តំណាងអាជីវករ និងតំណាងពលរដ្ឋមានទំនាស់ដីធ្លីនៅតាមសហគមន៍មួយចំនួន នាខេត្តព្រះសីហនុ បានប្រមូលផ្តុំគ្នាលើកបដាតវ៉ា និងដាក់ញត្តិជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយអន្តរាគមន៍លើកង្វល់ដែលអាជ្ញាធរខេត្តនេះ ដាក់ឱសានវាទឲ្យរុះរើតូបលក់ដូរ និងស្នើកាត់ឆ្វៀលដីផ្ដល់ប្លង់កម្មសិទ្ធិស្របច្បាប់។ មន្ត្រីសង្គមស៊ីវិលទាមទាររដ្ឋាភិបាលជួយដោះស្រាយបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃនៅតាមសហគមន៍នីមួយៗ ឲ្យបានឆាប់ ព្រោះទំនាស់ខ្លះបានអូសបន្លាយជាង ២០ឆ្នាំទៅហើយ នៅមិនទាន់មានដំណោះស្រាយទៀត។
តំណាងអាជីវករ និងប្រជាពលរដ្ឋមានវិវាទដីធ្លីមកពី ៦សហគមន៍ មានគ្នាប្រមាណ ៥០នាក់ បានប្រមូលផ្តុំគ្នាលើកបដាបង្ហាញពីកង្វល់ និងមានរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា អ្នកស្រី ប៊ុន រ៉ានី ផង នៅពីមុខគេហដ្ឋានលំហែកាយរបស់លោក នាឆ្នេរអូរឈើទាល កាលពីព្រឹកថ្ងៃច័ន្ទ ទី២៩ ខែកុម្ភៈ នាខេត្តព្រះសីហនុ។
ការប្រមូលផ្ដុំនេះធ្វើឡើងស្របពេលលោកនាយករដ្ឋមន្ត្រី អញ្ជើញបើកសម្ពោធអគារមន្ទីរពេទ្យបង្អែកថ្មី ខេត្តព្រះសីហនុ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន មានទីតាំងនៅមិនឆ្ងាយប៉ុន្មានពីគេហដ្ឋានលោក នាឆ្នេរអូរឈើទាល នៅព្រឹកដដែល។
តំណាងអាជីវករសហគមន៍ឆ្នេរអូរឈើទាល ឬឆ្នេរអតីតក្រុមហ៊ុនអារីស្តុន លោកស្រី ភឿក សុខេន ផ្ដល់សម្ភាសន៍ដល់អ្នកយកព័ត៌មានវិទ្យុ និងទូរទស្សន៍អាស៊ីសេរី ដោយបានលើកដៃសំពះសុំដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា អ្នកស្រី ប៊ុន រ៉ានី ឲ្យជួយអន្តរាគមន៍ឲ្យពួកគាត់អាចបន្តសង់តូបលក់ដូរនៅតាមឆ្នេរសមុទ្រ និងកែលម្អតូបលក់ដូរឲ្យមានស្តង់ដារ ឬមានសោភ័ណភាព។
លោកស្រី ភឿក សុខេន៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋដែលគាំទ្រសម្ដេច នាងខ្ញុំមិនប្រឆាំងនឹងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលទេ ប៉ុន្តែស្នើសុំសម្ដេចឲ្យមានគោលការណ៍ ទុកឆ្នេរខ្លះជូនពលរដ្ឋអាចប្រកបរបរចិញ្ចឹមជីវិត និងបង់ពន្ធចូលរដ្ឋ ដើម្បីបានរួមចំណែកអភិវឌ្ឍប្រទេសជាមួយរដ្ឋាភិបាល»។
ចំណែកតំណាងពលរដ្ឋនៅតាមសហគមន៍មានទំនាស់ដីធ្លីចំនួន ៥ផ្សេងទៀត បានរៀបរាប់ថា អាជ្ញាធរអាចកាត់ឆ្វៀលដីផ្តល់ប្លង់កម្មសិទ្ធិជូនពួកគាត់ប្រើប្រាស់ស្របច្បាប់ដូចពលរដ្ឋនៅទូទាំងប្រទេសដែរ ដើម្បីឲ្យពួកគាត់ប្រកបអាជីវកម្មបានដូចដើម។
