ពលរដ្ឋជាច្រើននៅក្នុងស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែន នៃខេត្តព្រះវិហារ បានប្ដេជ្ញាចិត្តថា ពួកគេនឹងរួមគ្នាតវ៉ាប្រឆាំងនឹងក្រុមហ៊ុនចិន ឈ្មោះ រួយ ហ្វេង (Ruoy Feng) មិនឲ្យឈូសឆាយរំលោភយកដីស្រែចម្ការរបស់ពួកគេ ទៅធ្វើជាដីសម្រាប់ដាំអំពៅរបស់ក្រុមហ៊ុនបានទៀតទេ។
កាលពីថ្ងៃទី៣ ខែមីនា កន្លងទៅ អ្នកភូមិជាង ៥០០នាក់ បានលើកគ្នារារាំងមិនឲ្យក្រុមហ៊ុនចិន ឈូសរំលោភលើដីស្រែ និងចម្ការ ព្រមទាំងឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនចិន ចំនួន ៨គ្រឿង ក៏ប៉ុន្តែជាច្រើនម៉ោងក្រោយមក បានដោះលែងទៅវិញ បន្ទាប់ពីអាជ្ញាធរចេញមុខ ព្រមទាំងសន្យាថានឹងជួយដោះស្រាយចំពោះរឿងទំនាស់ដីធ្លីទាំងនោះ។
អ្នកភូមិប្រមាណ ៥០០គ្រួសារនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ នៅឃុំសង្កែ២ ស្រុកឆែប និងនៅឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ កំពុងព្រួយបារម្ភខ្លាចបាត់បង់ដីស្រែចម្ការ ហើយមិនមានដីធ្វើកសិកម្មចិញ្ចឹមជីវិតនៅពេលអនាគតខាងមុខ។
ការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ នៅស្របពេលដែលក្រុមហ៊ុនស្ករអំពៅរបស់ចិន ឈ្មោះ រួយ ហ្វេង បានប្រើគ្រឿងចក្រឈូសឆាយពង្រីកផ្ទៃដីសម្បទានសេដ្ឋកិច្ចកាន់តែធំទៅៗ ប៉ះពាល់លើស្រែចម្ការរបស់អ្នកភូមិ ព្រមទាំងព្រៃសហគមន៍បម្រុងទុកផង ក៏ប៉ុន្តែអាជ្ញាធរហាក់មិនសូវយកចិត្តទុកដាក់ដោះស្រាយជុំវិញបញ្ហាប៉ះពាល់ទាំងនោះទេ។
តំណាងសហគមន៍ឃុំសង្កែ២ ស្រុកឆែប គឺលោក ជុំ សុភឿត។ លោកមានប្រសាសន៍ថា កាលពីថ្ងៃទី៣ ខែមីនា កន្លងទៅ លោក និងប្រជាពលរដ្ឋនៅភូមិសំបូរ និងភូមិជោគជ័យ បាននាំគ្នាទៅចូលរួមជាមួយអ្នកភូមិជាច្រើនទៀតមកពីស្រុកត្បែងមានជ័យ និងស្រុកជ័យសែន ដើម្បីរារាំងក្រុមហ៊ុនចិន ឈ្មោះ រួយ ហ្វេង មិនឲ្យឈូសឆាយពង្រីកផ្ទៃដីសម្បទានសេដ្ឋកិច្ចតទៅទៀតទេ។ បុរសដដែលបញ្ជាក់ថា ក្រុមហ៊ុនចិន នេះ បានធ្វើឲ្យប្រជាពលរដ្ឋក្នុងឃុំសង្កែ២ ប្រហែល ៤០គ្រួសារនៅភូមិសំបូរ ភូមិជោគជ័យ និងភូមិក្រឡោត បាត់បង់ដីស្រែ និងចម្ការជាបន្តបន្ទាប់៖ « ចូលលើចម្ការដំឡូង គេដឹកដីចាក់ពីលើវាលស្រែក៏គេធ្វើជាការដ្ឋានអស់។ ប៉ះពាល់ ១១០ហិកតារស្មើនឹង ៤៨គ្រួសារ »។
