សង្គម​ស៊ីវិល​អះអាង​ថា​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព រំលោភ​យក​ដី​ពលរដ្ឋ​នៅ​ពោធិ៍សាត់

0:00 / 0:00

មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស និង​ដីធ្លី​បញ្ជាក់​ថា ក្រុមហ៊ុន អិម.ឌី.អែស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព ពិត​ជា​បាន​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ មែន។

ការ​អះអាង​នេះ គឺ​នៅ​បន្ទាប់​ពី​ក្រុម​ការងារ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​២ គឺ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGOs Forum) និង​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) ចុះ​ស៊ើប​អង្កេត​នៅ​លើ​ទីតាំង​ដី​មាន​ជម្លោះ​ផ្ទាល់ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ឧសភា។

មន្ត្រី​សមាគម​អាដហុក (Adhoc) ដែល​ជា​សមាជិក​មួយ​ក្នុង​ក្រុម​ការងារ​ចុះ​ស៊ើប​អង្កេត​នេះ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ក្នុង​ការ​បំពារបំពាន​ទៅ​លើ​ប្រជាពលរដ្ឋ ដូចជា សកម្មភាព​ចុះ​បំផ្លាញ​ផល​ដំណាំ និង​គំរាម​កំហែង​មិន​ឲ្យ​ពលរដ្ឋ​ដាំ​ដុះ​នៅ​លើ​ដី​របស់​ពួក​គាត់​ធ្លាប់​ប្រើប្រាស់​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ។

អនុប្រធាន​ផ្នែក​អង្កេត​បញ្ហា​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា កន្លង​មក​ខាង​សមាគម​ទទួល​បាន​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ភូមិ​សង្គមថ្មី កណ្ដាល និង​ភូមិ​ឯកភាព នៃ​ឃុំ​ថ្មដា ចំនួន ៨០​គ្រួសារ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ប្រមាណ​ជា ២០​គ្រួសារ​ក្នុង​ចំណោម​នោះ ទទួល​បាន​ការ​វាស់វែង ប៉ុន្តែ​មិន​ទាន់​ចេញ​ប្លង់​កម្មសិទ្ធិ និង​ពលរដ្ឋ​ចំនួន ៧​គ្រួសារ​ទៀត​ទទួល​បាន​ប្លង់​កម្មសិទ្ធិ។

លោក​បន្ត​ថា តាម​ការ​ពិនិត្យ​ផ្ទាល់​របស់​លោក​ទៅ​លើ​ស្ថានភាព​ដី​ជាក់ស្ដែង ចំពោះ​អ្នក​ភូមិ​ដែល​មិន​ទាន់​មាន​ប្លង់​កម្មសិទ្ធិ​នោះ គឺ​អាច​ទទួល​បាន​ការ​វាស់វែង ឬ​ប្លង់​កាន់​កាប់​ដី​ស្រប​ច្បាប់ ដោយ​ផ្អែក​លើ​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​សព្វថ្ងៃ៖ «ចំណុច​សំខាន់​ដែល​គេ​អត់​វាស់វែង​ដី​ឲ្យ គឺ​ចំណុច​ដី​ដែល​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន អិម.ឌី.អែស។ ទី​២ ចំណុច​ដី​ដែល​គេ​អត់​វាស់វែង​អត់​ចេញ​ប្លង់​ឲ្យ គឺ​ជា​ដី​តំបន់​ស។ ហើយ​ចំណុច​ទី​៣​នោះ គឺ​ដី​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​កន្លែង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស។ ប៉ុន្តែ​ប្រជាជន​ដែល​អះអាង​ថា ខ្លួន​គាត់​ជា​អ្នក​ម្ចាស់​ដី គឺ​គាត់​យល់​ថា​អា​ហ្នឹង​គាត់​បាន​កាន់​កាប់​ហើយ ហើយ​បាន​ដាំ​ដុះ​គ្រប់គ្រាន់​ទៀត​ផង។ រីឯ​អ្នក​ដទៃ​មក​ពី​ឆ្ងាយ មាន​មន្ត្រី​មាន​អំណាច​ម៉េច​ក៏​មាន​ដី​នៅ​តំបន់​ហ្នឹង​ដែរ ហើយ​គាត់​ម៉េច​ក៏​អត់»

