ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី ចេញដីកាកោះហៅជនជាតិដើមភាគតិចព្នង ពីរគ្រួសារ ដែលបានដាក់ពាក្យប្ដឹងទាមទារឲ្យបញ្ឈប់ការលក់ដីសហគមន៍ពីសំណាក់ជនជាតិដើមភាគតិចព្នង ៩គ្រួសារមកសាកសួរនៅថ្ងៃទី៧ តុលា។ ការកោះហៅនេះ ខណៈដែលជនជាតិដើមភាគតិចព្នង ៩គ្រួសារ រួមជាមួយអាជ្ញាធរមូលដ្ឋាន គ្រោងចុះហត្ថលេខាលើឯកសារទិញលក់ដីសហគមន៍នោះ។
ជនជាតិដើមភាគតិចព្នង ពីរគ្រួសាររស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ប្រកាន់ជំហរទាមទារមិនឲ្យសហគមន៍ជនជាតិដើមភាគតិចក្នុងភូមិ លក់ដីភូមិចាស់ដែលជាដីកម្មសិទ្ធិសមូហភាពរបស់សហគមន៍។
ការអះអាងនេះ ធ្វើឡើងនៅថ្ងៃទី៥ ខែតុលា មុនពីរថ្ងៃដែលមន្ត្រីអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី កោះហៅជនជាតិដើមភាគតិចទាំងពីរគ្រួសារជាលើកទីបី ដើម្បីសាកសួរពីរឿងប្ដឹងទាមទារឲ្យបញ្ឈប់ការលក់ដូរដីភូមិចាស់ជាកម្មសិទ្ធិរបស់រដ្ឋ។
ជនជាតិដើមភាគតិចព្នង ម្នាក់ក្នុងចំណោមពីរនាក់ដែលមន្ត្រីអយ្យការកោះហៅ គឺលោក ណាន ដានី បញ្ជាក់ថា ភាគីដើមចោទយល់ព្រមបែងចែកដីភូមិចាស់ដែលសមាជិកសហគមន៍បានដាំដុះជាក់ស្តែង ដើម្បីប្រើប្រាស់ជាលក្ខណៈប្រពៃណី ក៏ប៉ុន្តែមិនយល់ព្រមឲ្យយកដីនោះលក់ទៅឲ្យអ្នកក្រៅសហគមន៍ឡើយ។ លោកថា ពីរលើកហើយដែលមន្ត្រីអយ្យការកោះហៅដើមបណ្ដឹងឲ្យចូលទៅបំភ្លឺ និងតទល់ផ្ទាល់ជាមួយភាគីចុងចោទជាអ្នកលក់ដី ដើម្បីសម្របសម្រួលបញ្ហានេះ៖ « អត់ឃ្លានក៏ដោយ ខ្ញុំទីពឹងទៅលើស្រែចម្ការរបស់ខ្ញុំ។ ចម្ការខ្ញុំអាស្រ័យផល ១៣ឆ្នាំហើយ ខ្ញុំ អត់លក់ដូរទេ»។
មន្ត្រីអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាចំនួនពីរផ្សេងគ្នា កោះហៅឈ្មោះ ណាន ដានី និងឈ្មោះ ជ្រើច ជ្រោយ ជាដើមបណ្ដឹងឲ្យចូលទៅបំភ្លឺនៅការិយាល័យអយ្យការនៅថ្ងៃទី៧ ខែតុលា។
