ពលរដ្ឋ​ជាង​១០០​នាក់​នៅ​ក្រុង​សៀមរាប​តវ៉ា​បិទ​ផ្លូវ​ប្រឆាំង​អាជ្ញាធរ​អប្សរា​រុះរើ​ផ្ទះ

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ ១០០​នាក់ បាន​លើក​គ្នា​ទៅ​កាន់​សាលា​ខេត្ត​សៀមរាប តាំង​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ ទី​២៥ ខែ​កុម្ភៈ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ជុំវិញ​រឿង​ដែល​អាជ្ញាធរ​អប្សរា​រុះរើ​ផ្ទះសម្បែង និង​បណ្ដេញ​អ្នក​ភូមិ​ឱ្យ​ចេញ​ពី​ដី​ដែល​ធ្លាប់​រស់​នៅ។

ការ​លើក​គ្នា​ទៅ​ស្វែង​រក​ជួប​អភិបាល​ខេត្ត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​អប្សរា​បាន​បញ្ជូន​កម្លាំង​ចម្រុះ និង​គ្រឿងចក្រ​ទៅ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ២៤​ខ្នង នៅ​ភូមិ​ព្រៃគុយ សង្កាត់​អំពិល ក្រុង​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ កន្លង​ទៅ។

ក្រុម​អ្នក​ភូមិ​ព្រៃគុយ សង្កាត់​អំពិល ក្រុង​សៀមរាប បាន​លើក​គ្នា​បិទ​កំណាត់​ផ្លូវ​របស់​អាជ្ញាធរ​អប្សរា​ដែល​កែង​​នឹង​ផ្លូវ​ចូល​ទៅ​ភូមិ​ត្រាំ​នាគ មិន​ឱ្យ​រថយន្ត​គ្រប់​ប្រភេទ​ចេញ​ចូល​បាន​ទេ​កាល​ពី​ថ្ងៃ​ត្រង់ ថ្ងៃ​ពុធ ទី​២៥ ខែ​កុម្ភៈ។

ការ​លើក​គ្នា​បិទ​កំណាត់​ផ្លូវ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ក្រុម​អ្នក​ភូមិ​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលាខេត្ត​សៀមរាប ព្រម​ទាំង​បញ្ជូន​តំណាង​ចំនួន ៧​នាក់ ឱ្យ​ចូល​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ផង ក៏​ប៉ុន្តែ​មិន​បាន​លទ្ធផល​អ្វី​ទេ ដោយសារ​មិន​បាន​ជួប​អភិបាល​ខេត្ត​សោះ។

ក្រុម​អ្នក​ភូមិ​សំដែង​ការ​មិន​សុខ​ចិត្ត​ចំពោះ​អាជ្ញាធរ​អប្សរា ដែល​បាន​បញ្ជូន​កម្លាំង និង​គ្រឿងចក្រ​ចុះ​ទៅ​រុះរើ​លំនៅឋាន​របស់​ពួកគេ​ចំនួន ២៤​ខ្នង កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ កន្លង​ទៅ​ទេ៖ «អត់​សុខ​ចិត្ត​ពី​រឿង​អប្សរា​មក​ឈូស​មក​រើ​ផ្ទះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្រែក​យំ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ័យ»

សាក្សី​ដែល​តាម​មើល​ការ​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ​នោះ បាន​រិះគន់​ថា កម្លាំង​របស់​អាជ្ញាធរ​អប្សរា​ខ្លះ​ហាក់​ដូច​ជា​គ្មាន​សីលធម៌​ទេ ដោយ​ការ​រុះរើ​លំនៅឋាន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ គេ​ឃើញ​មាន​ការ​ប្រើ​រថយន្ត​ថយ​បុក​កម្ទេច​ផ្ទះ​ជាដើម។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល បាន​រិះគន់​សកម្មភាព​របស់​អាជ្ញាធរ​អប្សរា​ដែល​ប្រើ​កម្លាំង​ចុះ​រុះរើ​លំនៅឋាន​ប្រជាពលរដ្ឋ​នោះ ថា​គឺ​ជា​ការអនុវត្ត​ច្បាប់​មិន​ស្មើ​ភាព​គ្នា​ទេ។

អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​សៀមរាប លោក សួស ណារិន មាន​ប្រសាសន៍​ថា នៅ​តំបន់​ដែល​អាជ្ញាធរ​អប្សរា​គ្រប់គ្រង គឺ​ច្រើន​កន្លែង​ណាស់​ដែល​ហាម​ឃាត់​មិន​ឱ្យ​សាងសង់ ហើយ​នៅ​តំបន់​បូរី​សណ្ឋាគារ​វប្បធម៌​ទេសចរណ៍ គឺ​មាន​ផ្ទៃដី​ទំហំ ១.០០០​ហិកតារ គឺ​មាន​ការ​សាងសង់​សំណង់​ធំៗ​ជា​ច្រើន ហេតុ​អ្វី​បាន​ជា​មិន​ដេញ​បែរ​ជា​មក​ដេញ​តែ​ប្រជាពលរដ្ឋ​ក្រីក្រ​ដូច្នេះ៖ «រដ្ឋ​ត្រូវតែ​ផ្ដល់​សំណង​ជា​មុន និង​យុត្តិធម៌ តាម​ច្បាប់​ភូមិបាល ប៉ុន្តែ​អាជ្ញាធរ​យកលេស​ថា បាន​ដោះស្រាយ​សំណង​ហ្នឹង​ឱ្យ​ទៅ​ភាគី​អ្នក​ម្ចាស់​ដី​មុន​រួច​ហើយ តែ​មាន​អ្នក​មក​ចាប់​ដី​​ហ្នឹង​នៅ​ក្រោយ»

អង្គការ​សិទ្ធិមនុស្ស​រិះគន់​ថា ចំពោះ​ការ​បង្ខំ​ឱ្យ​រុះរើ និង​បណ្ដេញ​ចេញ​ទៀតសោត ក៏​មិន​មាន​ធ្វើ​សេចក្ដី​ជូន​ដំណឹង​ជា​លាយលក្ខណ៍អក្សរ ​អ្វី​ឱ្យ​បាន​ត្រឹមត្រូវ​ដែរ។ ក៏​ប៉ុន្តែ​អនុ​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា លោក ឡុង កុសល បាន​ច្រានចោល​ការ​រិះគន់​ទាំង​នោះ​ដោយ​ថា អ្វី​ដែល​អាជ្ញាធរ​អប្សរា​ធ្វើ​គឺ​សុទ្ធតែ​ផ្អែក​ទៅ​លើ​គោលការណ៍​ច្បាប់ ដោយ​អនុវត្ត​ទៅ​តាម​អនុក្រឹត្យ​លេខ​៧៩ ចុះ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​១៩៩៤ ដើម្បី​ការពារ​ដី​បូរី​សណ្ឋាគារ​និង​វប្បធម៌​ទេសចរណ៍។

លោក ឡុង កុសល បញ្ជាក់​ថា នៅ​ក្នុង​អនុក្រឹត្យ​នោះ មាន​ចែង​ថា រាល់​ការ​ប្រើប្រាស់​ដើម្បី​ប្រកាន់​យក​ដី​កម្មសិទ្ធិ ព្រមទាំង​ការ​ផ្ទេរ​សិទ្ធិ​ដីធ្លី​ទាំង​អស់​នៅ​ក្នុង​តំបន់​នេះ ក្រោយ​ពី​អនុក្រឹត្យ​ចូល​ជា​ធរមាន គឺ​មិន​អាច​ទទួល​ស្គាល់​ថា ត្រឹមត្រូវ​តាម​ច្បាប់​ទេ៖ «ម្ចាស់​ខ្នង​ផ្ទះ​មួយ​ចំនួន​ដែល​រស់​នៅ​ទី​នោះ បាន​ទទួល​ស្គាល់​ខ្លួន​ឯង​ថា គ្រាន់តែ​ជា​អ្នក​មក​ចាំ​ដី​ឱ្យ​គេ​ទេ ទី​២ គាត់​ក៏​បាន​ទទួល​ស្គាល់​ខ្លួន​ឯង​ថា មក​ចាប់​ដី​ហ្នឹង​គឺ​ខុស​ច្បាប់»

អាជ្ញាធរ​អប្សរា​បញ្ជាក់​ថា ការ​ដែល​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​ដោយ​រុះរើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន ២៤​ខ្នង នៅ​ភូមិ​ព្រៃគុយ សង្កាត់​អំពិល កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ គឺ​ស្ថិត​នៅ​ក្នុង​ចន្លោះ​រយៈពេល​១​ខែ ដែល​អាជ្ញាធរ​បាន​ទុក​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​ទៅ​ជួបពិភាក្សា​គ្នា​នៅ​ឯ​សាលាក្រុង​សៀមរាប ក៏ប៉ុន្តែ​អ្នក​ភូមិ​ទាំង​នោះ​មិន​បាន​ទៅ​ជួប​ប្រជុំ​ជាមួយ​សាលា​ក្រុង​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ ៕