តំណាងប្រជាពលរដ្ឋចំណាកស្រុកជាង ៥០០គ្រួសារអះអាងថា នឹងនាំគ្នាទៅសង់រោងស្នាក់នៅបណ្ដោះអាសន្នជាថ្មីលើដីសម្បទានសេដ្ឋកិច្ចមួយកន្លែង ឋិតក្នុងភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីទាមទារឲ្យអាជ្ញាធរខេត្តឆ្វៀលដីសម្បទាននោះចែកជូនប្រជាពលរដ្ឋដែលគ្មានដីធ្វើកសិកម្មចិញ្ចឹមជីវិត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីកងកម្លាំង និងសមត្ថកិច្ចចម្រុះនៃអាជ្ញាធរខេត្តមណ្ឌលគិរី បានរារាំងមិនឲ្យប្រជាពលរដ្ឋចំណាកស្រុកមួយក្រុមមានគ្នាប្រមាណ ១០០នាក់ ដែលមកសង់រោងស្នាក់នៅលើដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនប៉ាស៊ីហ្វិក ឋិតតាមបណ្តោយផ្លូវជាតិលេខ៧៨អា ចន្លោះព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង កាលពីថ្ងៃច័ន្ទ ទី២ ឧសភា កន្លងទៅ។
ចាប់ពីឆ្នាំ២០១២ រហូតមក ប្រជាពលរដ្ឋចំណាកស្រុកប្រមាណ ៥០០គ្រួសារ បានព្យាយាមមកសង់រោងស្នាក់នៅលើដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនប៉ាស៊ីហ្វិក ប្រមាណ ៥លើក ក៏ប៉ុន្តែអាជ្ញាធរខេត្តមណ្ឌលគិរី បានរុះរើរោងប្រក់សំពត់កៅស៊ូទាំងនោះ និងបណ្ដេញអ្នកភូមិឲ្យចាកចេញ ដោយសំអាងថា ដីនោះរដ្ឋបានវិនិយោគទៅឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចរួចហើយ។
តំណាងប្រជាពលរដ្ឋ លោកស្រី រ៉ិត វណ្ណី ឲ្យដឹងថា ជាង ៤ឆ្នាំកន្លងទៅនេះ អ្នកភូមិបានផ្ដិតមេដៃប្ដឹងទៅស្ថាប័នថ្នាក់ជាតិ ឲ្យជួយដោះស្រាយការបណ្ដេញចេញនេះ ហើយស្នើសុំឲ្យអាជ្ញាធរខេត្តផ្តល់ដីសម្បទាននៅតំបន់នោះសម្រាប់ដីលំនៅឋាន និងដីកសិកម្ម។ រីឯស្ថាប័នរដ្ឋសភា ក្រសួងមហាផ្ទៃ ទីស្ដីការគណៈរដ្ឋមន្ត្រី បានធ្វើលិខិតអន្តរាគមន៍សុំឲ្យអាជ្ញាធរខេត្ត ពិនិត្យ និងដោះស្រាយបញ្ហាជូនពលរដ្ឋ ក៏ប៉ុន្តែរហូតមកទល់នឹងពេលនេះ អ្នកភូមិមិនទាន់ទទួលបានដំណោះស្រាយបែបណានៅឡើយ។ លោកស្រីបន្តថា អ្នកភូមិនឹងនាំគ្នាកាន់តែច្រើនទៅសង់រោងស្នាក់នៅទីនោះជាថ្មី បើទោះបីជាត្រូវបណ្ដេញចេញយ៉ាងណាក្តី៖ « ថ្ងៃអាទិត្យ ថ្ងៃច័ន្ទ គេកម្ចាយដេកបានមួយយប់បានរោងច្រើនដែរ ប៉ុន្តែម្សិលមិញគេចាប់។ បងប្អូនយើងម្សិលមិញបានតែជាង ១០០នាក់ទេ គេព័ន្ធពួកយើងក្នុងលិខិតស្នើសុំជាង ៥០០គ្រួសារ។ ឥឡូវឡើងមកបានជាង ៣០០គ្រួសារហើយ ប្រហែលថ្ងៃស្អែកចូលមួយសាទៀតលែងចេញហើយ »។