ព្រះរាជអាជ្ញាសាលាដំបូងខេត្តមណ្ឌលគិរី លោក ឡុង ហុងម៉េង បញ្ជាក់ថា រឿងក្តីនេះទាក់ទិនជនជាតិដើមភាគតិចព្នង ៩គ្រួសារ បានព្រមព្រៀងគ្នាលក់ដីភូមិចាស់មួយកន្លែង ដែលដើមបណ្ដឹងកំពុងកាន់កាប់ដីមួយចំណែកនៃដីភូមិចាស់នោះ។ លោកថា ដោយសារដីនោះមិនមានប័ណ្ណកម្មសិទ្ធិ ដូច្នេះរឿងក្តីនេះមិនឋិតក្រោមចំណាត់ការរបស់ស្ថាប័នអយ្យការទេ ក៏ប៉ុន្តែលោកព្យាយាមសម្របសម្រួលវិវាទនេះក្រៅប្រព័ន្ធតុលាការ ដើម្បីស្វែងរកដំណោះស្រាយសន្តិវិធីតាមការព្រមព្រៀងរបស់ភាគីទាំងពីរ ជាពិសេសគឺបែងចែកដីសម្រាប់សមាជិកសហគមន៍គ្រប់ៗគ្នាប្រើប្រាស់៖ « យើងគ្រាន់តែជួយប៉ុណ្ណឹង បើគូភាគីអត់ព្រម ក៏អត់ទៅ នេះជាសិទ្ធិសេរីភាពរបស់គាត់ តែអត់ប្លង់ ជាសមត្ថកិច្ចរបស់គណៈកម្មការដោះស្រាយវិវាទដីធ្លី»។
កាលពីខែឧសភា ជនជាតិដើមភាគតិចព្នង ភូមិពូតាំង ពីរគ្រួសារ បានដាក់ពាក្យប្ដឹងអនុប្រធានភូមិពូតាំង គឺលោក ញើម ប៊ុនទិត សមាជិកក្រុមប្រឹក្សាសង្កាត់រមនា គឺលោក ក្រោន ស្រើល ប្រជាពលរដ្ឋភូមិពូតាំង គឺលោក សាវឿន ណារ៉ួ និងតំណាងអ្នកទិញដីឈ្មោះ ម៉ាប់ ទៅស្ថាប័នអយ្យការ ទាមទារឲ្យបញ្ឈប់គម្រោងទិញលក់ដីភូមិចាស់របស់សហគមន៍។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា គាំទ្រការស្វែងរកដំណោះស្រាយក្រៅប្រព័ន្ធតុលាការរបស់មន្ត្រីអយ្យការ ដើម្បីបញ្ចប់ជម្លោះផ្ទៃក្នុងសហគមន៍ ក៏ប៉ុន្តែលោកអំពាវនាវសុំឲ្យអាជ្ញាធរមូលដ្ឋានបញ្ឈប់ចេញលិខិត ឬឯកសារទិញលក់ដីភូមិចាស់សហគមន៍ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ៖ « អាជ្ញាធរទាំងថ្នាក់ក្រុងថ្នាក់ខេត្ត គាំទ្រទុកដីហ្នឹងជាសមូហភាព ហើយចេញប័ណ្ណកម្មសិទ្ធិសមូហភាពឲ្យគាត់។ ខ្ញុំយល់ថាជារឿងត្រឹមត្រូវបំផុត»។
អាជ្ញាធរសង្កាត់រមនា កាលពីខែឧសភា បានរៀបចំឯកសារផ្ទេរកម្មសិទ្ធិលក់ដីភូមិចាស់ជនជាតិដើមភាគតិចភូមិពូតាំង ដោយសំអាងថា សមាជិកសហគមន៍ ៩គ្រួសារក្នុងចំណោម ១២គ្រួសារ បានផ្តិតមេដៃយល់ព្រមលក់ដីនោះ។
ដីអតីតភូមិចាស់សហគមន៍ភូមិពូតាំង មានទំហំជិត ៣០ហិកតារ ស្ថិតនៅតំបន់ជើងភ្នំរឡាណោងយាល់។ បច្ចុប្បន្ន ដីតំបន់នោះសមាជិកសហគមន៍បីគ្រួសារបានដាំចេក ខ្នុរ ស្វាយចន្ទី និងធ្វើស្រែនៅលើដីអតីតភូមិចាស់សហគមន៍ជាង ១៨ហិកតារ ដោយសារដីនោះត្រូវសហគមន៍ទុកចោលមិនប្រើប្រាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។