ជំនួបចរចាដោះស្រាយទំនាស់ដី រវាងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ជាមួយប្រជាពលរដ្ឋមានលំនៅឋានក្នុងតំបន់ក្បាលឆាយ ដែលរដ្ឋហាមឃាត់ នៅថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ត្រូវបរាជ័យ ដោយសារតែប្រជាពលរដ្ឋទាមទាររស់នៅលើទីតាំងដដែល ប៉ុន្តែអាជ្ញាធរមានបំណងជម្លៀសឲ្យទៅសង់ផ្ទះទៅកាន់ទីតាំងផ្សេង។ ប្រជាពលរដ្ឋអះអាងថាពួកគាត់រស់នៅទីនោះ ជាយូរមកហើយមានដំណាំ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់រស់នៅងាយស្រួលទៀតផង។
«សំឡេងសម្រែកពលរដ្ឋនិងអាជ្ញាធរ»
នៅក្នុងជំនួបនោះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ មានអារម្មណ៍ខកចិត្ត កាលបើក្រុមប្រជាពលរដ្ឋ មិនស្ដាប់តាមការណែនាំ របស់លោកនៅក្នុងជំនួប រវាងមន្ត្រីពាក់ព័ន្ធខេត្តព្រះសីហនុ និងពលរដ្ឋ ដែលទៅសង់ទីលំនៅលើដីហាមឃាត់ តាមអនុក្រឹត្យ តំបន់ក្បាលឆាយជាដីសម្រាប់រក្សាប្រភពទឹកទុក ប្រើប្រាស់នាខេត្តព្រះសីហនុ។
លោកបន្តថាការជួបរកដំណោះស្រាយចំពោះការតាំងទីលំនៅ ក្នុងតំបន់ក្បាលឆាយ របស់ពលរដ្ឋ ក្នុងសង្កាត់លេខ ១ នាសាលាខេត្តព្រះសីហនុ គឺអាជ្ញាធរមានបំណងឲ្យពលរដ្ឋ ដែលខ្វះដីសង់លំនៅឋានពិតប្រាកដចុះឈ្មោះ ដើម្បីទទួលបានដីសង់លំនៅឋាន។ ប៉ុន្តែលោកថាដីធ្លីដែលនឹងត្រូវបែងចែកនោះ មិនមែននៅក្នុងតំបន់ក្បាលឆាយទេ គឺនៅតំបន់ផ្សេង។
និយាយដល់ត្រង់ចំណុចនេះ ក្រុមប្រជាពលរដ្ឋ ដែលបានផ្ដិតស្នាមមេដៃមានចំនួនជាង ១រយគ្រួសារ ក៏បាននាំគ្នាជំទាស់ទៅនឹងចំណាត់ការ របស់លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ។ ក្រុមប្រជាពលរដ្ឋទាមទារ និងចង់បានដីធ្លី ដែលកំពង់សង់លំនៅឋាននៅក្នុងភូមិ២១ សង្កាត់១ ព្រោះបានដាំដំណាំ និងមានជីកអណ្ដូងសម្រាប់ប្រើប្រាស់រួចជាស្រេច។
បន្ទាប់ពីជំនួបពិភាក្សាអស់រយៈពេលជិត ១ព្រឹក ថ្ងៃអាទិត្យ ហើយមិនទទួលបានលទ្ធផល ក្រុមប្រជាពលរដ្ឋ ក៏បានចាកចេញពីបរិវេណសាលាខេត្តព្រះសីហនុ តាមម៉ូតូ និងរថយន្ត ហើយមានបំណងទៅប្រមូលផ្ដុំគ្នាតវ៉ា ដល់មុខផ្ទះសម្រាក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានទីតាំងនៅក្បែរឆ្នេរអូរឈើទាល ដើម្បីស្នើឲ្យប្រមុខដឹកនាំជួយអន្តរាគមន៍។ ប៉ុន្តែការប៉ុនប៉ងនេះ ត្រូវបរាជ័យ ដោយសារតែកម្លាំងចម្រុះប្រដាប់អាវុធ អមដោយឡានទឹកផង បានដាក់ពង្រាយត្រៀមបង្ក្រាបការប្រមូលផ្ដុំរបស់ប្រជាពលរដ្ឋរាប់សិបនាក់។
ទាក់ទិនបញ្ហានេះ លោក ឃុន សាវឿន មន្ត្រីស៊ើបអង្កេតអង្គការលីកាដូប្រចាំខេត្តព្រះសីហនុ ដែលឃ្លាំមើលជំនួបពិភាក្សា រវាងពលរដ្ឋសង្កាត់លេខ ១ និងអាជ្ញាធរខេត្តព្រះសីហនុ នាថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា។ លោកបានសំណូមដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវមានវិធីសាសន៍ទន់ភ្លន់ ដើម្បីរកដំណោះស្រាយវិវាទដីធ្លី នៅតំបន់ក្បាលឆាយ ជាជាងគំរាមប្រើកម្លាំងបង្ក្រាបពលរដ្ឋ។ ទោះជាបែបណា ក្រុមប្រជាពលរដ្ឋ មានលំនៅឋានក្នុងសង្កាត់១ ក្រុងនិងខេត្តព្រះសីហនុ បានអះអាងថាបើអាជ្ញាធរ នៅបន្តសកម្មភាពបណ្ដេញ និងរុះរើផ្ទះពួកគេ ចេញពីតំបន់ក្បាលឆាយទៀត នៅថ្ងៃអនាគត នឹងឡើងទៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅភ្នំពេញ ដើម្បីស្នើឲ្យជួយរកដំណោះស្រាយជាបន្តទៀត។
កាលពីថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា កម្លាំងចម្រុះប្រដាប់ដោយអាវុធ និងឡានទឹក បានលួចឆ្មក់ចូលរុះរើលំនៅឋាន របស់ប្រជាពលរដ្ឋ ដែលសង់ពីឈើប្រក់ស័ង្កសីអស់ចំនួន ៩ខ្នងផ្ទះ ប៉ុន្តែត្រូវប្រជាពលរដ្ឋ ប្រតិកម្ម និងប្រមូលផ្ដុំគ្នាតវ៉ាបិទផ្លូវជាតិលេខ៤ រយៈពេលខ្លីចាប់ពីម៉ោង ១០ ដល់ម៉ោង ១២ព្រឹក ថ្ងៃទី១ ខែវិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។