ពលរដ្ឋរិះគន់អាជ្ញាធរខេត្តស្ទឹងត្រែង ថាមិនចាត់វិធានការលើជនជាតិវៀតណាម ដែលប្រើប្រាស់ដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ធ្វើអាជីវកម្មក្នុងក្រុងស្ទឹងត្រែង។ ការរិះគន់នេះ បន្ទាប់ពីអាជ្ញាធរនៅមិនទាន់មានវិធានការដោះស្រាយករណីនេះនៅឡើយ បើទោះបីជាពលរដ្ឋធ្លាប់រាយការណ៍ករណីនេះច្រើនលើកច្រើនសាក្តី។
ពលរដ្ឋរស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃទី៤ មិថុនា ថា ពួកគេកំពុងស្វែងរកអន្តរាគមន៍ពីមន្ត្រីអង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធ ទាក់ទិនការធ្វើរបងសិប្បកម្មកែច្នៃគ្រឿងសង្ហារិមរបស់ឈ្មួញជនជាតិវៀតណាម ឈ្មោះ ខាំ ប៊ុនម៉េង ហៅ ម៉ឺន ឋិតនៅជាប់ផ្លូវលំលេខ៧៧ ភ្ជាប់ផ្លូវលេខ១៤ ក្នុងក្រុងស្ទឹងត្រែង មានរបងស័ង្កសីជាប់ទ្រូងផ្លូវប្រវែងប្រហែលជាង ២០០ម៉ែត្រ ដោយពុំមានប្រព័ន្ធលូបង្ហូរទឹក និងដីចំណីផ្លូវនោះទេ។
ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង លោក គឹម ស៉ុំ ចោទប្រកាន់ថា អាជ្ញាធរហាក់រារែកក្នុងការដោះស្រាយបញ្ហានេះ ដោយសារឈ្មួញធ្វើរបងនោះមានលុយមានឥទ្ធិពល។ លោកសង្ស័យថា ករណីនេះជាចេតនាមិនយកចិត្តទុកដាក់អភិវឌ្ឍផ្លូវរបស់អាជ្ញាធរ ព្រោះប៉ះពាល់ផលប្រយោជន៍របស់ឈ្មួញកែច្នៃឈើប្រណិត ហើយអាចមានភាពមិនប្រក្រតី ខណៈដំណោះស្រាយករណីនេះនៅតែបន្តអូសបន្លាយពេល៖ « ការសង្ស័យមានសំណូកសូកប៉ាន់ហើយ បានជាធ្វើអីមិនចេញហ្នឹង។ ធ្វើចឹងមានសមណាភ្នែកមហាជន។ ធ្វើរបងទ្រូងផ្លូវទៅហើយ វាមូលហេតុអីបានជាមិនខិត។ បានមិនហ៊ានធ្វើជាមួយវា មិនដឹងវាមកពីស្អី។ សិប្បកម្មវាធ្វើសព្វមុខ វាធ្វើតុ ទូ គ្រឿងសង្ហារិមអី »។
ឆ្លើយតបការចោទប្រកាន់នេះ អភិបាលក្រុងស្ទឹងត្រែង លោក ប៊ុន ណារី បញ្ជាក់យ៉ាងខ្លីថា លោកនឹងចាត់ឲ្យអាជ្ញាធរសង្កាត់ ចុះអន្តរាគមន៍ករណីនេះនៅពេលទទួលព័ត៌មាននេះ៖ « ផ្លូវហ្នឹងត្រូវតែដាក់លូហើយចឹង របងនៅកៀកចឹង យើងមិនអាចដាក់លូបានទេ។ ចឹងយើងត្រូវវាស់ចំណីផ្លូវឲ្យហើយទៅ ដើម្បីបង្ខិតរបងហ្នឹងចេញ។ កន្លងមក យើងសាងសង់ផ្លូវហ្នឹងសិន បានរៀបតាមក្រោយទៀត »។
ម្ចាស់កែច្នៃគ្រឿងសង្ហារិមជាជនជាតិវៀតណាម លោក ខាំ ប៊ុនម៉េង ហៅ ម៉ឺន ធ្លាប់អះអាងថា លោកមិនរារាំងការអភិវឌ្ឍរបស់អាជ្ញាធរនេះទេ ប្រសិនបើអាជ្ញាធរតម្រូវឲ្យធ្វើផ្លូវបង្ខិតចូលត្រឹមណា លោកនឹងធ្វើតាមការសម្រេចរបស់អាជ្ញាធរ៖ « ខ្ញុំអត់ដឹងទេ។ បើអាជ្ញាធរគេឲ្យខិតដល់ណា ខ្ញុំខិតដល់ហ្នឹង »។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល ចាត់ទុកការប្រើប្រាស់ដីចំណីផ្លូវសាធារណៈរបស់រដ្ឋធ្វើអាជីវកម្មផ្ទាល់ខ្លួន ជាទង្វើល្មើសច្បាប់។ ដូច្នេះ អាជ្ញាធររដ្ឋាភិបាលត្រូវចាត់វិធានការបន្ទាន់រឿងនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ។ លោកថា ការអូសបន្លាយពេលដោះស្រាយបញ្ហានេះរបស់អាជ្ញាធរ នឹងបង្កផលប៉ះពាល់ដល់ការធ្វើដំណើរ និងអាចងាយកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ៖ « ដោយសារជនជាតិវៀតណាម ហ្នឹងគេមានលុយកាក់។ យើងមិនទាន់ដឹងថាគេក្រឡុកក្រលៀតណា យើងអត់ទាន់ដឹងទេ។ ប៉ុន្តែរហូតដល់ម៉ោងនេះ ជនជាតិវៀតណាម នៅតែរបៀបដូចថារឹងក្បាលមិនព្រមសម្របសម្រួលអាជ្ញាធរឲ្យត្រូវចឹង »។
អ្នកភូមិអះអាងថា កាលពីពាក់កណ្ដាលឆ្នាំ២០១៥ គម្រោងកសាងផ្លូវលំមួយខ្សែនេះ ជាកញ្ចប់ថវិកាសង្កាត់ស្ទឹងត្រែង មានប្រវែងទទឹង ៥ម៉ែត្រ បណ្តោយប្រហែលជាង ៥០០ម៉ែត្រ ភ្ជាប់ផ្លូវលេខ១៤ ឋិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ អ្នកភូមិថា អាជ្ញាធរបានដោះស្រាយលម្អៀងទៅឈ្មួញបើកសិប្បកម្មកែច្នៃឈើប្រណិតរបស់ជនជាតិវៀតណាម ដោយបង្វែងរោងសិប្បកម្មឈ្មួញរូបនោះចូលដីជាកម្មសិទ្ធិពលរដ្ឋ ព្រោះតែឈ្មួញនោះមានលុយមានឥទ្ធិពល។ លើសពីនេះ មុនឆ្នាំ២០១៥ ផ្លូវនេះត្រូវបានកាត់ផ្តាច់ពាក់កណ្ដាល ដោយឆ្ពោះចូលក្នុងរោងសិប្បកម្មកែច្នៃឈើប្រណិតរបស់ថៅកែជនជាតិវៀតណាម ឈ្មោះ ខាំ ប៊ុនម៉េង ហៅ ម៉ឺន ដើម្បីដឹកជញ្ជូនឈើប្រណិតចូលរោងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
