ស្ថាប័នពាក់ព័ន្ធនៃរដ្ឋបាលខេត្តព្រះសីហនុ បានកំណត់តំបន់វិនិច្ឆ័យចំនួន២ ទីតាំងស្ថិតក្នុងភូមិ១ សង្កាត់៣ ប្រកាសឲ្យប្រជាពលរដ្ឋរស់នៅតំបន់នេះ ត្រូវនាំយកឯកសារពាក់ព័ន្ធមកចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាមួយមន្ត្រីជំនាញឲ្យបានទាន់ពេល។
អភិបាលរងខេត្តព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន់ ប្រកាសឲ្យប្រជាពលរដ្ឋដែលមានលំនៅឋាន និងមានក្បាលដីនៅតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅតំបន់ពយកំពេញ និងតំបន់ជុំវិញមាត់បឹងព្រែកទប់ ត្រូវនាំយកឯកសារពាក់ព័ន្ធនៃការកាន់កាប់ដីធ្លីមកចុះបញ្ជីជាមួយមន្ត្រីជំនាញមន្ត្រីសុរិយោដី ចាប់ពីពេលនេះតទៅ។
លោកស្នើដល់អ្នកជាប់ពាក់ព័ន្ធដែលត្រូវចុះបញ្ជីក្បាលដីនៅតំបន់វិនិច្ឆ័យទាំងពីរ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ រដ្ឋបាលខេត្តព្រះសីហនុ ឲ្យបានទាំងអស់គ្នាដើម្បីជំរុញឲ្យការងារចុះបញ្ជីដីធ្លីនេះ ឈានដល់ឆាប់ទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់បានឆាប់៖ «កន្លងមកនៅខេត្តព្រះសីហនុ មានបញ្ហាដីធ្លីកើតឡើងយ៉ាងច្រើនករណី ដែលជាបន្ទុកដល់អាជ្ញាធរ តុលាការរហូតដល់រាជរដ្ឋាភិបាល ដើម្បីឲ្យដោះស្រាយបន្តចំពោះជម្លោះដីធ្លីដែលកើតមានឡើង»។
លោក ស្រ៊ុន ស្រ៊ន់ លើកឡើងដូចនេះនៅឱកាសចូលរួមបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីក្បាលដីជាលក្ខណៈប្រព័ន្ធនៅតំបន់ពយកំពេញ និងតំបន់ជុំវិញបឹងព្រែកទប់ ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា។
ប្រជាពលរដ្ឋរស់នៅតំបន់ពយកំពេញ និងតំបន់ជុំវិញមាត់បឹងព្រែកទប់ រាប់រយនាក់ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយនេះ គាំទ្រសកម្មភាពការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានជួយអន្តរាគមន៍អាចឲ្យពួកគេបានចុះបញ្ជីដីធ្លីស្របច្បាប់ពេលនេះ។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ លោក នួន ប៉ុក បានឲ្យដឹងថា នីតិវិធីសម្រាប់អនុវត្តទៅលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅតំបន់វិនិច្ឆ័យតំបន់ពយកំពេញ និងតំបន់ជុំវិញបឹងព្រែកទប់ ចែកជា ៥ ដំណាក់កាលរួមមាន ដំណាក់កាលរៀបចំកំណត់តំបន់វិនិច្ឆ័យ។ ការបង្កើតគណៈកម្មការរដ្ឋបាលសម្រាប់ផ្ដល់ព័ត៌មានជូនពលរដ្ឋនីតិវិធីនៃដំណើរការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ។ ដំណាក់កាលប្រតិបត្តិការបច្ចេកទេសគឺការចុះស្រង់ទិន្នន័យនៃការកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។
ដំណាក់កាលបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដើម្បីបង្ហាញជូនប្រជាពលរដ្ឋពីលទ្ធផលនៃការកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដីដើម្បីផ្ទៀងផ្ទាត់ឈ្មោះស្ថានភាពគ្រួសារ និងក្បាលដីរបស់ប្រជាពលរដ្ឋនៅតាមទីតាំងនីមួយៗ ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានកំហុសឆ្គង។ បន្ថែមលើនេះ នឹងធ្វើរបាយការណ៍ស្ដីពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាលជូនក្រសួងដែនដី ដើម្បីពិនិត្យសម្រេច និងចុងក្រោយ គឺការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ។
លោក នួន ប៉ុក ស្នើឲ្យអ្នកមានចំណែកក្បាលដី ពិសេសប្រជាពលរដ្ឋរស់នៅតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធទាំងពីរទីតាំង ត្រូវនាំយកឯកសារទាក់ទងការចុះបញ្ជីក្បាលដីនេះមកជួបមន្ត្រីជំនាញចុះបញ្ជីដីធ្លីចាប់ពីពេលនេះតទៅ៖ «ដើម្បីសម្រេចបាននូវដំណាក់កាលទាំង ៥ ខាងលើនេះ ការចូលរួមរបស់ម្ចាស់ដី និងអ្នកពាក់ព័ន្ធជាកត្តាចាំបាច់ដោយខាងពុំបាន។ ដំណាក់កាលទី១ ត្រូវបានសម្រេចនូវការកំណត់ប្រកាសតំបន់ពយកំពេញ និងតំបន់ជុំវិញបឹងព្រែកទប់ ជាតំបន់បង្កើតគណៈកម្មការរដ្ឋបាល ហើយពេលនេះប្រជុំប្រកាសដល់ម្ចាស់ដី និងអ្នកពាក់ព័ន្ធនូវទីតាំងដីដែលបានកំណត់ជាតំបន់វិនិច្ឆ័យនេះ»។
មន្ត្រីឃ្លាំមើលការអភិវឌ្ឍសង្គម បានស្វាគមន៍នីតិវិធីនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋនៅតំបន់ពយកំពេញ និងជុំវិញមាត់បឹងព្រែកទប់ របស់រដ្ឋបាលខេត្តព្រះសីហនុ នៅពេលនេះ។ ពួកគេរំពឹងថា តាមរយៈការចុះបញ្ជីដីធ្លីឈានដល់ផ្ដល់ប្លង់កម្មសិទ្ធិជូនពលរដ្ឋនេះ នឹងអាចជួយកាត់បន្ថយទំនាស់ដីធ្លីនាមូលដ្ឋាននេះនៅថ្ងៃខាងមុខ។
ប៉ុន្តែទន្ទឹមគ្នានេះ មន្ត្រីសង្គមស៊ីវិលមួយចំនួនបង្ហាញការសោកស្ដាយចំពោះការបាត់បង់បរិវេណដីផ្ទៃរងទឹកភ្លៀង ឬដីចំណីមាត់បឹងព្រែកទប់ ដែលពីមុនមានផ្ទៃធំទូលាយតែបច្ចុប្បន្នត្រូវបុគ្គលមានអំណាច និងឈ្មួញលោភលន់ខ្លះ បានចាក់ដីរំលោភធ្វើកម្មសិទ្ធិឯកជនកន្លងមកនាំឲ្យផ្ទៃបឹងព្រែកទប់ រួមតូច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។