អ្នក​ភូមិ​ឧត្តរមានជ័យ​ជាង​២០០​គ្រួសារ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ប្រគល់​ដីធ្លី​ឱ្យ​ពួកគេ​វិញ

0:00 / 0:00

រយៈពេល​ជិត ៧​ឆ្នាំ​ហើយ ដែល​ប្រជាពលរដ្ឋ​ជាង​ ២០០​គ្រួសារ​នៅ​ភូមិ​អូរ​បាត់​មាន់ សង្កាត់​កូនក្រៀល ក្រុង​សំរោង ត្រូវ​អាជ្ញាធរ​បណ្ដេញ​ចេញ ហើយ​យក​ទាំង​ដី​លំនៅឋាន ដី​ស្រែ និង​ចម្ការ​របស់​ពួកគេ ប្រគល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ។ រហូត​មក​ដល់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ទាំង​នោះ​នៅ​មិន​ទាន់​បាន​ទទួល​គោលនយោបាយ​ដោះស្រាយ​ដីធ្លី​ពី​រដ្ឋាភិបាល​ចែក​ជូន​ឱ្យ​ពួកគេ​បាន​សង់​លំនៅឋាន និង​ដី​ធ្វើស្រែ​ចម្ការ​វិញ​នៅ​កន្លែង​ណា​មួយ​ថ្មី​នៅ​ឡើយ​ទេ។

​តើ​បច្ចុប្បន្ន ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​រស់​នៅ​ក្នុង​ស្ថានភាព​យ៉ាង​ណា?

អតីត​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរបាត់មាន់ សង្កាត់​កូនក្រៀល ចំនួន​ជាង ២០០​គ្រួសារ បាន​នាំ​គ្នា​ផ្ដិត​មេដៃ ធ្វើ​ពាក្យ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ក្រុង​សំរោង និង​ខេត្ត​ឧត្តរមានជ័យ ឱ្យ​ប្រគល់​អតីត​ដី​លំនៅឋាន និង​ស្រែ​ចម្ការ​របស់​ពួកគេ​កាល​ពី​ជាង ៦​ឆ្នាំ​មុន​មក​ឱ្យ​ពួកគេ​ធ្វើ​ជា​កម្មសិទ្ធិ​ឡើង​វិញ។

ក្រុម​អ្នក​ភូមិ​ដែល​ភាគ​ច្រើន​ជា​កសិករ​ក្រីក្រ បាន​នាំ​យក​លិខិត​ស្នើ​សុំ​របស់​ពួកគេ​ទៅ​ដាក់​ជូន​សាលាក្រុង​សំរោង រួច​ហើយ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ កន្លង​ទៅ។ ក្រុម​អ្នក​ភូមិ​ដែល​បាត់បង់​ដីធ្លី​ដោយសារ​ការ​បណ្ដេញ​ចេញ​ទាំង​នោះ ឱ្យ​ដឹង​ថា រយៈពេល​ជិត ៧​ឆ្នាំ​មក​នេះ ពួកគេ​រស់នៅ​យ៉ាង​លំបាក​វេទនា ដោយ​គ្មាន​ដី​ថ្មី​សម្រាប់​សង់​លំនៅឋាន ព្រមទាំង​មិន​មាន​ដី​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត​ទេ។

ស្ត្រី​ម្នាក់ ជា​អតីត​អ្នក​ភូមិ​អូរបាត់មាន់ ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ក្នុង​ពេល​បើក​ប្រតិបត្តិការ​បណ្ដេញ​ចេញ​នោះ គឺ​អ្នកស្រី ហួយ ម៉ៃ។ លោកស្រី​មាន​ប្រសាសន៍​ថា បន្ទាប់​រូប​គាត់​ត្រូវ​គេ​ដោះលែង​ពី​គុក ហើយ​វិល​ត្រឡប់​មក​ជួប​ជុំ​គ្រួសារ​វិញ គឺ​បាន​បាត់បង់​ដីស្រែ​ទំហំ ៥​ហិកតារ និង​ដី​ភូមិ​ទៀត។

