ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង រស់នៅសហគមន៍ប៊ូស្រា ខេត្តមណ្ឌលគិរី អន្ទះសាចង់ឃើញមុខបេក្ខជនតំណាងរាស្ត្រពីគ្រប់គណបក្ស ដែលឈរឈ្មោះប្រកួតប្រជែង ដើម្បីចង់សួរឲ្យបានដឹងថា បើតំណាងរាស្ត្រទាំងនោះឈ្នះឆ្នោត តើនឹងជួយការពារព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិឬទេ?
អង្គុយក្នុងរោងជំនុំសហគមន៍ ពាក់អាវយឺតពណ៌សដៃខ្លី ស្លាកសញ្ញាទេវតាបាចផ្កា ទំនងជាអ្នកគាំទ្រគណបក្សកាន់អំណាចផងនោះ បុរសជនជាតិដើមព្នងវ័យ ៧០ប្លាយឆ្នាំ លោក យ៉ង ស្រេវ ឲ្យដឹងថា លោកធ្លាប់បោះឆ្នោតឲ្យគណបក្សដែលខ្លួនស្រឡាញ់តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះមិនដែលដូរចិត្តទេ។
លោកបន្តថា ពលរដ្ឋសហគមន៍ប៊ូស្រា ធ្លាប់ជួបបញ្ហាជាច្រើនដងច្រើនសារ ដូចជា ការប្រទាញប្រទង់រវាងក្រុមហ៊ុនដាំកៅស៊ូវៀតណាម ការចាប់ឃាត់គ្រឿងចក្ររបស់ឈ្មួញទិញដីដែលឈូសឆាយព្រៃតំណមសហគមន៍ ប៉ុន្តែពលរដ្ឋខ្លះបែរជាត្រូវក្រុមហ៊ុនប្ដឹងឡើងបំភ្លឺទៅតុលាការទៅវិញ ហើយមិនមានតំណាងរាស្ត្រជាប់ឆ្នោតណាម្នាក់ចេញមុខជួយប្រជាពលរដ្ឋសោះឡើយ។ លោកបញ្ជាក់ថា លោកមិនបានដឹងថា តំណាងរាស្ត្រគេធ្វើអីខ្លះទេ តែតំណាងរាស្ត្រដែលអ្នកភូមិធ្លាប់បោះឆ្នោតឲ្យមុនៗ មិនបានការពារព្រៃឈើ និងធនធានធម្មជាតិឡើយ។
លោកបន្តថា មកដល់ពេលនេះ អ្នកភូមិប៊ូស្រា មិនទាំងបានដឹងផងថានរណាជាតំណាងរបស់ពួកគាត់ ដែលអង្គុយកៅអីក្នុងសភានោះ។
ទន្ទឹមនឹងនេះ បុរសជនជាតិដើមព្នង ម្នាក់ទៀតជាអតីតគ្រូពេទ្យស្រុកពេជ្រាដា លោក ស្រឹម ម៉ាលី មានប្រសាសន៍ថា លោកក៏មិនបានដឹងថា អ្នកណាមួយជាអ្នកតំណាងរាស្ត្រអាណត្តិមុនដែរ គ្រាន់តែដឹងថា អាណត្តិមុនៗគណបក្សប្រជាជន ជាប់ឆ្នោត។ លោកបន្តថា ពលរដ្ឋជនជាតិដើមព្នង ទាំងអស់ នៅតែរងការរំលោភបំពានសិទ្ធិពីអ្នកមានលុយមានអំណាច តែក៏មិនដឹងថាទៅរកអន្តរាគមន៍ពីតំណាងរាស្ត្រមណ្ឌលគិរី ហ្នឹង នៅកន្លែងណាដែរ។ លោកបញ្ជាក់ថា លោកចង់ឲ្យតំណាងរាស្ត្រជាប់ឆ្នោតនៅអាណត្តិថ្មីនេះ ដោះស្រាយការលំបាករបស់ពលរដ្ឋកុំឲ្យធ្វើដូចតំណាងរាស្ត្រមុនៗទៀត។
នៅខេត្តមណ្ឌលគិរី កាលពីការបោះឆ្នោតសភាអាណត្តិទី១ បេក្ខជនដែលជាប់ឆ្នោតជាតំណាងរាស្ត្រ គឺលោក បើយ គឺត ជាជនជាតិដើមព្នង។ នៅអាណត្តិទី២ ទី៣ និងអាណត្តិទី៤ ជនជាតិដើមព្នង ម្នាក់ទៀត គឺលោក រ័ត្ន សារ៉ែម ជាអ្នកតំណាងរាស្ត្រ។ បន្ទាប់ពីលោក រ័ត្ន សារ៉ែម ទទួលអនិច្ចកម្មនៅអាណត្តិទី៤ នោះ អ្នកស្រី បេង រ៉ែង ក៏ឡើងជំនួសកៅអីសភានេះវិញ។ នៅអាណត្តិទី៥ នេះ ជនជាតិដើមភាគតិចព្នង ម្នាក់ទៀត ដែលធ្លាប់កាន់ការជាចៅហ្វាយខេត្តអស់ជាច្រើនឆ្នាំនោះ គឺលោក ចាន់ យឿង នឹងឡើងមកឈរឈ្មោះប្រកួតប្រជែងកៅអីសភាក្នុងគណបក្សកាន់អំណាចនៅលេខរៀងទី១។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ចាន់ យឿង ដើម្បីសុំការអត្ថាធិប្បាយ និងប្ដេជ្ញាចិត្តក្នុងនាមជាបេក្ខជនប្រកួតប្រជែងបានទេ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៣។
ទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធ្លាប់បានចេញអនុក្រឹត្យមួយដែលនិយាយពីសិទ្ធិសមូហភាពរបស់ជនជាតិដើមភាគតិច ធ្លាប់អនុម័តច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីការការពារបរិស្ថានជាដើម។
នៅក្នុងគោលការណ៍គ្រឹះរបស់គណបក្សកាន់អំណាចចំណុចទី៦ ចែងថា គណបក្សនេះនឹងលើកកម្ពស់ការផ្តល់សេវាសាធារណៈគ្រប់ផ្នែកនៅគ្រប់ថ្នាក់ជូនប្រជាជន និងគ្រប់មជ្ឈដ្ឋាន ឱ្យបានកាន់តែប្រសើរឡើងទាំងគុណភាព ប្រសិទ្ធភាព និងវិសាលភាព ជាសេវាសាធារណៈដែលនៅកៀកជាមួយប្រជាជន និងទទួលបានការជឿទុកចិត្ត រាំងស្កាត់ និងមានវិធានការម៉ឺងម៉ាត់តាមច្បាប់ ចំពោះមន្ត្រីណាដែលបានប្រព្រឹត្តប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន បង្កើនវប្បធម៌ និងផ្នត់គំនិតគោរព និងថែរក្សាទ្រព្យសម្បត្តិសាធារណៈ។
ទាក់ទងនឹងបញ្ហានេះ បេក្ខជនតំណាងរាស្ត្រខេត្តមណ្ឌលគិរី ដែលជាជនជាតិភាគតិចគួយ មកពីគណបក្សសង្គ្រោះជាតិ លោក ឈឹម សាមុត មានប្រសាសន៍ថា បើសិនជាគណបក្សប្រឆាំងជាប់ឆ្នោតនៅខេត្តមណ្ឌលគិរី លោកនឹងខិតខំបម្រើពលរដ្ឋនៅខេត្តនេះ មិនឲ្យដូចតំណាងរាស្ត្រអាណត្តិមុនៗឡើយ។ លោកបន្តថា លោកនឹងពិនិត្យមើលផលលំបាករបស់រាស្ត្រ ជាពិសេសជនជាតិដើមភាគតិចដែលជាជនងាយរងគ្រោះដោយការរំលោភបំពាន ហើយនឹងចូលរួមទាមទារឲ្យជនជាតិដើមទាំងនោះទទួលបានសិទ្ធិគ្រប់បែបយ៉ាងដូចពលរដ្ឋខ្មែរទូទៅដែរ។ លោកបញ្ជាក់ថា បញ្ហាសំខាន់របស់ជនជាតិដើមភាគតិច គឺជួបនឹងវិបត្តិដីធ្លី និងការហិនហោចនៃធនធានធម្មជាតិ។
នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ នេះ មានសង្គមស៊ីវិលជាច្រើនដែលបានរៀបចំកិច្ចពិភាក្សារវាងតំណាងរាស្ត្រ និងម្ចាស់ឆ្នោតនៅខេត្តនានា ដែលមានកៅអីសភាច្រើន និងនៅភ្នំពេញ។ សិក្ខាសាលា ឬជំនួបទាំងនោះ ភាគច្រើនធ្វើនៅសណ្ឋាគារទំនើបៗ និងចំពោះមុខនិស្សិតសាកលវិទ្យាល័យ ឬពលរដ្ឋមានបញ្ហាដីធ្លីជាដើម។ ប៉ុន្តែ ពលរដ្ឋបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៣ មកមិនធ្លាប់មានសង្គមស៊ីវិលណាមួយរៀបចំកិច្ចពិភាក្សារវាងតំណាងរាស្ត្រ និងម្ចាស់ឆ្នោតនៅសហគមន៍ប៊ូស្រា ដែលមានជនជាតិដើមភាគតិចរស់នៅជាង ១ពាន់គ្រួសារនោះទេ។
ក្រុមប្រជាពលរដ្ឋជនជាតិដើមភាគតិចទាំងនោះ បញ្ជាក់ថា ពួកគាត់ពិតជាត្រូវការដឹងនូវគោលនយោបាយរបស់គណបក្សនីមួយៗ ដើម្បីងាយស្រួលក្នុងការសម្រេចចិត្តជ្រើសរើសតំណាងរាស្ត្រនៅពេលខាងមុខ កុំឲ្យមានការបំផ្លាញធនធានធម្មជាតិតទៅទៀត ព្រោះពួកគាត់ក៏មានសិទ្ធិបោះឆ្នោតបានមួយសន្លឹកដូចប្រជាពលរដ្ឋខ្មែរទូទៅដែរ។
នៅខេត្តមណ្ឌលគិរី មានគណបក្សឈរឈ្មោះប្រកួតប្រជែងចំនួន៦ គឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។ ប៉ុន្តែ ពលរដ្ឋនៅសហគមន៍ប៊ូស្រា ភាគច្រើនមិនដឹងថា មានគណបក្សណាឈរឈ្មោះខ្លះនោះទេ។ នៅអាណត្តិបន្ទាប់ តើសង្គមស៊ីវិល និងគណបក្សនយោបាយអាចបន្តបណ្ដោយឲ្យពលរដ្ឋជនជាតិដើមភាគតិចទាំងនោះ មិនបានដឹងពីគោលនយោបាយរបស់គណបក្សនយោបាយទៀត ឬយ៉ាងណា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។