ពលរដ្ឋ​សង្កាត់​អូរចារ​ក្រុង​បាត់ដំបង​តវ៉ា​ប្រឆាំង​នឹង​ការ​កាត់​ដី​សាលា​មត្តេយ្យ​ឲ្យ​ឯកជន

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ ៥០​នាក់​នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​សង្កាត់​អូរចារ ដើម្បី​ជំទាស់​នឹង​មន្ត្រី​តុលាការ​ចុះ​អនុវត្ត​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មករា។ តុលាការ​កាត់​ក្ដី​ឲ្យ​មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ម្នាក់​ឈ្នះ​ក្ដី​ក្នុង​សំណុំ​រឿង​ទំនាស់​ដី​សាលា​មត្តេយ្យ​នៅ​ក្នុង​សង្កាត់​នេះ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

ក្រុម​អ្នក​តវ៉ា​នៅ​សង្កាត់​អូរចារ លើក​ឡើង​ថា ដី​ទំនាស់​ទំហំ​ប្រមាណ​ទទឹង ៤០​ម៉ែត្រ និង​បណ្ដោយ ៤០​ម៉ែត្រ ដែល​ជា​ដី​ទីធ្លា​សាលា​មត្តេយ្យ​សិក្សា​ភូមិ​អូរចារ ដែល​ជា​ទ្រព្យ​សម្បត្តិ​រួម​មិន​អាច​បុគ្គល​ណា​ម្នាក់​យក​ធ្វើ​ជា​កម្មសិទ្ធិ​បាន​ឡើយ។

តំណាង​អ្នក​តវ៉ា​ម្នាក់ លោក គឹម ភិន រស់នៅ​ភូមិ​អូរចារ សង្កាត់​អូរចារ ក្រុង​បាត់ដំបង ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី​នៅ​លើ​ដី​ទំនាស់ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មករា ថា ពួក​គាត់​ពុំ​បាន​ដឹង​ថា ដើម​បណ្ដឹង​ជា​មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ប្ដឹង​ទៅ​តុលាការ​យក​ដី​សាលា​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​នៅ​ពេល​ណា​នោះ​ទេ។ លោក​បន្ថែម​ថា ពួក​គាត់​ទើប​តែ​ដឹង​នៅ​ពេល​ដែល​ភាគី​ទំនាស់ ចាក់​ដី​បម្រុង​ធ្វើ​របង​ព័ទ្ធ​យក​ដី​សាលា​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៧ ហើយ​ក៏​ផ្អើល​ឆោឡោ​តែ​ម្ដង៖ « បាទ ! តវ៉ា​ប្រឆាំង​ដាច់ខា ត ព្រោះ​វា​អយុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ជុំវិញ​សាលា​នេះ​រស់នៅ​តាំង​ពី​១៩៧៩ មក។ ហេតុ​អី​បាន​ ជា​មាន ​ឯកសារ​ខ្ចី និង​លក់​ដី ដែល​មាន​មេ​ឃុំ​ចុះ​ហត្ថលេខា​នោះ ? ហេតុ​អី​ បាន​ជា​ មិន​មក​សួរ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ ពិត​ប្រាកដ ? »

ឆ្លើយតប​នឹង​បញ្ហា​នេះ ដើម​បណ្ដឹង​ជា​មន្ត្រី​ប៉ូលិស​បង្ក្រាប​គ្រឿង​ញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លោក សៅ ប៊ុនទិត្យ ដែល​បាន​ទៅ​ដល់​សាលា​សង្កាត់​អូរចារ ដែរ​អះអាង​ថា ដី​នេះ​លោក​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​កាល​ពី​ខែ​មករា ឆ្នាំ​២០១៥ ដើម្បី​ទទួល​មរកត​ពី​យាយ​ជីដូនមួយ ដែល​បាន​សរសេរ​បណ្ដាំ​មុន​ពេល​ស្លាប់​ប្រគល់​ឲ្យ​លោក​ធ្វើ​ជា​កម្មសិទ្ធិ បន្ទាប់​ពី​សាលា​ខ្ចី​យក​ទៅ​ប្រើ​រយៈពេល ១៥​ឆ្នាំ​រួច​មក៖ « ខ្ញុំ​ មិន​មែន ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ទេ ខ្ញុំ​ប្ដឹង​យក​ដី​ កេរ​មរតក មក​វិញ ក្រោយ​ពី ​តុលាការ​ បាន​សម្រេច ​ប្រគល់​ដី​មក​ឲ្យ​ខ្ញុំ​ហើយ។ ម្យ៉ាង​ទៀត ដី​នេះ​មាន​ប្លង់​ហើយ​ស្រេច អ៊ីចឹង​ទេ​ខ្ញុំ​អត់​មាន​បំពាន​អ្នក​ណា​ទេ។ ខ្ញុំ​គ្រាន់​អនុវត្ត​ដើម្បី​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ដី​របស់​ខ្ញុំ​ប៉ុណ្ណោះ »