ចាប់​តាំង​ពី​ឆ្នាំ​២០០៩ ដែល​រដ្ឋាភិបាល​បាន​យក​ដី​ភូមិ និង​ស្រែចម្ការ​របស់​គាត់​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ដាំ​អំពៅ​មក​គ្រួសារ​របស់​គាត់​បាន​ទៅ​សុំ​ដី​សហគមន៍​ព្រៃឈើ​ដែល​នៅ​ក្បែរ​គ្នា​នោះ សង់​ខ្ទម​រស់​នៅ ហើយ​ប្រើ​កម្លាំង​ដើរ​ស៊ី​ឈ្នួល​ដក​ដំឡូង និង​ដាំ​ដំណាំ​ឱ្យ​គេ​គ្រប់​ទី​កន្លែង ដើម្បី​បាន​កម្រៃ​ដោះស្រាយ​ជីវភាព​គ្រួសារ ពីព្រោះ​តែ​មិន​មាន​ដី​ធ្វើ​ស្រែ៖ «លោក​អើយ សព្វថ្ងៃ​ខ្ញុំ​ដើរ​ស៊ី​ឈ្នួល​គេ លំបាក​វេទនា​ណាស់ ពីព្រោះ​ខ្ញុំ​មិន​មាន​ដី​បង្កបង្កើនផល​ក៏​ដើរ​ដាំ​ដំឡូង​ឱ្យ​គេ​ជីក​ដំឡូង​ឱ្យ​គេ ឯ​កូន​ក៏​ឈប់​រៀន​អស់ ដោយសារ​តែ​មិន​មាន​ប្រាក់​ឱ្យ​ទៅ​សាលារៀន»

បុរស​ដែល​ជា​អតីត​អ្នក​ភូមិ​អូរបាត់មាន់ ម្នាក់​ទៀត លោក គន់ សំរិទ្ធិ មាន​ប្រសាសន៍​ប្រហាក់ប្រហែល​គ្នា​ថា រូប​គាត់​បាន​បាត់បង់​ដីស្រែ​ទំហំ ៥​ហិកតារ និង​ដី​ភូមិ​ភូមិ​ទំហំ ៤០​ម៉ែត្រ គុណ​នឹង ៦០​ម៉ែត្រ។ លោក គន់ សំរិទ្ធិ បញ្ជាក់​ថា ចាប់​តាំង​ពី​រូប​គាត់​គ្មាន​ដី​សង់ផ្ទះ​សម្បែង និង​ដីស្រែ​មក គឺ​គ្មាន​អ្វី​អាច​ទី​ពឹង​ជា​មុខ​របរ​ចិញ្ចឹម​ជីវិត​ទេ ក៏​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ៖ «តាំង​ពី​នោះ​មក គឺ​ខ្ញុំ​អត់​មាន​អី​ធ្វើ​ទេ ដើរ​ស្រែ​គេ​ធ្វើ​ហើយ ជួនកាល​ខ្ញុំ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ដើម្បី​រក​ការងារ​ធ្វើ»

អតីត​អ្នក​ភូមិ​អូរបាត់មាន់ ចំនួន​ជាង ២១០​គ្រួសារ​ផ្សេង​ទៀត ក៏​មាន​ស្ថានភាព​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ។ ពួកគេ​ទាមទារ​ឱ្យ​អាជ្ញាធរ​ក្រុង​សំរោង និង​ខេត្ត​ឧត្តរមានជ័យ ប្រគល់​អតីត​ដី​ភូមិ និង​ស្រែចម្ការ ត្រឡប់​មក​ជា​កម្មសិទ្ធិ​របស់​ពួកគេ​វិញ។

​ការ​ទាមទារ​បែប​នេះ បន្ទាប់ពី​ពួកគេ​ដឹង​ថា ក្រុមហ៊ុន​ចំនួន​៣ គឺ​ក្រុមហ៊ុន​អង្គរ ស៊ូហ្គើរ (Angkor Sugar) ក្រុមហ៊ុន​ទន្លេ ស៊ូហ្គើរ (Tunle Sugar) និង​ក្រុមហ៊ុន ខេន អែន ស៊ូហ្គើរ (Can And Sugar) ដែល​ជា​អ្នក​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ដាំ​អំពៅ​ទី​នោះ បាន​ប្រកាស​ក្ស័យធន​មក។

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​បី​នោះ គឺ​ពិត​ជា​បាន​ប្រកាស​ក្ស័យធន​តាំង​តែ​ពី​អំឡុង​ខែ​មីនា​ ឆ្នាំ​២០១៥ ហើយ​រដ្ឋាភិបាល​ក៏​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ដោយ​ដក​ហូត​យក​ដី​ទំហំ ១៨.០០០​ហិកតារ​ពី​ក្រុមហ៊ុន​ទាំង​៣ មក​ទុក​ជា​របស់​រដ្ឋ​វិញ។

អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ឃើញ​អតីត​អ្នក​ភូមិ​អូរបាត់មាន់ ធ្វើ​លិខិត​ស្នើ​សុំ​អតីត​ដី​ស្រែ​ចម្ការ​របស់​គាត់​ទៅ​គ្រប់​គ្រង​វិញ​តាម​រយៈ​អាជ្ញាធរ​នៅ​ឡើយ​ទេ គឺ​ឃើញ​តែ​លិខិត​ស្នើ​សុំ​តាម​រយៈ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ លោក ស ថាវី បញ្ជាក់​ថា បន្ទាប់​ពី​ក្រុមហ៊ុន​ប្រកាស​ក្ស័យធន ហើយ​ប្រគល់​ដី​សម្បទាន​ទៅ​ឱ្យ​រដ្ឋាភិបាល​វិញ​នោះ គឺ​វា​ត្រូវ​បាន​ចុះ​ទៅ​ក្នុង​បញ្ជី​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មិន​មែន​ជា​ដី​របស់​ខេត្ត​ទេ ដូច្នេះ​ប្រសិនបើ​ប្រជាពលរដ្ឋ​ទាមទារ​ដី​នោះ​ធ្វើ​ជា​កម្មសិទ្ធិ​វិញ គឺ​ត្រូវ​ធ្វើ​ពាក្យ​ស្នើ​សុំ​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន​ជា​លំដាប់លំដោយ។

ទោះ​យ៉ាង​ណា លោក ស ថាវី ឱ្យ​ដឹង​ថា ដំណើរ​ការ​ប្រគល់​ដីធ្លី​ទៅ​ឱ្យ​អ្នក​ភូមិ​អូរបាត់មាន់ វិញ​នោះ អាច​នឹង​ត្រូវ​ប្រើ​វិធានការ​ជា​ច្រើន ពីព្រោះ​តែ​បន្ទាប់​ពី​មាន​អ្នក​ភូមិ​ខ្លះ​ដាក់​ពាក្យ​ស្នើ​សុំ​កាន់កាប់​ដីធ្លី​ឡើង​វិញ ក៏​មាន​មនុស្ស​ខ្លះ​ឆ្លៀត​ឱកាស​ដើរ​កត់​ឈ្មោះ​អ្នក​ផ្សេង ហើយ​ទារ​លុយ​ពី ៥​ម៉ឺន ទៅ ១០​ម៉ឺន​រៀល ជា​ថ្នូរ​នឹង​ការ​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ដើម្បី​សុំ​ដី​នោះ​ដែរ៖ «​ដល់​កើត​បញ្ហា​ហ្នឹង​មក​ខ្ញុំ​ក៏​បាន​បញ្ជា​ទៅ​ឱ្យ​ក្រុង​សំរោង ស្រាវជ្រាវ ហើយ​បញ្ជាក់​ថា ករណី​នេះ​មាន​ការ​យក​លុយ​ពិតប្រាកដ​មែន។ ការ​ស្នើ​សុំ​ដី​របស់​ប្រជាពលរដ្ឋ ទោះ​បី​ជា​ប្រមុខ​រដ្ឋាភិបាល​ក៏​មិន​ជំទាស់​ដែរ ឱ្យ​តែ​គាត់​អត់​ពិត​មែន»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន បាន​គាំទ្រ​វិធានការ​របស់​អាជ្ញាធរ​ខេត្ត ដែល​ប្រុងប្រយ័ត្ន​ចំពោះ​មនុស្ស​ខិលខូច​ទាំង​នោះ ប៉ុន្តែ​លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅ​លើ​អតីត​អ្នក​ភូមិ​អូរបាត់មាន់ ដែល​គ្មាន​ដី​រស់​នៅ និង​ធ្វើ​កសិកម្ម​ពិត​ប្រាកដ៖ «បើ​សិន​ជា​មាន​ក្រុម​មនុស្ស​ដែល​ដើរ​ចុះ​ឈ្មោះ ហើយ​យក​លុយ​ពី​គេ​ហ្នឹង ខ្ញុំ​មិន​គាំទ្រ​ទេ សូម​សមត្ថកិច្ច​ចាត់​វិធានការ​ទៅ។ តែ​ដោយ​ឡែក​បើ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​តាំង​ពី​ឆ្នាំ​២០០៩ មក​ដល់​ឥឡូវ​មិន​ទាន់​បាន​ទទួល​សំណង​សមរម្យ​គួរតែ​ផ្ដល់​ដី​ឱ្យ​ពួកគាត់​វិញ»

លោក ស្រី ណារ៉េន អះអាង​ថា រយៈពេល​ជិត ៧​ឆ្នាំ​មក​ហើយ រហូត​មក​ដល់​បច្ចុប្បន្ន អតីត​អ្នក​ភូមិ​អូរបាត់មាន់ ជាង ២១០​គ្រួសារ ភាគ​ច្រើន​កំពុង​រស់​នៅ​ក្នុង​ភាព​វេទនា គ្មាន​ដី​សង់​លំនៅឋាន​ដើរ​សុំ​ដី​គេ​សង់​ខ្ទម​ជ្រកកោន ព្រម​ទាំង​គ្មាន​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​ផង។ អ្នក​ភូមិ​ជា​ច្រើន​បាន​សម្រេច​ចិត្ត​ពនេចរ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ និង​ខ្លះ​ទៀត​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។