តំណាងសហគមន៍ស្ពានឆេះ លោកស្រី បឿន កង មានទីតាំងនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក៏សំណូមពរឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយរកយុត្តិធម៌លើទំនាស់ធ្លីរ៉ាំរ៉ៃតាំងពីឆ្នាំ២០០៧ មកដល់ពេលនេះ មិនទាន់មានដំណោះស្រាយ។ តំណាងរូបនេះឲ្យដឹងថា ទំនាស់ជាមួយឈ្មួញមានអំណាចនៅសហគមន៍នេះ បានឈានដល់តុលាការ និងអាជ្ញាធរ ប្រើហិង្សាវាយបង្ក្រាប និងចាប់ពលរដ្ឋជាង ១០នាក់ដាក់គុកកន្លងមក ហើយរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋជាង ៤០គ្រួសារ គ្មានដីសង់ផ្ទះ និងបានមករស់នៅក្រោមដំបូលខ្ទមសង់លើថ្នល់កៅស៊ូជាប់របងដីទំនាស់។
លោកស្រី បឿន កង៖ «សូមសម្ដេចជួយរកយុត្តិធម៌ និងដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋពួកខ្ញុំនៅសហគមន៍ស្ពានឆេះ ដែងរងការរំលោភបំពានពីឈ្មួញ និងមន្ត្រីមានអំណាច។ ដីទីតាំងនេះ ពលរដ្ឋពួកខ្ញុំបានមករស់នៅតាំងពីឆ្នាំ១៩៨៤ មកម្ល៉េះ ហើយទើបនៅឆ្នាំ២០០៧ ក៏កើតមានទំនាស់ ហើយឈ្មួញ និងមន្ត្រីមានអំណាចបានប្រើប្រព័ន្ធតុលាការ និងកងកម្លាំងប្រដាប់អាវុធបាញ់ និងចាប់ពលរដ្ឋក្នុងសហគមន៍នេះចំនួន ១៣នាក់ដាក់គុកថែមទៀត។ សូមសម្ដេចជួយដល់ពលរដ្ឋរងគ្រោះពួកខ្ញុំ ឲ្យមានដីសង់ផ្ទះ និងប្រកបរបរកសិកម្មដូចដើមវិញ»។
តំណាងពលរដ្ឋនៅសហគមន៍អណ្ដូងថ្ម លោកស្រី ហែន សម្បត្តិ ជាស្ត្រីមេម៉ាយ និងមានរបរដើរលក់ថ្នាំបុរាណសម្រាប់ចិញ្ចឹមជីវិត រស់នៅភូមិត្រពាំងស្អុយ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ មានប្រសាសន៍ថា ពលរដ្ឋក្នុងសហគមន៍នេះមានចំនួនជាង ៤០គ្រួសារ ចង់បានប្លង់កម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ដោយអនុគ្រោះ ព្រោះអាជ្ញាធរចាប់ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ខេត្តមិនរវល់អើពើ។
លោកស្រី ហែន សម្បត្តិ ៖ «សូមសំណូមពរដល់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដោះស្រាយ និងកាត់ឆ្វៀលដីផ្ដល់ប្លង់កម្មសិទ្ធិដល់ពួកនាងខ្ញុំនៅសហគមន៍អណ្ដូងថ្មផង ព្រោះអាជ្ញាធរខេត្តនេះមិនរវល់អើពើទេ ហើយដីតំបន់នេះ បានរងការរំលោភបំពានពីសំណាក់អាជ្ញាធរ និងឈ្មួញជាបន្តបន្ទាប់»។
