ប្រជាពលរដ្ឋជាង ១០០នាក់មកពី ៣សង្កាត់ក្នុងខណ្ឌជ្រោយចង្វារ ប្រមូលផ្ដុំគ្នាតវ៉ាដោយលើកបដា និងដាក់ញត្តិទៅកាន់ស្ថាប័នចំនួន៣ មានរដ្ឋសភា ព្រឹទ្ធសភា និងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែមីនា ដើម្បីទាមទារឲ្យស្ថាប័នទាំងបីនេះ ផ្អាកសកម្មភាពអភិវឌ្ឍន៍របស់ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) លើគម្រោងទីក្រុងរណបបណ្ដោះអាសន្ន ហើយងាកមកដោះស្រាយផលប៉ះពាល់ដីស្រែចម្ការ និងផ្ទះសម្បែងរបស់ពួកគាត់ឲ្យចប់ជាមុនសិន។
ពលរដ្ឋទាំងបីសង្កាត់ គឺសង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកលៀប និងសង្កាត់ព្រែកតាសេក អះអាងថា ពួកគាត់ធ្លាប់បានតវ៉ាជាច្រើនលើកមកហើយជាមួយនឹងក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី តែនៅតែមិនទាន់ឃើញមានលទ្ធផលណាមួយនៅឡើយ។ ចំណែកឯសង្គមស៊ីវិលរិះគន់ជាថ្មីថា អាជ្ញាធរគ្មានឆន្ទៈដោះស្រាយជម្លោះដីធ្លីនៅតំបន់មានជម្លោះឲ្យបានចប់នោះទេ។
តំណាងប្រជាសហគមន៍ លោក ជា សុផាត ឲ្យដឹងថា មូលហេតុដាក់ញត្តិទៅរដ្ឋសភា ព្រឹទ្ធសភា និងក្រសួងមហាផ្ទៃ នៅពេលនេះ ព្រោះសហគមន៍ជឿជាក់ស្ថាប័នកំពូលទាំងនេះ ថានឹងមានសមត្ថភាពបើកការស៊ើបអង្កេត និងដោះស្រាយបញ្ចប់ជម្លោះដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ អូ.ស៊ី.អាយ.ស៊ី ដែលបានអូសបន្លាយតាំងពីឆ្នាំ២០១១៖ « ពួកខ្ញុំដែលកាន់កាប់ដីនេះសុទ្ធតែជាម្ចាស់ដីទាំងអស់គ្នា មិនបានទៅនៅរំលោភបំពាន ឬអនាធិបតេយ្យដូចសាលាក្រុងអះអាងនោះទេ ហើយក៏មិនដែលបានយកដីរបស់សាលាក្រុងមួយម៉ែត្រការ៉េ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ហេតុនេះស្ថាប័នទាំងបីនេះ ត្រូវតែគិតគូរ ហើយរកដំណោះស្រាយជូនពួកខ្ញុំ »។
ខ្លឹមសារសរសេរនៅលើបដា និងញត្តិរបស់ពលរដ្ឋទាំងបីសង្កាត់ ដែលដាក់ជូនស្ថាប័នទាំងបីនេះ បង្ហាញថា ស្ថាប័នទាំងបីនេះត្រូវតែដោះស្រាយបញ្ចប់ជម្លោះនេះជាបន្ទាន់ ហើយចាំចាប់ផ្ដើមគម្រោងអភិវឌ្ឍន៍ជាក្រោយ។
ក្រៅពីនេះទៀត ក្រុមហ៊ុនត្រូវកាត់ឆ្វៀលដីជាលក្ខណៈស្បែកខ្លា បើប៉ះចំដីផ្ទះរបស់ពលរដ្ឋ សុំឲ្យអាជ្ញាធរកាត់តំបន់ដែលក្រុមហ៊ុនកំណត់ចាប់ពីទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ជ្រោយចង្វារ តាមដងទន្លេសាប ដល់សង្កាត់ព្រែកតាសេក ចេញពីគម្រោងអភិវឌ្ឍន៍ ហើយសុំឲ្យធ្វើប្លង់កម្មសិទ្ធិជូនពលរដ្ឋ និងត្រូវទិញដីស្រែពួកគេក្នុងមួយម៉ែត្រការ៉េតម្លៃ ៤០០ដុល្លារ បើសិនក្រុមហ៊ុនចង់បានដីនោះបញ្ចូលក្នុងគម្រោង។
ការតវ៉ារបស់អ្នកមានជម្លោះដីធ្លីនៅខណ្ឌជ្រោយចង្វារ ដែលតវ៉ាដោយលើកបដា និងដាក់ញត្តិទៅកាន់ស្ថាប័នចំនួន៣ មានរដ្ឋសភា ព្រឹទ្ធសភា និងក្រសួងមហាផ្ទៃ មិនមានការប៉ះទង្គិចពាក្យសម្ដីជាមួយសមត្ថកិច្ច ឬត្រូវរារាំងឡើយ។ ជាងនេះទៀត តំណាងស្ថាប័នទាំងបីនេះ បានឲ្យតំណាងអ្នកតវ៉ាចូលជួបពិភាក្សា ហើយសន្យាអន្តរាគមន៍រកដំណោះស្រាយជម្លោះដីធ្លីនេះជូនពលរដ្ឋ។
ករណីជម្លោះដីជាមួយក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី នេះដែរ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សិទ្ធិដីធ្លីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ដែលបានឃ្លាំមើលការតវ៉ានេះ គឺលោក យី សុខសាន្ត។ លោកសម្ដែងការសោកស្ដាយដែលរដ្ឋាភិបាលគ្មានឆន្ទៈដោះស្រាយបញ្ចប់បញ្ហារ៉ាំរ៉ៃនៅតំបន់ជ្រោយចង្វារ និងតំបន់ដទៃទៀត។ លោកស្នើឲ្យរដ្ឋាភិបាល ត្រូវតែមានឆន្ទៈដោះស្រាយតាមតម្លៃទីផ្សារសេរីដែលពលរដ្ឋចង់បាន៖« បើរដ្ឋាភិបាលចាត់ទុកថាជារដ្ឋាភិបាលនីតិរដ្ឋ ជាទីផ្សារសេរី ដូច្នេះរដ្ឋាភិបាលត្រូវមានឆន្ទៈដោះស្រាយតាមទីផ្សារសេរី ព្រោះកាលណារដ្ឋាភិបាលដោះស្រាយបាន ប្រជាពលរដ្ឋនឹងពេញចិត្តហើយ »។
ទោះបីជាមានការសន្យាពីមន្ត្រីស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា និងក្រសួងមហាផ្ទៃ យ៉ាងណាក៏ដោយ ក៏ក្រុមអ្នកតវ៉ាដីធ្លីនៅខណ្ឌជ្រោយចង្វារ នៅតែមិនទាន់ស្ងប់ចិត្ត ហើយព្រួយបារម្ភថា ការសន្យានេះអាចនឹងគ្មានប្រសិទ្ធភាព។ បើគ្មានប្រសិទ្ធភាពមែននោះ ក្រុមអ្នកតវ៉ាអះអាងថា នឹងនៅតែបន្តតវ៉ារហូតដល់បានជោគជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។