សហគមន៍​ភ្នំ​បាត​ធ្វើ​យុទ្ធនាការ​រៃអង្គាស​ថវិកា​យក​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ

0:00 / 0:00

អតីត​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បុរីកីឡា ដែល​ត្រូវ​បាន​រដ្ឋាភិបាល និង​ក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex) ប្រើ​កម្លាំង​សមត្ថកិច្ច​ឈូស​ឆាយ​យក​ដីធ្លី និង​បណ្ដេញ​ឲ្យ​ទៅ​រស់នៅ​តំបន់​ភ្នំ​បាត ស្ថិត​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល បាន​នាំ​គ្នា​ចាប់​ផ្ដើម​រៀបចំ​ធ្វើ​សន្និសីទ​ព័ត៌មាន​ជា​រៀង​រាល់​សប្ដាហ៍​នៅ​ថ្ងៃ​អាទិត្យ ដើម្បី​រៃអង្គាស​ថវិកា និង​អំពាវនាវ​រក​ជំនួយ​ពី​សប្បុរសជន និង​អង្គការ​សប្បុរសធម៌​ផ្សេងៗ។

ការ​រៀបចំ​ឲ្យ​មាន​កម្មវិធី​នេះ ដោយសារ​ពួក​គាត់​កំពុង​ជួប​ប្រទះ​ការ​ខ្វះខាត​ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ និង​អ្នក​ខ្លះ​ធ្លាក់​ខ្លួន​ជា​អ្នក​សុំ​ទាន និង​ប្រកប​មុខ​របរ​រើស​អេតចាយ​ជាដើម។

អតីត​ពលរដ្ឋ​ម្ចាស់​ដី​នៅ​តំបន់​បុរីកីឡា​ចំនួន ៦៤​គ្រួសារ ក្នុង​ចំណោម​ទាំង ១៤០​គ្រួសារ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន ផាន អ៊ីម៉ិច ដឹក​ទៅ​ចាក់​ចោល​នៅ​តំបន់​ភ្នំ​បាត ស្ថិត​ក្នុង​ភូមិ​ស្រះពោធិ៍ ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល បាន​រៀបចំ​ធ្វើ​សន្និសីទ​ព័ត៌មាន​សប្ដាហ៍​ទី​ពីរ​ហើយ ដើម្បី​ប្រកាស​អំពាវនាវ​រក​ជំនួយ​បន្ទាន់​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ស្រប​ពេល​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ដីធ្លី​ទាំងនោះ​កំពុង​ជួប​ភាព​លំបាក​រឹត​តែ​ខ្លាំង។

តំណាង​សហគមន៍ ៦៤​គ្រួសារ​រស់នៅ​ភ្នំ​បាត លោកស្រី កែវ វុទ្ធី ថ្លែង​ថា ការ​ដឹកនាំ​ធ្វើ​សន្និសីទ​ព័ត៌មាន​ដែល​ជា​យុទ្ធនាការ​រៃអង្គាស​ថវិកា ដោយសារ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​សហគមន៍​លោកស្រី​ធ្លាក់​ដល់​ចំណុច​សូន្យ គ្មាន​ទី​ជម្រក​ត្រឹមត្រូវ​អស់​រយៈពេល ៥​ឆ្នាំ​កន្លង​មក​នេះ ខ្វះ​ស្បៀង​អាហារ ធ្លាក់​ខ្លួន​សុំ​បាយ​វត្ត​បរិភោគ សុំ​ទាន​នៅ​រមណីយដ្ឋាន​ភ្នំ​អដ្ឋរស្ស រើស​អេតចាយ ដើរ​ធ្វើ​ជា​កម្មករ​សំណង់ និង​រត់​ម៉ូតូ​ឌុប​ជាដើម ជាពិសេស​សប្បុរសជន​លែង​ផ្ដល់​ជំនួយ​ដូច​មុន។ លោកស្រី​រំពឹង​ថា ការ​មូល​មតិ​គ្នា​សម្រេច​រៀបចំ​សន្និសីទ​ព័ត៌មាន​នៅ​រៀង​រាល់​ថ្ងៃ​អាទិត្យ នឹង​អាច​អំពាវនាវ​ឲ្យ​សប្បុរសជន​ចូល​ទៅ​ធ្វើ​បុណ្យ​ដាក់​ទាន​ជួយ​ដល់​ជន​រងគ្រោះ​ដីធ្លី៖ « បាន​សប្បុរសជន​ក្នុង​ស្រុក​គាត់​ចែក​អំណោយ​ជា​អង្ករ ជា​ស្បៀង​អាហារ​កន្លង​មក។ ពួក​ខ្ញុំ​ចេះ​តែ​រស់។ បច្ចុប្បន្ន ពួក​ខ្ញុំ​ធ្លាក់​ដល់​ចំណុច​សូន្យ វា​អត់​មាន​សប្បុរសជន​ណា​ចុះ​ជួយ​ពួក​ខ្ញុំ​ទៀត​ទេ។ ប្រជាជន​គាត់​សំណូមពរ​ថា ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​សប្បុរសជន​មើល​ឃើញ​ត​ទៅ​ទៀត »