ចំណែកប្រធានសហគមន៍ព្រែកត្របែក ថ្មធំ និងអណ្ដូងទឹក មានទីតាំងនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ លោក សេន ចន្ថា បានឲ្យដឹងដែរថា សហគមន៍នេះមានពលរដ្ឋជាង ១០០គ្រួសារ កំពុងរងការគំរាមរាល់ថ្ងៃពីសំណាក់ក្រុមហ៊ុនចិន ឈ្មោះ យិះ ជៀ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលរយៈពេល ៩៩ឆ្នាំ។
លោក សេន ចន្ថា៖ «ដូចជាធ្វើស្រែចម្ការ ឬដាំដំណាំផ្សេងៗ និងសង់ផ្ទះជាដើមរបស់ប្រជាពលរដ្ឋនៅសហគមន៍នេះ គឺត្រូវក្រុមហ៊ុន យិះ ជៀ នេះបិទសិទ្ធិដល់ពួកខ្ញុំសប់បែបយ៉ាងទាំងអស់។ ដូច្នេះថ្ងៃនេះខ្ញុំឡើងមកជួបសម្ដេច ជួយកាត់ឆ្វៀលដីនៅមូលដ្ឋាននេះ ឲ្យដាច់ស្រឡះពីគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន និងផ្ដល់ប្លង់កម្មសិទ្ធិជូនពលរដ្ឋអាចប្រើប្រាស់ស្របច្បាប់»។
ស្រដៀងគ្នាដែរ លោកស្រី អឿន ង៉ែត តំណាងសហគមន៍អន្លង់បាតខ្ទះ ស្ថិតក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ជាតំណាងឲ្យពលរដ្ឋជាង ៤០គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឋានសួគ៌។ ស្ត្រីរូបនេះបានលើកដៃសំពះសំណូមពរប្រមុខដឹកនាំឲ្យជួយរកយុត្តិធម៌ដល់ពួកគាត់ដែលកន្លងមកត្រូវក្រុមហ៊ុនឋានសួគ៌ប្រើកម្លាំងប្រដាប់អាវុធដុតកម្ទេច និងចាប់ពលរដ្ឋខ្លះដាក់គុកដើម្បីបង្ខំឲ្យចាក់ចេញពីទីតាំងធ្លាប់រស់នៅ។ លោកស្រី អឿន ង៉ែត ក៏សំណូមពរដល់ប្រមុខដឹកនាំជួយអន្តរាគមន៍ឲ្យពលរដ្ឋពួកគាត់បានចូលទៅសង់ផ្ទះ និងប្រកបរបរកសិកម្មចិញ្ចឹមជីវិតនៅលើទីតាំងធ្លាប់រស់នៅដូចដើមវិញ ព្រោះរាល់ថ្ងៃនេះពួកគាត់មិនមានដីសង់ផ្ទះ ឬប្រកបរបរកសិកម្មទេ ហើយបានដើរផ្ញើខ្លួនដូចសត្វខ្ទួយ។
លោកស្រី អឿន ង៉ែត៖ «សូមសម្ដេចជួយកាត់ឆ្វៀលដីពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនឋានសួគ៌ ឲ្យពលរដ្ឋពួកខ្ញុំដោយអនុគ្រោះផង ពីព្រោះពួកនាងខ្ញុំមានជីវភាពក្រីក្រ និងមានប័ណ្ណក្រីក្រថែមទៀត ហេតុអ្វីអាជ្ញាធរមិនជួយដោះស្រាយជូនពួកគាត់ ហើយថែមទាំងអាជ្ញាធរបានមកដុតផ្ទះ និងរុះរើផ្ទះពួកខ្ញុំចោលគ្មានសល់។ ជាងនេះទៀត បានចាប់កូនប្រុសខ្ញុំដាក់គុក និងបណ្ដេញពលរដ្ឋចេញពីដីធ្លាប់សង់ផ្ទះ និងប្រកបរបរកសិកម្មថែមទៀត ហើយពេលនេះពលរដ្ឋពួកខ្ញុំគ្មានដីសង់ផ្ទះ និងដីប្រកបរបរកសិកម្មចិញ្ចឹមជីវិតនោះទេ»។
