សង្គម​ស៊ីវិល​សាទរ​រដ្ឋាភិបាល​បង្កើត​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ព្រែក​ទឹក​សាប​ក្បាល​ឆាយ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ សាទរ​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​ដែល​ចេញ​អនុក្រឹត្យ​ថ្មី ស្ដីពី​ការ​បង្កើត​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ព្រែក​ទឹក​សាប​ក្បាល​ឆាយ ដើម្បី​ងាយ​ក្នុង​ការងារ​គ្រប់គ្រង ជា​ប្រភព​ទឹក​សាប​សម្រាប់​ប្រើប្រាស់​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ។

មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ ចាត់​ទុក​ការ​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ព្រែក​ទឹក​សាប​ក្បាល​ឆាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​សំណើ​សុំ​របស់​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ថា​នឹង​អាច​ការពារ​ព្រៃ​ឈើ​ជា​ប្រភព​ទឹក​ស្អាត ឬ​ទឹក​សាប​តំបន់​ក្បាល​ឆាយ​មាន​ប្រសិទ្ធភាព។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO)សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម ចាត់​ទុក​ការ​ចេញ​អនុក្រឹត្យ​ថ្មី​ស្ដីពី​ការ​បង្កើត​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ព្រែក​ទឹក​សាប​ក្បាល​ឆាយ ថា​អាច​ទប់ស្កាត់​នូវ​បទល្មើស​កាប់​រាន​ដី​ព្រៃ​នៅ​តំបន់​ការពារ​ប្រភព​ទឹក​ស្អាត​ក្បាល​ឆាយ មិន​ឲ្យ​មាន​ការ​រំលោភ​កាន់​កាប់​ជា​បន្ត​ទៀត​នា​ថ្ងៃ​អនាគត។ ជាង​នេះ ក៏​មាន​ផែនទី​កំណត់​ព្រំដែន​ការងារ និង​អភិរក្ស​ព្រៃ​ឈើ​នៅ​តំបន់​រក្សា​ប្រភព​ទឹក​ស្អាត​ក្បាល​ឆាយ​បាន​ច្បាស់លាស់។

លោក សុខ សុខុម សង្កត់​ធ្ងន់​ថា ការ​បង្កើត​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ ក៏​មាន​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​ដែល​មក​តាំង​ទីលំនៅ​យូរ​ឆ្នាំ​នា​តំបន់​ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​បាន​ហាម​ឃាត់​ពេល​កន្លង​មក អាច​ឈាន​ដល់​ពលរដ្ឋ​ទាំង​នោះ​ជៀស​ផុត​ពី​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន ឬ​ឈាន​ដល់​មាន​ប្លង់​កម្មសិទ្ធិ​នា​ថ្ងៃ​អនាគត៖ « បែង​ចែក​ឲ្យ​បាន​ច្បាស់​ថា ដី​ត្រង់​ចំណុច​ណា​ជា​ដី​ត្រូវ​អភិរក្ស​នៅ​ក្នុង​តំបន់​ក្បាល​ឆាយ សម្រាប់​ប្រើប្រាស់​ជា​ប្រភព​ទឹក​ស្អាត និង​ចំណុច​ណា​ខ្លះ​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍។ ហើយ​ដី​ចំណុច​ណា​ដែល​បាត់បង់​ផល​ប្រយោជន៍​ទៅ​ហើយ​នោះ ត្រូវ​រក្សា​ទុក​បែប​ណា​សម្រាប់​ជា​ដី​សង្គមកិច្ច ចែក​ជូន​ពលរដ្ឋ​បែប​ណា​ដើម្បី​ឲ្យ​ពលរដ្ឋ​រស់នៅ​អចិន្ត្រៃយ៍​បាន​រស់នៅ​ស្រប​ច្បាប់ »

ទន្ទឹម​គ្នា​នេះ លោក សុខ សុខុម ប្រធាន​អង្គការ​ស៊ីអ៊ិនរ៉ូ ក៏​ស្នើ​ដល់​អាជ្ញាធរ​នៅ​តាម​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​រដ្ឋាភិបាល ត្រូវ​រួម​គ្នា​អនុវត្ត​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ព្រែក​ទឹក​សាប​ក្បាល​ឆាយ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ជៀសវាង​មាន​តែ​អនុក្រឹត្យ ប៉ុន្តែ​ការ​អនុវត្ត​គ្មាន​ប្រសិទ្ធភាព ដូច​គ្នា​ការ​បង្កើត​អនុក្រឹត្យ​ការពារ​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ ជាដើម គឺ​មាន​តែ​អនុក្រឹត្យ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​អនុវត្ត​តាម​ទេ៖ « បើ​សិន​ជា​រដ្ឋាភិបាល​មិន​មាន​វិធានការ​គ្រប់គ្រង​ដី​ព្រៃ​ឈើ​តំបន់​ក្បាល​ឆាយ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ គឺ​ដី​ព្រៃ​ជា​ប្រភព​ទឹក​ស្អាត​សម្រាប់​ផ្គត់ផ្គង់​ទឹក​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ នឹង​ត្រូវ​បាត់បង់ ឬ​រលាយ​ហិនហោច ដោយ​ការ​ទន្ទ្រាន​កាន់​កាប់​ពី​សំណាក់​ប្រជាពលរដ្ឋ ពិសេស​ឈ្មួញ​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ​ក្រោម​រដ្ឋបាល​ខេត្ត​ព្រះសីហនុ »

