សកម្មជនដីធ្លីនៅសហគមន៍បឹងកក់ លើកឡើងថា ពួកគាត់គ្មានជំនឿលើចំណាត់ការក្រសួងមហាផ្ទៃ ថា នឹងចាប់ជនដៃដល់ប្រព្រឹត្តអំពើហិង្សាទៅលើអ្នកភូមិបឹងកក់។ ក្រសួងមហាផ្ទៃ កាលថ្ងៃទី២៥ ខែឧសភា បានហៅសកម្មជនដីធ្លីសហគមន៍បឹងកក់ ទៅសាកសួរពីបណ្ដឹងរបស់ពួកគេដែលប្ដឹងអាជ្ញាធរថា បានប្រើហិង្សាលើពួកគេកាលពីឆ្នាំ២០១៣។
សកម្មជនដីធ្លីនៅសហគមន៍បឹងកក់ ចំនួន ៥នាក់ ក្នុងចំណោម ១០នាក់ ដែលបានចូលទៅបំភ្លឺតាមការកោះហៅរបស់ក្រសួងមហាផ្ទៃ អះអាងថា ពួកគាត់គ្មានជំនឿលើចំណាត់ការក្រសួងមហាផ្ទៃ ដោយសារតែស្ថាប័ននេះ ធ្វើការយឺតយ៉ាវ និងមានភាពលំអៀង។
ការលើកឡើងរបស់សកម្មជនដីធ្លីនៅសហគមន៍បឹងកក់ នៅពេលនេះ ធ្វើឡើងក្រោយពេលចេញពីបំភ្លឺតាមការកោះហៅរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែឧសភា ក្នុងនាមជាដើមបណ្ដឹងក្នុងសំណុំរឿងសមត្ថកិច្ចប្រើហិង្សាលើពួកគាត់កាលពីឆ្នាំ២០១៣។
សកម្មជនដីធ្លីនៅសហគមន៍បឹងកក់ មា្នក់ ក្នុងចំណោម ៥នាក់ ដែលបានចូលទៅបំភ្លឺតាមការកោះហៅរបស់ក្រសួងមហាផ្ទៃ លោកស្រី ផាន់ ឈុនរ៉េត ឲ្យដឹងថា សមត្ថកិច្ចយុត្តិធម៌នៃក្រសួងមហាផ្ទៃ បានសួរនាំលោកស្រី និងអ្នកបឹងកក់ ដទៃទៀតជុំវិញសំណុំរឿងចាស់នេះ ប៉ុន្តែមិនបានបញ្ជាក់ពីចំណាត់ការច្បាស់លាស់ដើម្បីរកយុត្តិធម៌ជូនពួកគាត់នោះឡើយ។
ស្ត្រីបឹងកក់ ដែលបានរងរបួសក្បាលធ្ងន់ធ្ងរ ដោយហេតុការណ៍ផ្ទុះហិង្សាកាលពីឆ្នាំ២០១៣ រូបនេះ អះអាងថា គ្មានជំនឿចំពោះសមត្ថកិច្ចនោះឡើយ ព្រោះលោកស្រី និងអ្នកបឹងកក់ ដែលរងរបួសបានដាក់ពាក្យប្ដឹងទៅតុលាការឲ្យជួយរកយុត្តិធម៌ ដោយបានភ្ជាប់នូវរូបថតជនដៃដល់ និងបន្ទះស៊ីឌី វីដេអូនៃសកម្មភាពនៅពេលបង្ក្រាបនោះ អស់រយៈពេលជិត ៣ឆ្នាំមកហើយ នៅតែគ្មានដំណោះស្រាយពីអាជ្ញាធរ៖ « សូមឲ្យរាជរដ្ឋាភិបាលចាត់វិធានការនេះឲ្យលឿនបំផុត កុំឲ្យទុកយូរលើសពី ៣ឆ្នាំទៀត ធ្វើយ៉ាងណាត្រូវយកយុត្តិធម៌ជូនពួកគាត់ ដូចរឿងអ្នកនាង ស្រីមុំ ដែរ ព្រោះពួកគាត់ឈឺចាប់ណាស់ »។
