អាជ្ញាធរ​ភ្នំពេញ​ចុះ​រុះរើ​រោង​ពលរដ្ឋ​មក​ពី​ខេត្ត​កំពត​តវ៉ា​រឿង​ដីធ្លី​នៅ​ទីលាន​ប្រជាធិបតេយ្យ

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

អភិបាល​រង​ខណ្ឌ​ដូនពេញ លោក សុខ ពេញវុធ ដឹក​នាំ​សន្តិសុខ​ប្រមាណ​ជាង ៣០​នាក់ ចុះ​រុះរើ​រោង​ដែល​ប្រជាពលរដ្ឋ​ធ្វើ​សម្រាប់​ជ្រក​ភ្លៀង ដើម្បី​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ដោយ​ហេតុ​ផល​ថា ជា​ការ​តវ៉ា​ខុស​ច្បាប់។

តំណាង​ប្រជាពលរដ្ឋ លោក លី គីមហុង និង​ពលរដ្ឋ​ប្រមាណ​ជិត ៤០០​នាក់ ដែល​នាំ​គ្នា​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ពី​បញ្ហា​ដីធ្លី​រ៉ាំរ៉ៃ​មក​ពី​ខេត្ត​កំពត និយាយ​ថា ពួក​គាត់​នឹង​មិន​ចាក​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ទេ បើ​មិន​មាន​ដំណោះស្រាយ និង​មិន​ដក លោក ហេង វន្ថា ពី​តំណែង​ជា​អភិបាល​រង​ខេត្ត​កំពត ទេ​នោះ។

តំណាង​ប្រជាពលរដ្ឋ លោក លី គីមហុង ក្រុម​និស្សិត និង​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ៤០០​នាក់​ស្រែក​ទាមទារ​ឲ្យ លោក ហេង វន្ថា ចុះ​ចេញ​ពី​តំណែង​ជា​អភិបាល​រង​ខេត្ត​កំពត ព្រោះ​ថា អភិបាល​រង​រូប​នេះ​មិន​គោរព​តាម​អនុក្រឹត្យ​លេខ​២៥៩ របស់​រដ្ឋាភិបាល ដោយ​យក​ដី​ប្រមាណ​ជាង ១​ពាន់​ហិកតារ (១.២៨៨​ហិកតារ) ទៅ​ចែក​ឲ្យ​អតីត​កង​កម្លាំង​ប្រដាប់​អាវុធ និង​ក្រុម​គ្រួសារ​ប្រមាណ​ជាង ២០០​គ្រួសារ (២៤០​គ្រួសារ) និង​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​ជុំវិញ​បញ្ហា​នេះ។

តំណាង​ប្រជាពលរដ្ឋ​ភូមិ​តេជោអភិវឌ្ឍន៍ លោក លី គីមហុង អះអាង​ថា រូប​លោក​បាន​ទៅ​តាំង​ទីលំនៅ​នៅ​ភូមិ​តេជោអភិវឌ្ឍន៍ តាំង​ពី​ឆ្នាំ​២០០០ ហើយ​បច្ចុប្បន្ន​ក្នុង​ភូមិ​តេជោអភិវឌ្ឍន៍ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៨០០​គ្រួសារ (៨៥០​គ្រួសារ) ដោយ​មាន​លិខិត​កាន់​កាប់​ដីធ្លី​ដែល​ចេញ​ដោយ​មេ​ឃុំ និង​លោក​អភិបាល​ស្រុក​ឈូក ខេត្ត​កំពត ត្រឹមត្រូវ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​ក៏​ទាមទារ​ដែរ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពត ដោះ​លែង​តំណាង​ប្រជាពលរដ្ឋ​ពីរ​រូប គឺ​លោក លី គីមហ៊ុយ និង លី គីមហ៊ា៖ «គាត់​ហ្នឹង​មនុស្ស​បំពាន​អនុក្រឹត្យ មនុស្ស​មិន​ស្មោះ​នឹង​ប្រមុខ​រាជ​រដ្ឋាភិបាល មនុស្ស​ក្បត់​រាជ​រដ្ឋាភិបាល ធ្វើ​បាប​ប្រជាពលរដ្ឋ បំពេញ​ចិត្ត​ឈ្មួញ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ អភិបាល​រង​ខេត្ត​កំពត លោក ហេង វន្ថា បដិសេធ​ថា លោក​មិន​បាន​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​តេជោអភិវឌ្ឍន៍ ទៅ​ចែក​អតីត​កង​កម្លាំង​ប្រដាប់​អាវុធ និង​ក្រុម​គ្រួសារ​នោះ​ទេ។ លោក​បញ្ជាក់​ថា លោក​អនុវត្ត​តាម​អនុក្រឹត្យ​កាល​ពី​ឆ្នាំ​២០១១ របស់​រាជ​រដ្ឋាភិបាល​ស្ដីពី​ការ​ធ្វើ​អនុប្រយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ ទំហំ​ជាង ១​ពាន់​ហិកតារ (១.២៨៨​ហិកតារ) ស្ថិត​នៅ​ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត។ អភិបាល​រង​ខេត្ត​កំពត រូប​នេះ​អះអាង​ថា ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ គឺ​កើត​ចេញ​ពី​ការ​ញុះញង់​របស់​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា៖ «ខ្ញុំ​ស៊ើប​ទៅ គឺ ខឹម វាសនា ហ្មង​ជា​អ្នក​ទិញ​ដី​ហ្នឹង ទិញ​រាប់​រយ​ហិកតារ​ហ្មង​ដី​ហ្នឹង។ ចឹង​គាត់​ខ្លាច​បាត់បង់​ដី​ហ្នឹង គាត់​យក​កម្លាំង​មក​ទាមទារ​ទម្លាក់​ខ្ញុំ​អី។ ខ្ញុំ​អនុវត្ត​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល។ ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្រៅ​ទេ គាត់​ដើរ​ប្រមែប្រមូល​មក​ធ្វើ​ការ​តវ៉ា។ ការ​ញុះញង់​របស់​គណបក្ស​ហ្នឹង ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​មាន​បញ្ហា ព្រោះ​ខ្លាច​បាត់បង់​ផល​ប្រយោជន៍​វា​ហ្នឹង»