ចំណែក​ក្រុម​ប្រជាពលរដ្ឋ​ក្នុង​បរិវេណ​តំបន់​ក្បាល​ឆាយ​ស្ថិត​ក្នុង​ក្រុង​ព្រះសីហនុ ជា​យូរ​ឆ្នាំ​មក​ហើយ ក៏​ស្វាគមន៍ និង​គាំទ្រ​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល ដែល​បាន​ចេញ​អនុក្រឹត្យ​ថ្មី​ស្ដីពី​ការ​បង្កើត​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ព្រែក​ទឹក​សាប​ក្បាល​ឆាយ ដើម្បី​កំណត់​ផែនទី ឬ​ទីតាំង​គ្រប់គ្រង និង​អភិរក្ស​តំបន់​នេះ​ឲ្យ​បាន​ច្បាស់លាស់ ឬ​ឈាន​ដល់​ពួក​គេ​អាច​មាន​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់​នៅ​លើ​ទីតាំង​ធ្លាប់​រស់នៅ​ជា​យូរ​មក​ហើយ​នោះ។

ស្រដៀង​គ្នា​ដែរ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បាន​គាំទ្រ​រដ្ឋាភិបាល​ដែល​បាន​បង្កើត​អនុក្រឹត្យ​ប្រើប្រាស់​ច្រើន​យ៉ាង​នៅ​តំបន់​ព្រែក​ទឹក​សាប​ក្បាល​ឆាយ​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ឲ្យ​មាន​ផែនទី​កំណត់​ទីតាំង​នីមួយៗ​បាន​ច្បាស់លាស់។ លោក​រំពឹង​ថា អនុក្រឹត្យ​ថ្មី​នេះ​នឹង​ឈាន​ដល់​អភិរក្ស​ការពារ​ធនធាន​ជីវចម្រុះ​ធម្មជាតិ ដែល​ជា​ប្រភព​ទឹក​សាប​ដ៏​សំខាន់​នៅ​តំបន់​នេះ​បាន​គង់វង្ស​នា​ថ្ងៃ​អនាគត។ ជាង​នេះ អនុក្រឹត្យ​ថ្មី​នេះ​ក៏​អាច​ឈាន​ដល់​ជួយ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន ឬ​ផ្ទះ​នៅ​តំបន់​នេះ​យូរ​ឆ្នាំ​កន្លង​មក អាច​ឲ្យ​ពួក​គាត់​ទទួល​បាន​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់​ថែម​ទៀត៖ « ការ​ចេញ​អនុក្រឹត្យ​អភិរក្ស​តំបន់​ព្រែក​ទឹក​សាប​ក្បាល​ឆាយ​របស់​រដ្ឋាភិបាល​ពេល​នេះ គឺ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំនៅឋាន ឬ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​១ សង្កាត់​១ ក្រុង​ព្រះសីហនុ នោះ​ទេ។ អនុក្រឹត្យ​នេះ​អាច​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​រស់នៅ​ក្នុង​មូលដ្ឋាន​នេះ និង​ឈប់​ទន្ទ្រាន​កាន់​កាប់​ដី​នៅ​តំបន់​ក្បាល​ឆាយ​នា​ថ្ងៃ​អនាគត។ បើ​សិន​ជា​យើង​ចេញ​អនុក្រឹត្យ​មាន​ប្លង់ ឬ​មាន​ផែនទី​ច្បាស់លាស់​ដូច​នេះ ខ្ញុំ​គិត​ថា​អាច​ទប់ស្កាត់​ការ​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ​ឈើ​ជា​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាល​ឆាយ ពី​សំណាក់​មន្ត្រី​មាន​អំណាច និង​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេងៗ​មាន​ប្រសិទ្ធភាព »

