ក្រុមពលរដ្ឋជាច្រើនគ្រួសារដែលមានដីស្រែចម្ការ និងលំនៅឋានស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ អំពាវនាវឱ្យសាលារាជធានីភ្នំពេញ ចេញមុខដោះស្រាយថ្លៃខូចខាត និងផលប៉ះពាល់ឱ្យពួកគាត់ បន្ទាប់ពីសាលារាជធានីភ្នំពេញ បានផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនឈ្មោះ អូ.ស៊ី.អាយ.ស៊ី (OCIC) ធ្វើការអភិវឌ្ឍបង្កើតជាទីក្រុងរណប ដោយមានការចាក់ដី និងឈូសឆាយបំពានដីពួកគាត់តាំងពីអំឡុងឆ្នាំ២០១២ ដោយគ្មានការយល់ព្រមពីពលរដ្ឋដែលជាម្ចាស់ដី។ ចំណែកមន្ត្រីសាលាក្រុងភ្នំពេញវិញ ឆ្លើយតបថា ខ្លួនបានដោះស្រាយចប់សព្វគ្រប់ហើយ រីឯពលរដ្ឋដែលអះអាងថា ជាអ្នករងផលប៉ះពាល់បាត់ដី គឺសុទ្ធជាពលរដ្ឋថ្មីដែលទើបចូលទៅទិញដីនៅទីនោះ។
ពលរដ្ឋប្រហែល ២០នាក់ តំណាងពលរដ្ឋជាង ១០០គ្រួសារ រស់នៅសង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកតាសេក និងសង្កាត់ព្រែកលៀប ដែលរងផលប៉ះពាល់បាត់ដីធ្លីពីការអភិវឌ្ឍបង្កើតទីក្រុងរណបជ្រោយចង្វារ ដោយសារសាលារាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុនឈ្មោះ អូ.ស៊ី.អាយ.ស៊ី បានលើកគ្នាមកតវ៉ា ដើម្បីឱ្យសាលាខណ្ឌជ្រោយចង្វារ ធ្វើយ៉ាងណាជួយជំរុញឱ្យសាលាក្រុងផ្ដល់យុត្តិធម៌សមរម្យ បន្ទាប់ពីដីស្រែចម្ការពួកគាត់ត្រូវបានក្រុមហ៊ុនចាក់ដី និងឈូសឆាយយក ទាំងមិនទាន់ផ្ដល់សំណងដល់ពលរដ្ឋម្ចាស់ដី។
តំណាងពលរដ្ឋ ២២គ្រួសារ នៅសង្កាត់ព្រែកតាសេក និងសង្កាត់ជ្រោយចង្វារ លោក ជា សុផាត ថ្លែងក្រោយការដាក់លិខិតនៅសាលាខណ្ឌជ្រោយចង្វារ ថា សាលាក្រុងភ្នំពេញ បានសម្រេចបែងចែកដីរបស់ពួកគាត់ជាបីផ្នែក ដោយភាគីពលរដ្ឋម្ចាស់ដីទទួលបានដីត្រឹម ១០% ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី ទទួលបាន ៤០% និងសាលាក្រុងទទួលបាន ៥០% ហេតុនេះហើយទើបឱ្យពលរដ្ឋជាម្ចាស់ដីប្រឆាំងជំទាស់៖ « ឲ្យ ១០ % ម្ចាស់ដី សាលាក្រុង ៥០ % ហើយក្រុមហ៊ុន ៤០ % គ្មានច្បាប់ឯណាចែកឲ្យក្រុមហ៊ុនទេ »។
តំណាងរូបនេះបញ្ជាក់ថា អ្វីដែលពលរដ្ឋរងផលប៉ះពាល់ចង់បាន គឺអំពាវនាវឱ្យសាលារាជធានីភ្នំពេញ ដោះស្រាយមានបីចំណុច គឺទី១ ពលរដ្ឋជាម្ចាស់ដីចង់បានដីចំនួន ៦៥% មកវិញ ហើយពួកគាត់សុខចិត្តចូលរួមបរិច្ចាគដីចំនួន ៣៥% ឱ្យសាលាក្រុងដើម្បីយកទៅអភិវឌ្ឍទីក្រុងរណបទីពីរសាលាក្រុងត្រូវតែឆ្វៀលដីទុកឱ្យពលរដ្ឋ ប្រសិនការអភិវឌ្ឍធ្វើឱ្យប៉ះពាល់លំនៅឋានរីឯទី៣ ពលរដ្ឋសុខចិត្តលះបង់ដីទាំងស្រុងសម្រាប់អភិវឌ្ឍ តែត្រូវគិតគួរតាមទីផ្សារនៃតម្លៃដីជាក់ស្ដែងឱ្យពូកគាត់។