ឆ្លើយ​តប​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន អិម.ឌី.អែស លោក អ៊ុំ សាវិន ថ្លែង​រិះគន់​ថា ការ​រក​ឃើញ​របស់​សង្គម​ស៊ីវិល​នេះ គឺ​ពុំ​មាន​សុក្រឹតភាព​ឡើយ ដោយ​មន្ត្រី​ទាំង​នោះ​ចុះ​ជួប​តែ​ប្រជាពលរដ្ឋ មិន​បាន​ជួប​តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ។ លោក​ថា កន្លង​មក​ក្រុមហ៊ុន​បាន​ជួល​អ្នក​ជំនាញ​ឯកទេស ទៅ​សិក្សា​ពី​ផល​ប៉ះពាល់ រក​ឃើញ​ថា មាន​ពលរដ្ឋ​ចំនួន ៥៣​គ្រួសារ រង​ផល​ប៉ះពាល់ និង​បាន​ដោះដូរ ឬ​ឆ្វៀល​ដី​ចេញ​ពី​ក្រុមហ៊ុន​ក្នុង​ទំហំ ១៨៩​ហិកតារ សម្រាប់​គ្រួសារ​ទាំង​នោះ​រួច​ហើយ៖ «មុន​ដំបូង​ថា ១៥​គ្រួសារ ក្រោយ​មក​១៨។ ឥឡូវ​ឡើង​ដល់​២០ ហើយ​ឥឡូវ​ហ្នឹង​ខាង​វិទ្យុ​អាស៊ីសេរី ទទួល​បាន​ឡើង​ដល់ ២៣ ទៀត​ហើយ។ អ៊ីចឹង ដី​មួយ​ចំនួន​យើង​ទទួល​ស្គាល់​ថា គាត់​បាន​រស់​នៅ​ដាំ​ដុះ​តាំង​ពី​យូរ​មក​ហើយ។ អ៊ីចឹង​ដី​ហ្នឹង​ក្រុមហ៊ុន​អត់​មាន​ប៉ះពាល់​ដែរ។ អត់​ទាន់​វាស់វែង គឺ​យើង​អត់​ទាន់​បាន​កំណត់​ទេ ប៉ុន្តែ​មាន ៤​គ្រួសារ​អត់​ទាន់​ដឹង​ថា មាន​ទំហំ​ប្រហែល​ប៉ុន្មាន​ទេ»

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​វាលវែង លោក ឆេ ឈីវ ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​ឲ្យ​អាត់​សំឡេង​ថា តាំង​ពី​ឆ្នាំ​២០១១ មក ខាង​អាជ្ញាធរ​បាន​ចុះ​ស៊ើប​អង្កេត និង​ដោះស្រាយ​ករណី​នេះ​ជា​បន្តបន្ទាប់ ប៉ុន្តែ​បញ្ហា​នៅ​តែ​មិន​អាច​ដោះស្រាយ​ចេញ ដោយ​ពេល​ខ្លះ​ខ្វះ​ការ​សហការ​ពី​ប្រជាពលរដ្ឋ។ យ៉ាង​ណា បច្ចុប្បន្ន​ខាង​អាជ្ញាធរ​នៅ​តែ​ព្យាយាម​រក​យុទ្ធសាស្ត្រ ដើម្បី​ដោះស្រាយ​បញ្ចប់​លើ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៤ ក្រុម​អ្នក​ភូមិ​សង្គមថ្មី និង​ភូមិ​ឯកភាព នៃ​ឃុំ​ថ្មដា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ហាក់​មាន​ការ​ឃុបឃិត​ជាមួយ​ភាគី​ក្រុមហ៊ុន ពីព្រោះ​ដីធ្លី​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជាក់ស្ដែង​នៅ​ជាប់​ដី​របស់​ក្រុមហ៊ុន អិម.ឌី.អែស មិន​ត្រូវ​បាន​វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់។ អ្នក​ភូមិ​ចាត់​ទុក​ការ​មិន​អនុវត្ត​នេះ គឺ​ផ្ទុយ​ពី​ច្បាប់​ភូមិបាល និង​បញ្ជា​លេខ​០១ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ឆ្វៀល​ដី​ប្រើប្រាស់​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ចេញ​ពី​ក្រុមហ៊ុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។