អ្នក​ភូមិ​នៅ​ខេត្ត​កណ្ដាល​តវ៉ា​ទាមទារ​ដី​របស់​ពួក​គាត់​ពី​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍

0:00 / 0:00

អ្នក​ភូមិ​ជាង ៦០០​នាក់ នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ ទាមទារ​ដី​របស់​ពួក​គាត់​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ដែល​ពួក​គាត់​អះអាង​ថា ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បាន​រំលោភ​យក ហើយ​ប្ដឹង​ពួក​គាត់។

តំណាង​អ្នក​ភូមិ​តវ៉ា​មួយ​រូប អ្នកស្រី អឿង សារី ថ្លែង​ប្រាប់​អ្នក​ព័ត៌មាន​នៅ​មុខ​សាលា​ខេត្ត​កណ្ដាល​ថា មូលហេតុ​ពួក​អ្នក​ភូមិ​នាំ​គ្នា​នៅ​មុខ​សាលា​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ នេះ គឺ​ដើម្បី​រក​អន្តរាគមន៍​ពី​អភិបាល​ខេត្ត ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពួក​គាត់៖ «ប្រជាពលរដ្ឋ​ពួក​ខ្ញុំ គឺ​ចង់​រដ្ឋាភិបាល ក៏​ដូច​ជា លោក​អភិបាល​ខេត្ត សម្ដេច​នាយក​ជួយ​អន្តរាគមន៍​ដោះស្រាយ​ឲ្យ​ដី​ប្រជាពលរដ្ឋ​ខ្ញុំ​វិញ ហើយ​ក៏​ដូច​ជា​អន្តរាគមន៍​ដាក់​បន្ទុក​លើ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ក៏​ដូច​ជា អ្នកស្រី សៀង ចាន់ហេង ហ្នឹង ឲ្យ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ហ្នឹង​មក ហើយ​កុំ​ប្ដឹង​ប្រជាពលរដ្ឋ​ទៀត ព្រោះ​ខ្លួន​ឯង​យក​ដី​ប្រជាពលរដ្ឋ​ហើយ ប្ដឹង​ប្រជាពលរដ្ឋ។ សូម​ឲ្យ​រដ្ឋាភិបាល​ហ្នឹង ចាត់ការ​អ្នកស្រី សៀង ចាន់ហេង ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ហ្នឹង​ផង កុំ​ឲ្យ​គាត់​ចេះ​តែ​ដើរ​យក​ដី​ប្រជាពលរដ្ឋ​ប៉ាត​ណា​ប៉ាត​ណី​ទៀត។ ប្រជាពលរដ្ឋ​ពិបាក ដោយសារ​តែ​បុគ្គល​គាត់​ម្នាក់ ប្រជាពលរដ្ឋ​ពិបាក​រាប់​រយ​ពាន់​នាក់...»

អ្នកស្រី​មាន​ប្រសាសន៍​បន្ត​ថា ការ​តវ៉ា​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ នេះ មាន​រយៈ​ពេល ១៥​ឆ្នាំ​ហើយ ហើយ​អ្នកស្រី និង​អ្នក​ភូមិ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ប្ដឹង​ថែម​ទៀត។ ការ​តវ៉ា​នៅ​សាលា​ខេត្ត​កណ្ដាល​នេះ គឺ​នៅ​ពេល​ដែល​អ្នកស្រី និង​អ្នក​ភូមិ​ផ្សេង​ទៀត បដិសេធ​មិន​ទៅ​មន្ទីរ​យុត្តិធម៌​របស់​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល ដែល​កោះហៅ​ឲ្យ​ក្រុម​អ្នកស្រី​ចូល​ទៅ​បំភ្លឺ​ពី​បទល្មើស​ព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ។ ក្នុង​លិខិត​​របស់​នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល បាន​កោះ​ហៅ​អ្នកស្រី អឿង សារី ចូល​ខ្លួន​ដើម្បី​សាកសួរ​​តាម​បណ្ដឹង​របស់​​ឈ្មោះ សៀង ចាន់ហេង អំពី​​ការ​ចោទ​ប្រកាន់​ថា បាន​បំផុស​បំផុល និង​ដឹក​នាំ​ក្រុម​ប្រជាជន​រារាំង​គ្រឿងចក្រ​មិន​ឲ្យ​កាយ​ដី​កម្មសិទ្ធិ​ស្រប​ច្បាប់។

អាស៊ីសេរី មិន​អាច​រក​ការ​បញ្ជាក់​បន្ថែម​ពី​កង​រាជ​អាវុធហត្ថ​ខេត្ត​កណ្ដាល​បាន​ទេ ព្រោះ​មិន​មាន​អ្នក​លើក​ទូរស័ព្ទ។

