សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បំភ្លឺ​រឿង​ឈូស​ឆាយ​ដី​ព្រៃ​នៅ​ព្រៃនប់

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ ខេត្ត​ព្រះសីហនុ បំភ្លឺ​ចំពោះ​សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូស​បំផ្លាញ​ព្រៃឈើ​រាន​យក​ដី​មាន​វិសាលភាព​ផ្ទៃ​រាប់​រយ​ហិកតារ​នៅ​ស្រុក​ព្រៃនប់ ដែល​អាជ្ញាធរ​មិន​បាន​ទប់​ស្កាត់។

ពាក់ព័ន្ធ​បញ្ហា​ខាង​លើ​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ បកស្រាយ​ថា ការ​ឈូស​ឆាយ​រាន​ដី​ព្រៃ​នា​មូលដ្ឋាន​ស្រុក​ព្រៃនប់ គឺ​ស្ថិត​ក្នុង​គម្រោង​ផែនការ​អភិវឌ្ឍ​ដាំ​កូន​ឈើ​កម្រ ឬ​ដើម​ឈើ​ជិត​ផុត​ពូជ និង​អភិរក្ស​ឈើ​ប្រណីតៗ​ឡើង​វិញ កុំ​ឲ្យ​បាត់បង់។

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បង្ហាញ​កង្វល់​ជា​ថ្មី​ទៀត នៅ​គ្រា​ឃើញ​សកម្មភាព​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង បាន​ឈូស​បំផ្លាញ​ព្រៃឈើ នា​មូលដ្ឋាន​ស្រុក​ព្រៃនប់ ជាប់​តាម​បណ្ដោយ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ចូល​ទៅ​រមណីយដ្ឋាន​ក្បាលឆាយ ដោយ​បាន​បំផ្លាញ​ដើម​ឈើ​ធំៗ ដែល​ដុះ​នៅ​តំបន់​នោះ មាន​វិសាលភាព​រាប់​រយ​ហិកតារ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែល​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទី​តាំង​មាន​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​នៅ​ស្រុក​ព្រៃនប់ ស្នើ​ឲ្យ​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ ជួយ​បំភ្លឺ​លើ​ករណី​ឈូស​បំផ្លាញ​ព្រៃឈើ​ធំៗ នា​មូលដ្ឋាន​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​បាន​ដឹង​ជា​សាធារណៈ។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​មាន​ការ​សោកស្ដាយ ដែល​ផ្ទៃដី​ព្រៃឈើ​ធំៗ និង​ដុះ​ដូច​ម្រាមដៃ នា​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ ត្រូវ​បំផ្លាញ​ចោល​ដើម្បី​រាន​យក​ដី មាន​វិសាលភាព​រាប់​រយ​ហិកតារ​ដោយ​មាន​ភាព​អាថ៌​កំបាំង និង​គ្មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ។

លោក ប៊ួន ណារិទ្ធិ៖ «ការ​ឈូស​ឆាយ​ដី​ព្រៃ​នេះ គឺ​មាន​ទំហំ​ធំ និង​បាន​ប៉ះពាល់​ដល់​ដី​ព្រៃ​គ្រប់​ប្រភេទ មាន​ដើម​សំរង និង​ដើម​ឈើ​ផ្សេងៗ ដែល​យើង​គិត​ថា ជា​ដី​ព្រៃ​ដែល​ត្រូវ​គេ​អភិរក្ស​ជា​យូរ​មក​ហើយ។ គម្រោង​នេះ​គឺ​យើង​មិន​បាន​ទទួល​ព័ត៌មាន​ពី​ស្ថាប័ន​មេព្រៃ ដោយ​មិន​ដឹង​ថា គាត់​ឈូស​ឆាយ​នេះ រាន​ដី​ព្រៃ​តំបន់​នេះ ដើម្បី​យក​ទៅ​ធ្វើ​អ្វី​នោះ​ទេ។ មុន​ការ​ឈូស​ឆាយ​ព្រៃឈើ​តំបន់​នេះ គួរតែ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះសីហនុ ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន​ដឹង​មុន​ផង»

