ពលរដ្ឋមានទំនាស់ដីធ្លីនៅតំបន់អភិវឌ្ឍន៍ផ្លូវរថភ្លើង ស្ថិតនៅភូមិសំរោង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រមាណ ៣០នាក់ នៅព្រឹកថ្ងៃទី៨ សីហា ប្រមូលផ្តុំគ្នានៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំការអន្តរាគមន៍ពីលោក ជា សុផារ៉ា ឲ្យចេញប្លង់កម្មសិទ្ធិកាន់កាប់ដីស្របច្បាប់។
ការលើកគ្នាមកតវ៉ានេះ បន្ទាប់ពីពលរដ្ឋបានប្រទះឃើញបដាដែលបង្ហាញពីបរិវេណដីក្នុងគម្រោងសាងសង់ផ្លូវដែកបោះនៅលើដីស្រែរបស់ពួកគាត់។
ការលើកគ្នាមកតវ៉ាជាថ្មីនេះ ដោយសារពលរដ្ឋព្រួយបារម្ភខ្លាចដីលំនៅឋានរបស់ពួកគាត់នឹងត្រូវអ្នកមានអំណាចរំលោភយក។ ការព្រួយបារម្ភនេះ ដោយសារពលរដ្ឋបានឃើញគេយកបដាស្ដីពីគម្រោងអភិវឌ្ឍន៍ យកទៅបោះលើដីស្រែរបស់ពួកគាត់ កាលពីល្ងាចថ្ងៃទី៤ សីហា។
ពលរដ្ឋម្នាក់ដែលមកចូលរួមតវ៉ា គឺកញ្ញា ចា គង្គា មានប្រសាសន៍ថា គ្រួសារកញ្ញារស់នៅទីនោះតាំងពីឆ្នាំ១៩៧៩ រហូតមកដល់ឆ្នាំ២០០៥ ទើបអាជ្ញាធរមកប្រាប់គាត់ថា ដីនោះគឺជាដីសាធារណៈរបស់រដ្ឋ ហើយមិនអនុញ្ញាតឲ្យមានការសាងសង់ ឬលក់ដូរអ្វីទាំងអស់។ កញ្ញាបន្ថែមទៀតថា ពីមុនពិតជាមានផ្លូវរថភ្លើងពិតមែន តែមានទំហំត្រឹម ៥ ទៅ ៦ហិកតារប៉ុណ្ណោះ។ ទើបតែពេលបច្ចុប្បន្ននេះ អាជ្ញាធរបានបោះបង្គោលព័ទ្ធយកដីរបស់គាត់ទំហំសរុបប្រមាណជាង ៩៨ហិកតារទៅវិញ៖ « ពួកខ្ញុំធ្វើទៅតាមស្របច្បាប់ទាំងអស់ ដោយសារពួកខ្ញុំគិតថា ពួកខ្ញុំរស់នៅដោយស្របច្បាប់តាំងពីជំនាន់ អ៊ុក សេងកន ចេញបង្កាន់ដៃឆ្នាំ៨០ជាង ហើយសម្ដេចក៏បាននិយាយដែរថា រស់នៅ ៥ឆ្នាំកម្មសិទ្ធិហើយ យើងរស់នៅតាំងពី ៨០ជាង ដល់ពេលបែកពីជំនាន់អាពត ដល់ពេលត្រឡប់មកវិញ ធម្មតាស្រុកទេសយើងនៅណា មិនវិលមករកស្រុកភូមិយើងវិញ រហូតមកទល់សព្វថ្ងៃនេះ » ។
កញ្ញា ចា គង្គា បន្ថែមទៀតថា អ្វីដែលពួកគាត់ចង់បាននៅពេលនេះ គឺប្លង់កម្មសិទ្ធិកាន់កាប់ដី ដើម្បីបន្តរស់នៅទីកន្លែងចាស់នេះជាបន្តទៀត។
ពលរដ្ឋម្នាក់ទៀតដែលមកចូលរួមការតវ៉ា គឺលោកស្រី សៀង ហ៊ុន អះអាងថា ដីផ្ទះរបស់លោកស្រីជាប់នឹងផ្លូវទំនប់កប់ស្រូវ ហើយត្រូវបាត់បង់ទាំងស្រុង។ លោកស្រីថា គ្រួសារលោកស្រីអាចនឹងប្រឈមនឹងបញ្ហាជីវភាពធ្ងន់ធ្ងរ ខណៈលោកស្រីជាស្ត្រីមេម៉ាយ និងមានកូនជាជនពិការដល់ទៅ ២នាក់ក្នុងបន្ទុក៖ « នាងខ្ញុំបាននៅជួរដីខាងមុខថ្នល់ ហើយរដ្ឋបានកាត់យកអស់ ៣០ម៉ែត្រហើយ នៅគូទក្រោយបន្តិចបន្តួចហ្នឹង គាត់កាត់យកទៀត។ ខ្ញុំអាយុ ៧៥ ហើយ កូនខ្ញុំខ្វិនដល់ទៅពីរនាក់ ហើយខ្ញុំមេម៉ាយអាយុ ៧៥ បានអីចិញ្ចឹមកូនខ្វិនហ្នឹងតទៅទៀត បើអស់ដីហ្នឹង !» ។
ទាក់ទងនឹងបញ្ហានេះ សមាជិកក្រុមការងារទទួលពាក្យបណ្ដឹងនៃក្រសួងដែនដី នគរូបនីយកម្ម គឺលោក ឡាយ ផល្លឹម បញ្ជាក់ថា ភាគីក្រសួងមិនទាន់អាចសម្រេចថានឹងដោះស្រាយយ៉ាងណាទេ គឺត្រូវរង់ចាំខាងមន្ទីរបញ្ជូនរបាយការណ៍មកដល់ក្រសួងជាមុនសិន។
ទោះជាយ៉ាងណា ពលរដ្ឋបានព្រមព្រៀងគ្នាបញ្ចប់ការតវ៉ាត្រឹមម៉ោងប្រមាណ ១១ព្រឹក ដើម្បីរង់ចាំការផ្តល់ដំណោះស្រាយសមរម្យមួយពីខាងក្រសួង។
ពលរដ្ឋអះអាងថានឹងលើកគ្នាតវ៉ាជាថ្មីម្តងទៀត ប្រសិនបើភាគីក្រសួងមិនមានដំណោះស្រាយសមរម្យណាមួយទៅតាមពេលវេលាដែលបានសន្យានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
