អ្នក​ភូមិ​៣​នាក់​រង​របួស​ដោយសារ​សន្តិសុខ​ក្រុមហ៊ុន​ប្រើ​អាវុធ​បាញ់​គំរាម

0:00 / 0:00

អ្នក​ភូមិ​ជនជាតិ​ដើម​ព្នង ៣​នាក់​រង​របួស​ដោយសារ​កង​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​មួយ​ប្រើ​អាវុធ​បាញ់​គំរាម។ មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ហៅ​ទង្វើ​នេះ​ជា​អំពើ​ហិង្សា​រំលោភ​សិទ្ធិ​មនុស្ស ជា​ពិសេស​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​កង​សន្តិសុខ បី​នាក់​ដែល​បាន​បង្ក​របួស​ស្នាម​ប្រជាពលរដ្ឋ​ដោយ​ចេតនា និង​ស្លៀកពាក់​ឯកសណ្ឋាន​យោធា ហើយ​ប្រើប្រាស់​កាំភ្លើង​កងទ័ព​ជាតិ​បម្រើ​ក្រុមហ៊ុន​ឯកជន។

ការ​អំពាវនាវ​នេះ​ធ្វើឡើង​បន្ទាប់ពី​អ្នកភូមិ​ពូលុ ៣​នាក់ ត្រូវ​បាន​កង​សន្តិសុខ​ក្រុមហ៊ុន​ឈ្មោះ អិល.ខេ.អិល (LKL) មិន​ស្គាល់​ឈ្មោះ​ពីរ​នាក់ ស្លៀកពាក់​ឯកសណ្ឋាន​ទាហាន​ប៉ារ៉ា កាន់​កាំភ្លើង​​មួយ​ដើម និង​ម្នាក់​ទៀត​ស្លៀកពាក់​ស៊ីវិល កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា បាន​បាញ់​ផ្ញុច​ដី​គំរាម​ប្រជាពលរដ្ឋ ហើយ​បែក​ថ្ម​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់​រង​របួស​ធ្លុះ​សាច់​ច្រើន​កន្លែង កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​និង​​ពីរ​នាក់​ទៀត​របួស​ស្រាល។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ថ្លែង​ថា នេះ​ជា​ចេតនា​​បង្កហេតុ​និង​គំរាម​ស្មារតី​អ្នក​ភូមិ។ លោក​បន្ត​ថា កង​ទាហាន​រដ្ឋាភិបាល​មិន​ត្រូវ​បាន​អនុញ្ញាត​ប្រើប្រាស់​ឯកសណ្ឋាន និង​អាវុធ​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នោះ​ឡើយ។ ហេតុនេះ​បុគ្គលិក​សន្តិសុខ​​ក្រុមហ៊ុន​មាន​កំហុស​បង្ក​របួស​ស្នាម​និង​ប្រើប្រាស់​តួនាទី​ជា​កង​ប្រដាប់​អាវុធ​រដ្ឋាភិបាល​បម្រើ​ក្រុមហ៊ុន​ឯកជន​ខុស​គោល​ការ​ហាមឃាត់​របស់​ប្រមុខ​រាជរដ្ឋាភិបាល។

លោក សុក រដ្ឋា៖ «យើង​សូម​ធ្វើការ​ថ្កោលទោស​ចំពោះ​សន្តិសុខ​ក្រុមហ៊ុន​ហ្នឹង​ដែល​បាន​ប្រើប្រាស់​អាវុធ​លើ​​ប្រជាពលរដ្ឋ​ដោយ​កម្រោល។ ក្នុង​សកម្មភាព​នៃ​រឿង​នេះ​ហាក់​បី​ដូចជា​ចេតនា​ចង់​សម្លាប់​មនុស្ស ប្រជាពលរដ្ឋ​គាត់​មិន​បាន​ធ្វើ​អ្វី​ឲ្យ​មាន​ការ​ប៉ះពាល់​ទៅ​លើ​បរិវេណ​ក្រុមហ៊ុន ហើយ​ក៏​មិន​បាន​ប៉ះពាល់​​តំបន់​ក្រុមហ៊ុន​ហ្នឹង​ដែរ»

ប្រជាពលរដ្ឋ​រង​របួស​ទាំង​បី​នាក់​មាន​ឈ្មោះ តិច ងៀម ហ៊ឹម គួយ និង ប៉ុស កូស រស់​នៅ​ភូមិ​ពូលុ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា។

