ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្ត​មណ្ឌលគិរី​គ្រោង​តវ៉ា​ទាមទារ​ដី​ក្រុមហ៊ុន​ឈូស​ឆាយ​យក

0:00 / 0:00

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ជាង ២០០​គ្រួសារ នៅ​ខេត្ត​មណ្ឌលគិរី គ្រោង​តវ៉ា​ជា​ថ្មី​ទាមទារ​ដី​ជាង ៥០០​ហិកតារ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ប៊ិញ ភឿក ១ ដែល​បាន​ឈូស​ឆាយ​​យក​ដី​ចម្ការ​វិល​ជុំ​សហគមន៍។ ចំណែក​មន្ត្រី​អាជ្ញាធរ​ខេត្ត​អះអាង​ថា អាជ្ញាធរ​បាន​ដោះស្រាយ​បញ្ហា​នេះ​រួច​ហើយ ចំណែក​ក្រុម​អ្នក​ធ្វើ​ការ​តវ៉ា​មិនមែន​សហគមន៍​ជនជាតិ​ដើម​ទេ គឺ​ជា​ជន​ចំណាក​ស្រុក​ដែល​ចូល​មក​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់។

ផល​ប៉ះពាល់​សិទ្ធិ​រស់​នៅ និង​ការ​ឈូស​ឆាយ​រំលោភ​ដី​ចម្ការ​វិល​ជុំ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ភូមិ​ចក់ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវសីមា គឺ​ជា​កត្តា​សំខាន់​ដែល​សហគមន៍​នៅ​តែ​មាន​ឆន្ទៈ​តវ៉ា​បន្ត​ទៀត ទាមទារ​ឲ្យ​អាជ្ញាធរ​ដក​ហូត​ដី​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ប៊ិញ ភឿក ១ ប្រគល់​មក​ឲ្យ​សហគមន៍​ប្រើប្រាស់ និង​អាស្រ័យ​ផល​វិញ។

អ្នក​ភូមិ​រង់ចាំ​ដំណោះស្រាយ​តវ៉ា​នេះ​ជាង ២​ឆ្នាំ​កន្លង​ទៅ​ជាមួយ​នឹង​ទទួល​រង​នូវ​ការ​ប្រឈម​មុខ​ដោយ​ការ​ប្រើប្រាស់​កងកម្លាំង​របស់​អាជ្ញាធរ រុះរើ​ដុត​រោង​ស្នាក់​នៅ​របស់​អ្នក​ភូមិ បន្ទាប់​ពី​អ្នក​ភូមិ​បាន​ព្យាយាម​ទៅ​តាំងទី​លំនៅ​លើ​អតីត​ដី​ចម្ការ​វិល​ជុំ​ពួកគាត់ គ្រា​ដែល​ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ​មក​​​ឈូស​ឆាយ​យក​ដី​តាំង​ពី​ឆ្នាំ​២០១១ រហូត​មក។

តំណាង​សហគមន៍ អ្នកស្រី ក្រូច ឆែវ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​កំពុង​ត្រៀម​លិខិត​ជម្រាប​ជូន​អាជ្ញាធរ​​ខេត្ត​ដើម្បី​រៀបចំ​បាតុកម្ម​អហិង្សា​មួយ​នៅ​ក្រោយ​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ការ​តវ៉ា​របស់​ពលរដ្ឋ។ អ្នកស្រី​បន្ត​ថា ការ​តវ៉ា​នេះ​នឹង​អាច​បន្ត​ធ្វើ​នៅ​មុខ​រដ្ឋ​សភា ប្រសិន​ការ​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​មិន​បាន​លទ្ធផល៖ «ប្ដឹង​ខេត្ត​មិន​ដឹង​អង្កាល់​ណា​ដោះស្រាយ​ប្រជាពលរដ្ឋ ដី​មិន​ទាន់​បាន​ទេ តាំង​ពី​២០១១ រហូត​ដល់​២០១៥ ​ដាក់​ញត្តិ​គ្រប់​កន្លែង។ លំបាក​មែន មិន​ត្រឹម​ដី​ទេ សូម្បី​រណ្ដៅ​ជ័រ ដី​ចម្ការ​វិល​ជុំ​អស់​ហើយ​ជនជាតិ»

សហគមន៍​ភូមិ​ចក់ចារ មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ប៊ិញ ភឿក ១ មាន​ជាង ២០០​គ្រួសារ ក្នុង​នោះ​​ជនជាតិ​ដើម​ភាគតិច​ព្នង ១៧៤​គ្រួសារ និង​អ្នក​ចំណាក​ស្រុក ៨០​គ្រួសារ។ ក៏ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​​ចាត់​ទុក​ការ​អះអាង​របស់​អ្នក​ភូមិ​ថា ជា​ការ​មិន​ពិត។

