ស្ត្រីបឹងកក់ ម្នាក់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងពលរដ្ឋ ៤នាក់ទៀតរបួសស្រាល នៅក្នុងពេលដែលអាជ្ញាធរប្រមាណ ១០០នាក់ រារាំងពលរដ្ឋដែលមានប្រមាណ ១០០នាក់ដែរ មិនអោយចាកចេញពីវត្តពុទ្ធិយារាម ឬហៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ មិនអោយទៅសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី និងពីរដ្ឋសភាពីបញ្ហាជម្លោះដីធ្លី។
តំណាងអ្នកបឹងកក់ អ្នកស្រី ខែក ច័ន្ទរស្មី ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត (Calmet) កាលពីព្រឹកថ្ងៃទី២៩ ខែសីហា បន្ទាប់ពីបានសន្លប់បាត់ស្មារតីធ្ងន់ធ្ងរ ដោយប៉ះទង្គិចក្បាលនឹងជញ្ជាំងឡាន នៅពេលកម្លាំងអាជ្ញាធរបានចាប់បង្ខំបញ្ជូនចេញពីវត្តពុទ្ធិយារាម ជាមួយនឹងស្ត្រីបឹងកក់ បីនាក់ទៀត។ មកដល់ពេលនេះ ស្ត្រីបឹងកក់រូបនោះបានធូរស្រាលវិញហើយ ចំណែកស្ត្រី ៣នាក់ទៀត ក៏ត្រូវដោះលែងវិញ។
ចំណែកតំណាងពលរដ្ឋដែលធ្វើដំណើរមកពីខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ចំនួន ៤នាក់របួសស្រាល និងត្រូវបញ្ជូនទៅព្យាបាលនៅអង្គការលីកាដូ (Licadho)។
តំណាងពលរដ្ឋម្នាក់ លោក ម៉ៅ ឆាង ថ្លែងថា អាជ្ញាធរគួរតែដោះស្រាយបញ្ហាជាជាងដាក់កម្លាំងរារាំងធ្វើបាបពួកគាត់។
បើទោះជាយ៉ាងណា អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត សន្យាថានឹងជួយពន្លឿនដំណោះស្រាយដីធ្លីជាមួយថ្នាក់ខេត្តជូនពលរដ្ឋ។
ប្រជាពលរដ្ឋប្រមាណ ១០០នាក់ កំពុងស្នាក់នៅក្នុងវត្តពុទ្ធិយារាម ហៅវត្តចាស់ បន្ទាប់ពីពួកគាត់បានធ្វើដំណើរមកពីខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ កាលពីដើមសប្ដាហ៍នេះ ដើម្បីស្វែងរកអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធអោយជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។