ប្រជាពលរដ្ឋប្រមាណ ៥០នាក់តំណាងឲ្យជាង ២៥០គ្រួសារ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៧ ខែមេសា នាំគ្នាតវ៉ានៅមុខដីទំនាស់ រារាំងមេភូមិ និងចៅសង្កាត់ មិនឲ្យយកដីទីស្នាក់ការភូមិលក់ទៅឲ្យអ្នកមានទ្រព្យក្នុងមូលដ្ឋានយកប្រាក់ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែចៅសង្កាត់អះអាងថា ដីដែលអ្នកភូមិតវ៉ានោះជារបស់កម្មសិទ្ធិបុគ្គលស្របច្បាប់។
ក្រុមអ្នកតវ៉ានៅក្រុងបាត់ដំបង ស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធចុះស្រាវជ្រាវដើម្បីចាត់វិធានការផ្លូវច្បាប់ទៅលើមេភូមិ និងចៅសង្កាត់ ហើយយកដីរបស់រដ្ឋមកទុកប្រើប្រាស់ជាសម្បត្តិរួម។
តំណាងអ្នកតវ៉ាម្នាក់ គឺលោក តី អាន ប្រាប់វិទ្យុអាស៊ីសេរី នៅមុខដីទំនាស់ភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង នៅថ្ងៃទី២៧ ខែមេសា ថា មេភូមិ សួន សុភ័ណ ហៅ ខេង ឃុបឃិតជាមួយចៅសង្កាត់ចំការសំរោង យកដីទីស្នាក់ការភូមិផ្កាស្លា ទំហំទទឹង ១២ម៉ែត្រ និងបណ្ដោយ ១៨ម៉ែត្រ លក់ឲ្យអ្នកមានទ្រព្យធនក្នុងមូលដ្ឋានដើម្បីយកប្រាក់ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។ លោកអះអាងថា មូលហេតុដែលនាំគ្នាតវ៉ា ដោយសារព្រួយបារម្ភក្រែងគ្មានដីសម្រាប់ធ្វើទីស្នាក់ការភូមិនៅថ្ងៃអនាគត៖ «បំណងរបស់ប្រជាពលរដ្ឋទាំងអត់មានឲ្យមេភូមិធ្វើអ្វីទៀតទេ គឺសុំឲ្យលោកមេភូមិយកដីស្នាក់ការភូមិមកឲ្យប្រជាពលរដ្ឋវិញ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ ចៅសង្កាត់ចំការសំរោង លោក ងិន ផាត មានប្រសាសន៍ថា ដីនោះជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ មានប័ណ្ណកាន់កាប់ត្រឹមត្រូវ គឺពុំមានពាក់ព័ន្ធដីទីស្នាក់ការភូមិដូចការចោទប្រកាន់របស់អ្នកស្រុកឡើយ៖ «គេបានប្រកាសមួយខែមុនពេលធ្វើប្លង់ តែអត់មានប្រជាពលរដ្ឋមកតវ៉ាទេ ចុះហេតុអីបានជាពួកគាត់មកតវ៉ាពេលនេះទៅវិញ?»។
ទោះបីជាយ៉ាងក្ដី អ្នកភូមិអះអាងថា អាជ្ញាធរមូលដ្ឋានបានឃុបឃិតគ្នាលួចធ្វើប្លង់យកដីស្នាក់ការភូមិដោយស្ងៀមស្ងាត់ ហើយមិនបានជម្រាបពលរដ្ឋឲ្យបានដឹងនោះទេ។ អ្នកស្រុកបន្ថែមថា ពួកគាត់ទើបតែទទួលដំណឹងនៅពេលដែលអាជ្ញាធរបានវាស់ដីនោះលក់ទៅឲ្យប្រជាពលរដ្ឋ ក៏ផ្ទុះការតវ៉ាតែម្ដង។
មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) ខេត្តបាត់ដំបង លោក ហេង សាយហុង មានប្រសាសន៍ថា ដីដែលអ្នកភូមិតវ៉ានោះដើមឡើយជាដីបម្រុងទុកសម្រាប់សង់ទីស្នាក់ការភូមិផ្កាស្លា ដើម្បីបម្រើប្រយោជន៍រួមរបស់ពលរដ្ឋក្នុងមូលដ្ឋាន។ លោកពន្យល់ថា ប្រជាពលរដ្ឋតវ៉ាគឺជារឿងត្រឹមត្រូវដោយសារពួកគាត់ព្រួយបារម្ភខ្លាចហិនហោចទ្រព្យសម្បត្តិរបស់រដ្ឋក្លាយទៅជាកម្មសិទ្ធិឯកជន៖ «រឿងនេះមានតែ ខាងអង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរថ្នាក់ខេត្តចុះទៅពិនិត្យផ្ទាល់នឹងដឹងហើយ។ ខ្ញុំថា បើដីនោះទៅរបស់ឯកជនមែន រឿងនេះនឹងមានការប្រព្រឹត្តអំពើពុករលួយហើយ»។
បន្ទាប់ពីពលរដ្ឋតវ៉ាប្រមាណកន្លះម៉ោង មន្ត្រីរដ្ឋបាលសាលាខេត្តបាត់ដំបង បានអនុញ្ញាតឲ្យតំណាងអ្នកភូមិចំនួន ៤នាក់ ជួបពិភាក្សានៅសាលាខេត្ត។ អាជ្ញាធរខេត្តបាត់ដំបង បានចេញលិខិតមួយច្បាប់ទៅអាជ្ញាធរក្រុងបាត់ដំបង ដើម្បីចុះស៊ើបអង្កេតតាមសំណើរបស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា អ្នកភូមិបញ្ជាក់ថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនដោះស្រាយឲ្យចៅសង្កាត់បញ្ឈប់លក់ដីនោះទេ គឺពួកគាត់នឹងចេញរារាំងមិនឲ្យមានការសាងសង់អាគារជាកម្មសិទ្ធិឯកជនឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
