ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើងតំបន់បឹងកក់ ក្នុងភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ចំនួន ១៦គ្រួសារ ព្រមទទួលដំណោះស្រាយពីសាលាក្រុងដើម្បីបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ ដែលអូសបន្លាយច្រើនឆ្នាំកន្លងមក។ ទាក់ទិនបញ្ហានេះ សង្គមស៊ីវិលសាទរដែលអាជ្ញាធរមានឆន្ទៈដោះស្រាយជម្លោះដីធ្លីនៅតំបន់មានជម្លោះនោះឲ្យបានចប់។
សាលារាជធានីភ្នំពេញ អះអាងថា ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើងតំបន់បឹងកក់ចំនួន ១៦គ្រួសារ នឹងទទួលបានដីទំហំ ៤ម៉ែត្រគុណនឹង ១៦ម៉ែត្រក្នុងមួយគ្រួសារ ក្រោយពិធីបុណ្យចូលឆ្នាំ។
ការអះអាងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពីការចាប់ឆ្នោតដីឡូត៍ជូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើង ភូមិ១ សង្កាត់ស្រះចក ចំនួន ១៦គ្រួសារ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ នេះ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អភិបាលខណ្ឌដូនពេញ និងពលរដ្ឋ ១៦គ្រួសារ តែមិនឃើញវត្តមានសង្គមស៊ីវិលចូលរួមឃ្លាំមើលនោះទេ។
ថ្លែងក្នុងពិធីនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា នេះជាជំហានថ្មីមួយទៀតនៃលទ្ធផលដោះស្រាយបញ្ហាបញ្ចប់ជម្លោះក្នុងតំបន់បឹងកក់ តាមរយៈការចាប់ឆ្នោត ហើយប្រជាពលរដ្ឋ ១៦គ្រួសារ នឹងទទួលបានដីទំហំ ៤ម៉ែត្រគុណនឹង ១៦ម៉ែត្រដូចគ្នា។ លោកអះអាងទៀតថា ក្រោយពីចាប់ឆ្នោតដីឡូត៍នេះរួច សាលារាជធានីភ្នំពេញ នឹងចុះវាស់វែងដីជូនពលរដ្ឋ ដើម្បីឈានទៅផ្តល់ប្លង់កម្មសិទ្ធិជូនពលរដ្ឋនៅពេលឆាប់ៗនេះ។ ចំណែកគ្រួសារដែលនៅសេសសល់ សាលារាជធានីភ្នំពេញ នឹងខិតឈានទៅបញ្ចប់៖ « ការចាប់ឆ្នោតថ្ងៃនេះ គាត់នឹងមានអត្តសញ្ញាណច្បាស់លាស់ក្នុងការកាន់កាប់ដីឡូត៍របស់ពួកគាត់ទៅថ្ងៃអនាគត »។
តំណាងគ្រួសារពលរដ្ឋ ១៦គ្រួសារដែលយល់ព្រមចាប់ឆ្នោតទទួលយកដីឡូត៍ក្នុងតំបន់បឹងកក់ ពីសាលាក្រុងទំហំ ៤ម៉ែត្រគុណនឹង ១៦ម៉ែត្រ លោក ចាន់ ពុទ្ធិស័ក្ត ឲ្យដឹងថា ការយល់ព្រមទទួលយកដំណោះស្រាយពីសាលាក្រុងនៅពេលនេះ ដោយសារប្រជាពលរដ្ឋទាំង ១៦គ្រួសារមិនចង់បន្តជម្លោះដីធ្លីនេះបន្តទៀត។ លោកថា ដំណោះស្រាយនេះមិនទាន់ឆ្លើយតបនឹងអ្វីដែលគ្រួសារទាំង ១៦គ្រួសារ បានទាមទារកន្លងមកទំហំ ៤ម៉ែត្រគុណនឹង ១៨ម៉ែត្រនោះឡើយ៖ « តាមពិតគ្រួសារខ្លះគាត់មិនបានពេញចិត្តនឹងទំហំ ៤ គុណ ១៦ម៉ែត្រនេះ ព្រោះគ្រួសារខ្លះមានសមាជិកគ្រួសារច្រើន ហើយមានទំហំដីធំ ដូចខ្ញុំផ្ទាល់មានទំហំរហូតដល់ ៧៥ម៉ែត្រ »។
យ៉ាងណាក៏ដោយ តំណាងសហគមន៍បឹងកក់រូបនេះ ក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះដំណោះស្រាយនេះ ព្រោះមិនមានវត្តមានសង្គមស៊ីវិលឃ្លាំមើលពីនីតិវិធីបោះឆ្នោត និងធ្វើជាសាក្សីជូនពលរដ្ឋក្នុងរឿងនេះ។
ករណីនេះដែរ នាយកប្រតិបត្តិអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ដែលតែងឃ្លាំមើលបញ្ហាជម្លោះដីក្នុងតំបន់បឹងកក់ ក៏សម្ដែងការសោកស្ដាយដែលសាលារាជធានីភ្នំពេញ មិនបានផ្តល់ឱកាសឲ្យសង្គមស៊ីវិលចូលរួមពិនិត្យ និងឃ្លាំមើលនីតិវិធីបោះឆ្នោតនេះ ប៉ុន្តែយ៉ាងណា លោកស្វាគមន៍ចំពោះដំណោះស្រាយនេះ។ មន្ត្រីសង្គមស៊ីវិលរូបនេះក៏អះអាងថា នឹងបន្តឃ្លាំមើលរហូតពលរដ្ឋទទួលបានប្លង់កម្មសិទ្ធិគ្រប់គ្រួសារ៖ « មានជំនឿថា សាលារាជធានីភ្នំពេញ បន្ទាប់ពីចូលឆ្នាំខ្មែរហើយ សាលាក្រុងនឹងចេញប្លង់កម្មសិទ្ធិជូនពួកគាត់ឲ្យបានឆាប់ ដើម្បីឲ្យពួកគាត់មានជំនឿឡើងវិញ »។
មន្ត្រីសាលារាជធានីភ្នំពេញ ឲ្យដឹងថា នៅមានពលរដ្ឋ ៦គ្រួសារទៀតនៅតំបន់នេះ ដែលមិនទាន់យល់ព្រមទទួលយកដំណោះស្រាយរបស់សាលារាជធានីភ្នំពេញ ដោយសារពួកគាត់ទាមទារឲ្យសាលាក្រុង គិតលើទំហំដីដែលគាត់រស់នៅ និងដីបឹងដែលគាត់ធ្លាប់ប្រកបមុខរបរ។
ទោះបីជាយ៉ាងណា ពលរដ្ឋ ១៦គ្រួសារដែលព្រមទទួលយកដីទំហំ ៤ម៉ែត្រគុណនឹង ១៦ម៉ែត្រក្នុងមួយគ្រួសារ នៅតែអះអាងថា នឹងនៅតែបន្តជួយតវ៉ាគ្នារហូតគ្រួសារដែលនៅសេសសល់ក្នុងតំបន់បឹងកក់ ទទួលបានដំណោះស្រាយទាំងអស់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។