យ៉ាង​ណា​មិញ អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុឌ្ឍន៍ ថ្លែង​កត់សំគាល់​ថា ក្រុម​អ្នក​ភូមិ​ដែល​គ្រោង​បន្ត​ការ​តវ៉ា​គឺ​ជា​ជន​ចំណាក​ស្រុក បាន​មក​កាន់កាប់​ដី​នៅ​តំបន់​នោះ​ដោយ​ខុស​ច្បាប់។ លើស​ពី​នេះ​ទៀត លោក​អាជ្ញាធរ​បាន​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​មាន​កំណើត​ជនជាតិ​ដើម​ភាគ​តិច​អស់​ហើយ គឺ​នៅ​សល់​តែ​ពលរដ្ឋ​ចំណាក​ស្រុក​នោះ​ទេ ដែល​នៅ​បន្ត​ការ​តវ៉ា​នេះ៖ «ប្រជាពលរដ្ឋ​ក្រៅ​មូលដ្ឋាន​អ្នក​ណា​គេ​ដោះស្រាយ​ឲ្យ។ គេ​ដោះស្រាយ​ឲ្យ​តែ​ជនជាតិ​ភាគ​តិច​ហ្នឹង​ហើយ អ្នក​មក​ពី​ខេត្ត​ផ្សេងៗ​យក​លេស​រួម​ដៃ គេ​មិន​ឲ្យ​ទេ ប៉ុន្តែ​បើ​គាត់​អត់​អ្នក​ទាំង​អស់​មក​ពី​ខេត្ត​ផ្សេង​ឲ្យ​គាត់​សុំ​មក​ខេត្ត»

ផ្ទុយ​ពី​ការ​អះអាង​របស់​មន្ត្រី​ស្រុក​រួប​នេះ តំណាង​សហគមន៍​មួយ​រូប​ទៀត គឺ​ប្របជីប មាន​កំណើត​ជនជាតិ​ដើម​ភាគ​តិច​ព្នង បង្ហាញ​ឆន្ទៈ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ប្រសិន​មាន​ភស្តុតាង​បញ្ជាក់​​​ថា អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច​បាន​ទទួល​ដំណោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ភូមិ​ចក់ចារ​នេះ។ លើស​ពី​​​នេះ​ទៀត លោក​ប្ដេជ្ញា​ចិត្ត​នឹង​ដឹកនាំ​ការ​តវ៉ា​រហូត​ក្រុម​អាជ្ញាធរ​ផ្ដល់​យុត្តិធម៌​ពិតប្រាកដ​ដល់​អ្នក​ភូមិ។

ជម្លោះ​សហគមន៍​ចក់ចារ និង​ក្រុមហ៊ុន ប៊ិញ ភឿក ១ អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ស្រុក បាន​ព្យាយាម​​​ដោះស្រាយ ៤​លើក​រួច​ហើយ ចាប់​ពី​ចុង​ឆ្នាំ​២០១៤ រហូត​បច្ចុប្បន្ន ក៏​ប៉ុន្តែ​មិន​បាន​លទ្ធផល ដោយសារ​​តែ​អ្នក​ភូមិ​ចាត់​ទុក​ដំណោះស្រាយ​របស់​មន្ត្រី​មូលដ្ឋាន​លំអៀង មិន​ផ្ដល់​យុត្តិធម៌​ចំពោះ​ពលរដ្ឋ។ បន្ទាប់​មក​តំណាង​សហគមន៍ ៤​នាក់ ត្រូវ​បាន​មន្ត្រី​អយ្យការ​តុលាការ​ខេត្ត​មណ្ឌលគិរី ចោទ​ប្រកាន់​ក្នុង​រឿង​​រំលោភ​ដី​ក្រុមហ៊ុន ក្នុង​នោះ​តំណាង​សហគមន៍​មួយ​រូប​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​អស់​រយៈ​ពេល​ជាង ៤​ខែ ក្នុង​បទចោទប្រកាន់​រំលោភ​ដី​ក្រុមហ៊ុន និង​រួមភេទ​ជាមួយ​ភរិយា​ជា​អនីតិជន។ ក៏ប៉ុន្តែ​​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ចាត់​ទុក​នីតិវិធី​របស់​តុលាការ​ថា ជា​វិធី​គំរាមកំហែង​ស្មារតី​សហគមន៍​​ឲ្យ​បញ្ឈប់​តវ៉ា​ទាមទារ​ដី​បន្ត​ទៀត។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ​គាំទ្រ​សិទ្ធិ​តវ៉ា​ដោយ​អហិង្សា​របស់​ពលរដ្ឋ​ដើម្បី​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​រស់​នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច។ លោក​ថា អាជ្ញាធរ​គួរ​បន្ត​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដោយ​ឈរ​លើ​ដំណោះស្រាយ​ប្រកប​ដោយ​តម្លាភាព និង​សមភាព។