ចំណែកតំណាងសហគមន៍មកពីឃុំតស៊ូ ស្រុកជ័យសែន លោកស្រី ហូត ម៉ាលី ក៏មានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា ប្រជាពលរដ្ឋចំនួន ៤ភូមិ គឺភូមិតស៊ូ ភូមិសំរោង ភូមិទួលធ្នង់ និងភូមិទួលឈូក ក៏កំពុងបាត់បង់ដីស្រែចម្ការជាច្រើនហិកតារ ដោយសារតែក្រុមហ៊ុនចិន ឈ្មោះ រួយ ហ្វេង ឈូសរំលោភយកទៅធ្វើជាដីសម្បទានសេដ្ឋកិច្ច។ អ្នកស្រី ហួត ម៉ាលី ឲ្យដឹងថា រូបគាត់ និងអ្នកភូមិជាច្រើនគ្រួសារ គឺកំពុងភ័យខ្លាចបាត់បង់ដីស្រែចម្ការនៅពេលឆាប់ៗ ប្រសិនបើអាជ្ញាធរស្រុកជ័យសែន ក៏ដូចជាខេត្តព្រះវិហារ នៅតែព្រងើយកន្តើយមិនជួយដោះស្រាយដូចពេលនេះ៖ « ដំបូងគេយកឆ្ងាយ ដល់ពេលប្រជាពលរដ្ឋចេះតែមិនមាត់ ក៏ស្រាប់តែក្រុមហ៊ុនប្រើគ្រឿងចក្រឈូសរុញចូលស្រែ ហើយដីដែលសហគមន៍ទុកប្រើប្រាស់ជាង ១០០ហិកតារ ក៏ក្រុមហ៊ុនចិន ឈូសរំលោភយកដែរ »។
កាលពីថ្ងៃទី៣ ខែមីនា ក្រុមអ្នកភូមិប្រមាណជាង ៥០០នាក់ បានលើកគ្នាទៅហ៊ុមព័ទ្ធ និងរារាំងមិនឲ្យក្រុមហ៊ុនចិន រួយ ហ្វេង ឈូសឆាយពង្រីកផ្ទៃដីតទៅទៀតទេ។ ក្នុងការតវ៉ានោះ ក្រុមអ្នកភូមិបានឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនចិន ចំនួន ៨គ្រឿង ទុករយៈពេលជាច្រើនម៉ោង។
ប្រជាពលរដ្ឋចោទប្រកាន់អាជ្ញាធរ ថាមិនបានយកចិត្តទុកដាក់ជួយដោះស្រាយប្រជាពលរដ្ឋដែលបាត់បង់ដីធ្លីនៅទីនោះទេ គឺមានតែអាជ្ញាធរខ្លះសម្លុតគំរាមទៅលើប្រជាពលរដ្ឋទៅវិញ នៅពេលដែលអ្នកភូមិនាំគ្នាថតរូបភាពឈូសរំលោភយកដីធ្លីទាំងនោះ។
ទោះជាយ៉ាងណា អាជ្ញាធរខ្លះនៅខេត្តព្រះវិហារ បានឆ្លើយយករួចខ្លួន ដោយមិនទទួលខុសត្រូវចំពោះរឿងនេះឡើយ។
អភិបាលស្រុកឆែប លោក សុខ សានតារា មានប្រសាសន៍ទទួលស្គាល់ថា កាលពីថ្ងៃទី៣ ខែមីនា នោះ គឺពិតជាមានប្រជាពលរដ្ឋខ្លះនៅឃុំសង្កែ២ លើកគ្នាទៅតវ៉ាជាមួយក្រុមហ៊ុនចិន រួយ ហ្វេង មែន ក៏ប៉ុន្តែកន្លែងដីទំនាស់មិនស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុករបស់លោកទេ គឺនៅតំបន់ប្រើសក្អក ដែលកាត់ទៅឲ្យស្រុកជ័យសែន គ្រប់គ្រងទៅហើយ៖ « មិនមែននៅក្នុងដែនដីស្រុកឆែប ទេ។ ខ្ញុំសួរគាត់ទៅ គាត់ថាតវ៉ានៅឃុំសង្កែ២ ឯណោះទេ និយាយឲ្យចំទៅ គាត់ដូចជាទៅជួយគ្នាអ៊ីចឹងទេ »។
ចំណែកអភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សេរី មានប្រសាសន៍ថា លោកមិនបានដឹងជុំវិញរឿងដែលប្រជាពលរដ្ឋមកពីស្រុកចំនួន៣ លើកគ្នាតវ៉ាប្រឆាំងក្រុមហ៊ុនចិន រួយ ហ្វេង នោះទេ ពីព្រោះពេលនេះ លោកមិនមែនស្ថិតនៅក្នុងគណៈកម្មការទទួលបន្ទុកដោះស្រាយបញ្ហាដីធ្លីរបស់សាលាខេត្តព្រះវិហារ ទៀតឡើយ៖ « ខ្ញុំដូចអត់បានដឹង ព្រោះថ្ងៃហ្នឹងខ្ញុំជាប់ប្រជុំការងារច្បាប់ចរាចរណ៍នៅក្រសួងមហាផ្ទៃ។ ខ្ញុំឥឡូវមិនមែនជាសមាជិកគណៈកម្មការដីធ្លីទៀតទេ »។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ ដែលជួយជ្រោមជ្រែងដល់សហគមន៍ លោក ប៉ិក សោភ័ណ មានប្រសាសន៍ថា បញ្ហាដែលក្រុមហ៊ុនចិន រួយ ហ្វេង នៅតែព្យាយាមឈូសឆាយពង្រីកផ្ទៃដីសម្បទានសេដ្ឋកិច្ច វានៅតែជាក្តីព្រួយបារម្ភរបស់អ្នកភូមិ ប្រសិនបើអាជ្ញាធររដ្ឋាភិបាលនៅតែព្រងើយកន្តើយលើការដោះស្រាយដូចពេលនេះ៖ « ដ្បិតថាការរំលោភនេះ គឺធ្ងន់ធ្ងរ នៅសហគមន៍ជុំវិញរោងចក្រស្ករអំពៅរបស់ចិន នេះឯង ហើយឥឡូវនេះមិនមែនជាការប៉ះពាល់ទេ គឺជាការរំលោភយក »។
អង្គការក្រៅរដ្ឋាភិបាលដែលកំពុងធ្វើការងារលើកស្ទួយសិទ្ធិមនុស្ស និងបរិស្ថាននៅខេត្តព្រះវិហារ ឲ្យដឹងថា រយៈពេល ៣ឆ្នាំចុងក្រោយនេះ ខេត្តព្រះវិហារ មានក្រុមហ៊ុនឯកជនជាច្រើនទទួលបានដីសម្បទានសេដ្ឋកិច្ច ហើយបញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនដីសម្បទាន ក៏កំពុងកើតមាននៅតាមបណ្ដាស្រុកជាច្រើន ដូចជាស្រុកគូលែន ស្រុករវៀង ស្រុកជ័យសែន ស្រុកសង្គមថ្មី ស្រុកឆែប និងស្រុកត្បែងមានជ័យ ជាដើម។
ទំនាស់ដីធ្លីទាំងនេះ មិនត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ដីស្រែចម្ការប៉ុណ្ណោះទេ គឺមានតំណាងប្រជាពលរដ្ឋខ្លះបានរងការគំរាមកំហែងក្រៅច្បាប់ ខ្លះទទួលរងការគាបសង្កត់តាមផ្លូវតុលាការ ព្រមទាំងខ្លះទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។