ជុំវិញ​បញ្ហា​នេះ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា និយាយ​ថា លោក​មិន​មាន​ដី​សូម្បី​មួយ​ដុំ​ប៉ិន​កង​ដៃ​នៅ​ភូមិ​តេជោអភិវឌ្ឍន៍ ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត នោះ​ឡើយ។ លោក​បន្ថែម​ថា ការ​ធ្វើ​ការ​តវ៉ា គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​កម្ពុជា៖ «អត់​មាន​ដី​យើង​អី​នៅ​ហ្នឹង​ផង មាន​តែ​ដី​របស់​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ ម៉េច​ក៏​ថា​ដី​របស់​សម្ព័ន្ធ​ទៅ​វិញ»

អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ លោក ឡុង ឌីម៉ង់ និយាយ​ថា ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ គឺ​ខុស​ច្បាប់ ព្រោះ​ពលរដ្ឋ​ទាំង​នោះ​មិន​បាន​ដាក់​ពាក្យ​សុំ​ច្បាប់​ពី​សាលា​ក្រុង​ភ្នំពេញ ដើម្បី​តវ៉ា​ជា​មុន ម្ល៉ោះ​ហើយ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​បន្ត​ធ្វើ​ការ​តវ៉ា​នោះ​ទេ ហើយ​អាជ្ញាធរ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

ទោះ​បី​ជា​មាន​ការ​បញ្ជាក់​យ៉ាង​នេះ​ក្តី តំណាង​ប្រជាពលរដ្ឋ និង​ប្រជាជន​ទាំង​នោះ អះអាង​ថា អាជ្ញាធរ​ខេត្ត​កំពត ត្រូវ​តែ​ដោះ​លែង​តំណាង​ពលរដ្ឋ​ពីរ​រូប​វិញ និង​ប្រគល់​ដី​នោះ​ឲ្យ​ពួក​គាត់​ជា​កំហិត បើ​ពុំ​នោះ​ទេ ពួក​គាត់​នឹង​មិន​ចាក​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ឡើយ។

លោក លី គីមហុង៖ «ទេ​អា​ការ​បំបែក​ហ្នឹង លោក​ត្រូវ​មើល​ពី​ហេតុផល បើ​ចេះ​តែ​បំបែក បំបែក​ឲ្យ​ងាប់​ទាំងអស់​គ្នា​តា​ហ្មង​ទៅ»

តំណាង​ប្រជាពលរដ្ឋ និង​ពលរដ្ឋ​ប្រមាណ​ជិត ៤០០​នាក់​ដែល​មក​តវ៉ា​នោះ បាន​ចាក​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ហើយ​នៅ​ម៉ោង​ប្រហែល​ជិត ៦​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​កញ្ញា នេះ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី តំណាង​ប្រជាពលរដ្ឋ លោក លី គីមហុង បញ្ជាក់​ថា ពលរដ្ឋ​នៅ​តែ​បន្ត​ធ្វើ​ការ​តវ៉ា​រហូត លុះត្រា​ណា​ដោះ​លែង​តំណាង​របស់​ខ្លួន គឺ​លោក លី គីមហ៊ុយ និង លី គីមហ៊ា ហើយ​អាជ្ញាធរ​ខេត្ត​កំពត ត្រូវ​ប្រគល់​ដី​ជូន​ពលរដ្ឋ​វិញ ទើប​ពួក​គាត់​ឈប់​តវ៉ា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។