លោក ប៊ួន ណារិទ្ធិ បង្ហាញ​ទស្សនៈ​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ គួរ​តែ​រក្សាទុក​ព្រៃឈើ​ដែល​នៅ​សេសសល់​ពី​ការ​ទន្ទ្រាន​កាន់កាប់​ខុស​ច្បាប់​ពី​ឯកជន និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​ឲ្យ​បាន​គង់វង្ស វា​ប្រសើរ​ជា​ជាង​កាប់​បំផ្លាញ​ព្រៃឈើ​មាន​ដើម​ធំៗ ដុះ​នៅ​លើ​ដី​ជាក់ស្ដែង​ក្រោម​រូបភាព​ណា​មួយ​នោះ​ទេ ព្រោះ​ព្រៃឈើ អាច​រួម​ចំណែក​ទាក់ទាញ​វិស័យ​ទេសចរណ៍​នា​មូលដ្ឋាន​នេះ​នៅ​ថ្ងៃ​អនាគត។

ផ្ដើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ខេត្ត​ព្រះសីហនុ ដែល​បាន​ឃើញ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ និង​គ្រឿងចក្រ​ឈូស​រំលំ​ដើម​ឈើ​ធំៗ នៅ​ស្រុក​ព្រៃនប់ ក៏​បង្ហាញ​ការ​សោកស្ដាយ​ព្រៃឈើ​នា​មូលដ្ឋាន​នេះ​ត្រូវ​គេ​បំផ្លាញ​ចោល ហើយ​អាជ្ញាធរ​មិន​បាន​ទប់ស្កាត់ និង​មាន​ភាព​អាថ៌កំបាំង។ ពួកគេ​បាន​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ថា​មិន​គួរ​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ឈូស​រាន​ដី​ព្រៃឈើ​រាប់​រយ​ហិកតារ នា​ខេត្ត​ទេសចរណ៍​នេះ​ទេ ព្រោះ​ថា ដី​គម្រប​ព្រៃឈើ​នៅ​តំបន់​នេះ​កំពុង​រង​ការ​រំលោភ​បំពាន​ជា​បន្ត​បន្ទាប់​ពី​បុគ្គល​មួយ​ចំនួន​ធ្វើ​កម្មសិទ្ធិ ប៉ុន្តែ​អាជ្ញាធរ​គ្មាន​លទ្ធភាព​ទប់ស្កាត់​ទេ​កន្លង​មក។

ឆ្លើយ​តប​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះសីហនុ លោក ឌី សុខុម ផ្ដល់​សម្ភាសន៍​ដល់​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​ឈូស​ឆាយ​ដី​ព្រៃ​នៅ​ជិត​តំបន់​ក្បាលឆាយ ស្ថិត​ក្នុង​ស្រុក​ព្រៃនប់ គឺ​ស្ថិត​ក្នុង​គម្រោង​ដាំ​ដើម​កូន​ឈើ​ប្រណិត ឆ្នាំ​២០១៦ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ គឺ​មិន​មែន​ឃុបឃិត​លក់​ឲ្យ​ឈ្មួញ​នោះ​ទេ។ លោក​ថា គម្រោង​កូនឈើ​ប្រណិត​របស់​អាជ្ញាធរ​នៅ​តំបន់​នេះ ម្យ៉ាង​ដើម្បី​រក្សា​ប្រភព​ទឹក​ស្អាត​តំបន់​ក្បាលឆាយ និង​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​រាន​យក​ដី​ព្រៃ​តំបន់​នេះ​ពី​បុគ្គល​មួយ​ចំនួន​ដែល​បន្ត​មាន​មហិច្ឆតា រំលោភ​យក​ដី​តំបន់​នេះ​ធ្វើ​កម្មសិទ្ធិ។

លោក ឌី សុខុម៖ «យើង​ធ្វើ​នៅ​ក្នុង​ផែនការ​ឆ្នាំ​២០១៦ ក្នុង​ផ្ទៃ​ដី​ទំហំ ១៦០​ហិកតារ គឺ​យើង​ដាំ​កូន​ប្រភេទ​ឈើ​គ្រញូង ឈើទាល ផ្ដៀក និង​គគីរ ជាដើម»

