ប្រជាពលរដ្ឋ ៧នាក់តំណាងឱ្យពលរដ្ឋ ៥៦គ្រួសារ មកពីស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃសុក្រ ទី១២ ខែមករា បានដាក់ញត្តិទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំឱ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនឯកជន ដែលមានអ្នកមានអំណាចនៅពីក្រោយខ្នង។
ខ្លឹមសារនៃញត្តិដែលក្រុមពលរដ្ឋដាក់ជូនក្រសួងរៀបចំដែនដីនោះ គឺស្នើសុំអន្តរាគមន៍ពីស្ថាប័នជំនាញមួយនេះ ជុំវិញរឿងវិវាទដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុន ឌែលខម (Del com Cambodia) ដែលស្ថិតនៅក្នុងតំបន់រំដេង ភ្នំលង់ ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ។
តំណាងពលរដ្ឋលោក ទុយ ឆេង បញ្ជាក់ប្រាប់អាស៊ីសេរីថា ក្រុមហ៊ុន ឌែលខម ដែលមានលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការរងនៃកងអង្គរក្សលោក ហ៊ុន សែន ជាខ្នងបង្អែក បានរំលោភយកដីធ្លីរបស់ពួកគាត់តាំងពីឆ្នាំ២០០២ មក។ លោកបន្តថា ប្រជាពលរដ្ឋបានស្នើសុំអន្តរាគមន៍ជាច្រើនដងទៅអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត តែអាជ្ញាធរទាំងនោះមិនបានជួយដោះស្រាយពួកគាត់ឡើយ តែបែរជាគាំទ្រក្រុមហ៊ុនទៅវិញ។ ហេតុនេះហើយទើបពួកគាត់សម្រេចចិត្តឡើងមកភ្នំពេញ ដើម្បីស្នើសុំដល់អាជ្ញាធរជំនាញថ្នាក់ជាតិ៖ «ប្រជាពលរដ្ឋមិនអស់ចិត្ត និងមិនសុខចិត្ត គឺដោយសារប្រជាពលរដ្ឋរស់នៅលើដីភូមិកររបស់ខ្លួន ហើយម្យ៉ាងទៀតដីនោះជារបស់ជនជាតិដើមភាគតិចកួយ ដែលពួកគាត់ធ្លាប់រស់នៅតាំងពីដូនតាមក។ តែបច្ចុប្បន្នហ្នឹង វាទៅជាដីរបស់ក្រុមហ៊ុនទៅវិញ មិនមែនជាដីពលរដ្ឋ»។
តំណាងពលរដ្ឋបញ្ជាក់ថា ខាងមន្ត្រីក្រសួងរៀបចំដែនដី បានទទួលយកញត្តិរបស់ពលរដ្ឋ និងបានប្រាប់ពួគគាត់ឱ្យនាំគ្នាទៅជួបតំណាងក្រសួងនៅថ្ងៃទី២៨ ខែមករា ខាងមុខនេះ។ ដូច្នេះលោកសង្ឃឹមថា ក្រសួងរៀបចំដែនដីនឹងជួយអន្តរាគមន៍ដោះស្រាយបញ្ហានេះ ដើម្បីឱ្យពួកគាត់អាចមានលទ្ធផលចូលទៅធ្វើស្រែចម្ការនៅលើដីនោះវិញ៖ «សុំឱ្យអាជ្ញាធរ និងលោករដ្ឋមន្ត្រី (ជា សុផារ៉ា) ឱ្យគាត់ចេញជាប័ណ្ណកម្មសិទ្ធិពេញលេញ តែគាត់មិនទាន់ឆ្លើយតបទេ។ គាត់គ្រាន់តែប្រាប់ឱ្យថា ចាំដល់ថ្ងៃទី២៨ (មករា) គាត់នឹងទៅធ្វើសន្និបាតនៅមន្ទីរសុរិយោដីខេត្តព្រះវិហារ គាត់ឱ្យប្រជាពលរដ្ឋខ្ញុំហ្នឹងទៅជួប»។