លោក សុក រដ្ឋា៖ «រឿង​នេះ​មិនមែន​ទើប​កើត​ឡើង​ថ្មីៗ​ទេ គឺ​ទំនាស់​កើត​មក​យូរ​ហើយ ដែល​អាច​ចាត់​ទុក​ថា ជា​ទំនាស់​រ៉ាំរ៉ៃ។ យន្តការ​របស់​អភិបាល​ខេត្ត​រតនគិរី ហាក់​ដូចជា​យឺតយ៉ាវ​មិន​ចង់​ដោះស្រាយ​កត្តា​សំខាន់ បើ​កាលណា​គាត់​មិន​ធ្វើការ​ដោះស្រាយ​ស្ថានភាព​នៃ​ទំនាស់​កាន់​តែ​រីក​ធំឡើងៗ។ សហគមន៍​គាត់​គ្រោង​ធ្វើ​បាតុកម្ម យើង​មើល​ទៅ​ជា​សិទ្ធិ​របស់​គាត់​ដែល​គាត់​ព្យាយាម​ប្រើ​សិទ្ធិ​របស់​គាត់​ឲ្យ​អស់​លទ្ធភាព​ស្របតាម​ច្បាប់​បាន​ចែង»

យ៉ាងណា​ក៏ដោយ អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុឌ្ឍន៍ បញ្ជាក់​ថា ការ​តវ៉ា​ជា​សិទ្ធិ​របស់​​​ពលរដ្ឋ ក៏ប៉ុន្តែ​អ្នក​ភូមិ​ត្រូវ​ធ្វើ​ការ​តវ៉ា​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់។ ដោយឡែក​លោក​ក៏​បាន​អំពាវនាវ​​ឲ្យ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ដែល​គ្មាន​ដី​ពិត​ប្រាកដ សូម​ឲ្យ​បំពេញ​បែបបទ​ស្នើ​សុំ​ដី​សម្បទាន​​សង្គមកិច្ច​ដើម្បី​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ៖ «ជា​សិទ្ធិ​របស់​ពលរដ្ឋ​តែ​ត្រូវ​សុំ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ​បើ​សិន​ធ្វើ​បាតុកម្ម​ក្នុង​គោលបំណង​ទាមទារ​អ្វី ខ្ញុំ​យល់​ថា បើ​សិន​ជនជាតិ​ដើម​នៅ​ទី​នោះ។ បើ​សិន​ប្រជាពលរដ្ឋ​មក​ពី​ក្រៅ យើង​មាន​គោលការណ៍​ដី​សម្បទាន​សង្គមកិច្ច​ឲ្យ​គាត់​ស្នើ​សុំ»

​ក្រសួង​កសិកម្ម​កាល​ពី​ឆ្នាំ​២០១០ បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ៥​ពាន់​ហិកតារ​ទៅ​ឲ្យ​ក្រុមហ៊ុន ប៊ិញ ភឿក ១ នៅ​ស្រុក​កែវសីមា សម្រាប់​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម។ បន្ទាប់​មក​ក្រុមហ៊ុន​​​បាន​ឈូស​ឆាយ​បង្ក​ផល​ប៉ះពាល់​ដីស្រែ​ចំការ​វិល​ជុំ​អ្នកភូមិ​ជាង ៥០០​ហិកតារ ទើប​អ្នក​ភូមិ​ងើប​តវ៉ា។ករណី​នេះ អាជ្ញាធរ​ស្រុក​បាន​សម្រេច​កាត់​ចេញ​ដី ៣៧៥​ហិកតារ​ក្នុង​បរិមាណ​ដី ៥០០​ហិកតារ​ក្នុង​ដី​​​សម្បទាន ប្រគល់​ឲ្យ​អ្នក​ភូមិ ក៏ប៉ុន្តែ​អ្នក​ភូមិ​ភាគ​ច្រើន​មិន​ទទួល​យក​ដំណោះស្រាយ​នោះ​ទេ ពីព្រោះ​​​អ្នក​ភូមិ​ចាត់​ទុក​ដំណោះស្រាយ​ប្រគល់​ដី ៣៧៥​ហិកតារ​ឲ្យ​អ្នក​ភូមិ​គឺ​ជា​ដី​ថ្ម​គ្មាន​ជីជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។