ពលរដ្ឋ​រស់នៅ​អគារ​ប៊ូងឌីង​មិន​ទាន់​ចាកចេញ​ស្នើសុំ​សំណង​បន្ថែម​ទៀត

ដោយ ប្រាជ្ញ ចេវ
2017.07.12
អគារ​ប៊ូឌីង រើ​អីវ៉ាន់ ២០១៧ ១៤៤០ ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង រុះរើ​អីវ៉ាន់​ចេញ​ពី​អគារ​នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA

ភាគច្រើន​នៃ​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង បាន​ចាកចេញ​ទៅ​រស់នៅ​កន្លែង​ផ្សេង​ក្រោយ​ពី​យល់ព្រម​ទទួល​សំណង ប៉ុន្តែ​នៅ​សល់​អ្នក​មិន​ព្រម​ចាកចេញ​យ៉ាង​តិច​ជាង ១០​គ្រួសារ​ទៀត ដោយសារ​មិន​ទាន់​ពេញ​ចិត្ត​ចំនួន​នៃ​សំណង។ ប៉ុន្តែ​ភាគី​ក្រសួង​ដែនដី ថា​គ្មាន​គោលការណ៍​ផ្តល់​សំណង​បន្ថែម​ឡើយ។

ក្រុម​ពលរដ្ឋ​ដែល​ស្នើសុំ​សំណង​បន្ថែម​មាន​ទាំង​ពលរដ្ឋ​មាន​បន្ទប់​រស់នៅ​លើ​អគារ​ប៊ូឌីង និង​ពលរដ្ឋ​គ្មាន​បន្ទប់​ដែល​រស់នៅ​លើ​ដី​ចំណី​ផ្លូវ។ ក្រុម​ពលរដ្ឋ​លើក​ឡើង​ថា ពួក​គេ​មិន​ប្រឆាំង​ការ​អភិវឌ្ឍ​ទេ គ្រាន់​តែ​ចង់​បាន​ថវិកា​ខ្លះ និង​អ្នក​ខ្លះ​សុំ​ថវិកា​បន្ថែម​មុន​នឹង​ចាកចេញ។

ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង​ដែល​មិន​ទាន់​សម្រេច​ចិត្ត​ចាកចេញ លោកស្រី ឈុំ សាគន ឲ្យ​ដឹង​ថា ក្រៅ​ពី​លោកស្រី ក៏​មាន​ពលរដ្ឋ​ម្ចាស់​បន្ទប់ ៦​គ្រួសារ​ផ្សេង​ទៀត​ដែល​អាជ្ញាធរ​ទទួល​ស្គាល់ មិន​ទាន់​យល់ព្រម​ទទួល​ទឹកប្រាក់​ដែល​ក្រសួង​កំណត់​តម្លៃ​ទិញ​បន្ទប់​ពួក​គេ។ លោកស្រី​បន្ត​ថា ដោយសារ​ក្រុម​គ្រួសារ​លោកស្រី​មាន​ផ្ទៃក្រឡា​បន្ទប់​តូច និង​មាន​សមាជិក​គ្រួសារ​ច្រើន ដូច្នេះ​ទឹកប្រាក់​ដែល​បាន​ពី​ការ​លក់​បន្ទប់ មិន​គ្រប់គ្រាន់​ឲ្យ​គ្រួសារ​លោកស្រី​រស់នៅ​សមរម្យ​ទេ«សុំ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​លោក​ជួយ​ធ្វើ​ម៉េច​បាន​ផ្ទះ​មួយ​នៅ​ភ្នំពេញ មិន​មែន​ថា​នៅ​ហ្នឹង​ក្នុង​ន័យ​ប្រឆាំង​អី​ទេ រាល់​ថ្ងៃ​សុំ​សរសើរ​គាត់ (លោក ជា សុផារ៉ា) ដែល​គាត់​ដោះស្រាយ​អគារ​ប៊ូឌីង​បាន»

ក្រៅ​ពី​នេះ ក៏​មាន​ពលរដ្ឋ ៤​គ្រួសារ​ដែល​គ្មាន​បន្ទប់ ប៉ុន្តែ​ពួក​គេ​បាន​ត​ដំបូល​ចេញ​មក​ក្រៅ​រស់នៅ​មុខ​អគារ​ប៊ូឌីង​ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​អ្នក​ទាំងនេះ​មាន ៤​គ្រួសារ​ជា​អ្នក​លក់ដូរ​បាយ​សម្ល និង​គ្រឿង​ភេសជ្ជៈ។ ពលរដ្ឋ​ទាំងនោះ​ឲ្យ​ដឹង​ដូចៗ​គ្នា​ថា ពួក​គេ​មិន​ទទួល​បាន​ប្រាក់​សំណង​ជា​ថ្នូរ​នៃ​ការ​ចាកចេញ​ទេ។

