Opens in new windowសង្គមស៊ីវិលក្នុងស្រុកអះអាងថា បញ្ហាដីធ្លីនៅតែបន្តកើនឡើងក្នុងប្រទេសកម្ពុជា បើទោះបីជារដ្ឋាភិបាលបង្ហាញតួលេខថាទំនាស់ដីធ្លីនៅកម្ពុជា សល់ជាង ៧០០ករណីទៀតប៉ុណ្ណោះដែលត្រូវបន្តដោះស្រាយឲ្យបានចប់។
មន្ត្រីស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត អះអាងថា អ្នកមានលុយ និងមានអំណាចនៅតែបន្តការរំលោភដីធ្លីនៅកម្ពុជា។ លោកថ្លែងថា បញ្ហាដីធ្លីដ៏រ៉ាំរ៉ៃរហូតមកទល់បច្ចុប្បន្ននេះ គឺដោយសារទំនាស់រវាងពលរដ្ឋជាមួយក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ឬក្រុមអ្នកមានអំណាច និងក្រុមឧកញ៉ាមហាសេដ្ឋីកំពូលៗជាដើម៖ «ហើយយើងឃើញហើយថ្មីៗនេះ មានតាមបណ្ដាខេត្តនៅតាមប៉ៃលិន ក្រចេះ កំពត បានឡើងមកតវ៉ានៅភ្នំពេញ រឿងដីធ្លី»។
រដ្ឋាភិបាលអះអាងថា ការអនុវត្តតាមបទបញ្ជាលេខ ០១ នយោបាយចាស់សកម្មថ្មីដែលជាយុទ្ធសាស្ត្រស្បែកខ្លានោះ រដ្ឋាភិបាលបានផ្ដល់ដីជូនពលរដ្ឋបានប្រមាណ ៤សែនគ្រួសារ ស្មើផ្ទៃដីសរុបប្រមាណ ១,២លានហិកតារ។
រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ លោក អ៊ឹម ឈុនលឹម អះអាងថា វិវាទដីធ្លីដែលនៅសេសសល់ប្រមាណ ៧០០ករណីទៀត អាចនឹងដោះស្រាយបញ្ចប់ក្នុងពេលឆាប់ៗខាងមុខដោយផ្អែកលើគោលនយោបាយរបស់ជាតិ។
ទោះជាយ៉ាងណាក៏ដោយ លោក អំ សំអាត អះអាងថា ករណីជម្លោះដីធ្លីនៅកម្ពុជា អាចមានចំនួនច្រើនជាងតួលេខរបស់រដ្ឋាភិបាល។
របាយការណ៍របស់អង្គការលីកាដូ បង្ហាញថា ទំនាស់ដីធ្លីសម្រាប់ឆ្នាំ២០១៤ និងឆ្នាំ២០១៥ មានចំនួន ១៨០ករណី សម្រាប់ខេត្តក្រុងចំនួន ១៦ ក្នុងប្រទេសកម្ពុជា។ ជាងនេះទៅទៀត មេធាវីអន្តរជាតិ លោក រីឆាដ រ៉ូជើ (Richard Roger) ដែលជាមេធាវីជួសមុខឲ្យជនរងគ្រោះទាំងឡាយនៅកម្ពុជា ដែលបានដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងរបបដឹកនាំដោយលោក ហ៊ុន សែន បានអះអាងនៅក្នុងសវនាការរបស់តំណាងរាស្ត្រសហរដ្ឋអាមេរិក ក្នុងរដ្ឋកាលីហ្វ័រញ៉ា អំពីបញ្ហារំលោភដីធ្លីនៅកម្ពុជា និងហ្វីលីពីន កាលពីខែសីហា ថា ចាប់តាំងពីឆ្នាំ២០០០ ដល់ចុងឆ្នាំ២០១៣ បញ្ហាដីធ្លីបានប៉ះទង្គិចដល់ពលរដ្ឋជាង ៧,៧សែននាក់នៅកម្ពុជា។
នៅឆ្នាំ២០១៤ ចំនួនអ្នករងការប៉ះទង្គិចដោយបញ្ហាដីធ្លីនេះបានកើនឡើង ៥ម៉ឺននាក់ថែមទៀត។ ដូច្នេះចំនួននេះ បានកើនឡើងដល់ ៨,៣សែននាក់ហើយចាប់ពីឆ្នាំ២០០០ រហូតមកទល់ពេលបច្ចុប្បន្ន។
លោក រីឆាដ រ៉ូជើរ (Richard Rogers) ថ្លែងថា បញ្ហារំលោភដីធ្លីនៅកម្ពុជា មិនត្រឹមតែរំលោភច្បាប់ក្នុងស្រុកប៉ុណ្ណោះទេ តែវាកំពុងរំលោភលើកតិកាសញ្ញាស្ដីពីសិទ្ធិមនុស្ស និងរំលោភធ្ងន់ធ្ងរដល់ច្បាប់ព្រហ្មទណ្ឌអន្តរជាតិផងដែរ។
ជាមួយគ្នានេះ លោកក៏បានស្នើឲ្យសហរដ្ឋអាមេរិក បង្កើនការយកចិត្តទុកដាក់ក្នុងការឃ្លាំមើលករណីរំលោភដីធ្លីក្នុងប្រទេសកម្ពុជា ការរយៈការផ្ដល់អនុសាសន៍របស់លោក៖ «ទីមួយ គឺត្រូវឲ្យច្បាប់ដែលធានានូវការទទួលខុសត្រូវផ្នែកនីតិរដ្ឋ ទី២ បង្កើនការផ្ដល់ជំនួយដល់សង្គមស៊ីវិលក្នុងស្រុកដែលធ្វើការឃ្លាំមើលការរំលោភដីធ្លី ហើយទីបី សហរដ្ឋអាមេរិកត្រូវបញ្ឈប់ការផ្ដល់ជំនួយ ឬការហ្វឹកហ្វឺនយោធារបស់កម្ពុជា ដែលបានរួមចំណែកក្នុងការបណ្ដេញពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ»។
ទោះជាយ៉ាងណាក៏ដោយ លោក លោក រីឆាដ រ៉ូជើ (Richard Roger) មានប្រសាសន៍ថា ពលរដ្ឋកម្ពុជា សមទទួលបានយុត្តិធម៌ពិតប្រាកដជាជាងការឈឺចាប់ ហើយពួកគេគួរទទួលបានការរស់នៅដ៏សមរម្យក្នុងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
