានសំណូមពរដល់អាជ្ញាធរថ្នាក់ជាតិ ជាពិសេសប្រមុខដឹកនាំរដ្ឋាភិបាល ជួយទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។
មេឃុំបិតត្រាំង ស្រុកព្រៃនប់ លោក អ៊ឹង សារ៉ុម ទទួលស្គាល់ថា មូលដ្ឋាននេះពិតជាមានសកម្មភាពចាក់ដីលុបឆ្នេរសមុទ្រ និងចាក់លុបបំផ្លាញដើមកោងកាងជាជម្រកមច្ឆាសមុទ្រដោយអនាធិបតេយ្យពិតមែននាពេលកន្លងមក និងបន្តមកដល់ពេលនេះ។ លោកបន្តថា បទល្មើសនេះវាហួសពីសមត្ថកិច្ចអាជ្ញាធរថ្នាក់ភូមិ-ឃុំ ត្រូវដោះស្រាយ ទើបទទូចដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល ជួយមានវិធានការទប់ស្កាត់។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា ចំពោះសកម្មភាពខុសឆ្គងចាក់ដីលុបឆ្នេរសមុទ្ររបស់មេការកំពង់ផែស្វយ័តឃុំបិតត្រាំង ឲ្យមកសភាពដើមវិញ ដោយមិនជំទាស់ផែនការអភិវឌ្ឍន៍ឆ្នេរសមុទ្ររបស់រដ្ឋាភិបាលទេ៖ « ខ្ញុំបានជួបឯកឧត្តម លូ គឹមឈុន សួរនាំលើរឿងចាក់ដីចូលរំលោភឆ្នេរសមុទ្រនៅភូមិគគីរ ឃុំបិតត្រាំង ហើយគាត់ថាដីទីតាំងនេះជាដីស្ថាប័នកំពង់ផែទេ គឺមិនមែនកម្មសិទ្ធិផ្ទាល់ខ្លួនគាត់ទេ។ ហើយគាត់ក៏មិនបានចេញបញ្ជាឲ្យអ្នកបើកបរឡានដី ឬមេការរបស់គាត់ ចាក់ដីរំលោភដល់ឆ្នេរសមុទ្រនោះដែរ ប៉ុន្តែករណីនេះ ឯកឧត្តម លូ គឹមឈុន និយាយថា សូមអាជ្ញាធរខេត្តកុំព្រួយបារម្ភ គាត់នឹងជីកកាយយកដីចេញពីឆ្នេរសមុទ្រដែលមានការរំលោភនេះឲ្យមកសភាពដើមវិញ »។
មន្ត្រីសង្គមស៊ីវិលឃ្លាំមើលការអភិវឌ្ឍសង្គម បានអះអាងថា ប៉ុន្មានអាណត្តិកន្លងទៅ ខេត្តនេះធ្លាប់កើតមានសកម្មភាពចាក់ដីលុបឆ្នេរសមុទ្រ និងបំផ្លាញដើមកោងកាងជម្រកមច្ឆាសមុទ្រធ្វើកម្មសិទ្ធិ ផ្ដើមដោយមន្ត្រីបម្រើការងារខ្លះនាខេត្តព្រះសីហនុ និងឈ្មួញមានទ្រព្យ បានកើតមានអនាធិបតេយ្យ ហើយគ្មានអាជ្ញាធរទប់ស្កាត់ទេ ប៉ុន្តែនៅក្នុងអាណត្តិអភិបាលខេត្តបច្ចុប្បន្ន គេសង្កេតឃើញមានសកម្មភាពទប់ស្កាត់ការរំលោភយកឆ្នេរសមុទ្រ និងព្រៃកោងកាង ពីសំណាក់បុគ្គលខ្លះ ឲ្យផ្អាកសកម្មភាពបានមួយចំនួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។