តំណាងពលរដ្ឋអះអាងថា ពួកគាត់ចំនួន ៥៦គ្រួសារបានរស់នៅលើទីតាំងដីទំនាស់នោះ តាំងពីឆ្នាំ១៩៩៧ ដោយមានការទទួលស្គាល់ពីអាជ្ញាធរ និងមានឯកសារកាន់កាប់ដីធ្លីត្រឹមត្រូវ ក៏ប៉ុន្តែចាប់តាំងពីឆ្នាំ២០០២ មក ក្រុមហ៊ុន ឌែលខម បានព័ទ្ធរបងការដ្ឋានរំលោភយកដីចម្ការរបស់ពួកគាត់អស់ចំនួន ១២៧ហិកតារ ពោលគឺនៅសល់តែ ២០ហិកតារទៀតប៉ុណ្ណោះ ដែលពួកគាត់អាចនៅបង្កបង្កើនផលបាន។ បញ្ហានេះបានអូសបន្លាយជាច្រើនឆ្នាំ ហើយមានការប៉ះទង្គិចរវាងក្រុមហ៊ុន និងពលរដ្ឋជាច្រើនដងនៅពេលដែលពលរដ្ឋចូលទៅធ្វើចម្ការ។
អាស៊ីសេរី មិនអាចទាក់ទងក្រុមហ៊ុន ឌែលខម និងលោក ហ៊ីង ប៊ុនហៀង ដើម្បីសុំការបកស្រាយអំពីរឿងនេះបានទេ នៅថ្ងៃទី១២ ខែមករា។
អ្នកសម្របសម្រួលកម្មវិធីកសាងសមត្ថភាពសហគមន៍ និងតស៊ូមតិនៃអង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ ដែលធ្លាប់បានចុះទៅអង្កេតរឿងនេះដោយផ្ទាល់ថ្លែងថា ទំនាស់ដីធ្លីនេះគឺជារឿងពិបាកដោះស្រាយ ព្រោះដីទំនាស់ជាដីរ៉ែមាស។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនដែលបង្កទំនាស់ជាមួយពលរដ្ឋមានមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាលធ្វើជាខ្នងបង្អែក ហើយផលដែលបានពីការធ្វើអាជីវកម្មរ៉ែមាសនោះ ក៏មានចំណែករបស់មន្ត្រីទាំងនោះដែរ។ លោកបន្តថា តំបន់ដែលក្រុមហ៊ុន ឌែលខម កំពុងធ្វើអាជីវកម្មនោះ មានការយាមកាមតឹងរ៉ឹងជាខ្លាំងមិនឱ្យប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលចេញចូល ឬទៅក្បែរៗតំបន់នោះបានឡើយ៖ «កុំថាឡើយដល់ចូលក្នុងទីតាំងក្រុមហ៊ុន គ្រាន់តែនៅខាងក្រោបរិវេណដែលគេកំពុងតែរកមាសហ្នឹង ក៏មិនអាចចូលទៅបានដែរ គេមានទាហាន មានប៉ូលីសយាមតឹងតែងណាស់ អ៊ីចឹងការស្នើសុំរបស់ប្រជាពលរដ្ឋជាង ៥០គ្រួសារនោះ ជារឿងមួយដែលរដ្ឋាភិបាលគួរតែពិនិត្យមើលការអនុវត្តរបស់អាជ្ញាធរថ្នាក់ក្រោមហ្នឹង មិនអាចឱ្យពួកគេធ្វើអ្វីតាមតែចិត្តបានទេ។ អ៊ីចឹងត្រូវមើលអំពីការអនុវត្តច្បាប់ និងគោលការណ៍អភិបាលកិច្ចនៅថ្នាក់ខាងក្រោមផង បើមិនដូច្នេះទេ ប្រជាពលរដ្ឋនឹងមិនស្ងប់ទេ គាត់នឹងមានការទាមទារបន្តទៅទៀត»។
តំណាងប្រជាពលរដ្ឋអះអាងថា ពួកគាត់នឹងមិនបញ្ឈប់សកម្មភាពស្វែងរកដំណោះស្រាយរឿងដីធ្លីនេះទេ។ ប្រសិនបើមិនមានដំណោះស្រាយត្រឹមត្រូវ និងសមរម្យទេនោះ ពួកគាត់នឹងបន្តដាក់ញត្តិ និងពាក្យបណ្ដឹងទៅស្ថាប័នពាក់ព័ន្ធផ្សេងទៀតរហូតទាល់តែមានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។