អាជ្ញាធរខេត្តមណ្ឌលគិរី បានសម្រេចដាក់កងកម្លាំងយាមជាប្រចាំនៅតំបន់ដែលអ្នកភូមិចូលទៅតាំងទីលំនៅ ដើម្បីការពារដីរដ្ឋបានចេញអាជ្ញាប័ណ្ណវិនិយោគទៅឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច។
ទាក់ទិនការចូលទៅតាំងទីលំនៅនេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក វង សុកសិរី បញ្ជាក់ថា អ្នកភូមិចូលទៅធ្វើរោងស្នាក់នៅលើដីសម្បទានរបស់ក្រុមហ៊ុនដោយខុសច្បាប់។ ហេតុនេះ អាជ្ញាធរខេត្តមិនអនុញ្ញាតឲ្យអ្នកភូមិធ្វើបែបនេះបានឡើយ៖ « ដីហ្នឹងដីរបស់ក្រុមហ៊ុនប៉ាស៊ីហ្វិក ហ្វៀល ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី គេបានចុះបញ្ជីដីរួចហើយ។ គាត់មកចាប់អ៊ីចឹងខុសហើយ ប៉ុន្តែយើងបានពន្យល់គាត់ឲ្យគាត់ចាកចេញអស់ហើយ »។
ចំណែកស្នងការប៉ូលិសខេត្តមណ្ឌលគិរី លោក តូច យន់ បញ្ជាក់ដែរថា សមត្ថកិច្ចបានស៊ើបអង្កេត និងសាកសួរទៅលើប្រជាពលរដ្ឋដែលចូលមកតាំងទីលំនៅថ្មី អះអាងប្រាប់សមត្ថកិច្ចថា ពួកគេចំណាយប្រាក់មួយគ្រួសារ ១០០ដុល្លារទៅឲ្យមេខ្យល់ដែលសន្យារត់ការសុំដីតំបន់នោះសម្រាប់ចែកចាយជាដីសម្បទានសង្គមកិច្ច។ លោកកត់សម្គាល់ដែរថា កន្លងទៅនេះ ក្រុមសមត្ថកិច្ចបានកំណត់មុខសញ្ញាមេខ្យល់ដើរបញ្ចុះបញ្ចូលឲ្យអ្នកភូមិមកចាប់ដី ហើយបង់ប្រាក់ទៅឲ្យពួកគេ ដែលជាទង្វើបោកប្រាស់ប្រជាពលរដ្ឋ៖ « ប្រជាពលរដ្ឋគាត់ចាញ់ការញុះញង់របស់មេខ្លោងបោកប្រាស់។ គាត់យកលុយពីគាត់ម្នាក់ ១០០ដុល្លារ ហើយធានាថាទាមទារដីហ្នឹងដើម្បីក្លាយជាកម្មសិទ្ធិស្របច្បាប់។ ធាតុពិតមិនអ៊ីចឹងទេ ហើយមុខសញ្ញាចាស់ហ្នឹងធ្លាប់ធ្វើការអុកឡុកយូរហើយ »។
អាជ្ញាធរខេត្តមណ្ឌលគិរី បានអំពាវនាវឲ្យប្រជាពលរដ្ឋចំណាកស្រុកដែលគ្មានដីរស់នៅពិតប្រាកដ ឲ្យវិលទៅស្រុកកំណើត ហើយស្នើសុំតាមរយៈអាជ្ញាធរមូលដ្ឋានដែលគេរស់នៅ ដោយបញ្ជាក់ពីអត្តសញ្ញាណ និងការគ្មានដីរស់នៅប្រកបរបរកសិកម្ម ដើម្បីអាជ្ញាធរខេត្តធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេច។
នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី លោក សុខ សេរ៉ា ថ្លែងថា អាជ្ញាធរខេត្តមណ្ឌលគិរី មានតំបន់ដីសម្បទានសម្រាប់ចែកជូនប្រជាពលរដ្ឋខ្វះដីពិតប្រាកដ ប៉ុន្តែប្រជាពលរដ្ឋត្រូវអនុវត្តតាមលិខិតបទដ្ឋាន និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលស្ដីពីការស្នើសុំដីសម្បទានសង្គមកិច្ច។ លោកកត់សម្គាល់ថា ប្រជាពលរដ្ឋចំណាកស្រុកមួយចំនួន