ការលើកគ្នាទៅតវ៉ានៅសាលាខណ្ឌជ្រោយចង្វារ ព្រោះពលរដ្ឋរំពឹងថា សាលាខណ្ឌនឹងផ្ដល់ដំណឹងបន្តទៅសាលាក្រុងដើម្បីពន្លឿនដោះស្រាយឱ្យពួកគាត់ បើពុំដូច្នោះទេ ពួកគាត់នឹងលើកគ្នាទៅតវ៉ានៅមុខសាលាក្រុង ឬមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្ដង។ លើសពីនេះ សាលាក្រុងគួរតែឱ្យគណៈកម្មការជំនាញសុរិយោដីចុះវាស់វែង និងសិក្សាផ្ទាល់លើទំហំដីលំនៅឋានរបស់សមាជិកសហគមន៍ដែលសាលាក្រុងចាត់ទុកជាតំបន់ស។
ទោះជាយ៉ាងណា អភិបាលរងសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី១៣ ខែកុម្ភៈ ថា មុនមានគម្រោងអភិវឌ្ឍបង្កើតទីក្រុងរណបរបស់ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី នេះ គឺខាងសាលាក្រុងបានប្រកាសមិនឱ្យពលរដ្ឋដោះដូរ ឬទិញលក់ដីឡើយ រីឯពលរដ្ឋដែលត្រូវរងផលប៉ះពាល់វិញ គឺខាងសាលាក្រុងបានឆ្វៀលដីនោះទុកឱ្យពួកគាត់វិញ៖ « ទីតាំងនេះមិនឲ្យមានការដោះដូរ ជួល និងទិញ។ ហើយកន្លងមក មានបងប្អូនយើងខ្លះនៅតំបន់ក្រៅ មិនមែនជាអ្នកឃុំនៅក្នុងតំបន់នេះ បានទៅទិញដីដើម្បីទុកជាផលចំណេញ »។
មន្ត្រីរូបនេះក៏បដិសេធថា ពុំមានការបែងចែកដី ៤០% ឱ្យក្រុមហ៊ុន និង ៥០% សម្រាប់សាលាក្រុងឡើយផ្ទុយទៅវិញ ដីដែលសម្រេចកាត់ចេញ ១០% ផ្ដល់ឱ្យពលរដ្ឋ ដោយសារដីទាំងនោះមានហេដ្ឋារចនាសម្ព័ន្ធរួចហើយដូចជាផ្លូវ និងប្រព័ន្ធទឹកស្អាត និងភ្លើងជាដើម ហើយសល់ពីនេះ គឺសាលាក្រុងផ្ដល់ឱ្យក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី ទទួលសិទ្ធិវិនិយោគបង្កើតជាទីក្រុងរណប។
លោក មាន ចាន់យ៉ាដា បន្តថា ពលរដ្ឋដែលអះអាងថា ជាម្ចាស់ដី និងមិនទាន់ទទួលបានសំណងគួរតែបង្ហាញឯកសារកាន់កាប់ដីមកសាលារាជធានីភ្នំពេញ ដើម្បីឱ្យគណៈកម្មការដោះស្រាយផលប៉ះពាល់ចុះដោះស្រាយជូន។
ទោះជាយ៉ាងនេះក្ដី ក្រុមពលរដ្ឋលើកគ្នាទៅតវ៉ានៅសាលាខណ្ឌជ្រោយចង្វារ អះអាងថា ការស្វែងរកដំណោះស្រាយរបស់ពួកគាត់មិនដែលទទួលបានចម្លើយឡើយ ហើយអាជ្ញាធរតែងតែឱ្យរង់ចាំជានិច្ច។ លើសពីនេះ ដីរបស់ពួកគាត់ដែលក្រុមហ៊ុនកំពុងឈូសឆាយ និងចាក់ដីខ្សាច់បំពានលើនោះ គឺជាដីធ្លាប់បង្កបង្កើតផល តាំងពីយូរណាស់មកហើយ។