អ្នក​រង​របួស​ឈ្មោះ តិច ងៀម រៀបរាប់​ថា ពួកគាត់ ៨​នាក់ បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ក្នុង​បំណង​​ចូល​ព្រៃ​មើល​អន្ទាក់​ដាក់​សត្វ។ លុះ​ពួកគាត់​ធ្វើដំណើរ​មកដល់​ចំណុច​ផ្លូវ​ក្បែរ​បរិវេណ​ក្រុមហ៊ុន ម៉ូតូ​មួយ​គ្រឿង​បាន​ខូច​ទើប​ពួកគាត់​សម្រាក​នាំ​គ្នា​ជួសជុល​ម៉ូតូ។ បន្ទាប់​នោះ​ស្រាប់តែ​ឃើញ​ក្រុម​សន្តិសុខ​ក្រុមហ៊ុន​មក​ដល់​ទី​នោះ ហើយ​បណ្ដេញ​អ្នក​ភូមិ​ចេញ ព្រម​ទាំង​ពោល​ពាក្យ​ប្រមាថ បន្ទាប់​មក​សន្តិសុខ​ម្នាក់​បាន​ផ្ទុះ​អាវុធ​បាញ់​ផ្ញុច​ដី តែ​ត្រូវ​ថ្ម​បែក​ខ្ទាត​ធ្លុះ​ខ្លួន​អ្នក​ភូមិ​បី​នាក់​ភ្លាម ក្នុង​នោះ​រូប​លោក​សន្លប់​ដោយសារ​ឈឺ​មុខ​របួស​ទើប​អ្នកភូមិ​ដឹក​ជញ្ជូន​មក​មន្ទីរពេទ្យ។ ចំណែក​ក្រុម​សន្តិសុខ​ក្រុមហ៊ុន​នាំគ្នា​វិល​ត្រឡប់​ទៅ​ក្រុមហ៊ុន​វិញ។

លោក តិច ងៀម៖ «ប្រជាជន​ខ្ញុំ​ទៅ​មើល​អន្ទាក់​ហ្នឹង​មាន​ខុស​ស្អី​គាត់​បាញ់។ គាត់​និយាយ​ច្រើន​ណាស់ បាញ់​បំបាក់​​ជើង​ម្ខាង​ទៀត គាត់​ថា​អ៊ីចេះ​ទៀត»

ទាក់ទង​ករណី​នេះ ស្នងការ​ប៉ូលិស​ខេត្ត​មណ្ឌលគិរី លោក ញ៉ែម វន្នី ទទួល​ស្គាល់​ថា សមត្ថកិច្ច​ប៉ូលិស​បាន​ទៅ​កាន់​ទី​កើតហេតុ​ដើម្បី​ធ្វើ​កំណត់ហេតុ​ពី​ករណី​នេះ។ លោក​អះអាង​ថា ក្រុមហ៊ុន​គ្មាន​សិទ្ធិ​ប្រើប្រាស់​កង​យោធា និង​ប្រើប្រាស់​អាវុធ​ការពារ​ក្រុមហ៊ុន​ឡើយ ហេតុ​នេះ​លោក​នឹង​ធ្វើ​របាយការណ៍​ជូន​អង្គភាព​យោធា​ដើម្បី​ចាត់ការ​ក្នុង​បញ្ហា​នេះ។

លោក ញ៉ែម វន្នី៖ «ក្រុមហ៊ុន​ហ្នឹង​គេ​ទទួល​ខុស​ត្រូវ​ទេ វា​ខុស​ទាំង​ស្រុង​ហើយ​អា​ហ្នឹង ប៉ុន្តែ​យើង​ព្យាយាម​​សម្របសម្រួល​ទាំង​សង​ខាង។ ខាង​កងកម្លាំង​យើង​ឲ្យ​មេកើយ​គេ​យើង​រាយការណ៍ ឬ​កសាង​សំណុំ​​រឿង​ឲ្យ​គ្រប់គ្រាន់​ទៅ​ហើយ យើង​ឲ្យ​គេ​ដាក់​ពិន័យ​អប់រំ​កូន​ចៅ​គេ»

យ៉ាង​នេះ​ក្តី​តំណាង​ប្រជាពលរដ្ឋ​ភូមិ​ពូលុ សង្កេត​ឃើញ​ថា ក្រុមហ៊ុន អិល.ខេ.អិល ទើប​ចូល​មក​​បោះ​ទីតាំង​នៅ​តំបន់​នោះ​ហើយ​ដឹក​ជញ្ជូន​ឈើ​មូល​ពី​ក្នុង​ព្រៃ​ចូល​បរិវេណ​រោង​អារ​ឈើ​ក្នុង​បរិវេណ​ក្រុមហ៊ុន។ ជា​ញឹកញាប់​សន្តិសុខ​ក្រុមហ៊ុន​នេះ​តែង​ប្រើ​អាវុធ​បាញ់​គំរាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ជិត​រោង​អារ​ឈើ​នោះ​ទេ។ ហេតុនេះ​នៅ​សប្ដាហ៍​ក្រោយ​អ្នក​ភូមិ​គ្រោង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​ករណី​បាញ់​អ្នក​ភូមិ​ឲ្យ​របួស និង​សន្យា​បញ្ឈប់​ការ​ផ្ទុះ​អាវុធ​គំរាម​ប្រជាពលរដ្ឋ​​ត​ទៅ​ទៀត។

រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ដដែល វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ករណី​នេះ​ពី​តំណាង​ក្រុមហ៊ុន​បាន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។