ពលរដ្ឋ​៣​ស្រុក​ក្នុង​ខេត្ត​ព្រះវិហារ​គ្រោង​ធ្វើ​ពិធី​សែន​អ្នក​តា​ការពារ​ដី​ពី​ការ​រំលោភ​របស់​ក្រុមហ៊ុន

0:00 / 0:00

អង្គការ​ពន្លក​ខ្មែរ ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ចំនួន​ជាង ៨០០​គ្រួសារ ដែល​រស់​នៅ​ស្រុក​ត្បែងមានជ័យ ស្រុក​ជ័យសែន និង​ស្រុក​ឆែប របស់​ខេត្ត​ព្រះវិហារ កំពុង​ទទួល​រង​ការ​ប៉ះពាល់​ដោយសារ​តែ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ឈូស​រំលោភ​យក​ដីស្រែ​ចម្ការ​របស់​ពួកគេ។

ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ បាន​ប្រឹងប្រែង​តាម​មធ្យោបាយ​ជា​ច្រើន​រយៈពេល ៤​ឆ្នាំ​មក​ហើយ​ដើម្បី​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ទៅ​លើ​ការ​ប៉ះពាល់ និង​បាត់បង់​ដីធ្លី​របស់​ពួកគេ ប៉ុន្តែ​មិន​មាន​លទ្ធផល​អ្វី​ប្រសើរ​នៅ​ឡើយ​ទេ។

ប្រជាពលរដ្ឋ​ដែល​ជា​សហគមន៍​ទំនាស់​ដីធ្លី នៅ​ក្នុង​ស្រុក​ចំនួន​៣ របស់​ខេត្ត​ព្រះវិហារ មាន​គម្រោង​នឹង​ធ្វើ​ពិធី​បន់ស្រន់​អ្នក​តា បំណង​សូម​ឱ្យ​ជួយ​ថែរក្សា​ពួកគេ​ឱ្យ​មាន​សេចក្ដី​សុខ​ចំរើន ព្រម​ទាំង​ដាក់​បណ្ដាសា​ដល់​ក្រុមហ៊ុន​ដែល​កំពុង​តែ​រំលោភ​យក​ដីធ្លី​របស់​ពួកគេ​ផង នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ខាង​មុខ។

ក្រុម​អ្នក​ភូមិ​ដែល​រស់​នៅ​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ និង​ស្រុក​ជ័យសែន គ្រោង​នឹង​រៀបចំ​ពិធី​សែន​អ្នកតា​នេះ​នៅ​ក្នុង​ថ្ងៃ និង​ម៉ោង​ដំណាលគ្នា ប៉ុន្តែ​ទីកន្លែង​ប្រារព្ធ​ផ្សេងៗ​ពី​គ្នា។

តំណាង​សហគមន៍​ទំនាស់​ដីធ្លី​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ គឺ​អ្នកស្រី នួន ម៉ុន។ អ្នកស្រី​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២១ ខែ​កុម្ភៈ ថា ក្រុម​របស់​អ្នកស្រី​នឹង​រៀបចំ​ពិធី​ឡើង​អ្នក​តា​ដែល​ថែរក្សា​ព្រៃ រក្សា​ប្រាសាទ​បុរាណ ព្រមទាំង​បញ្ចូល​រូប​ផង ឱ្យ​លោក​មក​ជួប​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​រង​ទុក្ខ ដោយ​ការ​បាត់បង់​ដីធ្លី​ដើម្បី​ឱ្យ​ជួយ​ថែរក្សា​ឱ្យ​បាន​សុខសាន្ត​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ខាង​មុខ៖ «អ្នកតា​រក្សា​ព្រៃ រក្សា​ភ្នំ រក្សា​ប្រាសាទ​បុរាណ​នៅ​កន្លែង​ក្រុមហ៊ុន​ដី​សម្បទាន​ឱ្យ​លោក​អញ្ជើញ​ចូល​មក​ដើម្បី​បាន​ជួប​បងប្អូន​ដែល​មាន​ទុក្ខ​លំបាក»

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច នៅ​ឃុំ​ប្រមេរ ម្នាក់​ទៀត​ដែល​គ្រោង​នឹង​ដឹកនាំ​ធ្វើ​ពិធី​សែន​អ្នក​តា​នៅ​ឯ​ទីវាល អ្នកស្រី ស៊ិន សាំ មាន​ប្រសាសន៍​ថា ក្រុម​របស់​អ្នកស្រី​នឹង​ធ្វើ​ពិធី​នេះ​នៅ​ជិត​កន្លែង​ដែល​ក្រុមហ៊ុន​ដាំ​អំពៅ​របស់​ចិន កំពុងតែ​ឈូស​ឆាយ​រំលោភ​យក​ដី​ស្រែ​ចម្ការ។ ពិធី​នោះ​នឹង​មាន​មាន់ ជ្រូក ដើម្បី​សែន​ថ្វាយ​អ្នកតា ម្ចាស់​ទឹក​ម្ចាស់​ដី​ឱ្យ​សេពសោយ​ទៅ​តាម​ប្រពៃណី ព្រម​ទាំង​ដាក់​បណ្ដាសា​ដល់​អ្នក​រំលោភ​យក​ដី​ធ្លី​ផង៖ «អ្នក​ណា​ធ្វើ​អាក្រក់ រំលោភ​យក​ទឹក​ដី​យើង ក៏​ឱ្យ​អ្នកតា​កាច់​ទៅ។ ដោយសារ​ថា ផ្លូវ​ច្បាប់​ដោះស្រាយ​មិន​បាន ទើប​ក្រុម​របស់​ខ្ញុំ​ធ្វើ​ពិធី​តាម​ជំនឿ​ដូច្នេះ»

​ទោះជា​យ៉ាង​ណា អាស៊ីសេរី​មិន​អាច​សុំ​ការ​អធិប្បាយ​ពី​អភិបាល​ខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់ដា ជុំវិញ​រឿង​ដែល​អ្នក​ភូមិ​នាំ​គ្នា​ធ្វើ​ពិធី​សែន​អ្នកតា ព្រមទាំង​ដាក់​បណ្ដាសា​ទៅ​លើ​អ្នក​រំលោភ​ដីធ្លី​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​រសៀល​ថ្ងៃ​ទី​​​២១ ខែ​កុម្ភៈ ដោយសារ​តែ​លោក​មិន​លើក​ទូរស័ព្ទ។

អង្គការ​ពន្លក​ខ្មែរ បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៤​ឆ្នាំ​មក​នេះ គេ​បាន​ស្រាវជ្រាវ​រក​ឃើញ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជ័យសែន ជាង ៨០០​គ្រួសារ បាន​រង​ការ​ប៉ះពាល់ និង​បាត់បង់​ដីស្រែ​ចម្ការ​ប្រមាណ​ជាង ៦.០០០​ហិកតារ ដោយសារ​តែ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ចិន ឈូស​ឆាយ​យក​ទៅ​ដាំ​អំពៅ។

មន្ត្រី​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ យល់​ថា ប្រហែល​ជា​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង​នោះ​គ្មាន​ភាព​កក់ក្ដៅ​ក្នុង​ការ​ដោះស្រាយ​តាម​ផ្លូវ​អាជ្ញាធរ និង​ប្រព័ន្ធ​ច្បាប់​ត​ទៅ​ទៀត ទើប​ពួកគេ​បង្ខំ​ចិត្ត​យក​ពិធី​ជំនឿ​អរូបិយ​មក​បែរ​បន់​ដូច្នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។