លោកស្រី​ក៏​ចង់​ឃើញ​ក្រុម​តំណាង​រាស្ដ្រ​ទាំង​ពីរ​គណបក្ស​នយោបាយ ចុះ​ផ្ទាល់​នៅ​តំបន់​ភ្នំ​បាត ដើម្បី​ពិនិត្យ​ថា តើ​ពលរដ្ឋ​នៅ​ទីនោះ​កំពុង​ជួប​ភាព​លំបាក​អ្វី​ខ្លះ?

កាល​ពី​ឆ្នាំ​ពី​២០១២ រដ្ឋាភិបាល​ដែល​ផ្ដល់​សិទ្ធិ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន ផាន អ៊ីម៉ិច បាន​ទៅ​ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​សម្បែង​ពលរដ្ឋ​នៅ​តំបន់​បុរីកីឡា​ចំនួន ៣៨៤​គ្រួសារ ដើម្បី​យក​ដី​អភិវឌ្ឍ។ ក្រោយ​មក ពលរដ្ឋ​ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​យក​ទៅ​ដាក់​នៅ​ឯ​ទួលសំបួរ ក្នុង​ខណ្ឌ​ដង្កោ ក្រុង​ភ្នំពេញ ហើយ​មួយ​ចំនួន​ទៀត ត្រូវ​ដឹក​ទៅ​ដាក់​នៅ​តំបន់​ភ្នំ​បាត ក្នុង​ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​បញ្ជាក់​ថា សំណង​ដែល​ពួក​គាត់​ធ្លាប់​ទទួល​បាន​ពី​ក្រុមហ៊ុន គឺ​មិន​ស្មើ​នឹង​ផ្ទះ​សម្បែង និង​ដី ព្រម​ទាំង​មុខ​របរ​ដែល​ត្រូវ​បាន​ឈូស​ឆាយ​កម្ទេច និង​បំផ្លាញ​ចោល​ឡើយ ដូច្នោះ​ក្រៅ​ពី​អំពាវនាវ​រក​ជំនួយ​ពី​សប្បុរសជន ពួក​គាត់​ក៏​ចង់​ទាមទារ​សំណង​បន្ថែម​ចំនួន ១​ម៉ឺន​ដុល្លារ ប្រសិន​ចង់​ឲ្យ​ពួក​គាត់​បន្ត​រស់នៅ​ភ្នំ​បាត ហើយ​បើ​រំកិល​ឲ្យ​ពួក​គាត់​ទៅ​រស់នៅ​ភូមិ​អណ្ដូង សង្កាត់​ទួលរកា វិញ គឺ​ទាមទារ​លុយ​ចំនួន ៥​ពាន់​ដុល្លារ និង​ផ្ទះ​ថ្ម​តូច​មួយ​ខ្នង។

