សមត្ថកិច្ច​ខេត្ត​ព្រះវិហារ​រារាំង​ពលរដ្ឋ​មិន​ឲ្យ​នាំ​គ្នា​មក​តវ៉ា​បញ្ហា​ដីធ្លី​នៅ​ភ្នំពេញ

0:00 / 0:00

បញ្ហា​អាជ្ញាធរ​ជាតិ​ព្រះវិហារ រួម​នឹង​សាលា​ខេត្ត បណ្ដេញ​ប្រជាពលរដ្ឋ​នៅ​តំបន់​ស្វាយជ្រុំ ឱ្យ​រុះរើ​លំនៅឋាន ហើយ​យក​ដី​ធ្វើ​ជា​តំបន់​ទ្រនាប់​ឧទ្យាន​ជាតិ​ប្រាសាទ​ព្រះវិហារ កាល​ពី​ពីរ​ឆ្នាំ​មុន បាន​កម្រើក​ឡើង​វិញ​ហើយ​នៅ​ពេល​នេះ។ អតីត​ក្រុម​អ្នក​ភូមិ​ស្វាយជ្រុំ ជាច្រើន កំពុង​លើក​គ្នា​ទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ប្រគល់​ដីធ្លី និង​អនុញ្ញាត​ឱ្យ​ពួក​គេ​បាន​វិល​ត្រឡប់​ទៅ​រស់នៅ​ទីនោះ​វិញ។

ប៉ូលិស​ក្រុង​ព្រះវិហារ បាន​ស្ទាក់​ឃាត់​រថយន្ត​មួយ​គ្រឿង ដឹក​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​មក​ពី​ភូមិ​ធម្មជាតិ​សម្ដេច​តេជោ នៃ​ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ព្រម​ទាំង​ប្រគល់​ក្រុម​អ្នក​តវ៉ា​ដីធ្លី​ចំនួន ៦​នាក់ ដែល​គ្រោង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ ប្រគល់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន នាំ​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២ ខែ​កញ្ញា។

តំណាង​ប្រជាពលរដ្ឋ​ដែល​ជា​អតីត​រស់នៅ​តំបន់​ស្វាយជ្រុំ គឺ​លោក ផាន់ ធឿន។ លោក​អះអាង​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​២ ខែ​កញ្ញា ថា រយៈពេល ២-៣​ថ្ងៃ​ជាប់​គ្នា​មក​នេះ អតីត​អ្នក​ភូមិ​ស្វាយជ្រុំ ជាច្រើន​គ្រួសារ បាន​នាំ​គ្នា​ឡើង​ទៅ​ទីក្រុង​ភ្នំពេញ​ជា​បន្តបន្ទាប់ ដើម្បី​តវ៉ា​សុំ​ឱ្យ​រដ្ឋាភិបាល​ប្រគល់​ដី​ដែល​ពួក​គេ​ធ្លាប់​រស់នៅ​មក​វិញ។ តំណាង​ដដែល​អះអាង​ថា កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ប៉ូលិស​សង្កាត់​ប៉ាលហាល ក្រុង​ព្រះវិហារ បាន​កាក់​រថយន្ត​មួយ​គ្រឿង ដែល​ដឹក​អតីត​អ្នក​ភូមិ​ស្វាយជ្រុំ ដែល​គ្រោង​ឡើង​ទៅ​តវ៉ា នៅ​ទីក្រុង​ភ្នំពេញ ហើយ​បាន​ហៅ​អាជ្ញាធរ​ឃុំ​ស្រអែម ឱ្យ​នាំ​អ្នក​ភូមិ​ចំនួន ៦​នាក់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ៖ «គេ​មក​ដល់​នេះ​ខ្លះ​ហើយ ប៉ុន្តែ​មួយ​ចំនួន​នៅ​មិន​ទាន់​មក​ដល់​ទេ។ ថ្ងៃ​នេះ ឡើង​មក​បន្តបន្ទាប់​ទៀត ប៉ុន្តែ​ដោយ​មាន​ការ​ទប់ស្កាត់ ប្រជាពលរដ្ឋ​ខ្លាច។ ក្នុង​មួយ​ឡាន គឺ​គេ​ចាប់​បញ្ជូន​ទៅ​វិញ​អស់​ហើយ»

តំណាង​អ្នក​ភូមិ​បញ្ជាក់​ថា ពួក​គេ​ជាច្រើន​រយ​គ្រួសារ​ធ្លាប់​រស់នៅ​តំបន់​ស្វាយជ្រុំ ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក ដោយ​មាន​ដី​ស្រែ​ចម្ការ​សម្រាប់​ធ្វើ​ចិញ្ចឹម​ជីវិត ក៏ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០១២ អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​សាលា​ខេត្ត បាន​បណ្ដេញ​ពួក​គេ ដោយ​ចែក​ដី​នៅ​ភូមិ​ធម្មជាតិ​សម្ដេច​តេជោ ទំហំ ៣០​ម៉ែត្រ​ក្នុង​១​គ្រួសារ ដោយ​មិន​មាន​ដី​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត​ទេ។

