ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​រង​ការ​ចោទ​ថា​ឈូស​ឆាយ​រំលោភ​ដី​អ្នក​ស្រុក​រវៀង

0:00 / 0:00

ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ជាមួយ​នឹង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ បាន​ចាប់​ផ្ដើម​កក្រើក​ឡើង​វិញ​ហើយ បន្ទាប់​ពី​ការ​តវ៉ា​រឿង​ទំនាស់​ដីធ្លី​បាន​ស្ងប់ស្ងាត់​មួយ​រយៈ​ពេល​ខ្លី​មក។ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែ​ធ្នូ អ្នក​ភូមិ​បង្កន នៅ​ស្រុក​រវៀង បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ភី.អិន.ធី (PNT) ថា បាន​ប្រើ​គ្រឿងចក្រ​ទៅ​ឈូស​រំលោភ​យក​ដី​ស្រែ​ចម្ការ​របស់​ពួកគេ ព្រមទាំង​បង្ខំ​ឱ្យ​ពលរដ្ឋ​ជា​ម្ចាស់​ដី​ផ្ដិត​មេដៃ​ប្រគល់​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន​ផង។

សហគមន៍​ភូមិ​បង្កន ឃុំ​រៀបរយ បាន​រិះគន់​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក​រវៀង និង​ខេត្ត​ព្រះវិហារ​ថា កំពុង​ព្រងើយ​កន្តើយ​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​បញ្ហា​ដែល​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ឈូស​រំលោភ​យក​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ។

ប្រតិកម្ម​របស់​អ្នក​ភូមិ​នេះ បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​គេ​អះអាង​ថា ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ភី.អិន.ធី កំពុង​ប្រើ​គ្រឿងចក្រ​ឈូស​រំលោភ​យក​ដីស្រែ និង​ចម្ការ​ជា​បន្តបន្ទាប់។

តំណាង​សហគមន៍​ភូមិ​បង្កន គឺ​លោក ស៊ូ ថាល់។ លោក​អះអាង​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែ​ធ្នូ ថា ចាប់​តាំង​ពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​ធ្នូ មក ក្រុមហ៊ុន ភី.អិន.ធី បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​រំលោភ​យក​ដីស្រែ និង​ចម្ការ​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់។

​តំណាង​សហគមន៍​ដដែល​បញ្ជាក់​ថា រូបលោក និង​អ្នក​ភូមិ​ទាំង​អស់​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់បង់​ដីធ្លី ប្រសិនបើ​អាជ្ញាធរ​មិន​ធ្វើការ​ទប់ស្កាត់​ឱ្យ​ទាន់​ពេល​ទេ៖ «នេះ​កំពុង​តែ​ឈូស​រំលំ​ឈើ​ដល់​ក​ហើយ។ ក្រុមហ៊ុន ភី.អ៊ិន.ធី នេះ កំពុង​ហៅ​ប្រជាពលរដ្ឋ​ទៅ​ផ្ដិត​មេដៃ​ឱ្យ​ក្រុមហ៊ុន​ដក​យក​ដី​ធ្លី»

អ្នក​ភូមិ​បង្កន បញ្ជាក់​ថា ពួកគេ​ព្យាយាម​ទប់ស្កាត់​ក្រុមហ៊ុន​មិន​ឱ្យ​ឈូស​ឆាយ​រំលោភ​យក​ដី​របស់​ពួកគេ​ជា​ច្រើន​លើក​មក​ហើយ រហូត​ដល់​ក្រុមហ៊ុន​ប្ដឹង​ឡើង​តុលាការ​ជា​ច្រើន​ដង​ដែរ។ អ្នក​ភូមិ ១៦០​គ្រួសារ​បង្ហាញ​ក្ដី​អស់​សង្ឃឹម ប្រសិនបើ​អាជ្ញាធរ​ឃុំ​រៀបរយ អាជ្ញាធរ​ស្រុក​រវៀង និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ នៅ​តែ​ព្រងើយកន្តើយ​មិន​ព្រម​ចេញ​មុខ​ដោះស្រាយ។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​មេ​ឃុំ​រៀបរយ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ។ ចំណែក​អភិបាល​ស្រុក​រវៀង លោក ឯ សារ៉ូ វិញ ទូរស័ព្ទ​ចូល​តែ​មិន​លើក។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា លោក​ទើប​តែ​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ថា ក្រុមហ៊ុន ភី.អិន.ធី ទៅ​ឈូស​ឆាយ​រំលោភ​យក​ដី​នៅ​ភូមិ​បង្កន នោះ ក៏​ប៉ុន្តែ​លោក​មិន​ទាន់​បាន​ឃើញ​ស្ថានភាព​ជាក់ស្ដែង​យ៉ាង​ណា​នៅ​ឡើយ​ទេ៖ «បើ​សិន​ជា​មាន​ករណី​ដូច​ប្រជា​សហគមន៍​អះអាង​មែន គឺ​មាន​ន័យ​ថា ក្រុមហ៊ុន​បាន​រំលោភ​ទៅ​លើ​កិច្ច​ព្រមព្រៀង ដែល​ខ្លួន​យល់​ព្រម​ផ្អាក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នោះ​ហើយ»

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៥ ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ធ្លាប់​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​បង្កន ម្ដង​មក​ហើយ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ចុះ​ទៅ​ដោះស្រាយ​គឺ​ក្រុមហ៊ុន​ក៏​ធ្លាប់​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការ​ឈូស​ឆាយ​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។