អ្នក​ភូមិ​អះអាង​ថា ដី​ដែល​ពួក​គាត់​មាន​ទំនាស់​នោះ ជា​ដី​រួម មាន​ទំហំ ៤០០​ហិកតារ ស្ថិត​នៅ​ក្នុង​ឃុំ​អំពៅព្រៃ កណ្ដោក និង​ឃុំ​ព្រែកស្លែង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល។ ពួក​គាត់​អះអាង​ថា បាន​គ្រប់គ្រង​តាំង​ពី​ឆ្នាំ​១៩៩៣ មក។ ពួក​គាត់​ថ្លែង​ថា ថ្វី​បើ​ពួក​គាត់​កាន់​កាប់​យូរ​មែន ប៉ុន្តែ​មិន​មាន​ប័ណ្ណ​កម្មសិទ្ធិ​ទេ ហើយ​បែរ​ជា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ មាន​ប័ណ្ណ​កម្មសិទ្ធិ​ទៅ​វិញ។

អ្នក​ភូមិ​អាច​ធ្វើ​ស្រែ​ចម្ការ​បាន​ទើប​នាំ​គ្នា​ចាប់​ផ្ដើម​តវ៉ា​នៅ​ឆ្នាំ​២០០៥។ ក្រោយ​ការ​តវ៉ា រដ្ឋាភិបាល​បាន​ដោះស្រាយ​ជូន​ពួក​អ្នក​ទាំង​នោះ​បាន​ចំនួន ២០០​ហិកតារ។ ឥឡូវ​នេះ​ពួក​អ្នក​ភូមិ​បន្ត​ការ​តវ៉ា​ទាមទារ​យក​ដី​ចំនួន ២០០​ហិកតារ​ទៀត។ ពួក​គាត់​បដិសេធ​ថា មិន​ដែល​ផ្ដិត​មេដៃ​លក់​ដី​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ទេ៖ «បើ​គាត់​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​អត់​មក​ទេ។ ដី​ហ្នឹង ប្រជាជន​ចង់​លក់ អត់​មាន​ប័ណ្ណ​កម្មសិទ្ធិ។ តែ​ដល់​ពេល​ក្រុមហ៊ុន​លក់​មាន​ប័ណ្ណ​កម្មសិទ្ធិ។ ខ្ញុំ​សួរ​ថា ក្រុមហ៊ុន​ហ្នឹង​មាន​ប័ណ្ណ​កម្មសិទ្ធិ​ចេញ​ណា​មក? ព្រោះ​ប្រជាជន​អត់​មាន​បាន​ផ្ដិត​មេដៃ​ឲ្យ​គាត់​ទេ ហើយ​គាត់​មាន​ប័ណ្ណ​កម្មសិទ្ធិ​លក់​ទៅ​ឲ្យ​អ្នក​ដទៃ។ ចំណែក​ឯ​ប្រជាជន ដី​ពិត​ប្រាកដ​របស់​ប្រជាជន​ធ្វើ​ហូប​រាល់​ថ្ងៃ​ប្រចាំ​ឆ្នាំ ទៅ​ជា​អត់​មាន​ប័ណ្ណ​កម្មសិទ្ធិ»

តំណាង​សហគមន៍​ដែល​ត្រូវ​បាន​គេ​ប្ដឹង មាន​ឈ្មោះ​លោកស្រី អឿង សារី ញ៉េប អឿង គួន សំអាត ផាន់ វុទ្ធី ម៉ម ចន និង ជា សុខា។

ការ​តវ៉ា​របស់​អ្នក​ភូមិ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ​នេះ មាន​មន្ត្រី​សាលាខេត្ត​កណ្ដាល​ម្នាក់​ចេញ​មក​ជួប​អ្នក​ភូមិ ដោយ​សុំ​ឲ្យ​តំណាង​អ្នក​ភូមិ​ចំនួន ១៣​នាក់​ចូល​ជួប និង​ឲ្យ​អ្នក​ភូមិ​ផ្សេង​ទៀត​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ប៉ុន្តែ​អ្នក​ភូមិ​មិន​ព្រម ព្រោះ​ពួក​គាត់​ចង់​ចូល​ជួប​ទាំង​អស់​គ្នា។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ភូមិ​សម្រេច​រំសាយ​គ្នា​វិញ នៅ​ព្រឹក​ថ្ងៃ​ដដែល ដោយ​មិន​បាន​ទទួល​លទ្ធផល​អ្វី​ឡើយ ក្រៅ​ពី​បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ច្បាប់​ទៅ​អភិបាល​ខេត្ត​កណ្ដាល ដើម្បី​សុំ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។