អ្នកស្រុកថ្ពង និងអមលាំង ខេត្តកំពង់ស្ពឺ ប្រមាណ ២០០នាក់ ដែលអះអាងថា រងផលប៉ះពាល់ពីការអភិវឌ្ឍចម្ការអំពៅរបស់ក្រុមហ៊ុនស្ករសភ្នំពេញ របស់ លោក លី យ៉ុងផាត់ នៅតែមិនទាន់បានទទួលសំណងសមស្របនៅឡើយ។
ដោយសារបញ្ហានេះ ធ្វើឱ្យអ្នកស្រុកទាំងនោះដាក់ញត្តិទៅធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ (ANZ Royal) នៅភ្នំពេញ កាលពីថ្ងៃទី១ សីហា ហើយពេលនេះ ពួកគាត់តវ៉ា និងទាមទារឱ្យធនាគារ អេ.អិន.ហ្សិត ទទួលខុសត្រូវចំពោះពួកគាត់។
អ្នកមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនចម្ការអំពៅរបស់ លោក លី យ៉ុងផាត់ នៅឃុំអមលាំង ស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ប្រមាណ ២០០នាក់ នាំគ្នាមកតវ៉ាដល់ធនាគារ អេ.អិន.ហ្សិត នៅភ្នំពេញ ដោយទាមទារឱ្យធនាគារនេះទទួលខុសត្រូវចំពោះរឿងសំណងពីការបាត់បង់ដីធ្លី និងការខូចខាតរបស់ពួកគាត់។
តំណាងអ្នកភូមិនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ លោក ចេង សុភាព បញ្ជាក់ថា មូលហេតុដែលពួកលោកលើកគ្នាមកតវ៉ាចំពោះធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ នេះ គឺព្រោះតែធនាគារធ្លាប់ឱ្យលុយក្រុមហ៊ុនស្ករសភ្នំពេញខ្ចី ទៅធ្វើចម្ការអំពៅ ដែលរំលោភសិទ្ធិពួកគាត់៖ «សំឡេង»។
នៅរសៀលថ្ងៃទី១៤ សីហា ភាគីធនាគារ អេ.អិន.ហ្សិត ទទួលជួបតំណាងអ្នកភូមិដែលតវ៉ា ២រូប ប៉ុន្តែមិនមានលទ្ធផលដែលអ្នកភូមិទទួលយកបានទេ។
លោក ចេង សុភាព ថ្លែងនៅក្រោយកិច្ចប្រជុំថា ខាងភាគីធនាគារបញ្ជាក់ថា ធនាគារមិនទទួលខុសត្រូវរឿងសំណងចំពោះអ្នកភូមិ ដែលរងផលប៉ះពាល់ពីចម្ការអំពៅស្ករសភ្នំពេញ នោះទេ៖ «សំឡេង»។
វិទ្យុអាស៊ីសេរី ព្យាយាមជួបមន្ត្រីធនាគារ ដើម្បីបញ្ជាក់អំពីបញ្ហានេះ ក៏ប៉ុន្តែមន្ត្រីសន្តិសុខធនាគារមិនអនុញ្ញាតឱ្យចូលជួបទេ។
មន្ត្រីសម្របសម្រួលដោះស្រាយវិវាទ និងអភិវឌ្ឍន៍មូលដ្ឋាន នៃក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ (Phnom Penh Sugar) លោក សិន សត្ថា មានប្រសាសន៍បញ្ជាក់ថា ខាងក្រុមហ៊ុនលោកមានចេតនា និងកំពុងដោះស្រាយបញ្ហានេះ ដោយនីតិវិធីរបស់ក្រុមហ៊ុន។ លោកថ្លែងថា ការដោះស្រាយនេះនៅគ្រួសារតិចតួចប៉ុណ្ណោះ។
លោក ចេង សុភាព ថ្លែងថា ការតវ៉ានេះ គឺជាការតវ៉ាដាច់ដោយឡែកពីការដោះស្រាយរបស់ក្រុមហ៊ុនស្ករសភ្នំពេញ។ លោកទទួលស្គាល់ការដោះស្រាយនោះ ប៉ុន្តែលោកចង់ឱ្យកែលំអបន្ថែម។
អ្នកតវ៉ាព្យាយាមបិទផ្លូវក្រមួនស មុខធនាគារ អេ.អិន.ហ្សិត ប៉ុន្តែត្រូវកងសន្តិសុខខណ្ឌដូនពេញ ធ្វើអន្តរាគមន៍ឱ្យបើកវិញ។
ក្រុមអ្នកតវ៉ាបានសម្រេចរំសាយគ្នាវិញនៅម៉ោង ៤រសៀល បន្ទាប់ពីការតវ៉ាជាង ៥ម៉ោង ដោយមិនបានទទួលលទ្ធផលអ្វី។ លោក ចេង សុភាព ប្ដេជ្ញាថា ពួកលោកមានគម្រោងនាំគ្នាតវ៉ាជាទ្រង់ទ្រាយធំទៀតនៅថ្ងៃខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។