ប៉ុន្តែ​ប្រជាពលរដ្ឋ​អះអាង​ថា បុគ្គល​ដែល​ស្លាប់​នោះ​ពុំ​មែន​ជា​ម្ចាស់​ដី​ទេ គឺ​ជា​របស់​ពលរដ្ឋ​នៅ​ក្នុង​ភូមិ ប្រគល់​ទៅ​ឲ្យ​សាលា​ប្រើប្រាស់​ជា​របស់​រួម​កាល​ពី​សម័យ​មុន ព្រម​ទាំង​មាន​សាក្សី​រស់​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​រឿង​នេះ​ទៀត​ផង។

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង លោក ប៉ង់ ចាន់សុយុទ្ធារា ដែល​បាន​ចុះ​អនុវត្ត​សាលក្រម មាន​ប្រសាសន៍​ថា លោក​អនុវត្ត​ទៅ​តាម​សាលក្រម​ស្ថាពរ​របស់​តុលាការ ប្រសិន​បើ​ពលរដ្ឋ​មិន​សុខ​ចិត្ត អាច​ដាក់​ពាក្យ​ប្ដឹង​ឧទ្ធរណ៍​បន្ត​ទៀត​បាន។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើក​ឡើង​ថា បញ្ហា​នេះ​ជា​កំហុល​ឆ្គង​របស់​តុលាការ ដែល​ពុំ​បាន​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​សម្រេច​ឲ្យ​ដើម​បណ្ដឹង​ឈ្នះ​ក្ដី៖ « ឥឡូវ​នេះ ​វា​មាន​លក្ខណៈ​ស្មុគស្មាញ​ណាស់ ហើយ​ បើ​ មាន យើង​ ធ្វើ​ការ ​សម្រួល​ក្រៅ​ ប្រព័ន្ធ​តុលាការ ទាល់​តែ ​ភាគី​ទាំងអស់​មាន​ឆន្ទៈ​លះបង់ ឬ​ក៏​ អាជ្ញាធរ​ដោះដូរ​ធ្វើ​យ៉ាង​ ម៉េច ដើម្បី​បញ្ចប់​បញ្ហា​នេះ។ អ៊ីចឹង​បាន​ថា​បើ​យើង​និយាយ​ពី​ផ្លូវ​ច្បាប់​ស្មុគស្មាញ​កាន់​តែ​ខ្លាំង​ឡើង »

តំណាង​ក្រុម​អ្នក​តវ៉ា​ប្រមាណ ៥​នាក់ បាន​ជជែក​តឹង​សរសៃ​ក​ជាមួយ​មន្ត្រី​តុលាការ​នៅ​មុខ​សាលា​សង្កាត់​អូរចារ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ មករា នៅ​ពេល​ចុះ​ទៅ​អនុវត្ត​សាលក្រម​នោះ។ ប៉ុន្តែ​នៅ​ម៉ោង​ប្រមាណ ១២​ថ្ងៃ​ត្រង់ មន្ត្រី​តុលាការ​បាន​នាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ទីតាំង​ដី​ទំនាស់ ដើម្បី​ឲ្យ​ដើម​បណ្ដឹង​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ដី តែ​ត្រូវ​បាន​ពលរដ្ឋ​រារាំង​ជាប់ ហើយ​ក៏​ដក​ថយ​ត្រឡប់​ទៅ​វិញ​នៅ​រសៀល​ថ្ងៃ​ទី​១៦ មករា ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។