ត្រូវបានរាជរដ្ឋាភិបាលផ្តល់ដីសម្បទានសង្គមកិច្ចតាមគោលការណ៍ ដោយសារទីតាំងដែលអ្នកភូមិតាំងទីលំនៅមិនជាប់ពាក់ព័ន្ធដីដែលរដ្ឋបានចាត់ចែងរួច។ ហេតុនេះ ប្រសិនប្រជាពលរដ្ឋពិតជាគ្មានដី សុំឲ្យបំពេញបែបបទស្នើសុំដីសម្បទានសង្គមកិច្ច ចៀសវាងដើរចាប់ដីអនាធិបតេយ្យ៖ « លិខិតរបស់ថ្នាក់ដឹកនាំខាងលើឲ្យខេត្តពិនិត្យ និងដោះស្រាយជូន។ បើពិនិត្យឃើញត្រឹមត្រូវ អាចដោះស្រាយបាន ខេត្តអ្នកដោះស្រាយជូន។ ដល់ពិនិត្យទៅឃើញមិនត្រឹមត្រូវ ទីតាំងនោះជាដីរដ្ឋសន្យាជាមួយក្រុមហ៊ុន ហើយដូចយើងជួលផ្ទះឲ្យគេហើយ យើងឲ្យកូនចៅទៅអុកឡុកគេ អាហ្នឹងជាការមិនសមរម្យសម្រាប់អ្នកវិនិយោគ »។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC)ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា មានប្រសាសន៍បញ្ជាក់ថា អ្នកភូមិក៏បានផ្តល់ព័ត៌មាន និងសុំការអន្តរាគមន៍ពីសមាគមលោក ជួយការពារសិទ្ធិរស់នៅរបស់ពលរដ្ឋ ក៏ប៉ុន្តែលោកអំពាវនាវឲ្យប្រជាពលរដ្ឋ អនុវត្តសិទ្ធិរបស់ខ្លួនដោយអនុលោមតាមផ្លូវច្បាប់កំណត់ ជាពិសេសការប្រើសិទ្ធិរបស់ពលរដ្ឋ ចៀសវាងរំលោភទៅសិទ្ធិ និងច្បាប់បានកំណត់។ លើសពីនេះទៀត លោកស្នើសុំអាជ្ញាធរពាក់ព័ន្ធ ផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋជួបប្រាស្រ័យបានទូលំទូលាយ ដើម្បីស្វែងយល់ពីបំណងប្រាថ្នា និងស្វែងរកដំណោះស្រាយជូនពលរដ្ឋទូទៅដែលកំពុងជួបបញ្ហាលំបាក៖ « ជាការលើកទឹកចិត្ត យើងខ្ញុំស្នើឲ្យប្រជាពលរដ្ឋដែលមានបំណងចង់បានដីនៅតំបន់នោះដើម្បីសង់លំនៅឋាន បានដីបង្កបង្កើនផល គាត់ត្រូវតែគោរពតាមអនុក្រឹត្យលេខ១៩ ស្ដីពីការផ្តល់ដីសម្បទានសង្គមកិច្ច។ គាត់ត្រូវតែហ៊ានចូលជួបគណៈអភិបាលខេត្តមណ្ឌលគិរី ដើម្បីជជែកគ្នាឲ្យបានច្បាស់ពីគោលបំណងចង់បានរបស់ពួកគាត់ ទៅលើអ្វីដែលគាត់បានធ្វើបច្ចុប្បន្នហ្នឹង។ អាជ្ញាធរមូលដ្ឋានត្រូវផ្តល់ឱកាសឲ្យពលរដ្ឋគ្រប់រូប មិនថាគាត់មកពីណាទេ »។
ទោះបីជាយ៉ាងណាក៏ដោយ តំណាងពលរដ្ឋចំណាកស្រុកមួយរូបទៀត គឺលោក វ៉ាន់ សារួន ឲ្យដឹងថា ពួកគេមិនបានទទួលប្រាក់អ្វីពីពលរដ្ឋចំណាកស្រុកនោះឡើយ។ អ្នកភូមិដែលមកតាំងលំនៅឋាននៅតំបន់នោះ គឺពលរដ្ឋចំណាកស្រុកពីខេត្តកំពង់ចាម កំពង់ធំ ក្រចេះ ស្វាយរៀង និងព្រៃវែង សុទ្ធសឹងតែប្រជាពលរដ្ឋក្រីក្រគ្មានដីធ្វើកសិកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។