បន្ថែម​លើ​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បញ្ជាក់​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដែល​មាន​កង្វល់​លើ​ករណី​ឈូស​ឆាយ​ដី​ព្រៃ​នៅ​ស្រុក​ព្រៃនប់ សូម​ឲ្យ​ស្ងប់​អារម្មណ៍​នឹង​ស្នើ​ឲ្យ​ចូល​រួម​ដាំ​ដើម​ឈើ​ប្រណិត​ជាមួយ​រដ្ឋាភិបាល​ដែល​អាជ្ញាធរ​ខេត្ត​គ្រោង​រៀបចំ​នៅ​ក្នុង​ពិធី​រុក្ខទិវា ឬ​ទិវា​ដាំ​កូន​ឈើ​នៅ​ខែ​កក្កដា ខាង​មុខ។ លោក​បន្ត​ថា កូន​ឈើ​ប្រណីតៗ ដែល​ជិត​បាត់បង់​រាប់​ម៉ឺន​លាន​ដើម​នឹង​ត្រូវ​ដាំ​ដុះ និង​អភិរក្ស​នៅ​លើ​ផ្ទៃដី​ឈូស​ឆាយ​ចំនួន ១៦០​ហិកតារ​មាន​ទីតាំង​នៅ​ជាប់​ផ្លូវ​លំ​ចូល​ទៅ​រមណីយដ្ឋាន​ក្បាលឆាយ។

​លោក យន្ត មីន៖ «គោលបំណង គឺ​យើង​ឈូស​ឆាយ​ដី​ព្រៃឈើ​រេចរឹល ឬ​ពូជ​មិន​ល្អ ដើម្បី​ដាំ​ឈើ​ប្រភេទ​ប្រណីតៗ​ឡើង​វិញ​មាន​ដូចជា ឈើ​ទាល ផ្ដៀក នាងនួន និង​ឈើ​ប្រណិត​ជាច្រើន​ប្រភេទ​ទៀត ដែល​ជិត​ផុត​ពូជ និង​មាន​តម្លៃ​សេដ្ឋកិច្ច។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​កុំ​ឆ្ងល់ ហើយ​នៅ​ថ្ងៃ​មាន​ពិធី​រុក្ខទិវា ឬ​ទិវា​ដាំ​កូន​ឈើ​នៅ​ខែ​កក្កដា សូម​អញ្ជើញ​មក​ចូលរួម​ដាំ​ទាំង​អស់​គ្នា​ជាមួយ​អាជ្ញាធរ»

ត្រង់​ចំណុច​នេះ មន្ត្រី​សង្គម​ស៊ីវិល​ផ្ដល់​ជា​យោបល់​ថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ គួរ​ជ្រើស​យក​ទីតាំង​ផ្ទៃដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ មាន​ទីតាំងនៅ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ដែល​បច្ចុប្បន្ន​នេះ​ត្រូវ​បុគ្គល​ឯកជន ឈ្មួញ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន បាន​ឃុបឃិត​មន្ត្រី​នៅ​តាម​ស្ថាប័ន​ខ្លះ នា​ខេត្ត​ព្រះសីហនុ កំពុង​លួច​កាប់​រំលំ​ដើម​ឈើ​ដើម្បី​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ខុស​ច្បាប់​សម្រាប់​គម្រោង​ដាំ​កូន​ឈើ​ប្រណិត​នៅ​ក្នុង​ទិវា​ដាំ​កូនឈើ នា​ខែ​កក្កដា ឆ្នាំ​២០១៦ ជំនួស​ឲ្យ​ការ​ឈូស​ឆាយ​ដី​ព្រៃ​ដែល​មាន​ដើម​ឈើ​ធំៗ​ដុះ​ស្រាប់ ហើយ​មិន​ទាន់​មាន​អ្នក​បំផ្លាញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។