អាជ្ញាធរ​មូលដ្ឋាន​នៅ​ព្រៃវែង​រង​ការ​ចោទ​ថា​យក​ដី​ពលរដ្ឋ​ធ្វើ​ជា​សម្បត្តិ​រដ្ឋ

0:00 / 0:00

ពលរដ្ឋ​មួយ​គ្រួសារ​នៅ​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង​ ចោទ​ប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា​ ជា​ដើម​ចម​ធ្វើ​ឲ្យ​រាំង​ស្ទះ​​​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​របស់​ពួកគាត់​ ដោយ​មិន​ព្រម​ចេញ​លិខិត​ស្នាម​បញ្ជាក់​អោយ​នោះ​ទេ។

អ្នក​ភូមិ​បញ្ជាក់​ថា តាម​គំនិត​របស់​អាជ្ញាធរ​នេះ​ក្នុង​ចេតនា​ដើម្បី​រឹបអូស​ដី​​យក​ដី​ពី​ប្រជាពលរដ្ឋ​ធ្វើ​ជា​សម្បត្តិ​សាធារណៈ ដោយ​ពុំ​មាន​ការ​យល់​ព្រម​​ពី​ម្ចាស់​កម្មសិទ្ធិ។ ប៉ុន្តែ​មេ​ឃុំ​បញ្ជាក់​ថា ហេតុ​ដែល​អាជ្ញាធរ​ពុំ​ទាន់​ធ្វើ​ប្លង់​ឲ្យ​ដោយសារ​ដី​នោះ​មាន​ទំនាស់​មិន​ទាន់​ដាច់​ស្រេច​នៅ​ឡើយ។

​​​អ្នក​ភូមិ​​ដែល​​អះអាង​ថា​ជា​ម្ចាស់​ដី​ឲ្យដឹង​ថា ដី​ស្រែ​ដែល​អាជ្ញាធរ​មិន​​​ធ្វើ​ប្លង់​​ឲ្យ​នោះ​ប្រមាណ ៣​ហិកតារ ស្ថិត​នៅ​ភូមិ​អន្លង់ចារ ឃុំ​ព្រះស្ដេច ស្រុក​ព្រះស្ដេច​ ខេត្ត​ព្រៃវែង​ ហើយ​បាន​បង្កបង្កើន​ផល​​តាំង​ពី​ឆ្នាំ​១៩៧៩ រហូត​មក។

​លោក​ កៅ ប៊ុនឈាន រស់​នៅ​ភូមិ​អន្លង់ចារ ថ្លែង​នៅ​ថ្ងៃ​ទី​២៦ កក្កដា ថា ដី​ដែល​លោក​កាន់កាប់​នោះ​អ្នក​ភូមិ​ក្បែរ​ខាង​សុទ្ធតែ​ដឹង​ថា ជា​ដី​របស់​ខ្លួន​កាន់​កាប់​ជា​យូរ​ឆ្នាំ​មក​ហើយ​​ ប៉ុន្តែ​ពុំ​ទាន់​ធ្វើ​​ប្លង់​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា កាល​ពី​​ខែ​មិថុនា ឆ្នាំ​២០១៤ កន្លង​ទៅ អាជ្ញាធរ​ចុះ​វាស់​វែង​ធ្វើ​ប្លង់​ដី​ស្រប​ច្បាប់​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ។ លោក​ថា​គ្រា​នោះ​​លោក​​ទៅ​ធ្វើ​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ជា​ច្រើន​លើក​មក​ហើយ​ ប៉ុន្តែ​អាជ្ញាធរ​តែង​តែ​ដោះសា​ថា​យ៉ាង​នេះ​យ៉ាង​នោះ ​ធ្វើ​ឲ្យ​ខកខាន​ពុំ​បាន​ធ្វើ​​​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​នោះ​ទេ។