ងាកមក លោកស្រី ហង្ស ចិន្តា តំណាងពលរដ្ឋ ២៤គ្រួសារ នៅសហគមន៍កំពេញចាស់ ក្នុងនៅសង្កាត់៣ ក្រុងព្រះសីហនុ ដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃជាង ២០ឆ្នាំ ទាមទារឲ្យលោក ហ៊ុន សែន ជួយរកយុត្តិធម៌នៅក្នុងដំណើរចុះមកសម្ពោធអាគារមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នេះដែរ។
តំណាងរូបនេះក៏ស្នើដល់ប្រមុខដឹកនាំបញ្ជូនមន្ត្រីស្អាតស្អំចុះស៊ើបអង្កេតលើទំនាស់ដីធ្លីជាមួយឈ្មួញមានអំណាច ដោយមានការឃុបឃិតពីអាជ្ញាធរពាក់ព័ន្ធមួយចំនួនកន្លងមក ដើម្បីផ្ដល់យុត្តិធម៌ពិតប្រាកដជូនពលរដ្ឋរងគ្រោះទាំង ២៤គ្រួសារ ហើយដែលកំពុងសង់ខ្ទមជ្រកនៅជាប់របងដីជម្លោះ៖ «ចង់ជួបសម្ដេច ដើម្បីផ្ដល់ព័ត៌មានពីទុក្ខលំបាករបស់ប្រជាពលរដ្ឋពួកខ្ញុំទាំង ២៤គ្រួសារ នៅសហគមន៍កំពេញចាស់ ដែលរងទុក្ខពីការំលោភដីធ្លីពីសំណាក់ក្រុមហ៊ុនជាង ២០ឆ្នាំមកហើយ មិនទាន់មានដំណោះស្រាយទេ។ រាល់ការដោះស្រាយរបស់អភិបាលខេត្តព្រះសីហនុ បានប្ដូរអ្នកដឹកនាំច្រើនអាណត្តិមកហើយ ប៉ុន្តែមិនបានជួយរកដំណោះស្រាយជូនពលរដ្ឋរងគ្រោះពិតប្រាកដឲ្យពួកខ្ញុំទេ។ ប៉ុន្តែពេលនេះពួកនាងខ្ញុំមានក្ដីសង្ឃឹមទៅលើការដោះស្រាយរបស់សម្ដេចអាចជួយដល់ពលរដ្ឋពួកខ្ញុំនៅសហគមន៍កំពេញចាស់ ឲ្យមានយុត្តិធម៌ឡើងវិញ»។
ទោះយ៉ាងណាក៏ដោយចុះ ភ្លាមៗនេះ មិនទាន់មានការឆ្លើយតបបែបណាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើសំណូមពរពលរដ្ឋរបស់ក្រុមអាជីវករ និងតំណាងពលរដ្ឋនៅតាមសហគមន៍មានទំនាស់ដីធ្លីទាំងនោះទេ នៅថ្ងៃទី២៩ ខែកុម្ភៈ។ ប៉ុន្តែមន្ត្រីកងរាជអាវុធហត្ថដែលមានភារកិច្ចមើលការខុសត្រូវ ឬយាមគេហដ្ឋានជូនប្រមុខដឹកនាំ និងកងអង្គរក្សរបស់លោក បានចេញមកទទួលយកញត្តិពីតំណាងអាជីវករ និងប្រជាពលរដ្ឋមានទំនាស់ដីធ្លីដោយសន្យាថា នឹងដាក់ជូនដល់ដៃលោកនាយករដ្ឋមន្ត្រីពិនិត្យ។
ក្នុងញត្តិដាក់ជូនប្រមុខដឹកនាំរបស់ក្រុមអាជីវករលក់ដូរនៅឆ្នេរអូរត្រេះ និងឆ្នេរអូរឈើទាល និងប្រជាពលរដ្ឋ នៅតាមសហគមន៍មានទំនាស់ដីធ្លីទាំងនោះ មានខ្លឹមសារស្នើដល់ប្រមុខដឹកនាំជួយអន្តរាគមន៍ឲ្យក្រុមអាជីវករអាចបន្តសង់តូបលក់ដូរ ឬអាចបន្តលក់ដូរនៅតាមមាត់សមុទ្រ និងស្នើសុំកាត់ឆ្វៀលដីផ្ដល់ប្លង់កម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ជាដើម។