លោកស្រី ប៉ោ គន្ធា ថា​ពួក​គេ​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ផ្តល់​សំណង​ខ្លះ​ដើម្បី​មាន​ដើមទុន​បន្ថែម​ទៅ​រស់នៅ​កន្លែង​ថ្មី«បើ​រាជ​រដ្ឋាភិបាល​គាត់​ដោះស្រាយ​មាន​តែ​អរគុណ​គាត់ អ៊ី​មិន​ទៅ​ជំទាស់​ទៅ​ប្រឆាំង​អី​ទេ គោលការណ៍​រដ្ឋ​ទៅ​ម៉េច អ៊ី​ក៏​ទៅ​ចឹង​ដែរ»

ក្រសួង​ដែនដី បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ខាង​មុខ នឹង​រុះរើ​អគារ​ប៊ូឌីង ឬ​ហៅ​ថា​អគារ​ស ដូច្នេះ​ទាមទារ​ឲ្យ​ពលរដ្ឋ​រស់នៅ​តំបន់​នេះ និង​អ្នក​ធ្វើ​ដំណើរ​មាន​ការ​ប្រុងប្រយ័ត្ន។ ក្រោយ​ពេល​ពលរដ្ឋ​ជាង ៩០​ភាគរយ​យល់ព្រម​លក់​បន្ទប់​របស់​ខ្លួន​ក្នុង​តម្លៃ ១.៤០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ដែល​ក្រសួង​កំណត់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា យក​ថ្ងៃ​ទី​៦ ខែ​មិថុនា ឲ្យ​ពលរដ្ឋ​រើ​អីវ៉ាន់​ចេញ​ពី​អគារ។

អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​មាន​តែ​ពលរដ្ឋ​ចំនួន ៧​គ្រួសារ ឬ​ស្មើ​នឹង ១​ភាគរយ​ប៉ុណ្ណោះ​មិន​ទាន់​ចាកចេញ។ ប៉ុន្តែ​លោក​អះអាង​ថា ព័ត៌មាន​ចុង​ក្រោយ​ដែល​ក្រសួង​ទទួល​បាន ពួក​គេ​កំពុង​ត្រៀម​ខ្លួន​ចាកចេញ។ រីឯ​ករណី​ពលរដ្ឋ​រស់នៅ​លើ​ដី​ចំណី​ផ្លូវ ៤​គ្រួសារ ដែល​ស្នើសុំ​សំណង​ខ្លះ​ពី​ក្រសួង​នោះ លោក​ថា​ការ​ផ្តល់​សំណង គឺ​ផ្អែក​លើ​គោលការណ៍​នៃ​ការ​វាស់វែង​ត្រឹមត្រូវ​រួច​ហើយ ដូច្នេះ​អ្នក​ទាំងនោះ ក្រសួង​គ្មាន​ការ​ផ្តល់​សំណង​បន្ថែម​ទៀត​ទេ«ទោះ​ជា​នៅ​ផ្ទាល់​ដី ឬ​កន្លែង​លើ ចំណុច​ណា​ដែល​អាច​វាស់វែង ខាង​ជំនាញ និង​បង​ប្អូន​ប្រជាពលរដ្ឋ​បាន​ព្រមព្រៀង​គ្នា​អស់​ហើយ អ្វី​ដែល​លើស​ពី​ហ្នឹង មិន​អាច​ធ្វើ​បាន​ទៀត​ទេ»

របាយការណ៍​របស់​ក្រសួង​ដែនដី បង្ហាញ​ថា ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីង​មាន​ចំនួន ៤៩៣​គ្រួសារ។ អគារ​នេះ​មាន ៦​ប្លុក ពី​អា (A) ដល់​អែហ្វ (F)។ ក្រុមហ៊ុន​របស់​ជប៉ុន ឈ្មោះ អារ៉ាកាវ៉ា (Arakawa) ទទួល​បាន​សិទ្ធិ​សាងសង់​អគារ​កម្ពស់ ២១​ជាន់​នៅ​ទីតាំង​អគារ​ប៊ូឌីង ដែល​ត្រូវ​ចំណាយ​ពេល​ប្រមាណ ៤​ឆ្នាំ ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៨០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ យល់​ថា រដ្ឋមន្ត្រី​ក្រសួង​ដែនដី គួរ​មាន​គោល​នយោបាយ​បន្ថែម​ដល់​ពលរដ្ឋ​ដែល​មិន​ទាន់​ចាកចេញ ជៀសវាង​ក្រុម​ទាំងនេះ​ក្លាយ​ជា​ឧបសគ្គ​នៃ​ការ​អភិវឌ្ឍ​តំបន់​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។