លោក​​ចាត់​ទុក​​ទង្វើ​របស់​អាជ្ញាធរ​នេះ​ថា ក្នុង​គោល​បំណង​ដើម្បី​​រឹប​អូស​យក​ដី​ពី​​ប្រជាពលរដ្ឋ​ក្នុង​រូប​ភាព​ដាក់​ជា​សម្បត្តិ​រដ្ឋ​ដោយ​គ្មាន​ការ​ឯកភាព​ម្ចាស់​ដី៖ «កាល​ធ្វើ​ប្លង់​យើង​ចុះ​ធ្វើ ដល់​ពេល​​អាជ្ញាធរ​អត់​ឲ្យ​យើង​ធ្វើ ហើយ​យើង​អត់​យល់​ថា ហេតុ​អ្វី​គាត់​ឃាត់​ គាត់​ថា​ចាំ​ដាក់​ដី​ជា​សម្បត្តិ​សាធារណៈ ហើយ​ដី​យើង​កំពុង​ធ្វើ​ស្រែ​អី​រាល់​ឆ្នាំ​អី​អ៊ីចឹង​ណាស់! គាត់​ធ្វើ​អ៊ីចឹង ដល់​ពេល​អ៊ីចឹង​មាន​អារម្មណ៍​ថា ធ្វើ​ការ​អន្តរាគមន៍​អី​បាន ហើយ​ដី​ហ្នឹង​មិន​​មាន​ទំនាស់​ទេ ចុះ​បើ​មិន​មាន​ទំនាស់​ហេតុ​អី​គាត់​មិន​គាំទ្រ​ឲ្យ​យើង។ វា​គ្មាន​ហេតុ​ផល​អី​ដាក់​ជា​សម្បត្តិ​រដ្ឋ​ទេ ដី​យើង​អ៊ីចឹង»

​​​​​​​​​​​​​​​​​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​ មេឃុំ​ព្រះស្ដេច​ លោក​ សេក ហួន មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​ពុំ​មាន​ចេតនា​រឹប​អូស​យក​ដី​ពី​ប្រជាពលរដ្ឋ​ ដូច​ការ​លើក​ឡើង​នោះ​ទេ។ លោក​បញ្ជាក់​ថា ហេតុ​ដែល​អាជ្ញាធរ​​ពុំ​អាច​​ធ្វើ​ប្លង់​ដី​ដោយសារ​ដី​នោះ​មាន​​​​ទំនាស់​ពុំ​ទាន់​ដាច់​ស្រេច​នៅ​ឡើយ​ ហើយ​ម្ចាស់​នោះ​ចង់​ធ្វើ​ប្លង់​កាន់​កាប់​ម្នាក់​ឯង ទើប​យឺត​យ៉ាវ​​​ពុំ​បាន​ធ្វើ​ប្លង់​ដូច​ពលរដ្ឋ​ដទៃ។

លោក សេក ហួន៖ «ទេ! ធ្វើ​លិខិត​ជូន​ទៅ​សុរិយោដី​អស់​ហើយ​តើ! ចាំ​តែ​សុរិយោដី​គេ​មក​ឲ្យ​ឃុំ​ចូល​រួម​ដោះ​ថ្ងៃ​ណា​អា​ហ្នឹង​គេ​ចូល​ហើយ។ វា​មាន​រឿង​អី​គេ​នៅ​តែ​រង់ចាំ​តើ បើ​កាល​គេ​បិទ​ប្រកាស​ហើយ​គាត់​ចូល​តវ៉ា​អា​ហ្នឹង​គេ​ដោះ​ស្រាយ​ភ្លាមៗ​ណាស់ ឥឡូវ​ក៏​នៅ​តែ​ដោះ​ស្រាយ​ដែរ ប៉ុន្តែ​ដល់​ពេល​ដំណាក់​កាល​យើង​នេះ​ទាល់​តែ​សុរិយោដី»

