តំណាងរាស្ត្រ​ទាំងពីរ​គណបក្ស​សម្រេច​ទទួល​ញត្តិ​អ្នក​តវ៉ា​រឿង​ដីធ្លី​មក​ពី​៣​ខេត្ត

0:00 / 0:00

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជិត ៥០​នាក់ មាន​ក្មេង ចាស់ ជន​ពិការ និង​ស្រ្តី​បី​កូន​នឹង​ថ្នក់​ក្រមា​ផង​នោះ ដែល​មក​ពី​ខេត្ត​ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន និង​ខេត្ត​បន្ទាយមានជ័យ សម្រេច​លើក​គ្នា​ដើរមក​ដាក់​ញត្តិ​តាម​ស្ថាប័ន​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១​ កញ្ញា ដោយ​ពួកគេ​រំពឹង​ថា ស្ថាប័ន​ទាំង​នោះ​អាច​ជួយ​ធ្វើ​អន្តរាគមន៍ និង​អាច​ផ្តល់​ដំណោះស្រាយ​បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជូន​ពួក​គាត់​ដែល​អ្នក​មាន​អំណាច​រំលោភ​យក​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ស្ថាប័ន​ដែល​ពួកគាត់​ដើរ​សំដៅ​ទៅ​ដាក់​ញត្តិ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ដីធ្លី មាន​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋ​សភា។

ប៉ុន្តែ​បំណង​របស់​ពលរដ្ឋ​ដែល​ចង់​ដាក់​ញត្តិ​ជូន​លោក ហ៊ុន សែន គឺ​មិន​បាន​សម្រេច​ឡើយ​ ដោយ​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​ អម​ដោយ​កម្លាំង​កងរាជអវុធហត្ថ​ប្រដាប់​ដោយខែល​និង​ដំបង​រាប់​សិប​នាក់​នៅ​ពី​ក្រោយ​ផង​នោះ ​បាន​រាំងខ្ទប់​ពលរដ្ឋ​មិន​អោយ​ដើរ​ទៅ​ដាក់​ញត្តិ​ដល់​ខុទ្ទកាល័យ​លោក ​ហ៊ុន សែន បាន​ឡើយ។

បង់​អង្គុយ​ចាក់​បេតុង​រាង​ជា​រង្វង់​មូល ព័ទ្ធ​ជុំវិញ​ដើម​ពោធិ៍​ក្បែរ​វត្ត​បទុមវតី ដែល​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ស្គាល់​ថា ជា​កន្លែង​ទទួល​ញត្តិ​ទាក់ទង​នឹង​ជម្លោះ​ដីធ្លី​គ្រប់​ទិស​ទី​នោះ ត្រូវ​ពលរដ្ឋ​មក​ពី​ខេត្ត​ទាំង​បី​នេះ លែង​មាន​ជំនឿ​ត​ទៅ​ទៀត​ហើយ។

ពួក​គាត់​ថ្លែង​ថា ញត្តិ​ដែល​ពួក​គាត់​ដាក់​ជូន​លោក ហ៊ុន សែន​ នៅ​ក្រោម​ដើម​ពោធិ៍​នេះ​ពី​មុនៗ​មក មិន​ដឹង​ជា​បាត់​ទៅ​ណា ចំណែក​ឯ​វិធានការ​ថា​នឹង​ដោះស្រាយ​រឿង​ដី​ធ្លី​ជូន​ពួក​គាត់​វិញ​ ក៏​មិន​ទាន់​​លេច​ចេញ​ជា​ផ្លែផ្កា​ណា​មួយ​នៅ​ឡើយ។ ពួកគាត់​ថ្លែង​ថា ពួកគាត់​បាន​ត្រឹម​តែ​លឺ​ពាក្យ​មួយ​ឃ្លា​ចេញ​ពី​មាត់​មន្រ្តី​តំណាង​​ខុទ្ទកាល័យ​ថា នឹង​ផ្ញើ​ញត្តិ​ដាក់​ជូន​សម្ដេច​តែ​ប៉ុណ្ណោះ នៅ​ពេល​ដែល​មានវត្ត​មាន​មន្រ្តី​តំណាង​ខុទ្ទកាល័យ​ចេញ​មក​ទទួល​ញតិ្ត​ម្តងៗ។

ដោយ​អស់​សង្ឃឹម​នឹង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី​ទាំង​នេះ ​ក៏​បន្ត​ដើរ​តវ៉ា​ឆ្ពោះ​ទៅ​មន្ទីរ​រដ្ឋ​សភា​ដែល​ស្ថិត​នៅ​ទិស​ខាង​កើត​ផ្ទះ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

លោក អេង ឆៃអ៊ាង តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ ដែល​ទើប​នឹង​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យ​បណ្តឹង អង្កេត​និង​ទំនាក់​ទំនង​រដ្ឋ​សភា ព្រឹទ្ធសភា ចេញ​មក​ជួប​ពលរដ្ឋ ​និង​នាំ​តំណាង​ពលរដ្ឋ ៩​រូប ដោយ ៣​រូប​តំណាង​អោយ​ខេត្ត​មួយ អាច​ដាក់​ញត្តិ​ជូន​ដល់​ដៃ​តំណាងរាស្ត្រ​បក្ស​ទាំង​ពីរ​ដោយ​ជោគជ័យ។ ចំណែក​តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា ដែល​ទទួល​ញត្តិ​ពលរដ្ឋ​ក្នុង​មន្ទីរ​រដ្ឋ​សភា គឺ​អ្នកស្រី ឡោ ខេង។

