សហគមន៍​មាន​ទំនាស់​ដី​នៅ​ព្រះវិហារ​ធ្វើ​យុទ្ធនាការ​ជំទាស់​នឹង​សេចក្ដី​ព្រាង​ច្បាប់​ដី​កសិកម្ម

0:00 / 0:00

សហគមន៍​ទំនាស់​ដីធ្លី​នៅ​តាម​បណ្ដា​ខេត្ត ក្រុង ជា​ច្រើន​កន្លែង​ក្នុង​ប្រទេស​កម្ពុជា កំពុង​សម្ដែង​ការ​ព្រួយ​បារម្ភ​រួម​គ្នា​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ដី​កសិកម្ម ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​រដ្ឋាភិបាល​នៅ​ឡើយ។ ពួកគេ​យល់​ថា ប្រសិនបើ​សភា​អនុម័ត​ទៅ​តាម​មាត្រា​ដើម​ទាំង​ស្រុង​នៃ​សេចក្ដី​ព្រាង​ច្បាប់​នោះ ហើយ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ នោះ​នឹង​ធ្វើ​ឱ្យ​កសិករ​ក្រីក្រ​ជួប​ការ​លំបាក ព្រមទាំង​មិន​អាច​ដាំ​ដំណាំ​ទៅ​តាម​អ្វី​ដែល​ពួកគេ​ត្រូវការ​បាន​ទេ។

សហគមន៍​ទំនាស់​ដីធ្លី​នៅ​ស្រុក​ចំនួន​៣ ដែល​រស់​នៅ​ជុំវិញ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ស្ករ​អំពៅ​របស់​ចិន នា​ខេត្ត​ព្រះវិហារ រួម​នឹង​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ឃុំ​ប្រមេរ ផង បាន​រួម​គ្នា​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ដី​កសិកម្ម​របស់​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​កក្កដា។ ការ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ដី​កសិកម្ម និង​ការ​ទាមទារ​ឱ្យ​លុបចោល​ដី​សម្បទាន​សេដ្ឋកិច្ច ព្រម​ទាំង​ឱ្យ​ផ្ដល់​ដី​កសិកម្ម ទឹក ដើម​ទុន ព្រម​ទាំង​ទីផ្សារ​សម្រាប់​កសិករ​ខ្នាត​តូច​ជា​ដើម​នោះ ត្រូវ​បាន​សហគមន៍​ធ្វើ​នៅ​កន្លែង​ផ្សេងៗ​ពី​គ្នា ប៉ុន្តែ​ក្នុង​ពេល​តែមួយ​ដោយ​គេ​បាន​ធ្វើ​សកម្មភាព​ទៅ​តាម​បណ្ដាញ​សង្គម (Facebook)។

តំណាង​សហគមន៍​ទំនាស់​ដីធ្លី​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ គឺ​អ្នកស្រី ទេព ទឹម។ អ្នកស្រី​អះអាង​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​កក្កដា ថា សហគមន៍​អ្នកស្រី​ដែល​មាន​គ្នា​ចំនួន ២០​នាក់ បាន​ធ្វើ​យុទ្ធនាការ​លើក​បដា​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​ដី​កសិកម្ម​ដែល​រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​នោះ។ អ្នកស្រី​បញ្ជាក់​ថា សហគមន៍​ដីធ្លី​ខ្លះ​ទៀត​នៅ​ភូមិ​ក្រឡោត សហគមន៍​កំពង់ស្រឡៅ ២ ស្រុក​ឆែប និង​ឃុំ​តស៊ូ ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ក៏​ធ្វើ​យុទ្ធនាការ​ជាមួយគ្នា​នឹង​សហគមន៍​របស់​អ្នកស្រី​ដែរ។