អ្នក​ភូមិ​ក្បែរ​ខាង​ម្នាក់ គឺ​អ្នកស្រី យឹម សៀម មាន​ប្រសាសន៍​ថា ដី​នោះ​ពុំ​មាន​ទំនាស់​អ្វី​នោះ​ទេ ហើយ​ជា​កម្មសិទ្ធិ​របស់​លោក កៅ ប៊ុនឈាន តាំង​ពី​តូច​ក្រូច​ឆ្មារ​មក​ម្ល៉េះ។ អ្នកស្រី​បន្ត​ថា​ អាជ្ញាធរ​គួរ​​ចេញ​​​លិខិត​ស្នាម​ឲ្យ​ម្ចាស់​ដី មិន​ត្រូវ​រក្សា​​ដី​នោះ​ទុក​ជា​សម្បត្តិ​សាធារណៈ​ដែល​អាច​ជា​លេស​មួយ​ប្រើ​ក្នុង​រូបភាព​ផ្សេង​នោះ​ទេ៖ «វា​នៅ​កាន់​កាប់​យូរ​ហើយ​លោក​ពូ ដែល​តាំង​ពី​ខ្ញុំ​នៅ​ក្មេងៗ​ម្ល៉េះ ឥឡូវ​ខ្ញុំ​អាយុ ៦៥ ហើយ​ហ្នឹង។ បើ​នៅ​វាល​នៅ​កាល​អី​ទៅ​កាត់​យក​ ចុះ​អា​នេះ​​វា​នៅ​ហ្នឹង។ ខ្ញុំ​ថា​មិន​ត្រូវ​ទេ គ្នា​ខំ​នៅ​តាំង​ពី​តូច​ក្រូច​ឆ្មារ​មក​ទាល់​ហ្នឹង​កូន​ក្រមុំ​កំលោះ​មាន​ចៅ​អស់​ហើយ»

មន្ត្រី​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រៃវែង​ អ្នកស្រី អៀង គិមលី មាន​ប្រសាសន៍​ថា ក្នុង​ករណី​នេះ​អាជ្ញាធរ​មិន​គួរ​គេច​វេះ​មិន​ចេញ​​លិខិត​ស្នាម​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ប្លង់​ដី​នោះ​ទេ ពីព្រោះ​ថា អ្នក​ភូមិ​កាន់​កាប់​​ដី​នោះ​ដោយ​ស្រប​ច្បាប់​តាម​លក្ខណៈ​នៃ​ច្បាប់​ភូមិ​បាល៖ «និយាយ​ទៅ​ការ​គ្រប់គ្រង​របស់​គាត់​ហ្នឹង វា​លក្ខណៈ ៥​យ៉ាង​នៅ​តាម​ច្បាប់​ភូមិបាល។ អ៊ីចឹង​ដី​ហ្នឹង​ជា​កម្មសិទ្ធិ​ពេញ​លេញ​របស់​អ្នក​ដែល​បាន​កាន់​កាប់​ហ្នឹង អាជ្ញាធរ​គ្មាន​សិទ្ធិ​ដក​ដី​ហ្នឹង​ធ្វើ​ជា​សម្បត្តិ​សាធារណៈ​ទេ ហើយ​បើ​សិន​យក​ដី​ហ្នឹង​ដក​ធ្វើ​ជា​សម្បត្តិ​សាធារណៈ​ក៏​ត្រូវ​មាន​សំណង​សមរម្យ ដល់​គាត់​តាម​តម្លៃ​ទីផ្សារ​តាម​ការ​វាយ​តម្លៃ​គណៈកម្មការ​សុរិយោដី​ដែរ»

អ្នកស្រី អៀង គិមលី ឲ្យ​ដឹង​ថា​ អ្នក​ភូមិ​ផង​របង​ជា​មួយ​​​ផ្ទះ​ម្ចាស់​ដី​ដែល​ពុំ​បាន​ធ្វើ​ប្លង់​​នោះ​ ជា​ច្រើន​គ្រួសារ ព្រម​ធ្វើ​ជា​សាក្សី​ក្នុង​រឿង​ទំនាស់​នេះ​​ដោយ​អះអាង​ថា ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ដី​កាន់​កាប់​យូរ​ឆ្នាំ​ប្រាកដ​មែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។