លោក​ អេង ឆៃអ៊ាង ថ្លែង​ថា លោក​នឹង​រៀបចំ​ក្រុម​ការងារ​ដើម្បី​សង្កេត​បញ្ហា​ដីធ្លី​ទាំង​បី​ខេត្ត​នេះ ហើយ​លោក​ស្នើ​អោយ​ពលរដ្ឋ​វិល​ត្រឡប់​ទៅ​ខេត្ត​វិញ៖ «ក្នុង​បន្តិច​ទៀត​ខ្ញុំ​នឹង​ជួប​តំណាង​ពួកគាត់​ដើម្បី​ពនិត្យ​បណ្តឹង​របស់​គាត់ ហើយ​ការ​សម្រេច​យ៉ាង​ណា​នោះ យើង​មិន​ទាន់​សម្រេច​យ៉ាង​ណា​ គឺ​យើង​មិន​ទាន់​សន្និដ្ឋាន​យ៉ាង​ណា​នោះ​ យើង​ពិនិត្យ​សិន ពិនិត្យ​រួច​ហើយ​បាន​យើង​អាច​ធ្វើ​ការអង្កេត​ទៀត​ ហើយ​បើ​សិន​ជា​ស្ថាន​ភាព​ហ្នឹង​វា​នៅ​មាន​ភាព​ស្រពេចស្រពិល យើង​នឹង​អង្កេត​ឲ្យ​បាន​ច្បាស់លាស់​មុន​យើង​បញ្ចូល​ទៅ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ធ្វើ​ការ​ដោះ​ស្រាយ»

តំណាង​អ្នក​តវ៉ា​ដីធ្លី​មក​ពី​ខេត្ត​បាត់ដំបង អ្នកស្រី ចាន់​ ហឿ ថ្លែង​ថា អ្នកស្រី​និង​ពលរដ្ឋ​តវ៉ា​ដីធ្លី​ឯ​ទៀត​នឹង​រង់ចាំ​មើល​ចំណាត់​ការ​របស់​ក្រុម​អ្នក​តំណាងរាស្ត្រ​ទាំង​ពីរ​គណបក្ស​ នឹង​អាច​ដោះស្រាយ​រឿង​ដីធ្លី​ជូន​ពួក​គាត់​ប្រកប​ដោយ​ប្រសិទ្ធភាព​បាន​កម្រិត​ណា៖ «នាង​ខ្ញុំ​ទុក​ចិត្ត​ហើយ រដ្ឋសភា​ទាំង​ពីរ​គណបក្ស​ហ្នឹងខ្ញុំ​ទុក​ចិត្ត​ តែ​បើ​សិន​ជា​នាង​ខ្ញុំ​ទៅ សំខាន់​អត់​មាន​សម្ភារៈ​កសិកម្ម អត់​កន្លែង​ជ្រក​នៅ ហើយ​ឲ្យ​នាង​ខ្ញុំ​ទៅ​យ៉ាង​ម៉េច? ទៅ​នៅ​ហាល​ភ្លៀង​ហាលខ្យល់​ដូច​មុន​ដដែល ដល់​ពេល​ទៅ​ត្រូវ​បាន ជន​ខិល​ខូច​មក​ដើម្បី​ថា​ឆ្លៀត​ឱកាស​ធ្វើ​ទារុណកម្ម​យប់​ព្រលប់​ មួយ​លើក​ពីរ​លើក​ យក​ទៅ​ដាក់​ពេទ្យ​ទៅ​អត់​មាន​អ្នក​ណា​ទទួល​ខុស​ត្រូវ​សោះ»

លោក គង់ សភា តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ ថ្លែង​ថា លោក​នឹង​សិក្សា​ពី​ជម្លោះ​ដីធ្លី​ទាំង​នេះ ហើយ​នឹង​ចាត់​វិធាន​ដោះ​ស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​ឲ្យ​ហើយ ក្នុង​រយៈ​ពេល ១​ខែ​ក្រោយ​ការ​ដាក់​ញត្តិ​នេះ។

បើ​ទោះ​បី​ជា​មាន​ការ​សន្យា​ពី​អ្នកតំណាងរាស្ត្រ​យ៉ាង​ណា​ក្តី ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី​នៅ​តែ​អះអាង​ថា ពួកគាត់​នឹង​បន្ត​ការ​ស្នាក់​នៅ​ក្នុង​វត្ត​ពោធិយារាម ក្រុង​ភ្នំពេញ ត​ទៅ​ទៀត បើ​សិន​ជា​ពួក​គាត់​នៅ​តែ​មិន​ទទួល​បាន​ដំណោះ​ស្រាយ​ជាក់លាក់​ណា​មួយ​ដែល​អាច​ទុកចិត្ត​បាន​ពី​តំណាងរាស្ត្រ​ទាំង​ពីរ​បក្ស​ និង​អាជ្ញាធរ​ថ្នាក់​ខេត្ត​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។