តំណាងសហគមន៍បឹងកក់ លោកស្រី ទេព វន្នី ដែលបានស្ថិតក្នុងហេតុការណ៍ហិង្សាដែរនោះ យល់ថា ការកោះហៅរបស់ក្រសួងមហាផ្ទៃ នៅពេលនេះ គ្រាន់តែធ្វើដើម្បីទាក់ទាញចិត្តពលរដ្ឋមុនការបោះឆ្នោតប៉ុណ្ណោះ និងគ្មានឆន្ទៈដោះស្រាយពិតប្រាកដជូនពលរដ្ឋរងគ្រោះនោះឡើយ៖ « បើសិនជាខាងក្រសួងមហាផ្ទៃ និងតុលាការគាត់មានឆន្ទៈដោះស្រាយពិតប្រាកដមែន រឿងនេះវាចប់បាត់ហើយ ប៉ុន្តែផ្ទុយទៅវិញជាក់ស្តែង ឃើញតែរកយុត្តិធម៌ឲ្យតែរឿងណាដែលបម្រើប្រយោជន៍នយោបាយ និងអ្នកមានអំណាចមិនឃើញរកយុត្តិធម៌ជូនពួកខ្ញុំ និងពលរដ្ឋក្រីក្រឡើយ។ ដូច្នេះ ខ្ញុំគ្មានយល់ថា ការកោះហៅឲ្យចូលបំភ្លឺគ្រាន់តែរឿងលេងសើច ឲ្យល្អមើលប៉ុណ្ណោះ » ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីសមត្ថកិច្ចយុត្តិធម៌នៃក្រសួងមហាផ្ទៃ ដើម្បីសាកសួរបន្ថែម និងដឹងពីវិធានការយ៉ាងណាជុំវិញករណីនេះ។ ប៉ុន្តែបើតាមសកម្មជនដីធ្លីនៅសហគមន៍បឹងកក់ ចំនួន ៥នាក់ ដែលបានចូលទៅបំភ្លឺឲ្យដឹងថា ក្រោយការសាកសួរក្រសួងមហាផ្ទៃ អះអាងថា ខ្លួននឹងបញ្ជូនកំណត់ហេតុនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើនីតិវិធីបន្ត។
ទាក់ទិននឹងរឿងនេះ ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការយឺតយ៉ាវរបស់សមត្ថកិច្ច គឺជាបញ្ហាមួយដែលជំរុញឲ្យពលរដ្ឋកាន់តែបាត់ទំនុកចិត្តលើអាជ្ញាធរ ដើម្បីស្វែងរកយុត្តិធម៌។ លោកជំរុញឲ្យអាជ្ញាធរគួរតែសហការគ្នាស៊ើបអង្កេតរកដំណោះស្រាយ និងផ្ដល់យុត្តិធម៌ជូនពួកគាត់ឲ្យបានឆាប់រហ័ស៖ « សូមឲ្យមន្ត្រីនគរបាលយុត្តិធម៌ និងតុលាការ សហការគ្នាស៊ើបអង្កេតរកយុត្តិធម៌ជូនពួកគាត់ ហើយការស៊ើបអង្កេតត្រូវឈរលើភាពត្រឹមត្រូវ និងច្បាស់លាស់ឲ្យពលរដ្ឋមានទំនុកចិត្តឡើងវិញ » ។
កាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ ក្រុមស្ត្រីបឹងកក់ អះអាងថា ក្រុមសមត្ថកិច្ចជាច្រើនរយនាក់ និងជនស្លៀកស៊ីវិល បានប្រើហិង្សាទៅលើពួកគាត់ដោយខ្លះបានប្រើចម្ពាមកៅស៊ូបាញ់បណ្ដាលឱ្យអ្នកខ្លះរបួសដៃ ជើង ខ្លួន និងក្បាល។ ហិង្សាកាលណោះកើតឡើងខណៈដែលក្រុមអ្នកភូមិបឹងកក់ និងបុរីកីឡា ជាង ១០នាក់ បានធ្វើកូដកម្មបង្អត់អាហារនៅឯរមណីយដ្ឋានវត្តភ្នំ ដើម្បីទាមទារឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយពន្លឿនដោះស្រាយបញ្ហាវិវាទដីធ្លី និងលំនៅឋានរបស់ពួកគាត់ឲ្យបានឆាប់រហ័ស និងទាមទារឲ្យមន្ត្រីតុលាការគ្រប់លំដាប់ថ្នាក់ឲ្យលើកលែងការចោទប្រកាន់ និងដោះលែងសកម្មជនដីធ្លីអ្នកស្រី យ៉ោម បុប្ផា ឲ្យមានសេរីភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។