អ្នកស្រី ទេព ទឹម បញ្ជាក់​ថា មូលហេតុ​ដែល​សហគមន៍ រួម​គ្នា​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​ដី​កសិកម្ម​នេះ ដោយសារ​តែ​ពួកគាត់​បាន​ចូលរួម​សិក្ខាសាលា​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​នេះ​ចំនួន ៣​លើក​ហើយ ឃើញ​ថា មិន​មាន​ផល​ចំណេញ​ដល់​កសិករ​ក្រីក្រ​ទេ៖ «កសិករ​តូចតាច​បើ​នៅ​ចុះ​បញ្ជី​ដី​កសិកម្ម ហើយ​មិន​អាច​ដាំ​ដំណាំ​ផ្សេង ក្រៅ​ពី​ដំណាំ​ដែល​គេ​ពិសោធន៍ និង​អនុញ្ញាត​ឱ្យ​ដាំ​នោះ គឺ​វា​នឹង​លំបាក​ចំពោះ​កសិករ​ក្រីក្រ»

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​យុទ្ធនាការ​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​នោះ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា។

ចំណែក​សមាជិក​គណៈកម្មការ​ផែនការ​វិនិយោគ​កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក​របស់​រដ្ឋ​សភា លោក ប៉ុល ហំម បាន​បដិសេធ​មិន​ទាន់​ធ្វើការ​អធិប្បាយ​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ដី​កសិកម្ម​នោះ​យ៉ាង​ណា​ឡើយ ដោយសារ​តែ​ពេល​នេះ​លោក​នៅ​មិនទាន់​ឃើញ​សេចក្ដី​ព្រាង​ច្បាប់​នោះ​ដាក់​ដល់​ដៃ​គណៈកម្មការ​ទី​៣ របស់​រដ្ឋ​សភា​នៅ​ឡើយ៖ «ខ្ញុំ​មិនទាន់​ដឹង​ថា សេចក្ដី​ព្រាង​ច្បាប់​នោះ​មាន​ខ្លឹមសារ​យ៉ាង​ណា​នៅ​ឡើយ ពីព្រោះ​តែ​គេ​មិន​ទាន់​ដាក់​មក​ដល់​គណៈកម្មការ​ទី​៣ នៅ​ឡើយ»

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ ដែល​តែង​ជ្រោមជ្រែង​ដល់​សហគមន៍ លោក ប៉ិក សោភ័ណ មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា នេះ មិន​មែន​មាន​តែ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ និង​សហគមន៍​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ ប៉ុណ្ណោះ​ទេ ដែល​ធ្វើ​យុទ្ធនាការ​ប្រឆាំង​សេចក្ដី​ព្រាង​ច្បាប់​ដី​កសិកម្ម​នោះ គឺ​សហគមន៍​ទំនាស់​ដីធ្លី​នៅ​តាម​បណ្ដា​ខេត្ត​ជា​ច្រើន​ទៀត ដូចជា​សហគមន៍​បឹងកក់ រាជធានី​ភ្នំពេញ សហគមន៍​ខេត្ត​កំពង់ឆ្នាំង ខេត្ត​ព្រះសីហនុ សហគមន៍​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កោះកុង ជាដើម ក៏​បាន​ធ្វើ​យុទ្ធនាការ​រួម​គ្នា​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​ដី​កសិកម្ម​នេះ​ដែរ។

លោក ប៉ិក សោភ័ណ រក​ឃើញ​ថា មូលហេតុ​ដែល​សហគមន៍​ទំនាស់​ដីធ្លី​ជា​ច្រើន រួមគ្នា​ជំទាស់​នឹង​សេចក្ដី​ព្រាង​ច្បាប់​ដី​កសិកម្ម​នេះ ដោយសារ​តែ​គេ​យល់​ថា ច្បាប់​នេះ​នឹង​ធ្វើ​ឱ្យ​កសិករ​ដែល​ជា​ម្ចាស់​ដី​កសិកម្ម​តូចតាច​នឹង​មិន​មាន​សិទ្ធិ​គ្រប់គ្រង​ដី​កម្មសិទ្ធិ​របស់​ខ្លួន​ឯង ជា​ពិសេស​ដី​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ដែល​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​រំលោភ​យក​ជា​ច្រើន ជា​ហេតុ​ធ្វើ​ឱ្យ​ជីវភាព​កសិករ​តូចតាច​កាន់​តែ​ដុនដាប​ទៅៗ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។