សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ថ្មី​ជួយ​រក​ដំណោះស្រាយ

0:00 / 0:00

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ជាង ២០០​គ្រួសារ ស្នើ​ឲ្យ​អភិបាល​ខេត្ត​ឡើង​កាន់​តំណែង​ថ្មី ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស។ អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា ការ​ស្នើសុំ​របស់​ពលរដ្ឋ​នេះ ដោយសារ​ពួក​គាត់​ពុំ​មាន​ដី​ដាំ​ដុះ និង​ជីវភាព​លំបាក ដែល​កន្លង​មក អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​ជូន​ពួក​គាត់​ពុំ​ទទួល​បាន​លទ្ធផល។

ការ​ស្នើសុំ​របស់​ពលរដ្ឋ​នេះ បន្ទាប់​ពី​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៦ ប្រកាស​តែង​តាំង​អភិបាល​ថ្មី​ខេត្ត​បន្ទាយមានជ័យ នៅ​សាលា​ប្រជុំ​សាលា​ខេត្ត គឺ​លោក សួន បវរ ជំនួស លោក គោ ស៊ុំសារឿត អភិបាល​ខេត្ត​ចាស់ ដែល​នឹង​ប្ដូរ​ទៅ​ធ្វើ​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។

តំណាង​សហគមន៍​ដីធ្លី​ឃុំ​អូរបីជាន់ លោកស្រី ឡុង សុគន្ធី ថ្លែង​នៅ​ថ្ងៃ​ទី​២៨ មីនា ថា អ្នក​ស្រុក​រំពឹង​ថា អភិបាល​ខេត្ត​ថ្មី​នឹង​ជួយ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​ជូន​ពួក​គាត់​នៅ​ឃុំ​អូរបីជាន់ ឲ្យ​បាន​ឆាប់​រហ័ស។ លោកស្រី​អះអាង​ថា បញ្ហា​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ចំនួន​ជាង ២៤៦​គ្រួសារ​លើ​ផ្ទៃ​ដី ១.៤៣០​ហិកតារ​ជាមួយ​ក្រុមហ៊ុន សំ ផាន់ណារិទ្ធ តាំង​ពី​ឆ្នាំ​២០០៤ រហូត​មក ដោះស្រាយ​មិន​ចេញ​នៅ​ឡើយ។ លោកស្រី​ថា ការ​ដោះស្រាយ​មិន​ចេញ ដោយសារ​មេ​ភូមិ​ថ្នល់បត់ ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន យក​ដី​របស់​ពួក​គាត់​ទៅ​លក់​ឲ្យ​អ្នក​មាន​ទ្រព្យ​ធន ហើយ​គ្មាន​ចេតនា​ដោះស្រាយ​ជូន​ពួក​គាត់​នោះ​ទេ៖ « ខ្ញុំ​សំណូមពរ​ឲ្យ​អភិបាល​ខេត្ត​តែង​តាំង​ថ្មី ដោះស្រាយ​ឲ្យ​បាន​ប្លង់​ដី​ជូន​ប្រជាពលរដ្ឋ ដើម្បី​កាន់​កាប់​ស្រប​ច្បាប់ និង​សុំ​ឲ្យ​ចាត់​វិធានការ​មេ​ភូមិ និង​មេ​ឃុំ​អូរបីជាន់ កុំ​ឲ្យ​រក​រឿង​ប្រជាពលរដ្ឋ​ទៀត »

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ឃុំ​អូរបីជាន់ លោក សួង មឿន មាន​ប្រសាសន៍​ថា កន្លង​មក អាជ្ញាធរ​ឃុំ ស្រុក និង​ខេត្ត តែង​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពលរដ្ឋ​នៅ​ឃុំ​អូរបីជាន់ ជា​ប្រចាំ។ លោក​អះអាង​ថា បញ្ហា​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ មិន​អាច​ដោះស្រាយ​បាន ដោយសារ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៅ​រំលោភ​បំពាន​លើ​ដី​កម្មសិទ្ធិ​ឯកជន​ដោយ​ខុស​ច្បាប់៖ « បាទ ! តាម​ការ​ពិត​ទៅ ប្រជាពលរដ្ឋ​ច្រើន​សំអាង​ទៅ​លើ​ឯកសារ​ថ្នាក់​ជាតិ​មក​គំរាម​កំហែង​ដល់​អាជ្ញាធរ ដោយ​ពួក​គាត់​មិន​បាន​ទាក់ទង​អាជ្ញាធរ​ដោះស្រាយ​តាម​ឋានានុក្រម​នោះ​ទេ »

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​បន្ទាយមានជ័យ លោក ភួន ឈិន កត់​សម្គាល់​ថា បញ្ហា​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ជាពិសេស​នៅ​ឃុំ​អូរបីជាន់ គឺ​ពុំ​មាន​ភាព​ស្មុគស្មាញ​ដែល​ពិបាក​ដោះស្រាយ​នោះ​ទេ ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជូន​ពលរដ្ឋ​ពិត​ប្រាកដ និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះ៖ « ប៉ុន្តែ​ពេល​ខ្លះ​អាច​បណ្ដាល​មក​ពី​អាជ្ញាធរ​ខ្លួន​ឯង​ជាប់​សម្ពាធ​នយោបាយ ឬ​មាន​ទំនាក់ទំនង​ផល​ប្រយោជន៍​នៅ​ក្នុង​នោះ​ដែរ ធ្វើ​ឲ្យ​មិន​អាច​ដោះស្រាយ​បាន។ អ៊ីចឹង​ទេ បើ​លោក​អភិបាល​ខេត្ត​ថ្មី ដោះស្រាយ​ដោយ​ភាព​អព្យាក្រឹត្យ និង​មិន​លម្អៀង នឹង​ពុំ​មាន​បញ្ហា​ឡើយ »

របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) បង្ហាញ​ថា នៅ​ឆ្នាំ​២០១៥ បញ្ហា​ទំនាស់​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ ចំនួន​ជិត ៣០០​ករណី មិន​ទាន់​ដោះស្រាយ​បាន​នៅ​ឡើយ។ របាយការណ៍​ដដែល​ឲ្យ​ដឹង​ទៀត​ថា មាន​មួយ​ករណី​ដែល​អាជ្ញាធរ​ដោះស្រាយ​ទទួល​បាន​ជោគជ័យ ដែល​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​មាន​ទំនាស់​ជាមួយ​ទាហាន​កង​រថក្រោះ​នៅ​ភូមិ​ពង្រ​កងវ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។