ពលរដ្ឋ​រស់នៅ​តំបន់​ភ្នំ​បាត លោកស្រី ទូច ស្រីនី ថ្លែង​ថា ការ​រស់នៅ​បច្ចុប្បន្ន​ក្នុង​តំបន់​ភ្នំ​បាត គឺ​ពឹង​អាស្រ័យ​លើ​ប្ដី​រត់​ម៉ូតូ​ឌុប រីឯ​លោកស្រី​ធ្វើ​ជា​អ្នក​ប្រមូល​សំរាម​នៅ​ក្រុមហ៊ុន​ស៊ីនទ្រី (CINTRI) ហើយ​បើ​និយាយ​អំពី​ជីវភាព​វិញ គឺ​ខុស​ស្រឡះ​កាល​ពី​មាន​ដី​នៅ​តំបន់​បុរីកីឡា​ដែល​ក្រុមហ៊ុន​មិន​ទាន់​ឈូស​ឆាយ​យក៖ « ខុស​គ្នា​ច្រើន​មែន​ទែន​ម៉ង ដី​នៅ​កណ្ដាល​ក្រុង​ខ្ញុំ បណ្ដោយ ១៥​ម៉ែត្រ ក្បាល ១០​ម៉ែត្រ បង​ធ្វើ​បន្ទប់​ជួល អាច​ទទួល​បាន​ជាង ៣០០​ដុល្លារ។ ក្រុមហ៊ុន ផាន អ៊ីម៉ិច គាត់​ប្រាប់​ថា បើ​សិន​ជា​មិន​ទៅ នឹង​មិន​បាន​អី​ទេ ហើយ​ទៅ​សិន ក្រុមហ៊ុន​នឹង​ចុះ​ទៅ​រៀបចំ »

ខាង​សហគមន៍​ភ្នំ​បាត ធ្លាប់​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ចុះ​ដោះស្រាយ​សំណង​បន្ថែម និង​បង្កើត​ឲ្យ​មាន​សាលារៀន មន្ទីរពេទ្យ មណ្ឌល​សុខភាព និង​ផ្សារ ស្រប​ពេល​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​នៅ​ឆ្ងាយ​ពី​ទីតាំង​ដែល​ពួក​គាត់​កំពុង​រស់នៅ។

រីឯ​តំណាង​ពលរដ្ឋ​បុរីកីឡា​ដែល​មិន​ព្រម​ចាកចេញ និង​បន្ត​ក្រាញ​ននៀល​រស់នៅ​លើ​គំនរ​សំរាម និង​ក្នុង​អគារ​ចាស់​បាក់បែក លោកស្រី សរ ស៊ន អះអាង​ថា នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤២ តាម​រយៈ​និមន្ត​ព្រះសង្ឃ​រាប់បាត្រ​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ៤​រូប មន្ត្រី គ.ជ.ប ១​រូប ស្វែងរក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី ព្រម​ទាំង​ទាមទារ​សំណង​សមរម្យ​ដែរ។ ចំណែក​សហគមន៍​ដីធ្លី​នៅ​តំបន់​បឹងកក់ បញ្ជាក់​ថា ពួក​គេ​នឹង​មិន​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​៤២ ឡើយ ដោយសារ​ជាប់​រវល់​ចូលរួម​សិក្ខាសាលា និង​ត្រៀម​ខ្លួន​ធ្វើ​យុទ្ធនាការ​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ ចំ​ថ្ងៃ​ដែល​តុលាការ​ក្រុង​ភ្នំពេញ កោះ​ហៅ​សកម្មជន​របស់​ពួក​គេ គឺ​អ្នកស្រី ទេព វន្នី ឡើង​តុលាការ​ម្ដង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។