ពលរដ្ឋរស់នៅសង្កាត់ព្រែកតាសេក អ្នកគ្រូ សួន ភារម្យ បញ្ជាក់ថា ដីអ្នកគ្រូជាង ១ពាន់ម៉ែត្រការ៉េ ដែលមានលិខិតបញ្ជាក់ពីអាជ្ញាធរត្រឹមត្រូវ គឺអាចដាំដំណាំផ្សេងៗ សម្រាប់ទ្រទ្រង់ជីវិត និងថែមទាំងអាចទទួលប្រាក់ចំណេញឱ្យកូនសិក្សារៀនសូត្រ ក្រៅពីប្រាក់ចំណូលពីការបង្រៀន ប៉ុន្តែចាប់តាំងពីក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី ចូលទៅអភិវឌ្ឍ បានចាក់ដីខ្សាច់រហូតធ្វើឱ្យជន់លិច បំផ្លាញដំណាំទាំងនោះគ្មានសំណង៖ « បើសិនគ្មានដំណោះស្រាយ គ្រួសារខ្ញុំនឹងជួបភាពលំបាក ដូចជាដីចង់ទុកចែកឲ្យកូនរស់នៅ »។
ក្រៅពីទទូចឱ្យក្រុមហ៊ុនបញ្ឈប់ការឈូសឆាយ ពលរដ្ឋចង់ឱ្យអាជ្ញាធរចុះវាស់វែង និងផ្ដល់ប័ណ្ណកម្មសិទ្ធិ ដើម្បីឱ្យពួកគាត់អាចរស់នៅមានលំនឹងក្នុងការគ្រប់គ្រងដីលំនៅឋាន បន្ទាប់ពីមានទោមនស្សក្នុងចិត្ត ដោយសារក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី ចាត់ទុកដីលំនៅឋានរបស់ពួកគាត់ ជាតំបន់សនៃគម្រោងអភិវឌ្ឍន៍។
អាស៊ីសេរី មិនអាចសុំការបកស្រាយពីភាគីតំណាងក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី លោក ទូច សំណាង បានទេ ដោយសារលោកមិនលើកទូរស័ព្ទ។
ចំណែកនាយកប្រតិបត្តិនៃអង្គការការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ថ្លែងថា ការអភិវឌ្ឍទីក្រុងរណបនៅជ្រោយចង្វារ ដែលនាំឱ្យមានការខ្វែងគំនិតគ្នា និងចោទប្រកាន់គ្នាបែបនេះ ដោយសារការដោះស្រាយផលប៉ះពាល់មិនធ្វើឡើងតាមរយៈគោលនយោបាយឈ្នះៗរបស់រដ្ឋាភិបាល។ លោកជឿជាក់ថា ជម្លោះនឹងត្រូវបានបញ្ចប់ ប្រសិនភាគីពលរដ្ឋ ក្រុមហ៊ុន និងអាជ្ញាធរលើកយកបញ្ហាទៅពិភាក្សានៅលើតុដោយសន្តិវិធី៖ « ក្រុមហ៊ុនគួរបានប៉ុនណា រដ្ឋគួរបានប៉ុនណា ពលរដ្ឋគួរបានប៉ុនណា ដើម្បីចែកគ្នា ធ្វើយ៉ាងណាឲ្យការអភិវឌ្ឍទីក្រុងយើងមានសុខដុមរមនា »។
ទីក្រុងរណបជ្រោយចង្វារ មានទីតាំងស្ថិតនៅខាងឆ្វេងស្ពានជ្រោយចង្វារ គឺគ្រោងចំណាយទឹកប្រាក់ប្រមាណ ១.៦០០លានដុល្លារសហរដ្ឋអាមេរិក លើទំហំដី ៣៨៧ហិកតារ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនវិនិយោគទុនអាណិកជន អូ.ស៊ី.អាយ.ស៊ី និងហិរញ្ញប្បទានដោយធនាគារកាណាឌីយ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។