ទាក់ទិនបញ្ហានេះ កាលពីថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា អាជ្ញាធរខេត្តនេះនឹងចុះអនុវត្តផែនការអភិវឌ្ឍឆ្នេរសមុទ្រ ឲ្យស្របតាមសារាចរលេខ ០១ របស់រាជរដ្ឋាភិបាល ស្តីអំពីការកែលម្អឆ្នេរសមុទ្រឲ្យមានសោភណភាពសម្រាប់បម្រើដល់វិស័យទេសចរណ៍។ ជាងនេះ លោក យន្ត មីន ក៏ស្នើដល់ក្រុមអាជីវករលក់ដូរនៅតាមឆ្នេរឲ្យចូលរួមអភិវឌ្ឍឆ្នេរបានរលូនជាមួយរាជរដ្ឋាភិបាល ព្រោះរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានសំណង់រឹងមាំសង់នៅជាប់ឆ្នេរសមុទ្រនោះទេ។
ចំណែកការងារដោះស្រាយទំនាស់ដីធ្លីនៅតាមសហគមន៍នានាវិញ លោក យន្ត មីន បញ្ជាក់ថា ទំនាស់ដីធ្លីដែលស្ថិតក្នុងដៃតុលាការ គឺរដ្ឋបាលខេត្តព្រះសីហនុ មិនមានសិទ្ធិលូកដៃជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋទេ ប៉ុន្តែបើទំនាស់នៅក្រៅប្រព័ន្ធតុលាការ ឬការងារចុះកាត់ឆ្វៀលដីជូនពលរដ្ឋ អាជ្ញាធរកំពុងបង្កើនសកម្មភាព ឬបញ្ជូនមន្ត្រីចុះវាស់ដីឈានដល់ផ្ដល់ប្លង់កម្មសិទ្ធិនៅតាមសហគមន៍នីមួយៗជាបណ្តើរៗរួចហើយ។
លោក ប៊ួន ណារិទ្ធិ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ ដែលតាមអង្កេតការប្រមូលផ្តុំគ្នាលើកបដាតវ៉ា និងដាក់ញត្តិជូនប្រមុខដឹកនាំដល់មុខគេហដ្ឋានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឆ្នេរអូរឈើទាល ផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលត្រូវមានយន្តការដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃឲ្យច្បាស់លាស់ និងជួយវែកមុខមន្ត្រីពុករលួយដែលឃុបឃិតធ្វើបាបប្រជាពលរដ្ឋយកមកផ្ដន្ទាទោស។
លោក ប៊ួន ណារិទ្ធិ៖ «ប្រជាពលរដ្ឋដែលជាអាជីវករ និងពលរដ្ឋរងគ្រោះដីធ្លីនៅតាមសហគមន៍ទាំងអស់នាខេត្តព្រះសីហនុ គឺសង្ឃឹមទៅលើតែសម្ដេចនាយករដ្ឋមន្ត្រីតែមួយគត់ ដែលលោកអាចជម្នះ ឬហ៊ានអាកាត់នូវបញ្ហាផ្សេងៗ ហើយនឹងអាចដោះស្រាយរាល់វិវាទដីធ្លីរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស»។
របាយការណ៍អង្គការលីកាដូ បានបង្ហាញថា ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋជាង ២០សហគមន៍មានវិវាទដីធ្លី ហើយអាជ្ញាធរខេត្តនេះ មិនទាន់មានដំណោះស្រាយទេ។ ទំនាស់ខ្លះបានអូសបន្លាយពេលចន្លោះពី ៥ឆ្នាំ ទៅដល់ ១៥ឆ្នាំ ឬច្រើនជាងនេះ នៅមិនទាន់មានដំណោះស្រាយជូនពលរដ្ឋឲ្យទទួលបានយុត្តិធម៌ពិតប្រាកដនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
