ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានបរាជ័យជាថ្មីម្ដងទៀត រឿងស្នើឲ្យតុលាការដោះលែងតំណាងរបស់ពួកគាត់ម្នាក់ឲ្យមានសេរីភាព។ ប្រជាពលរដ្ឋប្រមាណ ៥០នាក់ កាលពីព្រឹកថ្ងៃទី២២ ខែមីនា តវ៉ាឲ្យតុលាការដោះលែងតំណាងនៅមុខសាលាដំបូងខេត្ត បន្ទាប់ពីឃុំខ្លួនក្នុងពន្ធនាគារជិត ២ខែមកហើយ។
ក្រុមអ្នកតវ៉ាបានកាន់រូបថតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកស្រី ប៊ុន រ៉ានី និងមានសរសេរបដាដែលមានខ្លឹមសារសុំឲ្យអ្នកទាំង២ ជួយដោះលែងតំណាងរបស់ពួកគាត់ម្នាក់ ឈ្មោះ ឈន ឆាត អាយុ ៥៦ឆ្នាំ ឲ្យមានសេរីភាពឡើងវិញឆាប់រហ័ស។
ប្រពន្ធជនជាប់ឃុំរស់នៅភូមិទួលក្រសាំង ឃុំសិរីមានជ័យ ស្រុកសំពៅលូន គឺអ្នកស្រី សុត ថង ថ្លែងថា ប្ដីរបស់អ្នកស្រីគឺជាមនុស្សស្លូតត្រង់ តែងចេញមុខជួយតវ៉ាប្រជាពលរដ្ឋរឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនសួនមានសម្បត្តិ រហូតមក។ អ្នកស្រីមានការសោកស្ដាយជាខ្លាំងដែលតុលាការបញ្ជាឲ្យឃុំខ្លួនលោក ឈន ឆាត ក្នុងពន្ធនាគារ ដោយពុំមានកំហុសអ្វីឡើយ៖ «ទាំងតុលាការ និងអភិបាលខេត្ត គាត់បានសន្យាដោះលែងប្ដីរបស់ខ្ញុំតាំងពីថ្ងៃទី២ ខែកុម្ភៈ តែគាត់មិនបានធ្វើដូចការសន្យានោះទេ។ ពេលនេះប្ដីខ្ញុំគាត់ឈឺនៅក្នុងពន្ធនាគារ ខ្ញុំមិនដឹងធ្វើយ៉ាងណាជួយគាត់បានទេ»។
លោក ឈន ឆាត ត្រូវបានសាលាដំបូងខេត្តបាត់ដំបង បញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ដោយចោទប្រកាន់ថា បំពានលើដីកម្មសិទ្ធិឯកជនខុសច្បាប់ តាមពាក្យបណ្ដឹងរបស់លោក និល ស៊ត ប្រជាពលរដ្ឋនៅឃុំជាមួយគ្នា។ កន្លងមកប្រជាពលរដ្ឋធ្លាប់តវ៉ាឲ្យតុលាការដោះលែងម្ដងរួចមកហើយ តែពុំទទួលបានលទ្ធផល។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានសាលាដំបូងខេត្តបាត់ដំបង លោក ជា វណ្ណៈ មានប្រសាសន៍ថា សាលាដំបូងខេត្តបានសម្រេចឲ្យលោក ឈន ឆាត នៅក្រៅឃុំម្ដងរួចមកហើយ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ ។ ប៉ុន្តែ លោកថា តុលាការពុំបានដោះលែងដោយសារក្រឡាបញ្ជីអមសាលាដំបូងខេត្ត បានប្ដឹងឧទ្ធរណ៍បន្តទៀត៖ «រឿងនេះត្រូវបានលោកព្រះរាជអាជ្ញាគាត់ប្ដឹងឧទ្ធរណ៍ ហើយយើងក៏បានបញ្ជូនសំណុំរឿងទៅដល់សាលាឧទ្ធរណ៍អស់ហើយដែរ»។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (LICADHO) ខេត្តបាត់ដំបង លោក ហេង សាយហុង ពន្យល់ថា តុលាការគួរទម្លាក់ការចោទប្រកាន់ទៅលើប្រជាពលរដ្ឋឲ្យមានសេរីភាពឡើងវិញ ពីព្រោះលោកអះអាងថា ករណីនេះ ជារឿងទំនាស់ដីធ្លីដែលជនជាប់ឃុំធ្វើឡើងដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៖ «រឿង នេះកាលណាតុលាការបានសន្យាជាមួយប្រជាពលរដ្ឋ ហើយមិនអនុវត្តតាមការសន្យា មិនធ្វើឲ្យពួកគាត់ស្ងប់ចិត្តឡើយ ហើយទីបំផុតពួកគាត់នឹងនាំគ្នាទៅរកស្ថាប័នផ្សេងឲ្យជួយពួកគាត់ ទៀត»។
បន្ទាប់ពីការតវ៉ារបស់ប្រជាពលរដ្ឋពុំទទួលបានលទ្ធផល នៅរសៀលថ្ងៃទី២២ ខែមីនា ដដែល ពួកគាត់បាននាំគ្នាធ្វើដំណើរតាមរថយន្តក្រុង ឆ្ពោះទៅរាជធានីភ្នំពេញ ដើម្បីទៅតវ៉ានៅមុខគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីបន្តទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។