សហគមន៍​ជនជាតិ​ព្នង​បង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើ​នៅ​មណ្ឌលគិរី

0:00 / 0:00

សហគមន៍​ជនជាតិ​ព្នង មក​ពី​ភូមិ​ពូគង់ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី បង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើ​របស់​សហគមន៍។ ប្រជា​សហគមន៍​បាន​ចាត់​ទុក​ករណី​នេះ​ជា​ការ​បំផ្លាញ​ដោយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ប៊ិញ ហ្វឿក ក្រចេះ រ៉ាប់ប៊ឺ១ (Benh Hoeurk Kratie Rubber 1) ជន​ចំណូល​ថ្មី​មួយ​ចំនួន មន្ត្រី​រាជការ និង​អ្នក​មាន​លុយ​មាន​អំណាច។

ប្រជា​សហគមន៍​ភូមិ​ពូគង់ ឃុំ​ព្រះស្រែ ឲ្យ​ដឹង​ថា គិត​មក​ត្រឹម​ដើម​ឆ្នាំ​២០១៥ នេះ ព្រៃឈើ​ដែល​ស្ថិត​​​ក្នុង​ដែន​សហគមន៍​គ្រប់គ្រង​ប្រមាណ​ជា ៨០% នៃ​ផ្ទៃដី​សរុប​ជាង ៩.០០០​ហិកតារ ត្រូវ​រលាយ​បាត់បង់​​ដោយសារ​ការ​អភិវឌ្ឍ​ចំការ​កៅស៊ូ​តាម​រយៈ​គម្រោង​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល។

ប្រធាន​សហគមន៍​ភូមិ​ពូគង់ លោក ទ្រីប ធើម ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​១៨ ខែ​មីនា ថា ក្រុមហ៊ុន ប៊ិញ ហ្វឿក ក្រចេះ រ៉ាប់ប៊ឺ​១ ជន​ចំណូល​ថ្មី និង​មន្ត្រីរាជការ អ្នក​មាន​អំណាច​បាន​​​រួម​គ្នា​កាប់​ព្រៃ​សហគមន៍​នេះ នៅ​ក្នុង​ភូមិ​ចំនួន​៣ គឺ​ភូមិ​ពូគង់ ភូមិ​អូរច្រា និង​ភូមិ​ពូចារ។ លោក​ថា គ្រាន់​តែ​ភូមិ​ពូគង់មួយ ព្រៃឈើ​វិនាស​អស់​ជាង ៣​ពាន់​ហិកតារ។ ការ​បំផ្លាញ​បែប​នេះ អាច​នាំ​ឲ្យ​ព្រៃឈើ​សហគមន៍​បាត់បង់​ក្នុង​រយៈពេល​ដ៏​ខ្លី ហើយ​ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី និង​ជីវភាព​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​ទៀត​ផង៖ «ព្រោះ​ចាប់​ម្តងៗ ប៉ះ​វៀតណាម​ផង ខ្មែរ​យើង​ផង ចាម​ផង ចិន​ផង កាប់​ព្រៃ​តែម្ដង។ ឥឡូវ​កាប់​ទន្ទ្រាន ព្រៃ​ដែល​សំខាន់​អស់​ប៉ុន្មាន​ពាន់​ហិកតារ​ហើយ»

​បន្ថែម​លើ​នោះ​លោក វណ្ណា ខ្វើក សមាជិក​គណៈកម្មការ​សហគមន៍​ពូគង់ អះអាង​ថា ក្រុមហ៊ុន​វៀតណាម ប៊ិញ ហ្វឿក ក្រចេះ រ៉ាប់ប៊ឺ​១ ទទួល​បាន​ដី​សម្បទាន​ជាង ៨​ពាន់​ហិកតារ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​​នេះ​បាន​ទន្ទ្រាន​ចូល​ដល់​ព្រៃ​សហគមន៍​ភូមិ​ពូគង់ ហើយ​កាប់​ឈើ​លក់​ទៅ​ឲ្យ​ឧកញ៉ា ស៊ិន សំអុល ដែល​ទទួល​ទិញ​ឈើ​នោះ​ទុក​នៅ​ក្នុង​ក្រុមហ៊ុន ប៊ិញ ហ្វឿក ក្រចេះ រ៉ាប់ប៊ឺ​១៖ «ចូល​ក្រុមហ៊ុន​ហើយ មក​កាប់​ឈើ​ប្រណិត។ បើ​គិត​ទៅ​វា​បំផ្លាញ​ដង្ហើម​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន»