សមត្ថកិច្ច​ក្រុង​ព្រះវិហារ បដិសេធ​ថា គេ​មិន​បាន​ឃាត់ ឬ​ក៏​ចាប់​ខ្លួន​ក្រុម​អ្នក​តវ៉ា​ដីធ្លី​ណា​ម្នាក់ ដែល​គ្រោង​ឡើង​ទៅ​តវ៉ា​នៅ​ទីក្រុង​ភ្នំពេញ បញ្ជូន​ត្រឡប់​ទៅ​លំនៅឋាន​វិញ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

អធិការ​ស្ដីទី​ប៉ូលិស​ក្រុង​ព្រះវិហារ លោក គង់ គា មាន​ប្រសាសន៍​ថា កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ប៉ូលិស​សង្កាត់​ប៉ាលហាល បាន​ឃាត់​រថយន្ត​ដើម្បី​ត្រួត​ពិនិត្យ​បច្ចេកទេស ក៏ប៉ុន្តែ​មិន​មាន​ឃាត់​អ្នក​ដំណើរ​ណា​ម្នាក់​ទេ។ លោក​អធិការ​ស្ដីទី បញ្ជាក់​ថា ក្នុង​ចំណោម​រថយន្ត​ដែល​ប៉ូលិស​ឃាត់​ត្រួត​ពិនិត្យ​បច្ចេកទេស កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ នោះ គឺ​មាន​រថយន្ត​១​គ្រឿង​ដឹក​អ្នក​ដំណើរ​ប្រមាណ ១០​នាក់​ពី​ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ហើយ​នៅ​ពេល​ប៉ូលិស​ឃាត់​រថយន្ត​នោះ គឺ​អ្នក​ភូមិ​បាន​ហៅ​មេ​ភូមិ​របស់​គេ ឱ្យ​ទៅ​ទទួល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ប៉ុណ្ណោះ មិន​មែន​ប៉ូលិស​បញ្ជូន​ដោយ​បង្ខំ​ឡើយ៖ «មាន​ការ​ឃាត់​មនុស្ស​ឯណា មនុស្ស​គាត់​ទៅ​ធម្មតា គាត់​ដើរ​ទៅ​ណា គាត់​ធ្វើ​អ្វី​ស្រេច​តែ​គាត់​ទេ​តើ។ ជិះ​ឡាន​ហ្នឹង​ក្នុង​នោះ​មាន ៩​នាក់ ហើយ​មាន​ក្មេង​អាយុ​ប្រហែល ៦​ឆ្នាំ​ហ្នឹង​ម្នាក់ ៥​ឆ្នាំ​ហ្នឹង​ម្នាក់ មក​ជាមួយ​ហ្នឹង ហើយ​មិន​ទៅ​ឃាត់​មនុស្ស​ឯណា!»

ទោះ​យ៉ាង​ណា អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ អះអាង​ថា ប៉ូលិស​ក្រុង​ព្រះវិហារ ពិត​ជា​បាន​ស្ទាក់​ឃាត់​រថយន្ត ព្រម​ទាំង​ប្រគល់​ក្រុម​អ្នក​តវ៉ា​ដីធ្លី ឱ្យ​ទៅ​អាជ្ញាធរ​ឃុំ​ស្រអែម យក​ត្រឡប់​ទៅ​លំនៅឋាន​វិញ​មែន៖ «ខ្ញុំ​បាន​តាម​ទៅ​សង្កាត់​ផ្ទាល់ គឺ​មិន​ឱ្យ ១០​នាក់​ហ្នឹង ចេញ​ទៅ​ណា​មក​ណា​ទេ គឺ​ឱ្យ​នៅ​នឹង​ប៉ុស្តិ៍​រហូត សូម្បី​តែ​ក្មេង​អាយុ​ប្រហែល ៦-៧​ឆ្នាំ​ដែល​គ្នា​ហេវ​ចង់​ងាប់ ក៏​មិន​ឱ្យ​ចេញ​ទៅ​ណា​ដែរ»

លោក ឡោ ចាន់ បាន​ហៅ​សកម្មភាព​របស់​ប៉ូលិស​ក្រុង​ព្រះ វិហារ ដែល​ឃាត់​រថយន្ត ហើយ​បញ្ជូន​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​ដីធ្លី ឱ្យ​អាជ្ញាធរ​នាំ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​បង្ខំ​នោះ ថា​គឺ​ជា​ការ​រំលោភ​សិទ្ធិ​កុមារ និង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ព្រម​ទាំង​ជា​ការ​គំរាម​កំហែង​ផ្នែក​ស្មារតី​ទៅ​លើ​ប្រជាពលរដ្ឋ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។