លោកស្រី ស៊ុយ សុផាន ចូល​បំភ្លឺ​រឿង​ជម្លោះ​ដី​ជាមួយ​អ្នក​បុរីកីឡា​នៅ​រដ្ឋសភា

ប្រធាន​ក្រុមហ៊ុន ផាន​អ៊ីម៉ិច (PhanImex) លោកស្រី ស៊ុយ សុផាន ចូល​បំភ្លឺ​នៅ​រដ្ឋសភា​តាម​ការ​កោះ​ហៅ​របស់​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា អំពី​ជម្លោះ​ជាមួយ​ពលរដ្ឋ​បុរីកីឡា នៅ​រសៀល​ថ្ងៃ​ទី​១៦ តុលា។

ប្រធាន​ក្រុមហ៊ុន ផាន​អ៊ីម៉ិច បាន​ទទួល​កម្មសិទ្ធិ​អភិវឌ្ឍ​តំបន់​បុរីកីឡា លើ​ផ្ទៃ​ដី ៤,៦​ហិកតារ ក្រោម​កិច្ចសន្យា​សាងសង់​អគារ​ចំនួន​១០ ជូន​ពលរដ្ឋ​នៅ​តំបន់​នោះ​រស់នៅ​នឹង​កន្លែង​លើ​ទំហំ​ដី​ប្រមាណ ២​ហិកតារ តែ​ក្រុមហ៊ុន​បាន​សាងសង់​អគារ​ត្រឹម​តែ ៨​អគារ ដែល​នៅ​សល់​ពលរដ្ឋ ១៥៤​គ្រួសារ គ្មាន​លំនៅឋាន​ស្នាក់នៅ និង​រង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​កាល​ពី​ដើម​ឆ្នាំ​២០១២។

ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា ទទួល​បន្ទុក​ការងារ​អង្កេត បោស​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ លោក ហូរ វ៉ាន់ បាន​ឲ្យ​ដឹង​ថា លោកស្រី ស៊ុយ សុផាន បាន​លើក​ហេតុផល​ថា ក្រុមហ៊ុន​លោកស្រី​ទទួល​ការ​ខាត​បង់​ក្នុង​ការ​អភិវឌ្ឍ​តំបន់​នោះ ទើប​លោកស្រី​មិន​ព្រម​ធ្វើ​តាម​ការ​សន្យា និង​ទាមទារ​ដី​ដែល​នៅ​សល់​ពី​ការ​សាងសង់​អគារ​នោះ​ទៀត៖ «លោក​ជំទាវ​ត្រូវ​ដឹង​ថា ដី​របស់​ក្រុមហ៊ុន ៤,៦​ហិកតារ ដី​ដែល​ត្រូវ​សាងសង់​ឲ្យ​ពលរដ្ឋ​តែ ២​ហិកតារ​ទេ ឯ​ដី ២,៦​ហិកតារ ជា​សម្បត្តិ​ទ្រព្យ​របស់​ក្រុមហ៊ុន​យក​ទៅ​រក​ទទួល​ទាន ពេល​ដែល​សំណង់​ស៊ីម៉ងត៍ អ្វីៗ​ឡើង​ថ្លៃ ដី​របស់​គាត់​ក៏​ឡើង​ថ្លៃ​ដែរ ហើយ​គាត់​បាន​ក៏​សង់​ផ្ទះ​ល្វែង​ជា​លក់​ជាច្រើន​ដែរ ហើយ​គាត់​ក៏​បាន​លក់​ដី​ជាច្រើន​ផ្នែក​ដែរ ដូច្នេះ​ទាំងអស់​ហ្នឹង ខ្ញុំ​គិត​ថា​ក្រុមហ៊ុន​មិន​បាន​ជម្រាប​ជូន​ដល់​យើង​ខ្ញុំ​នូវ​ចំណូល​សរុប​របស់​ក្រុមហ៊ុន ក្នុង​កិច្ចសន្យា​បុរីកីឡា ទាំង​មូល​លើ​ផ្ទៃ​ដី​ចំនួន ៤,៦​ហិកតារ​ទេ»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ហូរ វ៉ាន់ បញ្ជាក់​ថា លោក និង​ក្រុម​ការងារ​ជំនាញ នឹង​បន្ត​ដោះស្រាយ​គ្រប់​វិធី ដើម្បី​ពន្លឿន​ឲ្យ លោកស្រី ស៊ុយ សុផាន សង់​អគារ​ឲ្យ​គ្រប់​ចំនួន និង​ឆាប់​រហ័ស​តាម​កិច្ចសន្យា​ចំពោះ​មុខ​ច្បាប់ ដោយ​មិន​ឲ្យ លោកស្រី ស៊ុយ សុផាន យក​លេស​ថា​ក្រុមហ៊ុន​ខ្លួន​ខាត​បង់​អ្វី​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។