លោក ឯម សុភ័ក្រ មន្ត្រី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) ថ្លែង​ថា ក្រុមហ៊ុន ប៊ិញ ហ្វឿក ​ក្រចេះ រ៉ាប់ប៊ឺ​១ ទទួល​វិនិយោគ​ដាំ​កៅស៊ូ​រយៈពេល ៧០​ឆ្នាំ។ លោក​ថា ក្នុង​លិខិត​កិច្ចសន្យា​​វិនិយោគ​ដី​មាន​ជាង ៨​ពាន់​ហិកតារ​ទេ ប៉ុន្តែ​ផ្ទៃដី​ឈូស​វាត​បច្ចុប្បន្ន​ដល់​ទៅ ១​ម៉ឺន​ហិកតារ។ មូលហេតុ​នេះ ទើប​ព្រៃ​នៅ​ភូមិ​ពូគង់ ហ៊ុមព័ទ្ធ​ដោយ​ព្រៃស្រោង​ក្នុង​តំបន់​ការពារ​សីមា (Seima Protected Forest) ដែល​មាន​ផ្ទៃ​ដី​ជាង ២៩​ម៉ឺន​ហិកតារ កំពុង​ហិនហោច​នូវ​ឈើ​ប្រភេទ​លេខ​១ ដូចជា​ដើម​ឈើ​ទាល ផ្ចឹក សុក្រំ បេង នាងនួន ជាដើម។ ព្រៃឈើ​ទាំង​នេះ​កាល​ពី​មុន​បាន​ជួយ​ផ្ដល់​​ប្រាក់​ចំណូល​ទៅ​ឲ្យ​ជនជាតិ​ភាគ​តិច​ពី​ការ​លក់​ជ័រ តែ​ឥឡូវ​ពួកគាត់​បាន​បាត់បង់​មុខ​របរ​នេះ​អស់​ហើយ។

ឡើង​បង្ហាញ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​ដែរ នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា លោក តឹក វណ្ណារ៉ា ថ្លែង​ថា ដោយសារ​តែ​វិនាសកម្ម​ព្រៃឈើ​នៅ​ភូមិ​ពូគង់ ឃុំ​ស្រែព្រះ ទើប​អាក់ខាន ដល់​ការ​លក់​កាបោន ជួយ​ទ្រទ្រង់​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​តំបន់​ខេត្ត​មណ្ឌលគិរី។ លោក​ថា សង្គម​ស៊ីវិល និង​ជនជាតិ​ដើម​ភាគតិច​ទាមទារ​ឲ្យ​រដ្ឋាភិបាល ពន្លឿន​ការ​ចុះ​បញ្ជី​ដីធ្លី​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​ក្រុមហ៊ុន​ទទួល​​បាន​ដី​សម្បទាន​សេដ្ឋកិច្ច និង​អនុវត្ត​ច្បាប់​ឡើង​វិញ ព្រោះ​ក្រុមហ៊ុន​រំលោភ​លើ​ប្រកាស​អន្តរក្រសួង។ បើ​សិន​រក​ឃើញ​ថា ក្រុមហ៊ុន​ពិត​ជា​រំលោភ​ហួស​ដី​ដែល​អនុញ្ញាត សុំ​ឲ្យ​លុបចោល​ដី​សម្បទាន​​សេដ្ឋកិច្ច​នោះ។

បំភ្លឺ​ចំពោះ​ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល និង​សហគមន៍​ភូមិ​ពូគង់ លោក មាឃ វិទ្ធី មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កែវសីមា ថ្លែង​ថា មន្ត្រី​របស់​លោក​កំពុង​ចុះ​ពិនិត្យ​រឿង​កាប់​ឈើ​ខុស​ច្បាប់​នៅ​ភូមិ​ពូគង់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក​ឧកញ៉ា ស៊ិន សំអុល ដើម្បី​ប្រតិកម្ម​តប​នឹង​ការ​បង្ហាញ​របស់​សង្គម​ស៊ីវិល និង​ជន​ជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី បាន​ទេ នៅ​ថ្ងៃ​១ ខែ​មីនា។

តាម​រយៈ​លិខិត​លេខ ២៧៣ កសម ចុះ​ថ្ងៃ​២៧ ខែ​មិថុនា ឆ្នាំ​២០១៣ របស់​សាលា​ស្រុក​កែវសីមា និង​​​ប្រកាស​អន្តរក្រសួង​លេខ​១៧៧ ក្រសួង​កសិកម្ម និង​លេខ ២០៦ ក្រសួង​បរិស្ថាន ចុះ​ថ្ងៃ​៩ ខែ​ឧសភា ឆ្នាំ​២០១៤ ឲ្យ​ពង្រឹង​ការ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច បញ្ឈប់​កាប់​ឈើ​ក្នុង​តំបន់​ការពារ និង​តំបន់​​​ខាង​ក្រៅ​ដី​សម្បទាន​សេដ្ឋកិច្ច។

របាយការណ៍​របស់​សហគមន៍​ភូមិ​ពូគង់ មាន ៦៧​គ្រួសារ។ ក្នុង​១​គ្រួសារ​មាន​ដើម​ឈើ​ត្រង​ជ័រទឹក (ដើម​ច្បោះ) ចាប់​ពី ២៥​ដើម ទៅ ៣០០​ដើម។ ពួកគាត់​ធ្លាប់​ទទួល​ប្រាក់​ចំណូល​ពី​ការ​លក់​ជ័រទឹក​នេះ​ចាប់​ពី ៧៥០​ដុល្លារ ទៅ ៩​ពាន់​ដុល្លារ​ក្នុង​១​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។