សមាគមការពារសិទ្ធិមនុស្សអាដហុក អះអាងថា ខេត្តព្រះវិហារ កំពុងជាប់លំដាប់ថ្នាក់លេខ២ ខាងមានករណីទំនាស់ដីធ្លីច្រើនជាងគេក្នុងចំណោមខេត្តក្រុងចំនួន ២៣ផ្សេងទៀត នៅទូទាំងប្រទេស។ បញ្ហាទំនាស់ដីធ្លីនេះដែរ ខេត្តព្រះវិហារ ក៏បានជាប់លំដាប់ថ្នាក់លេខ១ ចំពោះសកម្មភាពប្រជាពលរដ្ឋដែលតែងតែនាំគ្នាតវ៉ា ឬក៏តស៊ូមតិនោះដែរ។
កាលពីព្រឹកថ្ងៃពុធ ទី៥ ខែសីហា ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុករវៀង បានលើកគ្នាទៅតវ៉ាប្រឆាំងនឹងក្រុមហ៊ុន១ ដែលគេចោទថា កំពុងរំលោភយកដីធ្លី ព្រមទាំងបិទផ្លូវមិនឱ្យអ្នកភូមិបានចេញចូលធ្វើស្រែចំការផង។
ប្រជាពលរដ្ឋនិងជនជាតិដើមភាគតិចកួយ មកពីភូមិចំនួន៤ នៃឃុំ២ បានលើកគ្នាទៅមុខសង្កាត់រដ្ឋបាលព្រៃឈើរវៀង កាលពីព្រឹកថ្ងៃពុធ ទី៥ ខែសីហា។
ក្រុមប្រជាពលរដ្ឋដែលមកពីភូមិបង្កើនផល ភូមិត្រពាំងទឹមនៃឃុំរម្យទម និងភូមិរំចេក ភូមិភ្នំដែក នៃឃុំរមណី គឺបំណងទាមទារឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ដោះលែងត្រាក់ទ័រ១គ្រឿង ដែលរដ្ឋបាលព្រៃឈើចាប់ពីអ្នកភូមិនោះមកវិញ ព្រមទាំងឱ្យផ្អាកការឈូសឆាយរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនៅលើដីទំនាស់ផង។
តំណាងអ្នកភូមិបង្កើនផល គឺលោក លី គី។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃពុធ ទី៥ ខែសីហា ថា កាលពី ២-៣ខែមុន ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច១ឈ្មោះ ហ្គ្រីន ឆយ (Green Choice) បានយកគ្រឿងចក្រទៅឈូសឆាយធ្វើឱ្យប៉ះពាល់ដល់ដីប្រជាពលរដ្ឋចំនួន ១២គ្រួសារ ព្រមទាំងធ្វើឱ្យប៉ះពាល់ដីបម្រុងរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត។
បុរសដដែលបញ្ជាក់ទៀតថា ក្រុមអ្នកភូមិជាច្រើនបានលើកគ្នានៅព្រឹកថ្ងៃទី៥ ខែសីហា គឺដើម្បីឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ បញ្ឈប់ការឈូសឆាយដីរបស់ក្រុមហ៊ុន ហ្គ្រីន ឆយ តទៅទៀត ព្រមទាំងឱ្យក្រុមហ៊ុនឈប់រាំងបិទផ្លូវអ្នកភូមិដែលចូលទៅធ្វើស្រែចំការជាដើម៖ «ដីហ្នឹងគេឱ្យចូលទៅដែរ ប៉ុន្តែពិបាកធ្វើដំណើរ ដោយកន្លែងគេរំលំឈើបិទផ្លូវ ពិបាកធ្វើដំណើរ។ ទី២ បញ្ហាដីធ្លីពីមុនមក គឺប្រជាពលរដ្ឋទាមទារឱ្យមានដំណោះស្រាយ ដោយសន្យាជាមួយគ្នាថា មិនឱ្យក្រុមហ៊ុនឈូសឆាយបន្តទៀតទេ ប៉ុន្តែក្រុមហ៊ុនចេះតែលួចឈូស»។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលស្រុករវៀង លោក ឯ សារ៉ូ ដើម្បីសុំការពន្យល់ជុំវិញបញ្ហាទំនាស់ធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ហ្គ្រីន ឆយ បានថា យ៉ាងណានៅឡើយ។
នាយសង្កាត់រដ្ឋបាលព្រៃឈើរវៀង លោក ជ័យ សេដ្ឋា មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលលើកគ្នាមកនេះ គោលបំណងគឺចង់ជួបជាមួយផ្នែករដ្ឋបាលព្រៃឈើ ក៏ប៉ុន្តែអ្នកភូមិបានប្រមូលផ្ដុំគ្នានៅសង្កាត់រដ្ឋបាលព្រៃឈើរបស់លោក។
លោក ជ័យ សេដ្ឋា បញ្ជាក់ថា ទោះយ៉ាងណា រូបលោកយល់ព្រមទទួលយកសំណើរបស់ប្រជាពលរដ្ឋដោយសុំឱ្យក្រុមហ៊ុនឈប់ឈូសឆាយពង្រីកផ្ទៃដីមួយរយៈសិន ព្រមទាំងធ្វើរបាយការណ៍ដាក់ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ឱ្យពិចារណាលើការដោះលែងត្រាក់ទ័ររបស់ប្រជាពលរដ្ឋវិញផង៖ «បងប្អូនប្រជាពលរដ្ឋហ្នឹងសុំកុំឱ្យចាប់ត្រាក់ទ័រ ឬមួយក៏គោយន្តដែលភ្ជួរទៅលើដីក្រុមហ៊ុន»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ រកឃើញថា ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ហ្គ្រីន ឆយ កំពុងរំលោភទៅលើកិច្ចសន្យាជាមួយប្រជាពលរដ្ឋក្នុងរឿងទំនាស់ដីធ្លីនោះ ពីព្រោះក្រុមធ្លាប់សន្យាថា នឹងមិនឈូសឆាយពង្រីកផ្ទៃដីបន្តទៀតទេ នៅពេលដែលទំនាស់មិនទាន់បានដោះស្រាយត្រឹមត្រូវ។
លោក ឡោ ចាន់ ឱ្យដឹងថា ខេត្តព្រះវិហារ មានករណីទំនាស់ដីធ្លីច្រើនជាងបណ្ដាខេត្តក្រុងចំនួន ២៣ទៀត នៅទូទាំងប្រទេស ដោយស្ថិតក្នុងលំដាប់លេខ២ បន្ទាប់ពីខេត្តសៀមរាប។ ចំណែកឯសកម្មភាពតវ៉ា ឬក៏តស៊ូមតិជុំវិញរឿងទំនាស់ធ្លីវិញ គឺស្ថិតនៅលេខរៀងទី១ តែម្ដង ដោយសារតែក្នុង១ខែៗយ៉ាងហោចណាស់ក៏មានសកម្មភាពតវ៉ា ឬក៏សម្ដែងមតិជុំវិញរឿងទំនាស់ដីធ្លីពី៦ ទៅ ៨ករណីដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។