ក្រុមអង្គការសង្គមស៊ីវិលស្នើដល់អភិបាលខេត្តកំពត ថ្មី ឱ្យដោះស្រាយបញ្ហាចោទមួយចំនួនដែលបន្សល់ទុកពីអភិបាលខេត្តចាស់។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពេលលោក ចាន់ ចេស្ដា ត្រូវបានតែងតាំងជាអភិបាលខេត្តកំពតថ្មី នៅថ្ងៃទី២២ ខែមីនា ជំនួសលោក ខូយ ឃុនហ៊ួរ ដែលត្រូវបានផ្ទេរទៅកាន់ការងារជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រីវិញ។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សប្រចាំខេត្តកំពត ជំរុញឱ្យអភិបាលខេត្តកំពត ថ្មី ដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់ប្រជាពលរដ្ឋ។ បញ្ហាទាំងនោះរួមមាន ទំនាស់ដីធ្លីរវាងពលរដ្ឋនឹងអ្នកមានអំណាច បញ្ហាសន្តិសុខ បញ្ហាចំណាកស្រុក និងបញ្ហាការចាក់ដីធ្វើកំពង់ផែដែលប៉ះពាល់ដល់សហគមន៍នេសាទ។
ប្រធានសមាគមអាដហុក (ADHOC) ប្រចាំខេត្តកំពត អ្នកស្រី អ៊ូច បូ មានប្រសាសន៍ថា បញ្ហាក្ដៅដែលកំពុងកើតឡើង និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត គឺទំនាស់ដីធ្លី។ អ្នកស្រីបន្តថា ពលរដ្ឋក្នុងស្រុកមួយចំនួននៃខេត្តនេះ ត្រូវបានអ្នកមានលុយ និងមានអំណាច រំលោភយកដីធ្លីរបស់ពួកគាត់៖ « យើងក៏សង្ឃឹមថា គាត់ពិតជាអាចដោះស្រាយបានជូនប្រជាពលរដ្ឋ ដោយដោះស្រាយទំនាស់ដីធ្លីនេះបញ្ចប់កុំឲ្យកើតមានទៀត »។
ស្រដៀងគ្នានេះ មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តកំពត លោក សេត វណ្ណៈ យល់ឃើញថា បញ្ហាធំជាងគេដែលអភិបាលខេត្តកំពតថ្មីត្រូវដោះស្រាយ គឺរឿងទំនាស់ដីធ្លី។ មន្ត្រីសិទ្ធិមនុស្សរូបនេះ អះអាងថា មូលដ្ឋានដែលមានទំនាស់ខ្លាំងជាងគេ គឺនៅក្នុងស្រុកឈូក ដែលមានក្រុមហ៊ុន និងបុគ្គលមានលុយមានអំណាចមួយចំនួនកំពុងទន្ទ្រានកាន់កាប់ដីប្រជាពលរដ្ឋដោយខុសច្បាប់។
លោក សេត វណ្ណៈ បន្ថែមទៀតថា ប្រជាពលរដ្ឋនៅតំបន់ដែលមានទំនាស់មិនត្រឹមតែទទួលរងការរំលោភបំពានដីធ្លីតែមួយមុខនោះទេ ប៉ុន្តែត្រូវរងការប្រើអំពើហិង្សា និងការគំរាមកំហែងដល់អាយុជីវិតទៀតផង នៅពេលដែលពួកគេប្រើប្រាស់សិទ្ធិរបស់ខ្លួនទាមទារកម្មសិទ្ធិរបស់ពួកគេមកវិញ៖ « សំណូមពរឲ្យលោកយកចិត្តទុកដាក់ ធ្វើយ៉ាងណាដោះស្រាយបញ្ហាដីធ្លីនេះជាមុន ព្រោះប្រជាពលរដ្ឋកាលណាពួកគាត់ខ្វះដីកសិកម្មហើយ គាត់នឹងមានការលំបាកក្នុងការរស់នៅខ្លាំង »។
អភិបាលខេត្តកំពត ថ្មី លោក ចាន់ ចេសា្ត ត្រូវបានតែងតាំងជាផ្លូវការនៅព្រឹកថ្ងៃទី២២ ខែមីនា ក្រោមអធិបតីភាពលោក ស ខេង នាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោក ចាន់ ចេស្តា បានធ្វើការប្ដេជ្ញាចិត្តចូលកាន់តំណែងនៅចំពោះមុខមន្ត្រីអ្នកមុខអ្នកការជិត ៣០០នាក់ នៃក្រសួងមហាផ្ទៃ និងសាលាខេត្តកំពត។
យ៉ាងណាក៏ដោយចុះ លោក ចាន់ ចេស្ដា មិនបានសន្យាជាក់លាក់អ្វីឡើយចំពោះការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅខេត្តកំពត ក្រៅតែពីប្ដេជ្ញាអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
នៅក្នុងពិធីតែងតាំងអភិបាលខេត្តកំពត ថ្មី នាយករដ្ឋមន្ត្រីស្ដីទី លោក ស ខេង ក៏បានលើកឡើងដែរថា បញ្ហាទំនាស់ដីធ្លីជារឿងមួយដ៏សំខាន់ ដែលមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវដោះស្រាយជូនប្រជាពលរដ្ឋ៖ « ទំនាស់រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋក៏ជាទំនាស់ដែរ ប៉ុន្តែខ្ញុំគិតថាអាចនឹងដោះស្រាយងាយ ប៉ុន្តែបើសិនជាទំនាស់រវាងប្រជាពលរដ្ឋជាមួយមន្ត្រីរាជការ ឬមួយក៏អ្នកវិនិយោគ ឬមួយក៏អ្នកមានលុយមានកាក់ អាចនឹងមានការលំបាក។ អ៊ីចឹងត្រូវខិតខំដោះស្រាយបញ្ហានេះដោយប្រុងប្រយ័ត្ន »។
ក្រៅពីនេះ លោក ស ខេង ថ្លែងថា លោកចង់ឃើញវិវាទដីធ្លីរវាងពលរដ្ឋនឹងអ្នកមានលុយមានអំណាចត្រូវបានដោះស្រាយឱ្យនៅសល់តិចតូចបំផុត និងឈានដល់ការបញ្ចប់ទាំងស្រុងតែម្ដងនៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។