មន្ត្រី​អង្គការ​លីកាដូ លោក ប៊ួន ណារិទ្ធិ បាន​កត់​សម្គាល់​ថា កន្លង​មក​ដោយ​ការ​គ្រប់គ្រង​មាន​ភាព​ធូរ​រលុង នាំ​ឲ្យ​តំបន់​ការពារ​ដី​អនុក្រឹត្យ​លេខ​៧៦ នៅ​តំបន់​ក្បាល​ឆាយ ដែល​រដ្ឋាភិបាល​បាន​ដាក់​ឲ្យ​អាជ្ញាធរ​ការពារ ត្រូវ​រង​ការ​ចូល​ទន្ទ្រាន​កាន់​កាប់​ពី​សំណាក់​ឈ្មួញ​មាន​ទ្រព្យ ពិសេស​មន្ត្រី​មាន​អំណាច​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ក្រោម​ឱវាទ​ខេត្ត​ព្រះសីហនុ និង​មាន​បុគ្គល​ខ្លះ​ទៀត មាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ក្នុង​តំណែង​សព្វថ្ងៃ ក៏​មាន​ឈ្មោះ​រំលោភ​កាន់​កាប់​ដី​ព្រៃ​តំបន់​ក្បាល​ឆាយ​នេះ​ដែរ។ ពួក​គេ​បាន​ចាប់​យក​ដី​ព្រៃ​ឈើ​តំបន់​អនុក្រឹត្យ​លេខ​៧៦ ទន្ទ្រាន​ពុះ​ច្រៀក​ជា​ឡូៗ​លក់​ដូរ​បន្ត​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​យ៉ាង​អនាធិបតេយ្យ ដោយ​មាន​ការ​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ​ចែក​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​មន្ត្រី​ជំនាញ នៅ​តាម​មន្ទីរ​ស្ថាប័ន​រដ្ឋ​ខ្លះ​នា​ខេត្ត​ព្រះសីហនុ។

ត្រង់​ចំណុច​នេះ លោក ប៊ួន ណារិទ្ធិ ព្រួយ​បារម្ភ​ថា អាច​ថ្នាក់​ដឹក​នាំ​នៅ​តាម​ក្រសួង ឬ​អាជ្ញាធរ​ជំនាញ​ខេត្ត​ព្រះសីហនុ មិន​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​របស់​រាជ​រដ្ឋាភិបាល ស្ដីពី​ការ​បង្កើត​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ព្រែក​ទឹក​សាប​ក្បាល​ឆាយ​ខេត្ត​ព្រះសីហនុ នោះ​ទេ ព្រោះ​តាម​ការ​កត់​សម្គាល់​រាល់​ការ​ចេញ​អនុក្រឹត្យ​មួយ​ចំនួន​នា​ពេល​កន្លង​មក មាន​ដូចជា​អនុក្រឹត្យ​ការពារ​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ ជាដើម គឺ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព​ឡើយ។

រាជ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ បាន​ចេញ​អនុក្រឹត្យ​ស្តី​អំពី​ការ​បង្កើត​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ព្រែក​ទឹក​សាប​ក្បាល​ឆាយ ៦.២០២​ហិកតារ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ តម្រូវ​ឲ្យ​រដ្ឋមន្ត្រី​នៅ​តាម​ក្រសួង​នានា និង​អាជ្ញាធរ​មូលដ្ឋាន រួម​គ្នា​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព។ អនុក្រឹត្យ​ថ្មី​នេះ​មាន​ចុះ​ហត្ថលេខា និង​បោះ​ត្រា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា ការ​ចេញ​អនុក្រឹត្យ​ថ្មី​នេះ គឺ​មាន​គោល​បំណង​ធានា​ការពារ និង​ការ​ថែ​រក្សា​ធនធាន​ជីវចម្រុះ និង​ធនធាន​ធម្មជាតិ និង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​រយៈពេល​យូរ​អង្វែង ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការ​ប្រើប្រាស់​ប្រកប​ដោយ​និរន្តរភាព លើក​កម្ពស់​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជន​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​គ្រប់គ្រង ការ​ការពារ និង​ការ​អភិរក្ស​ជីវចម្រុះ និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់។

អនុក្រឹត្យ​នេះ តម្រូវ​ឲ្យ​ក្រសួង​បរិស្ថាន មាន​សមត្ថកិច្ច​រៀបចំ និង​គ្រប់គ្រង​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ព្រែក​ទឹក​សាប​ក្បាល​ឆាយ ដោយ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ដែនដី​ខេត្ត​ព្រះសីហនុ ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព។ អនុក្រឹត្យ​ថ្មី​នេះ ក៏​និរាករណ៍​ទៅ​លើ​អនុក្រឹត្យ​លេខ​៧៦ ចុះ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៧ ស្ដីពី​តំបន់​គ្រប់គ្រង​ធនធាន​ធម្មជាតិ​តំបន់​ព្រែក​ទឹក​សាប​នៅ​ក្រុង​ព្រះសីហនុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។